អាមេរិក​និង​កម្ពុជា​បន្ត​ខ្វែង​គំនិត​គ្នា ក្រោយ​មន្ត្រី​យោធា​អាមេរិក​ទៅ​មើល​មូលដ្ឋាន​សមុទ្រ​រាម

នយោបាយ
11 មិថុនា 2021
អូន ឆេងប៉រ
វីអូអេខ្មែរ

រូប​ឯកសារ៖ សមាជិក​កងទ័ព​ជើង​ទឹក​កម្ពុជា​នៅ​មូលដ្ឋាន​សមុទ្រ​រាម ក្នុង​ខេត្ត​ព្រះសីហនុ កាល​ពី​ថ្ងៃ​ទី​២៦ ខែ​កក្កដា ឆ្នាំ​២០១៩។
រូប​ឯកសារ៖ សមាជិក​កងទ័ព​ជើង​ទឹក​កម្ពុជា​នៅ​មូលដ្ឋាន​សមុទ្រ​រាម ក្នុង​ខេត្ត​ព្រះសីហនុ កាល​ពី​ថ្ងៃ​ទី​២៦ ខែ​កក្កដា ឆ្នាំ​២០១៩។

ភ្នំពេញ  —  ទោះ​បី​មាន​ការ​បំពេញ​ទស្សនកិច្ច​នៅ​មូលដ្ឋាន​សមុទ្រ​រាម​នៅ​ថ្ងៃ​សុក្រ​នេះ​ពី​សំណាក់​បេសកជន​យោធា​សហរដ្ឋ​អាមេរិក ក៏​ភាគី​ទាំង​ពីរ​នៅ​បន្ត​ខ្វែង​គំនិត​គ្នា ដោយ​ខាង​អាមេរិក​បាន​រិះគន់​កង្វះ​ការ​ទៅ​មើល​ឱ្យ​បាន​ពេញ​លេញ នូវ​ទីតាំង​ទ័ព​ជើង​ទឹក​ខ្មែរ​ដែល​នឹង​បើក​ទទួល​ជំនួយ​ចិន​ដើម្បី​ធ្វើ​ទំនើបកម្ម​ហេដ្ឋារចនាសម្ព័ន្ធ​និង​សមត្ថភាព​ទ័ព​នា​ពេល​ខាង​មុខ។

លោក​វរសេនីយ៍​ឯក Marcus Ferrara អនុព័ន្ធ​យោធា​ប្រចាំ​ស្ថានទូត​អាមេរិក​នៅ​ភ្នំពេញ​បាន​ទៅ​ដល់​មូលដ្ឋាន​សមុទ្រ​រាម​នៅ​ថ្ងៃ​សុក្រ ក្រោម​ការ​យល់ព្រម​ពី​សំណាក់​ភាគី​កម្ពុជា​ទៅ​នឹង​សំណើ​ដែល​ត្រូវ​បាន​លើក​ឡើង​ដោយ​អ្នកស្រី Wendy Sherman​អនុ​រដ្ឋ​មន្ត្រី​ការ​បរទេស​អាមេរិក​អំឡុង​ដំណើរ​ទស្សនកិច្ច​របស់​ខ្លួន​នៅ​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​០១ ខែ​មិថុនា កន្លង​ទៅ។

ការ​រៀប​ចំ​ដំណើរ​ទស្សន​កិច្ច​នេះ​ មាន​ឡើង​ខណៈ​កម្ពុជា​ព្យាយាម​បញ្ជាក់​បង្ហាញ​ថា​គម្រោង​ដែល​ជួយ​ដោយ​ចិន​ដើម្បី​កែ​លម្អ​ហេដ្ឋា​រចនា​សម្ព័ន្ធ​នៅ​មូលដ្ឋាន​សមុទ្រ​រាម រួម​មាន​ការ​សង់​ផែ​ចត​នាវា​ថ្មី រោងជាង​ជួស​ជុល​ទូក និង​ការ​បូម​ខ្សាច់​បង្កើន​ជម្រៅ​នៅ​ឈូង​សមុទ្រ​រាម​មិន​មែន​ជា​ការ​ទទួល​វត្តមាន​យោធា​ចិន​ស្នាក់​នៅ​បោះមូលដ្ឋាន​អចិន្ត្រៃយ៍​នៅ​ទី​នោះ​ទេ ដូច​ដែល​អាមេរិក​បារម្ភ​នោះ​ទេ។

នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ចេញ​ផ្សាយ​នៅ​រសៀល​ថ្ងៃ​សុក្រ​នេះ ស្ថានទូត​អាមេរិក​នៅ​ភ្នំពេញ​បាន​លើក​ឡើង​ថា៖ «នៅ​ក្នុង​ពេល​ទស្សនកិច្ច​ដ៏​ខ្លី​នោះ មន្ត្រី​យោធា​កម្ពុជា​មិន​បាន​អនុញ្ញាត​ឲ្យ​លោក​អនុព័ន្ធ​យោធា​ទៅ​មើល​គ្រប់​កន្លែង នៅ​ក្នុង​មូលដ្ឋាន​កងទ័ព​ជើង​ទឹក​នោះ​ទេ។ នៅ​ពេល​ដឹង​ច្បាស់​ថា លោក​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​មើល​បាន​អស់ លោក​វរ​សេនីយ​ឯក Ferrara បាន​បញ្ចប់​ការ​ដើរ​មើល​ហើយ​បាន​ស្នើ​សុំ​ឲ្យ​មន្ត្រី​យោធា​កម្ពុជា​កំណត់​ពេល​ទស្សនកិច្ច​ឡើង​វិញ ដោយ​អនុញ្ញាត​ឲ្យ​មាន​ការ​ដើរ​មើល​គ្រប់​កន្លែង នៅ​ក្នុង​ពេល​ខាង​មុខ​ឲ្យ​បាន​ឆាប់​បំផុត»

យ៉ាង​ណា​ក៏​ដោយ តាម​រយៈ​សេចក្ដី​ថ្លែងការណ៍​ដដែល​ស្ថានទូត​អាមេរិក​បាន​ស្នើ​ថា​ការ​មាន​ដំណើរ​ទស្សនកិច្ច​ «ញឹក​ញាប់»​ ពី​សំណាក់​បណ្ដា​អនុព័ន្ធ​យោធា​បរទេស​ដែល​ប្រចាំ​ការ​នៅ​ភ្នំពេញ​នឹង​ដើរ​តួនាទី​សំខាន់​ក្នុង​ការ​«ឆ្ពោះ​ទៅ​រក​តម្លាភាព​និង​ការ​ទុក​ចិត្ត​គ្នា​ទៅវិញ​ទៅមក​បាន​ច្រើន»។

សហរដ្ឋ​អាមេរិក​បាន​ថ្លែង​ជា​ច្រើន​ដង​ថា វត្តមាន​យោធា​ចិន​នៅ​រាម​ឬ​នៅ​លើ​ទឹក​ដី​កម្ពុជា​នឹង​បង្ក​ជា​បញ្ហា​អស្ថិរភាព​ដល់​សន្ដិសុខ​និង​ស្ថិរភាព​ក្នុង​តំបន់។

យ៉ាងណា​ក៏​ដោយ ឧត្ដម​នាវី​ទោ ម៉ី ឌីណា នាយ​សេនាធិការ​មូលដ្ឋាន​សមុទ្រ​រាម​បាន​លើក​ឡើង​ថា​ពុំ​មាន​កន្លែង​ណា​ដែល​មន្ត្រី​ទ័ព​ជើង​ទឹក​កម្ពុជា​ហាម​លោក​វរៈសេនីយ៍​ឯក Marcus Ferrara ទៅ​ទស្សនា​នោះ​ទេ។

មន្ត្រី​ទ័ព​ជើង​ទឹក​កម្ពុជា​រូប​នេះ​ប្រាប់​វីអូអេ​ថា៖ «នរណា​មិន​បើក មិន​ទូលាយ​ឱ្យ​វា វា​ឈរ​មើល​ពេញ​អស់​ហើយ​ហ្នឹង គេ​បើក​ឱ្យ​វា​មើល​ទេ​តើ​ហើយ​ទៅ​មើល​អី​គេ​ទៀត បើ​មូលដ្ឋាន​សមុទ្រ​មាន​តែ​ប៉ុន​មេ​ដៃ ដី​តែ​ប៉ុន្មាន​៥០​ហិកតា​ហើយ​ទៅ​រក​មើល​ឯណា​បើ​មិន​ទាន់​មាន​អី​ផង ល្ហល្ហេវ​ហើយ​នាំ​វា​ជូន​ដើរ​មើល​អស់​ហើយ និយាយ​ជជែក​គ្នា​ហើយ ក៏​ប៉ុន្តែ​មិន​ដឹង​គាត់​យល់​យ៉ាង​ម៉េច ដូច​មិន​យល់​ដែរ គាត់​ខ្លាច​កម្ពុជា​មាន​កំពង់ផែ​ឬ​រោង​ជាង​ជួស​ជុល បែប​គិត​ថា​វា​មិន​ចង់​ឱ្យ​គេ​រស់​ក៏​មិន​ដឹង ខ្ញុំ​ក៏​មិន​យល់»

អ្នក​នាំ​ពាក្យ​ស្ថាន​ទូត​អាមេរិក​នៅ​ភ្នំពេញ លោក Chad Roedemeier បដិសេធ​ការ​សុំ​អត្ថា​ធិប្បាយ​របស់​វីអូអេ ដោយ​ថា​ស្ថានទូត​រក្សា​នូវ​សេចក្ដី​ថ្លែងការណ៍​ដើម​របស់​ខ្លួន​ថា​លោក​វរសេនីយ៍​ឯក​Ferrara មិន​ត្រូវ​បាន​ទទួល​ឱ្យ​ធ្វើ​ដំណើរ​ពេញ​លេញ​ក្នុង​មូលដ្ឋាន​សមុទ្រ​នោះ​ទេ។

ឧត្ដម​សេនីយ៍​ទោ ម៉ី ឌីណា បន្ថែម​ថា គម្រោង​ដែល​ជា​ជំនួយ​របស់​ចិន​នៅ​មូលដ្ឋាន​សមុទ្រ​រាម​មិន​មាន​វឌ្ឍនភាព​អ្វី​នោះ​ទេ ដែល​មាន​ត្រឹម​ការ​វាស់​វែង​ជា​ជំហាន​ដំបូង​សិន​ដោយ​សារ​តែ​ការ​រំខាន​ពី​សំណាក់​ជំងឺ​កូវីដ​១៩ និង​អាកាស​ធាតុ​មូសុង​មិន​សូវ​ល្អ។

លោក​បញ្ជាក់​ថា៖ «ហើយ​ណា​មួយ​ផែន​ការ វា​មិនមែន​ធ្វើ​ភ្លាម កើត​ភ្លាម វា​មាន​ការ​វាស់​វែង គេ​ហៅ​ថា​រៀប​ចំ​ទី​តាំង​ហ្នឹង យ៉ាង​ម៉េច​យ៉ាង​ម៉ា​ឱ្យ​វា​សមរម្យ​តែ​ប៉ុណ្ណឹង​ទេ»

នៅ​ពេល​ត្រូវ​បាន​សួរ​ថា តើ​ចិន​អាច​នឹង​បញ្ជូន​កម្លាំង​យោធា​ឬ​វិស្វកម្ម​របស់​ខ្លួន​មក​សាង​សង់​សម្រេច​គម្រោង​ឬ​យ៉ាង​ណា នាយ​សេនាធិការ​មូលដ្ឋាន​សមុទ្រ​រាម​រូប​នេះ បាន​ថ្លែង​ថា៖ «អា​ហ្នឹង​ក្រុមហ៊ុន​គាត់​(ចិន)​ដេញ​ថ្លៃ​ យើង​មិន​ទាន់​ដឹង អា​ហ្នឹង​រឿង​របស់​គាត់។ គ្រាន់​ថា កម្ពុជា​គ្រាន់​តែ​ទទួល​ជំនួយ​ទេ បណ្ដា​ប្រទេស​ណា​ក៏​ដោយ ឱ្យ​តែ​គាត់​ផ្ដល់​ជំនួយ​មក​យើង​ទទួល​ប៉ុន្តែ​ថ្នាក់​លើ​គាត់​ជា​អ្នក​សម្រេច​ទទួល។ យើង​ថ្នាក់​ក្រោម​គ្រាន់​តែ​ចាំ​ទទួល​ផល​ពី​អ្វី​ដែល​គេ​ជួយ​ទេ»

What Next?

Recent Articles

One Response to "អាមេរិក​និង​កម្ពុជា​បន្ត​ខ្វែង​គំនិត​គ្នា ក្រោយ​មន្ត្រី​យោធា​អាមេរិក​ទៅ​មើល​មូលដ្ឋាន​សមុទ្រ​រាម"

  1. Anonymous says:

    you can lei to Cambodian because you think they are dumber then you but I do not think you can lei to US . massage to HUN SEN do not under estimate the US ..CHINA technology is too young to beat US . I think the US got firm evident but they just wanted to know if you telling them the truth or not. CHINA,VEITNEM, US , every one have their own intelligence every where do not under estimate the US they can wagging war every where any place any time if they wanted to . this warning is only you trying to hurt them OK .

Leave a Reply

Submit Comment