សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ​ ស្នើ​សុំ​អន្តរា​គមន៍​ពី​រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន​ឱ្យ​ដោះ​លែង​សមាជិក​របស់​ខ្លួន​

តុលាការ និងច្បាប់ | ព័ត៌មានជាតិ | សិទ្ធិមនុស្ស
លោក សុត បាន and កញ្ញា ហ៊ន ថូវ៉ាន | ១២ មិថុនា ២០២១ |ម៉ោង ១៥:១៧
VOD

ក្រុម​យុវជន​ខ្មែរ​ថាវរៈ និងសមាជិកសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ ចំនួន៣នាក់​ក្នុងចំណោម៧នាក់ ដើរចេញ​ពី​បន្ទប់​សវនាការ​ក្រោយ​បញ្ចប់​សវនាការ​សំណុំរឿង​ទាក់ទង​នឹង​ការ​តវ៉ា​ដោះលែង​លោក រ៉ុង ឈុន នៅ​សវនាការ​សាលាឧទ្ធរណ៍ នា​ព្រឹក​ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០។ (ណាត សុភាព​)

ក្រុម​យុវជន​ខ្មែរ​ថាវរៈ និងសមាជិកសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ ចំនួន៣នាក់​ក្នុងចំណោម៧នាក់ ដើរចេញ​ពី​បន្ទប់​សវនាការ​ក្រោយ​បញ្ចប់​សវនាការ​សំណុំរឿង​ទាក់ទង​នឹង​ការ​តវ៉ា​ដោះលែង​លោក រ៉ុង ឈុន នៅ​សវនាការ​សាលាឧទ្ធរណ៍ នា​ព្រឹក​ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០។ (ណាត សុភាព​)


ប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ លោក មួង សូនី បានស្នើសុំអន្តរាគមន៍ពីរដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ ឱ្យជួយដោះលែងសមាជិករបស់ខ្លួនពីរនាក់ដែលកំពុងជាប់ពន្ធនាគារ។

លោក មួង សូនី បានប្រាប់ វីអូឌី កាលពីថ្ងៃសុក្រថា លោកបានជួបជាមួយរដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ កាលពីថ្ងៃសុក្រសប្ដាហ៍នេះ។

នៅក្នុងជំនួបនោះ លោកបានលើកឡើង៣ចំណុចទាក់ទងនឹងទស្សនវិស័យការងាររបស់សមាគម ប៉ុន្តែអ្វីដែលសំខាន់នោះ គឺលោកបានសូមអភ័យទោសពីរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងបានស្នើសុំឱ្យលោករដ្ឋមន្ត្រីជួយអន្តរាគមន៍ដោះលែងសមាជិករបស់ខ្លួនពីរនាក់ គឺលោក មួង សុភក្រណា ដែលត្រូវជាប្អូនប្រុសបង្កើតរបស់លោក និងលោក មាន ព្រហ្មមុនី ដែលជាអនុប្រធានសមាគម។

លោកមានប្រសាសន៍ថា៖ «ស្នើសុំឱ្យលោករដ្ឋមន្រ្តីមេត្តាជួយយោគយល់ដល់យុវជនដែលជាប់ឃុំ ព្រោះពួកគាត់ធ្វើការងារដោយអព្យាក្រឹត្យ មិនបម្រើឱ្យគណបក្សណានោះទេ គឺធ្វើការដើម្បីតែប្រយោជន៍ជាតិនិងសង្គមប៉ុណ្ណោះ។ ប៉ុន្តែលោករដ្ឋមន្រ្តីក្រសួងព័ត៌មានឆ្លើយតបថា មិនមែនជាតួនាទីរបស់លោកទេ ជាកិច្ចការរបស់តុលាការនិងមេធាវីរបស់សម្តេច»។

វីអូឌី បានទាក់ទងសុំការឆ្លើយតបពីលោក មាស សុភ័ណ្ឌ អ្នកនាំពាក្យក្រសួងព័ត៌មាន កាលពីថ្ងៃសុក្រ តែលោកថាមិនបានដឹងអំពីលទ្ធផលនៃជំនួបខាងលើនេះទេ។

លោក មាន ព្រហ្មមុនី អនុប្រធានសមាគមសម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ ត្រូវ​បាន​អាជ្ញាធរ​កម្ពុជាចាប់​ខ្លួនកាលពី​ថ្ងៃទី៦ ខែ​កញ្ញា បន្ទាប់ពីលោកគ្រោងចូលរួមជាមួយក្រុម​យុវជនខ្មែរ​ថាវរៈ ​ប្រមូល​ផ្ដុំ​​ធ្វើ​​បាតុកម្ម​​​នៅ​ទីលា​ន​ប្រជាធិបតេយ្យ ដើម្បី​ទាមទារ​រក​យុត្តិធម៌​សង្គម​។

រីឯលោក មួង សុភក្រណា ត្រូវបានអាជ្ញាធរចាប់ខ្លួននៅ​ថ្ងៃទី១០ ខែ​កញ្ញា បន្ទាប់ពីលោកបានចូលរួមតវ៉ាជាមួយយុវជនផ្សេងទៀត ដើម្បីទាមទារយុត្តិធម៌សង្គម និងទាមទារឱ្យមានការដោះលែងលោក រ៉ុង ឈុន អតីតប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ​។

អ្នក​ទាំងពីរ​ក៏ស្ថិត​នៅ​ក្នុង​ចំណោម​ក្រុម​យុវជន​និង​សកម្មជន​បរិស្ថាន​ជាង​១០នាក់ទៀតដែល​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​ជា​បន្ត​បន្ទាប់​ ក្រោមការចោទ​ប្រកាន់​ពី​បទ «ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋជា​អាទិ៍ ឬញុះញង់​ឱ្យមាន​ភាព​វឹកវរ​ដល់​សង្គម» តាម​មាត្រា​៤៩៤ និង​៤៩៥ នៃ​ក្រម​ព្រហ្មទណ្ឌកម្ពុជា​៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles