ក្រុម​គ្រួសារ​អ្នក​ជាប់ឃុំ​នយោបាយ រក​កិច្ច​អន្តរាគមន៍​ពី​ទូត​អឺរ៉ុប​ឱ្យ​ជួយ​ដល់​សាច់ញាតិ​ពួក​គាត់

ដោយ ហេង រស្មី
2021-06-11
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ក្រុម​គ្រួសារ​អ្នក​ជាប់ឃុំ​នយោបាយ រក​កិច្ច​អន្តរាគមន៍​ពី​ទូត​អឺរ៉ុប​ឱ្យ​ជួយ​ដល់​សាច់ញាតិ​ពួក​គាត់

ទិដ្ឋភាពក្រុម​ស្ដ្រី​ថ្ងៃ​សុក្រ​ប្រមូល​ផ្តុំគ្នាដាក់ញាត្តិនៅសហគមន៍អឺរ៉ុប​ ទាមទារ​ការ​អន្តរាគមន៍ឲ្យដោះលែង​សមាជិកគ្រួសារ កាល​ពី​ថ្ងៃ​ទី១១ ខែ​មិថុនា ឆ្នាំ​២០២១។ Photo Provided


គ្រួសារអ្នកជាប់ឃុំនយោបាយ រកកិច្ចអន្តរាគមន៍ពីទូតអឺរ៉ុបឱ្យជួយដល់សាច់ញាតិពួកគាត់


ក្រុម​គ្រួសារ​អ្នក​ជាប់ឃុំ​នយោបាយ​នាំគ្នា​ចេញ​ទាមទារ​រក​យុត្តិធម៌​ជា​ថ្មី​ទៀត នៅ​ថ្ងៃទី​១១ ឧសភា នេះ។ ពួកគាត់​បាន​ដាក់​ញត្តិ​ជូន​ស្ថាន​ប្រតិភូ​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា ដើម្បី​ឱ្យ​ជួយ​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​កម្ពុជា ឱ្យ​ដោះលែង​អ្នក​ទោស​នយោបាយ និង​សកម្មជន​សង្គម​ឱ្យ​មាន​សេរីភាព​ឡើងវិញ​។ សកម្មភាព​របស់​គ្រួសារ​អ្នក​ជាប់ឃុំ​នយោបាយ​នេះ ធ្វើ​ឡើង​បន្ទាប់ពី​ជំងឺ​កូវីដ​១៩ បាន​ផ្ទុះ​នៅ​ក្នុង​ពន្ធនាគារ។

ក្រុម​ស្ត្រី​ថ្ងៃ​សុក្រ​ចំនួន​ជាង​១០​នាក់ បាន​នាំគ្នា​ស្រែក​ទាមទារ​នៅ​តាម​បណ្តោយ​ផ្លូវ​ព្រះ​នរោត្តម ក្បែរ​វិមាន​ឯករាជ្យ ដើម្បី​ស្វែងរក​យុត្តិធម៌​ឱ្យ​សាច់ញាតិ​ដែល​កំពុង​ជាប់​នៅក្នុង​ពន្ធនាគារ​។ បន្ទាប់មក ពួកគាត់​បាន​ដាក់​ញត្តិ​ជូន​ស្ថាន​ប្រតិភូ​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា ដើម្បី​ស្នើសុំ​អន្តរាគមន៍​។ ពួកគាត់​ទាមទារ​ឱ្យ​តុលាការ​ដោះលែង​សមាជិកគ្រួសារ​ពួកគាត់​ដែល​កំពុង​ជាប់ឃុំ​នៅក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ បន្ទាប់ពី​ដាច់​ការ​ទាក់ទង​គ្នា ជាច្រើន​ខែ និង​មាន​ករណី​ឆ្លង​ជំងឺ​កូវីដ​-១៩ ក្នុង​ពន្ធនាគារ។

ប្រពន្ធ​មន្ត្រី​បក្ស​ប្រឆាំង​លោក ស៊ុន ធន់ គឺ​លោកស្រី សេង ចាន់ថន ប្រាប់​ថា មន្ត្រី​ស្ថាន​ប្រតិភូ​សហភាព​អឺរ៉ុប​បាន​អនុញ្ញាត​ឱ្យ​លោកស្រី និង​ប្រពន្ធ​សកម្មជន ម្នាក់ទៀត​ចូល​ជួប​ដើម្បី​ប្រគល់​ញត្តិ។ លោកស្រី​ក៏បាន​លើក​ឡើង​ទៅ​មន្ត្រី​សហភាព​អឺរ៉ុប​អំពី​គោលបំណង​នៃ​ញត្តិ​ដោយ​ស្នើ​សុំ​ឱ្យ​ស្ថាប័ន​នេះ​ជួយ​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​ដោះលែង​អ្នក​ទោស​នយោបាយ ខណៈ​ក្រុម​គ្រួសារ​កំពុង​ព្រួយបារម្ភ​ពី​ស្ថានភាព​ឆ្លង​រាលដាល​ជំងឺ​កូវីដ​-១៩ នៅ​ក្នុង​ពន្ធនាគារ។

លោកស្រី​បញ្ជាក់​ថា មន្ត្រី​ស្ថាន​ប្រតិភូ​សហភាព​អឺរ៉ុប​បាន​សន្យា​នឹង​យក​ញត្តិ និង​សំណើ​របស់​គ្រួសារ​អ្នក​ជាប់ឃុំ ដាក់​ជូន​ទៅ​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា អ្នកស្រី ខាមែន ម៉ូរេណូ (Carmen Moreno) ដើម្បី​យក​ទៅ​ជជែក​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​ជុំវិញ​រឿង​នេះ​ផង​ដែរ៖ «ដោះលែង​ពួកគាត់​ឱ្យ​មាន​សេរីភាព​ភ្លាមៗ​មក​ព្រោះ​អី​ពួក​ខ្ញុំ​នេះ​បារម្ភ​ណាស់​អំពី​សុខទុក្ខ​របស់​គាត់ សុខភាព​គាត់ ព្រោះ​អី​កូវីដ​កំពុង​លុកលុយ​ក្នុង​ពន្ធនាគារ​យ៉ាង​ខ្លាំង ដោយសារ​យើង​មិន​បានដឹង​ព័ត៌មាន​នៅក្នុង​ពន្ធនាគារ​គាត់​យ៉ាង​មិច​អី​យ៉ាង​មិច​ចា៎​អត់​ដឹង​ទាំងអស់ សំណូមពរ​ដែរ សូម​ឱ្យ​ពួក​ខ្ញុំ​ដឹង​ដំណឹង​ខាង​ពន្ធនាគារ​ផង​ថា​គ្រួសារ​ខ្ញុំ​យ៉ាង​មិច​ហើយ»។

ដូច​លើក​មុនៗ​ដែរ សកម្មភាព​ដោយ​សន្តិវិធី និង​ស្របតាម​ច្បាប់​របស់​ក្រុម​ស្ត្រី​ថ្ងៃ​សុក្រ​នេះ បាន​រង​ការ​យាយី និង​រំខាន​ពី​ក្រុម​សន្តិសុខ និង​អាជ្ញាធរ​រាជធានី​ភ្នំពេញ។

កូនស្រី​សកម្មជន​បក្ស​ប្រឆាំង​នៅ​ខេត្ត​កណ្តាល​អ្នកស្រី លឹម សាន គឺ​កញ្ញា ផាត សាត បាន​ឱ្យ​ដឹង​ថា ក្រុម​សន្តិសុខ​ខណ្ឌដូនពេញ និង​សមត្ថកិច្ច​ប្រមាណ​ជិត​១​រយ​នាក់​បាន​តាម​ឃ្លាំមើល​ក្រុម​ស្ត្រី​ដាក់​ញតិ​នៅ​ថ្ងៃ​នេះ​។ កញ្ញា​ប្រាប់​ទៀត​ថា​ក្រុម​សន្តិសុខ​បាន​ប្រើ​អំពើ​ហិង្សា​ដោយ​រុញច្រាន​ឱ្យ​កញ្ញា​រង​របួស​ស្នាម​ក្រោម​ក រួម​ទាំង​ប្រើ​ពាក្យ​សម្ដី​គំរាមកំហែង​ចាប់ចង និង​មាក់ងាយ​លើ​ក្រុម​ស្ត្រី​នៅមុខ​ស្ថានទូត​សហភាព​អឺរ៉ុប​ទៀត​ផង​។ កញ្ញា​ចាត់ទុក​អំពើ​ហិង្សា​ពី​សំណាក់​សន្តិសុខ​នេះ​គឺជា​អំពើ​រំលោភ​បំពាន​លើ​សិទ្ធិ​ស្ត្រី៖ «អំពើ​ហិង្សា​លើ​ស្ត្រី​ខ្លាំង​ហើយ​រំលោភសិទ្ធិ​ស្ត្រី​ម៉ង បំពាន់​ទាំង​កំរោល ហើយ​សកម្មភាព​អត្តចរិត​របស់​ពួកគាត់​មិនមែន​អ្នកចេះដឹង​ការពារ​ប្រជាជន​ទេ ជា​មិន​មន្ត្រី​ការពារ​សុវត្ថិភាព​ប្រជាជន​អ៊ីចឹង គាត់​គួរ​ថា និយាយ​ស្រួល​ជាមួយ​ពួក​ខ្ញុំ មិនមែន​ត្រូវ​ការ​មក​ឆក់ មក​គំរាម​ខ្ញុំ ថា​ចាប់​ពួក​ខ្ញុំ​យក​ទៅ​ដាក់​ឡាន​អីចឹង រុញច្រាន ចង្អុលមុខ ហើយ​ប្រើ​ពាក្យ​សម្តី​មិន​សមគួរ​ដាក់​ពួក​ខ្ញុំ»។

ទាក់ទង​នឹង​ការរារាំង​សកម្មភាព​របស់​ក្រុម​ស្ត្រី​ថ្ងៃ​សុក្រ​នេះ អ្នកនាំពាក្យ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ លោក សាន សុខសីហា ថ្លែង​ដដែលៗ​ថា ក្រុម​ស្ត្រី​ដែល​ចេញ​ដាក់​ញត្តិ​ទាំងនោះ មិន​បាន​សុំច្បាប់​ពី​អាជ្ញាធរ​រាជធានី​ភ្នំពេញ​។ ប៉ុន្តែ​មន្ត្រី​ប៉ូលិស​រូប​នេះ មិន​បកស្រាយ​ថា តើ​ច្បាប់​ណា​ដែល​តម្រូវ​ឱ្យ​ពលរដ្ឋ​ត្រូវ​សុំ​ការ​អនុញ្ញាត​នៅ​ពេល​ចង់​សម្ដែង​មតិ និង​ដាក់​ញត្តិ​ដោយ​សន្តិវិធី​នោះ​ទេ​។ លោក​ក៏​មិន​បកស្រាយ​ដែរ​ថា តើ​ច្បាប់​ណា​ដែល​បើកដៃ​ឱ្យ​អាជ្ញាធរ និង​ក្រុម​សន្តិសុខ អាច​បង្ក្រាប និង​ប្រើ​ហិង្សា​តាម​ទំនើងចិត្ត​លើ​អ្នក​តវ៉ា​ដោយ​សន្តិវិធី​នោះ​ដែរ៖ «ការ​ជួបជុំ ឬ​ការ​ដាក់​ញត្តិ ដាក់​ឯកសារ​អី​ផ្សេងៗ​គឺ​ត្រូវ​មាន​ផែនការ​គោលការណ៍​សុំ​ការអនុញ្ញាត​ឱ្យ​បាន​ត្រឹមត្រូវ​ពី​សាលា​រាជធានី​ភ្នំពេញ ចឹង​ក្នុងនាម​ជា​អាជ្ញាធរ​មូលដ្ឋាន ក្នុងនាម​សមត្ថកិច្ច​គឺ​គេ​តែងតែ​ចូលរួម​រក្សា​ការពារ​សន្តិសុខ​សណ្ដាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ​ក៏ដូចជា​កិច្ចការ​ទូទៅ​ក្នុង​រាជធានី​ភ្នំពេញ មិនមែន​ពួកគាត់​ធ្វើតាម​នឹកឃើញ​ទេ ព្រោះ​ធម្មតា​ប្រទេស​មួយ​មាន​ច្បាប់»។

ផ្ទុយ​ពី​ការ​បកស្រាយ​របស់​អាជ្ញាធរ​ប្រធាន​ផ្នែក​សិទ្ធិមនុស្ស​នៃ​សមាគម​អាដហុក (ADHOC) លោក នី សុខា មាន​ប្រសាសន៍​ថា ប្រជា​ពលរដ្ឋ​មាន​សិទ្ធិ​ស្របច្បាប់​ជួបជុំ​ប្រមូល​ផ្តុំ​បញ្ចេញមតិ ទាមទារ ដាក់​ញត្តិ ឬ​បណ្តឹង​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​ស្វែងរក​ដំណោះស្រាយ និង​យុត្តិធម៌​។ លោក​ថា ការ​បង្ក្រាប​ដោយ​ហិង្សា និង​គំរាមកំហែង​លើ​អ្នក​តវ៉ា​ទៅវិញ​ទេ ដែល​ជា​ទង្វើ​រំលោភ​លើ​គោលការណ៍​ច្បាប់​និង​សិទ្ធិមនុស្ស៖ «ទោះ​បី​ថា ខាង​គណបក្សកាន់អំណាច​លោក​នៅតែ​អះអាង​ថា មិនមែន​ជា​រឿង​នយោបាយ រឿង​បំពាន​ច្បាប់ អនុវត្ត​ច្បាប់​យ៉ាងណាក៏ដោយ ប៉ុន្តែ​យើង​នៅតែ​មើលឃើញ​អ៊ីចឹង ទាំង​សង្គម​ស៊ីវិល មតិ​ជាតិ​និង​អន្តរជាតិ​មើល​ឃើញ​ថា ករណីនេះ​គឺជា​ករណី​ដែល​ពាក់ព័ន្ធ​រឿង​នយោបាយ​ច្រើនជាង​ការ​អនុវត្តន៍​ច្បាប់ អ៊ីចឹង​អ្នក​ដោះស្រាយ​ត្រូវតែ​ដោះស្រាយ​តាមផ្លូវ​នយោបាយ តាម​ការ​សម្របសម្រួល​នយោបាយ ជាទូទៅ​នៅ​ប្រទេស​កម្ពុជា​យើង​ការ​សម្របសម្រួល​នយោបាយ​នេះ​មិន​មែនមាន​ឥឡូវនេះ​ទេ​គឺថា​មាន​ជារឿយៗ​មក​ហើយ»។

ទោះជា​ត្រូវ​ប្រឈម​នឹង​ការ​តាម​យាយី និង​អំពើ​ហិង្សា​ពី​សំណាក់​អាជ្ញាធរ និង​ក្រុម​សន្តិសុខ​យ៉ាង​ណា​ក្តី ក្រុម​ស្ត្រី​បញ្ជាក់​ថា ពួកគាត់​មិន​រាថយ​នោះ​ទេ ក្នុង​ការ​ធ្វើ​សកម្មភាព​ជួយ​រក​យុត្តិធម៌​ដល់​ក្រុម​គ្រួសារ​ដែល​កំពុង​ជាប់ឃុំ។ អំឡុង​ការ​រាតត្បាត​ជំងឺ​កូវីដ​-១៩ ទាំង​នៅ​ខាងក្រៅ និង​ខាងក្នុង​ពន្ធនាគារ​នេះ ពួកគាត់​បាន​ដាក់​ញត្តិ​ស្នើសុំ​អន្តរាគមន៍​បី​លើក​ហើយ។ លើក​ទីមួយ​ទៅ​កាន់​ស្ថានទូត​សហរដ្ឋអាមេរិក លើក​ទី​ពីរ​ទៅកាន់​ការិយាល័យ​ឧត្តម​ស្នងការ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ និង​លើក​ទី​បី​នេះ​ទៅ​កាន់​ស្ថាន​ប្រតិភូ​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា។

ញត្តិ​ទាំងនោះ​មាន​ខ្លឹមសារ​ដូចគ្នា គឺ​ពួកគាត់​ព្រួយបារម្ភ​ជា​ខ្លាំង​អំពី​សុខភាព​ប្តី ប្រពន្ធ ឪពុក ម្តាយ និង​បងប្អូន​ញាតិមិត្ត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​។ ក្រុម​ស្ត្រី​អះអាងថា ពន្ធនាគារ​ចង្អៀត​ណែន​ខ្លាំង ខ្វះ​អនាម័យ និង​គ្មាន​អាហារ​ហូបចុក​គ្រប់គ្រាន់ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​ឆ្លង​ជំងឺ​កូវីដ-១៩​។ ក្នុង​ញត្តិ​លើក​ទី​៣ នេះ ពួកគាត់​អំពាវនាវ​ដល់ ស្ថាន​ប្រតិភូ​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា ជួយ​ធ្វើ​យ៉ាងណា​ឱ្យ​សកម្មជន​នយោបាយ សកម្មជន​សង្គម និង​សកម្មជន​បរិស្ថាន បាន​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន ដោយ​ពួកគាត់​សន្យា​ថា នឹង​គោរព​រាល់​ការ​កោះហៅ​របស់​តុលាការ។

ឆ្លើយតប​រឿង​នេះ អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ លោក នុត សវនា ស្នើ​ឱ្យ​គ្រួសារ​អ្នក​ជាប់ឃុំ​កុំ​ព្រួយ​បារម្ភ​ពី​ស្ថានភាព​សាច់ញាតិ​នៅ​ក្នុង​ពន្ធនាគារ​។ លោក​បញ្ជាក់​ថា ប្រសិនបើ​អ្នក​ជាប់ឃុំ​មាន​ជំងឺ​ធ្ងន់ធ្ងរ ខាង​ពន្ធនាគារ​នឹង​បញ្ជូន​ទៅ​ព្យាបាល​ខាង​ក្រៅ​ពន្ធនាគារ៖ «ជម្រាប​ថា រឿង​នេះ​យើង​ចេះតែ​ចង់​ណាស់ ដើម្បី​បន្ធូរបន្ថយ​ភាព​ចង្អៀត​ណែន ប៉ុន្តែ​ការសម្រេច​មិនមែន​ស្ថិត​នៅ​លើ​ខាង​ខ្ញុំ​ទេ តុលាការ​គេ​មាន​នីតិវិធី​គេ គេ​ធ្វើការ​តាមរបៀប​របប​គេ អ៊ីចឹង​ការ​សម្រេច​វា​លើ​គេ ថា ពួកគាត់​សុខ​សប្បាយ​ទេ​ណាស់ ទេ​គាត់​សុខ​សប្បាយ​លោក រ៉ុង ឈុន គាត់​មាន​អី​គាត់»។

ទោះជា​មានការ​ធានា​អះអាង​ពី​មន្ត្រីជាន់ខ្ពស់​ពន្ធនាគារ​បែបនេះ​ក្តី ករណី​អ្នក​ជាប់ឃុំ​ស្លាប់​ដោយសារ​ជំងឺ​កូវីដ​-១៩ បាន​កើត​មាន ៣​ករណី​រួចមក​ហើយដោយ​ម្នាក់​ជាប់ឃុំ​នៅ​ពន្ធនាគារ​ខេត្តកំពង់ស្ពឺ នៅ​ពន្ធនាគារ​ខេត្ត​បន្ទាយមានជ័យ និង​ពន្ធនាគារ​ព្រៃស។

ក្រុម​ស្ត្រី​ថ្ងៃ​សុក្រ​លើក​ឡើង​ថា តុលាការ​បាន​អូស​បន្លាយ​ពេល​សវនាការ និង​ឃុំ​សាច់ញាតិ​ពួកគាត់​ទុកចោល​ឱ្យ​រង​ទុក្ខ​វេទនា ដោយ​មិនដឹង​ពេលណា​តុលាការ​សម្រេច​ដាក់ទោស ឬ​សម្រេច​ឱ្យ​រួច​ទោស​នោះ​ឡើយ​។ ពួកគាត់​បន្ត​ថា អ្នក​ជាប់ឃុំ​ទាំងនោះ​កំពុង​រង​ទុក្ខ​វេទនា ព្រោះ​គ្មាន​ពេទ្យ​មើលថែ​គ្រប់គ្រាន់ ស្របពេល​ការ​រាតត្បាត​ជំងឺ​កូវីដ១៩ ធ្វើ​ឱ្យ​ខាង​ពន្ធនាគារ​មិន​អាច​គ្រប់គ្រង​បាន​ឡើយ​។ ពួកគាត់​នៅតែ​ស្នើ​យ៉ាង​ទទូច​ដល់​អាជ្ញាធរ​ឱ្យ​ទម្លាក់​ចោល​បទចោទប្រកាន់ ឬ​យ៉ាងហោចណាស់ ដោះលែង​សាច់ញាតិ​ពួកគាត់​ឱ្យ​នៅ​ក្រៅ​ឃុំ​ជា​បណ្ដោះអាសន្ន​សិន ដើម្បី​ចៀស​ផុត​ពី​ការ​ឆ្លង​ជំងឺ​កូវីដ១៩ នៅ​ក្នុង​ពន្ធនាគារ៕

What Next?

Recent Articles

One Response to "ក្រុម​គ្រួសារ​អ្នក​ជាប់ឃុំ​នយោបាយ រក​កិច្ច​អន្តរាគមន៍​ពី​ទូត​អឺរ៉ុប​ឱ្យ​ជួយ​ដល់​សាច់ញាតិ​ពួក​គាត់"

  1. Anonymous says:

    I do not believe this HUN SEN regime we knew this uneducated animal was a monster animal used to murder so many Cambodian . HUN SEN that can even speak fluence in Cambodia but keep Cambodian as animal under his powers from Vietcong boss . look as the word said they can kill the dog when they tell some one that dog is sick but sorry Cambodian is not dog like what HUN SEN though . time to choose your direction be for you going hell Mr HUN SEN . my last prediction was in 2020 but HUN SEN was so lucky because of COVID19 . 2021 is not yet over the US is trying to hunt him every day after they said we want regime change HUN SEN will facing heel if he stubborn. wait your day will come soon HUN SEN pray to your HO CHI MIN’s GOD when you still have time.