សង្គម​ស៊ីវិល​ជំរុញ​រដ្ឋាភិបាល​បង្កើន​កញ្ចប់​ជំនួយ​សាច់ប្រាក់ ចំពោះ​ពលរដ្ឋ​ប៉ះពាល់​ដោយ​ការ​បិទ​ខ្ទប់ និង​ឆ្លង​ជំងឺ​កូវីដ

ដោយ មាន ឫទ្ធិ
2021-06-12
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

សង្គម​ស៊ីវិល​ជំរុញ​រដ្ឋាភិបាល​បង្កើន​កញ្ចប់​ជំនួយ​សាច់ប្រាក់ ចំពោះ​ពលរដ្ឋ​ប៉ះពាល់​ដោយ​ការ​បិទ​ខ្ទប់ និង​ឆ្លង​ជំងឺ​កូវីដ

កម្មកររោងចក្រ​មួយ​កន្លែង​នៅ​រាជធានី​ភ្នំពេញ។ AFP


សង្គម​ស៊ីវិល​ជំរុញ​រដ្ឋាភិបាល​បង្កើន​កញ្ចប់​ជំនួយ​សាច់ប្រាក់​បន្ថែម​ទៀត ដើម្បី​ឆ្លើយតប​តាម​ចំនួន​ពលរដ្ឋ​រងគ្រោះ។ ការ​លើក ឡើង​នេះ គឺ​បន្ទាប់ពី​រដ្ឋាភិបាល​ទើបតែ​សម្រេច​ផ្តល់​សាច់ប្រាក់​ឧបត្ថម្ភ​ក្រោម​កម្មវិធី​ជំនួយ​សង្គម​ដល់​ពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ពី​វិធានការ​បិទ​ខ្ទប់ អ្នក​ឆ្លង​ជំងឺ​កូវីដ​-១៩ និង គ្រួសារ​ពលរដ្ឋ​ដែល​ស្លាប់​ដោយសារ​ជំងឺ​កូវីដ១៩ ក្នុង​ព្រឹត្តិការណ៍ ២០ កុម្ភៈ។

សង្គម​ស៊ីវិល​យល់​ថា ចំនួន​សាច់ប្រាក់​ដែល​រដ្ឋាភិបាល​គ្រោង​បើក​ឱ្យ​ប្រជាពលរដ្ឋ​នៅ​តំបន់​បិទ​ខ្ទប់​នៅ​រាជធានី​ភ្នំពេញ ក្រុង​តាខ្មៅ និង​ក្រុងព្រះសីហនុ​នៅ​តិចតួច​នៅ​ឡើយ ដែល​មិន​ទាន់​អាច​ឆ្លើយ​តប​តម្រូវការ​ជាក់ស្តែង​របស់​ពលរដ្ឋ​នោះ​ទេ។

ប្រធាន​សម្ព័ន្ធ​សហជីព​កម្ពុជា អ្នកស្រី យ៉ាង សុភ័ណ្ឌ ប្រាប់​ថា កន្លងមក​ក្រុម​សហជីព​បាន​ទទួល​ដំណឹង​ពី​ការកំណត់​អត្តសញ្ញាណ​កម្មករនិយោជិត ដើម្បី​ទទួល​បាន​ជំនួយ​កិច្ច​គាំពារ​សង្គម​ដែរ ប៉ុន្តែ​អាជ្ញាធរ​ហាក់​ពុំបាន​ផ្សព្វផ្សាយ​អំពី​កម្មវិធី​នេះ​ឱ្យ​គ្រប់​ជ្រុងជ្រោយ និង​ច្បាស់លាស់​នោះ​ឡើយ​។ អ្នកស្រី​យល់ថា ស្ថានភាព​ជីវភាព​របស់​កម្មករ គឺ​ជួប​ទុក្ខ​លំបាក​ប្រហាក់ប្រហែល​គ្នា មិន​មាន​អ្វី​ដែល​ពិបាក​កំណត់​នោះ​ទេ ដូច្នេះ​អ្នកស្រី​ថា រដ្ឋាភិបាល​គួរតែ​ផ្តល់​ជំនួយ​ឱ្យ​ពួកគាត់​គ្រប់ៗ​គ្នា

៖«​យើង​គួរតែ​មាន​ចែង​ឱ្យ​ច្បាស់​នៅក្នុង​គោលការណ៍​របស់​រដ្ឋ​ផ្តល់​ការ​គាំពារ​ដល់​ពួកគាត់​យ៉ាង​មិច ដើម្បី​ឱ្យ​ពួកគាត់​រស់​បាន​អំឡុង​ពេល​ហ្នឹង ខ្ញុំ​គិត​ចំណុច​មួយទៀត​មិន​គួរ​ភ្លេច​វិស័យ​ឯកជន​ទេ ពេល​ដែល​រដ្ឋ​បាន​ចេញ​កិច្ច​គាំពារ​សង្គម ជួយ​ពួកគាត់​បាន​តិចតួច​ហើយ​វិស័យ​ឯកជន​មិន​បានឱ្យ​ពួកគាត់​រួមចំណែក​នៅក្នុង​ការ​ជួយ​ទៅដល់​កម្មករ​ទេ ធ្វើ​មិច​ក៏បាន​មិនបាច់​គាំទ្រ​ជួយ​រដ្ឋ​វិញ ខ្ញុំ​គិតថា​ចំណុច​កន្លែង​នេះ​ហាក់ដូចជា​ខ្វះចន្លោះ​របស់​រដ្ឋ»។

ចំណែក​ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ (IDEA) លោក វន់ ពៅ លោក​ប្រាប់​ថា សមាជិកសមាគម​របស់​លោក​បាន​ដាក់​បញ្ជី​ឈ្មោះ​ជាង​១៥០​នាក់ ស្នើសុំ​ជំនួយ​សង្គម​របស់​រដ្ឋាភិបាល​ទៅ​ចៅ​សង្កាត់​ស្ទឹងមានជ័យ​២ ប៉ុន្តែ​អាជ្ញាធរ​សង្កាត់​បាន​បដិសេធ​សំណើ​នេះ​។ លោក​ចាត់ទុក​ករណីនេះ​គឺជា​ការ​បំពេញ​កិច្ចការ​ខ្វះចន្លោះ​របស់​អាជ្ញាធរ​មូលដ្ឋាន ដែល​មិន​បាន​បំពេញ​តម្រូវការ ជូន​ពលរដ្ឋ​ដែល​កំពុង​ខ្វះខាត​ផ្នែក​ជីវភាព​ក្នុង​អំឡុង​រីក​រាលដាល​ជំ​ងី​កូវីដ​១៩។

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​ថា ប្រសិនបើ​រដ្ឋាភិបាល​បើក​ប្រាក់​ជំនួយ​ឧបត្ថម្ភ​សាច់ប្រាក់​ដល់​ប្រជា​ពលរដ្ឋ​នោះ​គឺ​អាច​ជួយ​សម្រួល​ជីវភាព​ពួកគាត់​រយៈពេល​ខ្លី​។ ប៉ុន្តែ​លោក​ថា ជំនួយ​នេះ​មិន​អាច​ឆ្លើយតប​នឹង​តម្រូវការ​របស់​ពួកគាត់​បាន​ពេញលេញ​នោះ​ទេ ព្រោះ​កម្រិត​ជីវភាព​ពលរដ្ឋ​ធ្លាក់​ចុះ​ខ្លាំង ដោយសារ​បំណុល​ធនាគារ បង់​ទឹក​ភ្លើង បន្ទប់​ជួល និង​ផ្គត់ផ្គង់​ជីវភាព​ជាដើម ខណៈ​ពួកគាត់​បាត់បង់​ចំណូល​ស្ទើរ​ទាំងស្រុង​ទៅ​ហើយ៖ «គួរតែ​បន្ថែម​ការ​ជួយ​ឧបត្ថម្ភ​ទាំង​អ្នក​បិទ​ខ្ទប់​និង​អ្នក​អត់​បិទ​ខ្ទប់ ឧបត្ថម្ភ​ទូទៅ​ដូច​ប្រទេស​គេ​ជិតខាង​តែម្តង​ទៅ ពីព្រោះ​កូវីដ​នេះ​អ្នក​ដែល​មិន​ខ្ទប់ អ្នក​បិទ​ខ្ទប់​គឺ​ប៉ះពាល់​ជីវភាព​រងគ្រោះ​ដូចគ្នា​ហ្នឹង ជីវភាព​ខ្វះខាត​ទាំងអស់​គ្នា​ហ្នឹង»។

សំណើ​នេះ​ធ្វើ​ឡើង បន្ទាប់​ពី​រដ្ឋាភិបាល​ចាប់ផ្តើម​បើក​ផ្តល់​សាច់ប្រាក់​ឧបត្ថម្ភ​ក្រោម​កម្មវិធី​ជំនួយ​សង្គម​សម្រាប់​ប្រជា​ពលរដ្ឋ និង​កម្មករ​ដែល​លំបាក​ផ្នែក​ជីវភាព​ដោយសារ​ការ​បិទ​ខ្ទប់ ប្រជា​ពលរដ្ឋ​ឆ្លង និង​ស្លាប់​ដោយសារ​ជំងឺ​កូវីដ​១៩ ក្នុង​ព្រឹត្តិការណ៍ ២០ កុម្ភៈ។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង អ្នកនាំពាក្យ​ក្រសួង​សេដ្ឋកិច្ច​ហិរញ្ញវត្ថុ លោក មាស សុខសេនសាន និង​អ្នកនាំពាក្យ​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិ​សម្បទា លោក តូច ចាន់នី ដើម្បី​សុំ​ការ​បកស្រាយ​ជុំវិញ​រឿង​នេះ បាន​ទេ នៅ​ថ្ងៃទី​១០ មិថុនា ។ ប៉ុន្តែ​អគ្គនាយក​ផែនការ​នៃ​ក្រសួងផែនការ លោក ថេង បញ្ញាធន ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​លោក ហ៊ុន សែន ថា ប្រជាពលរដ្ឋ​ដែល​ខ្វះខាត​ផ្នែក​ជីវភាព​នៅ​តំបន់​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ ក្រុង​តាខ្មៅ និង​ក្រុងព្រះសីហនុ ជាង​៦​ម៉ឺន​គ្រួសារ ស្មើនឹង​ជាង​២០​ម៉ឺន​នាក់ នឹង​ទទួល​ប្រាក់​ឧបត្ថម្ភ​។ លោក​បញ្ជាក់​ថា ពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់ នឹង​ទទួល​បាន​ថវិកា​ចាប់ពី ១ សែន​រៀល ដល់​១ សែន ២​ម៉ឺន​រៀល ទៅ​តាម​សមាជិកគ្រួសារ និង​ការ​ជួយ​សម្រួល​ថ្លៃ​ទឹក​ភ្លើង​ផ្សេងទៀត​។ រីឯ​ករណី​ស្លាប់​ដោយសារ​ជំងឺ​កូវីដ​-១៩ វិញ គ្រួសារ​សព​អាច​ទទួល​បាន​ពី ៣​សែន​រៀល​ដល់​ជាង ៧ សែន​រៀល អាស្រ័យ​ទៅតាម​សមាជិកគ្រួសារ ខណៈ​គ្រួសារ​អ្នក​ឆ្លង​ជំងឺ​កូវីដ១៩ វិញ ក៏​នឹង​ទទួល​បាន​ប្រាក់ឧបត្ថម្ភ​ពី​រដ្ឋ​ដែរ។

ទោះជា​យ៉ាងណា ពលរដ្ឋ​នៅ​ភ្នំពេញ លោក មាស រតនា ដែល​មាន​ម្តាយ​ស្លាប់​ដោយសារ​ជំងឺ​កូវីដ​-១៩ អះអាង​ថា គ្រួសារ​លោក​មិន​ទាន់​ទទួល​បាន​សាច់ប្រាក់​ពី​រដ្ឋាភិបាល​នៅ​ឡើយ​ទេ ក្រោយ​ម្តាយ​លោក​ស្លាប់​ជាង​មួយ​ខែ​មក​នេះ​។ លោក​ទទូច​ឱ្យ​រដ្ឋាភិបាល​ពន្លឿន​ការ​ផ្តល់​កញ្ចប់​ថវិកា​ជួយ​ដល់​គ្រួសារ​ពលរដ្ឋ​រងគ្រោះ​ដោយសារ​ជំងឺ​កូវីដ១៩ ព្រោះ​ពួកគាត់​កំពុង​ត្រូវការ​ជំនួយ​ទាំងនោះ​ជា​ចាំបាច់​ដើម្បី​ដោះស្រាយ​ជីវភាព​គ្រួសារ៖ «ក្រុម​គ្រួសារ​ដែល​គាត់​មាន​បញ្ហា​កូវីដ​គាត់​ចង់​បាន​ដោះស្រាយ​គោល​នយោបាយ បើ​រដ្ឋាភិបាល​ដោះស្រាយ​គោល​នយោបាយ​ជាបន្ទាន់​ដូចជា​ទឹក​ភ្លើង​ចឹង​វា​ជា​បន្ទុក​ធំ​មួយ​សម្រាប់​ការ​ចំណាយ ហើយ​ប្រាក់ឧបត្ថម្ភ​នោះ​ក៏​គាត់​ត្រូវការ​ចាត់ចែង​យក​ទៅ​ធ្វើ​អី​ផ្សេងៗ»។

រដ្ឋាភិបាល​បាន​ប្រកាស​ថា កម្មវិធី​ផ្តល់​សាច់ប្រាក់​ត្រូវ​ចាប់​អនុវត្ត​ពី​ថ្ងៃ​ទី​០៩ មិថុនា តទៅ សម្រាប់​អ្នក​ដែល​បំពេញ​លក្ខខណ្ឌ​គ្រប់គ្រាន់ ដោយ​ពួកគាត់​អាច​ទៅ​បើកប្រាក់​ទាំងនោះ​បាន​នៅ​តាម​បញ្ជរ​វីង​ដែល​នៅ​ជិត​ផ្ទះ ឬ​ប្រើប្រាស់​កម្មវិធី​ទូរស័ព្ទ​របស់​ធនាគារ​នេះ។ រដ្ឋាភិបាល​បញ្ជាក់​ទៀត​ថា ពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់ និង​ស្ថិត​ក្នុង​លក្ខខណ្ឌ​ដែល​អាច​ទទួល​បាន ប៉ុន្តែ​មិន​ទាន់​ត្រូវ​បាន​កំណត់​អត្តសញ្ញាណ​ដោយ​អាជ្ញាធរ​នោះ ពួក​គាត់​ត្រូវ​រួសរាន់​ទាក់ទង​ទៅ​អាជ្ញាធរ​មូលដ្ឋាន ក្នុង​រយៈពេល​មួយ​សប្តាហ៍​គិត​ចាប់ពី​ថ្ងៃទី​០៩ មិថុនា ដើម្បី​ទទួល​បាន​ប្រាក់ឧបត្ថម្ភ​នេះ​នៅ​ជំហាន​បន្ទាប់។

មន្ត្រី​សង្គម​ស៊ីវិល​ទទូច​ឱ្យ​រដ្ឋាភិបាល​បង្កើន​កញ្ចប់​ថវិកា និង​ការ​ផ្សព្វផ្សាយ​ជូន​ដល់​ពលរដ្ឋ​ឱ្យ​បាន​ទូលំទូលាយ​បន្ថែម​ទៀត ដើម្បី​ធានា​ថា ពលរដ្ឋ​រងគ្រោះ​ពិតប្រាកដ អាច​ទទួល​បាន​ជំនួយ​សង្គម​ពី​រដ្ឋាភិបាល ខណៈ​ពួកគាត់​កំពុង​រងគ្រោះ​ខ្លាំង​ដោយសារ​វិបត្តិ​ជំងឺ​កូវីដ​១៩​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

One Response to "សង្គម​ស៊ីវិល​ជំរុញ​រដ្ឋាភិបាល​បង្កើន​កញ្ចប់​ជំនួយ​សាច់ប្រាក់ ចំពោះ​ពលរដ្ឋ​ប៉ះពាល់​ដោយ​ការ​បិទ​ខ្ទប់ និង​ឆ្លង​ជំងឺ​កូវីដ"

  1. Anonymous says:

    OH …GOD … how will he do if he have no money for all you guy. HUN SEN and his families are so busy to make more money they are not give you any money that they already have. HUN families made money from logging. mineral, he hop from oil , now gold right now they need a few hundreds billion more to become the world riches family in every leadership of the world.