លោក កឹម សុខា បន្ត​ជួប​ជាមួយ​មន្ត្រី​ទូត​ប្រទេស​ប្រជាធិបតេយ្យ

ដោយ ទីន ហ្សាការីយ៉ា
2021-06-11
RFA

លោក កឹម សុខា បន្ត​ជួប​ជាមួយ​មន្ត្រី​ទូត​ប្រទេស​ប្រជាធិបតេយ្យ

លោក កឹម សុខា (ស្ដាំ) ប្រធានគណបក្ស​សង្គ្រោះជាតិ ជួប​ជាមួយ​ឯកអគ្គរដ្ឋទូត​បារាំង​​អ្នកស្រី អេវ៉ា ង្វៀនប៊ិញ (Eva Nguyen Binh) នា​ស្ថានទូត​បារាំង​ប្រចាំ​កម្ពុជា នៅ​ថ្ងៃទី១១ មិថុនា ឆ្នាំ​២០២១។ រូប​ពី​ហ្វេសប៊ុក​លោក កឹម សុខា


លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះជាតិ បាន​ជួប​ជាមួយ​តំណាង​ទូត​ប្រទេស​លោក​សេរី​ជា​បន្ត​បន្ទាប់ ទោះជា​របប​លោក ហ៊ុន សែន មិន​ទាន់​ផ្តល់​សិទ្ធិ​នយោបាយ​ដល់​រូបលោក​វិញ​យ៉ាង​ណា​ក្តី។

លោក កឹម សុខា ឱ្យ​ដឹង​តាម​ហ្វេសប៊ុក (Facebook) ថា លោក​បាន​ជួប​ជាមួយ​ឯកអគ្គរដ្ឋទូត​បារាំង​ដែល​ជិត​ផុត​អាណត្តិ គឺ​អ្នកស្រី អេវ៉ា ង្វៀនប៊ិញ (Eva Nguyen Binh) នៅ​ថ្ងៃទី១១ មិថុនា តាម​ការ​អញ្ជើញ​របស់​អ្នកស្រី​។ ក្នុង​ជំនួប​នោះ ក្រៅពី​ការ​ជម្រាប​លាគ្នា ពួក​លោក​បាន​ផ្លាស់ប្ដូរ​ព័ត៌មាន និង​ពិភាក្សា​គ្នា​លើ​កិច្ចការ​មួយចំនួន ជុំវិញ​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​កម្ពុជា និង​បារាំង ព្រមទាំង​សហភាព​អឺរ៉ុប​ផង​ដែរ។

ក្រៅពី​ជំនួប​ជាមួយ​មន្ត្រី​ទូត​បារាំង​នេះ លោក កឹម សុខា ក៏បាន​ជួប​ជាមួយ​ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់​ប្រចាំ​កម្ពុជា លោក គ្រីស្ទៀន ប៊ឺហ្គឺរ (Christian Berger) កាលពីដើម​សប្តាហ៍​នេះ​ដែរ។ ទាំង​លោក កឹម សុខា និង​ស្ថានទូត​អាល្លឺម៉ង់ មិនបាន​ប្រាប់​អំពី​ខ្លឹមសារ​នៃ​ជំនួប​នោះ​ទេ ប៉ុន្តែ​លោក កឹម សុខា បាន​សរសេរ​លើ​ហ្វេសប៊ុក​ថា ជំនួប​នោះ​គឺ​ដើម្បី​ពិភាក្សា​ការងារ​មួយចំនួន។

ជំនួប​រវាង​លោក កឹម សុខា និង​មន្ត្រី​ទូត​ប្រទេស​ប្រជាធិបតេយ្យ​ទាំងពីរ កើត​មាន​ឡើង​បន្ទាប់​ពី​មេ​បក្ស​ប្រឆាំង​រូប​នេះ បាន​ជួបពិភាក្សា​ជាមួយ​អនុរដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋអាមេរិក អ្នកស្រី វិនឌី ហ្សើមែន (Wendy Sherman) កាល​ពី​ដើម​ខែ​មិថុនា​នេះ។ ក្នុង​ជំនួប​នោះ មន្ត្រី​ការទូត​អាមេរិក​ជាន់ខ្ពស់​រូប​នេះ បាន​បញ្ជាក់​ថា សហរដ្ឋអាមេរិក​គាំទ្រ​ប្រជាពលរដ្ឋ​ខ្មែរ គាំទ្រ​ក្តី​បំណង​ចង់​ឱ្យ​មាន​លទ្ធិប្រជាធិបតេយ្យ និង​គាំទ្រ​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ​ខ្មែរ។ អ្នកស្រី​ក៏បាន​ស្នើ​ឱ្យ​អាជ្ញាធរ​កម្ពុជា​ទម្លាក់​ចោល​បទ​ចោទ​ដែល​មាន​ចរិត​នយោបាយ​លើ​អ្នកនយោបាយ​បក្ស​ប្រឆាំង​ផង​ដែរ នៅក្នុង​ជំនួប​ផ្លូវការ​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន។

លោក កឹម សុខា បាន​ថ្លែងអំណរគុណ​ដល់​ក្រុម​ប្រទេស​ប្រជាធិបតេយ្យ ដែល​នៅតែ​ផ្តល់​តម្លៃ​ឱ្យ​លោក និង​បន្ត​ជួយ​ដល់​ប្រទេស​កម្ពុជា និង​ពលរដ្ឋ​ខ្មែរ ស្របតាម​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣ តុលា ១៩៩១។

របប​លោក ហ៊ុន សែន បាន​ចោទ​ប្រកាន់​លោក កឹម សុខា ពី​បទ​ក្បត់ជាតិ ប៉ុន្តែ​ជិត ៤​ឆ្នាំ​មកនេះ អាជ្ញាធរ​មិន​បាន​បង្ហាញ​ភស្តុតាង​រឹងមាំ​ណាមួយ ដែល​បញ្ជាក់​ពី​ទោសកំហុស​របស់​លោក កឹម សុខា ឡើយ​។ ផ្ទុយទៅវិញ សំណុំ​រឿង​នេះ​ត្រូវ​បាន​ផ្អឹប​ទុក​ទៅតាម​ការ​ចង់​បាន​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។

ក្រុម​ប្រទេស​ប្រជាធិបតេយ្យ អង្គការ​សង្គម​ស៊ីវិល​ជាតិ​-​និង​អន្តរជាតិ រួម​ទាំង​ទីភ្នាក់ងារ​អង្គការ​សហប្រជាជាតិ​ផង នៅតែ​ទទួល​ស្គាល់​ថា លោក កឹម សុខា ជា​មនុស្ស​ស្អាតស្អំ និង​រង​ការ​ចោទប្រកាន់​ដោយ​អយុត្តិធម៌។ ពួកគេ​ស្នើ​យ៉ាង​ទទូច​ដល់​របប​លោក ហ៊ុន សែន ទម្លាក់​ចោល​បទចោទប្រកាន់ និង​ផ្តល់​សេរីភាព​ពេញលេញ​ដល់​លោក កឹម សុខា ដើម្បី​ឱ្យ​លោក​អាច​ចាប់ផ្តើម​ជីវិត​នយោបាយ​បាន​ដូច​ដើម​ឡើង​វិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment