សាច់ញាតិ​ថា សកម្មជន​នយោបាយ និង​សង្គម​ដែល​កំពុង​ជាប់​ឃុំ​ភាគច្រើន​ឆ្លង​ជំងឺ​កូវីដ

ដោយ ខែ សុណង
2021-06-12
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

សាច់ញាតិ​ថា សកម្មជន​នយោបាយ និង​សង្គម​ដែល​កំពុង​ជាប់​ឃុំ​ភាគច្រើន​ឆ្លង​ជំងឺ​កូវីដ

សាល​តម្កល់​សព​អ្នក​កើត​ជំងឺ​កូវីដ១៩ ក្នុងបរិវេណ​មន្ទីរ​មិត្តភាព​ខ្មែរ-​សូវៀត (ពេទ្យ​រុស្ស៊ី)។ Photo Provided


សាច់ញាតិ​ឱ្យ​ដឹង​ថា សកម្មជន​នយោបាយ និង​សកម្មជន​សង្គម​ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ ភាគច្រើន​បាន​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ហើយ​ខាង​មន្ត្រី​ពន្ធនាគារ មិនសូវ​យក​ចិត្តទុកដាក់​ព្យាបាល​អ្នក​ជាប់ឃុំ​ទាំងនោះ​ឡើយ​។ អាជ្ញាធរ​ពន្ធនាគារ ទទួល​ស្គាល់​ថា សកម្មជន​នយោបាយ​និង​សកម្មជន​សង្គម​មួយចំនួន ពិតជា​បាន​ឆ្លង​ជំងឺ​កូវីដ ប៉ុន្តែ​ស្ថានភាព​របស់​ពួកគាត់​មិន​ធ្ងន់ធ្ងរ​ឡើយ​។ មន្ត្រី​សិទ្ធិមនុស្ស​នៅតែ​ជំរុញ​ឲ្យ​អាជ្ញាធរ​រដ្ឋាភិបាល ពន្លឿន​វិធានការ​ដោះលែង​អ្នក​ជាប់​ឃុំ​ដែល​ងាយ​រងគ្រោះ និង​បញ្ជូន​ពួកគាត់​ទៅ​ព្យាបាល​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​ជៀសវាង​ការ​ស្តាយក្រោយ​និង​ការ​ស្តី​បន្ទោស​ដាក់គ្នា។

ក្រុម​គ្រួសារ​សាច់​ញាតិ​របស់​សកម្មជន​បក្ស​ប្រឆាំង​ដែល​កំពុង​ជាប់ឃុំ​នៅក្នុង​ពន្ធនាគារ​ព្រៃ​ស ព្រួយបារម្ភ​ជា​ខ្លាំង ក្រោយ​ទទួល​ដំណឹង​ថា សកម្មជន​នយោបាយ និង​សកម្មជន​សង្គម​ភាគច្រើន បាន​ឆ្លង​ជំងឺ​កូវីដ​-១៩ និង​មាន​ករណី​អ្នក​ជាប់ឃុំ​ដែល​ឆ្លង​ជំងឺ​កូវីដ បាន​ស្លាប់​ជា​បន្តបន្ទាប់។

កូនស្រី​របស់​សកម្មជន​នយោបាយ​បក្ស​ប្រឆាំង លោក ហេង ច័ន្ទសុទ្ធី គឺ​កញ្ញា ហេង បូរី រៀបរាប់​ប្រាប់​អាស៊ីសេរី​ថា កញ្ញា តក់ស្លុត​យ៉ាង​ខ្លាំង​បន្ទាប់ពី​បាន​ទទួល​ដំណឹង​ពី​ក្នុង​ពន្ធនាគារ​ថា ឪពុក​របស់​នាង បាន​ឆ្លង​ជំងឺ​កូវីដ​នៅក្នុង​ពន្ធនាគារ​ព្រៃស​។ កញ្ញា បន្ត​ថា ក្រោយ​ឆ្លង​ជំងឺ​កូវីដ​នេះ សុខភាព​របស់​ឪពុក បាន​ចុះ​ខ្សោយ​កាន់តែ​ខ្លាំង ដោយសារ​គាត់ មាន​វ័យ​ចំណាស់​អាយុ​ជិត​៦០​ឆ្នាំ ហើយ​មាន​ជំងឺ​លើសឈាម​និង​ឡើង​ជាតិ​ខ្លាញ់​៖ «គាត់​ប្រាប់​នាង​ខ្ញុំ​ថា ក្នុង​ពន្ធនាគារ​ឆ្លង​រាលដាល​ខ្លាំង ហើយ​ប៉ា​ខ្ញុំ គឺ​គាត់​បាន​ឆ្លង​ហើយ​ឥឡូវ​គេ​យក​គាត់​ដាក់​ដោយឡែក ប៉ុន្តែ​សុខភាព​គាត់​គឺ​ចុះ​ខ្សោយ គាត់​មាន​ជំងឺ​ប្រចាំ​កាយ​ផង ហើយ​ឥឡូវ គាត់​ក្តៅ និង​ថប់ដង្ហើម ហើយ​គាត់​អត់​សូវ​ពិសា​របាយ​បាន​ដូច​មុន​ទេ​។​គាត់​ផ្តាំ​មក​ថា ខាង​ពន្ធនាគារ​យក​គាត់​ដាក់​ដោយឡែក​នេះ ក៏​អត់​មាន​យកចិត្តទុកដាក់​លើ​សុខភាព​និង​សុវត្ថិភាព​គាត់​ដែរ»។

កញ្ញា ហេង បូរី ឲ្យ​ដឹង​ថា តាម​ព័ត៌មាន​ដែល​កញ្ញា​ទទួល​បាន គឺ​នៅក្នុង​ពន្ធនាគារ​ព្រៃ​សមាន​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ​កាន់តែ​ខ្លាំង ហើយ​សកម្មជន​នយោបាយ និង​សកម្មជន​សង្គម​ភាគច្រើន បាន​ឆ្លង​ជំងឺ​នេះ។ កូនស្រី​របស់​សកម្មជន​បក្ស​ប្រឆាំង​រូប​នេះ ទាមទារ​ឲ្យ​តុលាការ​និង​រដ្ឋាភិបាល​ដោះលែង​ឪពុក​កញ្ញា និង​អ្នកទោស​មនសិការ​ទាំង​អស់​ជាបន្ទាន់ ព្រោះ​បើ​មាន​បញ្ហា​អ្វីមួយ​កើតឡើង​ចំពោះ​ពួកគាត់ តុលាការ និង​រដ្ឋាភិបាល​គឺជា​អ្នកទទួលខុសត្រូវ​ទាំងស្រុង​លើ​បញ្ហា​នេះ​។ ទន្ទឹម​គ្នា​នេះ កញ្ញា ក៏​អំពាវនាវ​ដល់​អង្គការ​ជាតិ​និង​អន្តរជាតិ​ទាំងអស់​ជួយ​អន្តរាគមន៍​ឲ្យ​មានការ​ដោះលែង​អ្នក​ទោស​នយោបាយ​ទាំងអស់​ឲ្យ​មាន​សេរីភាព​ឡើងវិញ និង​ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល​ជំងឺ​កូវីដ​កាន់តែ​ខ្លាំង​៖ «នាង​ខ្ញុំ​ចង់​ឲ្យ​ដោះលែង​គាត់​ឲ្យ​មាន​សេរីភាព​វិញ ព្រោះ​គាត់​ជា​អ្នកទោស​មនសិការ​ទាំង​អស់​គាត់​អត់​មាន​កំហុស​សោះ​យក​គាត់​ទៅ ដាក់​គុក​យ៉ាង​អយុត្តិធម៌ ក៏​មិន​មាន​ការ​កាត់ទោស​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ដោយ​បន្ត​ឃុំ ខ្លួន​គាត់​រហូត​ហើយ​ឥឡូវ​កូវីដ​កំពុង​រាតត្បាត​នេះ​ក៏​អត់​មាន​ចំណាត់​ការ​ជួយ​គាត់​ទេ»។

មក​ទល់​ពេល​នេះ ជំងឺ​កូវីដ​-១៩ បាន​ឆ្លង​ចូល​ដល់​ក្នុង​ពន្ធនាគារ​នៅ​តាម​រាជធានី​-​ខេត្ត​ចំនួន​៨​ហើយ ប៉ុន្តែ​អាជ្ញាធរ​ពន្ធនាគារ មិន​បាន​បង្ហាញ​អំពី​តួលេខ​ជាក់លាក់​នៃ​អ្នក​ជាប់ឃុំ​ដែល​ឆ្លង​ជំងឺ​នេះ​នោះ​ទេ​។ អាជ្ញាធរ​ពន្ធនាគារ បញ្ជាក់​ត្រឹម​ថា ការ​ឆ្លង​នៅ​កន្លែង​នីមួយៗ​មាន​ប្រមាណ​ពី​១០ ទៅ ២០​ភាគរយ​នៃ​អ្នក​ជាប់ឃុំ​សរុប។ ចំណែក​អ្នក​ជាប់​ឃុំ​ដែល​ស្លាប់​ដោយសារ​ជំងឺ​កូវីដ បាន​កើន​ដល់​ចំនួន​៣​នាក់​ហើយ ដោយ​ក្នុង​នោះ​ម្នាក់​នៅ​ពន្ធនាគារ​ខេត្ត​កំពង់ស្ពឺ និង​ពីរ​នាក់​ទៀត​នៅ​ពន្ធនាគារ​ព្រៃស ផ្នែក​បុរស (ម​១)។

