សកម្មជន​ព្រៃឡង់​​ម្នាក់​ត្រូវ​មេ​ឃុំ​កោះហៅ​ធ្វើ​កិច្ចសន្យា​ឈប់​និយាយ​រិះគន់​រឿង​ព្រៃឈើ និង​ចែក​អំណោយ​ពលរដ្ឋ

ដោយ ទីន ហ្សាការីយ៉ា
2021-06-12
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង



សកម្មជន​ព្រៃឡង់​ម្នាក់​នៅ​ខេត្ត​ស្ទឹងត្រែង​ដែល​តែង​ចូលរួម​ការពារ​ធនធាន​ធម្មជាតិ ត្រូវ​បាន​អាជ្ញាធរ​មូលដ្ឋាន​ខេត្ត​នេះ កោះហៅ​ទៅ​សួរនាំ​ជាច្រើន​ម៉ោង បន្ទាប់​ពី​លោក​បាន​រិះគន់​អាជ្ញាធរ​ថា មិន​បំពេញ​កាតព្វកិច្ច​ការពារ​ព្រៃឈើ ប៉ុន្តែ​អាជ្ញាធរ​ខេត្តស្ទឹងត្រែង​ជ​រុញ​ឱ្យ​សកម្មជន​ព្រៃ​ឡង់​រូប​នេះ ដាក់​លិខិត​ស្នើសុំ​កិច្ច​អន្តរាគមន៍ មក​រដ្ឋបាល​ខេត្ត ប្រសិនបើ​មាន​ករណី​គំរាមកំហែង​បែប​នេះ​មែន។

ក្រុម​ស្នូល​បណ្ដាញ​ការពារ​ព្រៃ​ឡង់ លោក គង់ រី វ័យ ៤៨ ឆ្នាំ ឱ្យដឹងថា មេឃុំ​កាំ​ង​ចាម ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ លោក ឃឹម សុខា បាន​កោះហៅ​លោក​ទៅ​សួរនាំ​ពេញ​មួយ​ព្រឹក នៅ​សាលាឃុំ​កាំ​ង​ចាម កាលពី​ព្រឹក​ថ្ងៃទី ០៩ មិថុនា​។ ការ​កោះហៅ​នេះ គឺ​ដោយសារ​លោក​តែង​រិះគន់​ភាព​អសកម្ម​របស់​អាជ្ញាធរ​ក្នុង​ការពារ​ព្រៃឈើ និង​ក្រោយពី​រូបលោក​បាន​ចែក​អំណោយ​អង្ករ​មួយ​ការុង ជូន​ពលរដ្ឋ​ក្រីក្រ​មួយ​គ្រួសារ​រស់នៅ​មូលដ្ឋាន។

ក្រុម​ស្នូលបណ្ដាញ​ការពារ​ព្រៃឈើ លោក គង់ រី ប្រាប់​អាស៊ីសេរី​ថា មេឃុំ​កាំងចាម បាន​ចោទ​លោក​ថា ផ្តល់​ព័ត៌មាន​ខុសពី​ការពិត​ទៅ​កាន់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ករណី​បទល្មើស​ព្រៃឈើ​កើត​មាន​ច្រើន ក្នុង​តំបន់​ព្រៃ​ឡង់ និង​រិះគន់​អាជ្ញាធរ​មិន​បង្ក្រាប​បទល្មើស​ព្រៃឈើ​ជាដើម​។ លោក​បន្ថែម​ថា មេឃុំ​បាន​តម្រូវ​ឱ្យ​លោក​ផ្តិត​មេដៃ​ធ្វើ​កិច្ចសន្យា​បញ្ឈប់​សកម្មភាព​ទាំងនោះ​។ លោក​ចាត់ទុក​ទង្វើ​របស់​មេ​ឃុំ​រូប​នេះ ជា​ការ​វាយបំបាក់​សកម្មភាព​ការពារ​ព្រៃឈើ​របស់​ពលរដ្ឋ​ស្រប​តាម​ច្បាប់​៖ «គាត់​ថា ឱ្យ​ខ្ញុំ​ចាំ​ថ្ងៃ​ក្រោយ​ចួប​គ្នា នឹង​បំភ្លឺ​បញ្ហា​ដែល​ផ្សាយ​ព័ត៌មាន​មិន​ពិត ក្នុង​តំបន់​ព្រៃឈើ​ហ្នឹង ព្រៃ​សហគមន៍ និង​ព្រៃឡង់។ គេ​ថា ខ្ញុំ​ផ្សាយ​ព័ត៌មាន​មិន​ពិត ហើយ​ការ​ដឹកជញ្ជូន​ឈើ​មិន​ពិត​។ ខ្ញុំ​នាំ​កម្លាំង​សហគមន៍​គេ​តាម​ដេញ​ចប់ គំរាមកំហែង​។ ប៉ុន្តែ​ខ្ញុំ​មិន​ខ្លាច​ទេ ខ្ញុំ​នៅ​តែ​មាន​ឆន្ទៈ ការពារ​ការពារ​ព្រៃ​ឡង់ លុះត្រា​ខ្ញុំ​ស្លាប់​បាត់​បង់ជីវិត»។

លោក គង់ រី បន្ថែម​ថា អាជ្ញាធរ​មិន​សប្បាយចិត្ត នៅ​គ្រា​ដែល​លោក​តែងតែ​លាតត្រដាង និង​រិះគន់ អាជ្ញាធរ​រឿង​បណ្តែតបណ្តោយ​ឱ្យ​មាន​សកម្មភាព​កាប់​ទន្ទ្រាន​ដី​ព្រៃ​អស់​រាប់ពាន់​ហិកតារ រួម​ទាំង​ព្រៃ​សហគមន៍​តាម៉ៅ ដែល​នៅ​ជាប់​ព្រៃឡង់​នោះ​ផង​ដែរ​។ លោក​ប្ដេជ្ញា​ថា បើ​ទោះ​បី​ជា​ប្រឈម​ការ​គំរាមកំហែង​បែបនេះ​ក្តី លោក​នៅតែ​បន្តការងារ​ការពារ​ធន​ធាន​ធម្មជាតិ​ដដែល ព្រោះ​នេះ​ជា​សកម្មភាព​ស្របច្បាប់ ៖ «សំណូមពរ​អភិបាលស្រុក ខេត្ត និង​រដ្ឋាភិបាល បើសិន​ខ្ញុំ​ធ្វើ​ខុស សូម​ប្រមុខ​រដ្ឋាភិបាល​យក​ខ្ញុំ​ដាក់គុក​ចុះ បើ​ខ្ញុំ​ធ្វើ​ត្រូវ​សូម​គាំទ្រ​ផង។ ខ្ញុំ​នៅតែ​ធ្វើ​បម្រើ​ជាតិ​រហូត លុះត្រាតែ​ជីវិត​ខ្ញុំ​ស្លាប់»។

អាស៊ីសេរី​មិនទាន់​អាច​ទាក់ទង​មេឃុំ​កាំង​ចាម លោក ឃឹម សុខា ដើម្បី​ឆ្លើយ​តប​ការចោទប្រកាន់​នេះ​បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃទី១០ មិថុនា ព្រោះ​ទូរស័ព្ទ​ហៅ​ចូល​ច្រើនដង តែ​គ្មាន​អ្នក​លើក។

ចំណែក​អភិបាល​ស្រុក​ថាឡាបរិវ៉ាត់ លោក ជា សារឿន បដិសេធ​ផ្តល់​បទ​សម្ភាស​ដល់​អាស៊ីសេរី ដោយ​លោក​បញ្ជាក់​ថា កំពុង​ជាប់រវល់​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ។

ប៉ុន្តែ​អ្នកនាំពាក្យ​សាលាខេត្ត​ស្ទឹងត្រែង លោក ម៉ែន គុង បកស្រាយ​ថា ពលរដ្ឋ​គ្រប់រូប​មាន​សិទ្ធិ​ចូលរួម​ការពារ​ព្រៃឈើ និង​ធនធានធម្មជាតិ​។ លោក​អះអាង​ថា ប្រសិនបើ​មាន​ករណី​គំរាមកំហែង​ដូច​ការ​ចោទប្រកាន់​នេះ​មែន ពលរដ្ឋ​អាច​ធ្វើ​លិខិត​ស្នើសុំ​កិច្ច​អន្តរាគមន៍ មក​រដ្ឋបាល​ខេត្ត​។ លោក​បន្ថែម​ថា ការចែក​អំណោយ​មនុស្ស​ធម៌ ជា​សិទ្ធិ​សេរីភាព ក្នុង​ការ​ផ្តល់​អំណោយ និង​សម្ភារៈ​ផ្សេងៗ​ជូន​ដល់​ពលរដ្ឋ ពុំ​មែន​ជា​បញ្ហា​ដែល​ត្រូវ​ហាមឃាត់​ទេ លើកលែងតែ​អំណោយ​ទាំងនោះ ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​អ្នកទទួល​៖ «មិន​មាន​បញ្ហា​អ្វី​ដែល​ត្រូវ​ហាមឃាត់ មិន​ឱ្យ​ចែក​អំណោយ​ដល់​ជន​ណា​ម្នាក់​នោះ​ទេ លើកលែងតែ​អំណោយ​ទាំងអស់​នោះ ធ្វើ​ឱ្យ​ប៉ះពាល់​អ្នក​ដែល​យើង​ទទួល​អំណោយ អាហ្នឹង​យើង​ពិចារណា​ត្រូវ មាន​ហេតុផល​សុំ​ការអនុញ្ញាត និង​ត្រួត​ពិនិត្យ​លើ​អំណោយ​របស់​គាត់​ហ្នឹង​។ ចំពោះ​ប្រជាពលរដ្ឋ​ទាំងអស់ មាន​សិទ្ធិ​ចូលរួម​ការពារ​ធនធាន​ធម្មជាតិ ទ្រព្យសម្បត្តិ​របស់​ជាតិ​ទាំងមូល និង​ជា​កត្តា​សំខាន់ និង​ជា​ឧត្តមគតិ​ល្អ របស់​ប្រជាជន និង​ប្រជា​ពលរដ្ឋ»។

ជុំវិញ​រឿង​នេះ មន្ត្រី​ឃ្លាំមើល​សិទ្ធិមនុស្ស បាន​ហៅ​ទង្វើ​របស់​មេឃុំ​កាំងចាម​ថា រំលោភសិទ្ធិ​សេរីភាព​ពលរដ្ឋ និង​ផ្ទុយ​ពី​គោលនយោបាយ​របស់​រដ្ឋាភិបាល។

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក ខេត្ត​ស្ទឹងត្រែង លោក ប៊ី វ៉ាន់នី សង្កេត​ឃើញ​ថា សកម្មជន​ព្រៃឡង់​លោក គង់ រី បាន​ជួយ​រដ្ឋាភិបាល​ច្រើន ក្នុង​ការ​បកអាក្រាត​ភាព​អសកម្ម​ភាព​របស់​អាជ្ញាធរ ហេតុនេះ​អាជ្ញាធរ គួរតែ​លើកទឹកចិត្ត និង​ផ្តល់​តម្លៃ​ដល់​សកម្មភាព​ទាំងនោះ​។ លោក​ចាត់ទុក​ទង្វើ​របស់​មេ​ឃុំ​កាំងចាម​ថា ជា​ការ​អនុវត្ត​តួនាទី​ផ្ទុយ​ពី​ច្បាប់ និង​គំរាមកំហែង​ពលរដ្ឋ​ខុស​ទំនង​៖ «សកម្មភាព​របស់​គាត់ គឺ​គ្មានអ្វី​ប្រឆាំង​នឹង​ច្បាប់ វា​ស្រប​ទៅ​តាម​គោលនយោបាយ​របស់​រដ្ឋាភិបាល ហើយ​វា​ចូលរួម ជាមួយ​រដ្ឋាភិបាល ក្នុង​ការ​ទប់ស្កាត់ បទល្មើស​ព្រៃឈើ បទល្មើស​ទន្ទ្រាន​ដី​ព្រៃ​របស់​រដ្ឋ​។ អាជ្ញាធរ​ត្រូវ​ចាត់វិធានការ​ជន​ប្រព្រឹត្ត មិន​ត្រូវ​ប្តឹង​គំរាមកំហែង និង​ហាមឃាត់ អ្នក​ដែល​ចូលរួម​ជួយ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​អ៊ីចឹង​ទេ»។

សកម្មជន​ព្រៃ​ឡង់ លោក គង់ រី ធ្លាប់​បាន​លាតត្រដាង ពី​បទ​ល្មើស​ព្រៃឈើ និង​តែងតែ​លើកឡើង​ពី​ភាព​អសកម្ម​របស់​អាជ្ញាធរ​មូលដ្ឋាន​ខេត្តស្ទឹងត្រែង​រឿង​បទល្មើស​ព្រៃឈើ សកម្មភាព​កាប់​ទន្ទ្រាន​ដី​ព្រៃ​ខុសច្បាប់ និង​ការ​កាប់​ដើមឈើ​ផលិត​ជ័រទឹក​អស់​រាប់ពាន់​ដើម ក្នុង​តំបន់​ព្រៃឡង់ ប្រាប់​ទៅ​ប្រព័ន្ធ​ផ្សព្វផ្សាយ​។ ក្រុម​ស្នូល​បណ្ដាញ​ការពារ​ព្រៃឡង់​រូប​នេះ មាន​ភាព​ក្លាហាន​ចុះ​ល្បាត និង​តាមដាន​ស្ថានភាព​ព្រៃឡង់ ដោយ​សហការ​ជាមួយ​ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​ពលរដ្ឋ​មូលដ្ឋាន​ការពារ​ព្រៃឈើ​ដោយ​គ្មាន​ប្រាក់ខែ​នោះ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

One Response to "សកម្មជន​ព្រៃឡង់​​ម្នាក់​ត្រូវ​មេ​ឃុំ​កោះហៅ​ធ្វើ​កិច្ចសន្យា​ឈប់​និយាយ​រិះគន់​រឿង​ព្រៃឈើ និង​ចែក​អំណោយ​ពលរដ្ឋ"

  1. Anonymous says:

    they call MEKHUM, I remembers MEKHUM is the fist hand on killer . right now they still be the first hand on the case to put people in jail. YES if ANGKA LEIR shake his eye those people can be kill or put in jail . do not under estimate ANGK PNEK MANOAS …OK