អ្នកទោស​ដែល​ស្លាប់​នៅ​ពន្ធនាគារ​ព្រៃស​ចុងក្រោយ​នេះ គឺជា​អតីត​មេដឹកនាំ​ចលនា​កងទ័ព​សេរី​ជាតិ​កម្ពុជា​(CFF) លោក រីឆាដ គិរី គីម អាយុ​៧២ ឆ្នាំ​។ លោក​បាន​ស្លាប់​កាលពី​ល្ងាច​ថ្ងៃទី​១០ ខែ​មិថុនា ខណៈ​ពេល​បញ្ចូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​។ លោក រីឆាដ គិរី គីម ដែល​ជា​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង ត្រូវ​បាន​តុលាការ​របប​ក្រុងភ្នំពេញ កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​អស់​មួយ​ជីវិត ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​រដ្ឋប្រហារ​មិន​បាន​សម្រេច កាលពី​ចុង​ឆ្នាំ​២០០០។

អតីត​អ្នក​ទោស​នយោបាយ​ម្នាក់ គឺ​លោក ម៉ៃ ហុងស្រៀង ថ្លែង​ថា លោក​សោកស្តាយ​ចំពោះ​ការ​ស្លាប់​របស់​លោក រីឆាដ គិរី គីម ដែល​ធ្លាប់​ជាប់ឃុំ​ក្នុង​បន្ទប់​ជាមួយគ្នា និង​តែងតែ​ជជែក​គ្នា​ពី​រឿង​សង្គម និង​នយោបាយ​។ លោក​ឲ្យ​ដឹង​ថា កន្លង​មក មន្ត្រី​ពន្ធនាគារ​បាន​ដាក់​ទណ្ឌិត​រូប​នេះ ឲ្យ​រស់នៅ​ក្នុង​បន្ទប់​រួមគ្នា​ជាមួយ​សកម្មជន​នយោបាយ និង​សកម្មជន​សង្គម ដូច្នេះ​លោក ព្រួយបារម្ភ​ពី​ការ​ឆ្លង​ជំងឺ​កូវីដ​ពី​គ្នា​ទៅវិញទៅមក​ផង​ដែរ​៖ «គាត់​ស្លាប់​ដោយ​កូវីដ​អ៊ីចឹង ខ្ញុំ​បារម្ភ​ពី​អ្នកទោស​ផ្សេងៗ ទៀត​ដែល​រស់នៅ​ជាមួយ​គាត់​ខ្លាចក្រែង​ឆ្លង​ដល់​គ្នា​ទៅវិញទៅមក​។ ខ្ញុំ​សង្ឃឹម​ថា រដ្ឋាភិបាល​នឹង​ដោះលែង​គាត់​វិញ​ទៅ ព្រោះ​វា​គ្រោះថ្នាក់​ណាស់​អាច​បាត់បង់​អាយុជីវិត ដោយសារ​កូ​វីដ​នេះ ដូច​យើង​ដឹង​ស្រាប់​ហើយ​ថា មិនមែន​អ្នក​ទោស​នយោបាយ ឬ​មិន​នយោបាយ​ទេ គឺថា អ្នកទោស​ដេក​ជាប់ៗ​គ្នា​ដូច​ត្រី​ឆ្អើរ​អ៊ីចឹង»។

ជុំវិញ​ករណីនេះ អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួង​មហាផ្ទៃ លោក នុត សវនា ទទួល​ស្គាល់​ថា សកម្មជន​នយោបាយ​និង​សកម្មជន​សង្គម​ដែល​ជាប់ចោទ​ក្នុង​បទ ល្មើស​ញុះញង់​មួយចំនួន ពិតជា​បាន​ឆ្លង​ជំងឺ​កូវីដ​-១៩ ប៉ុន្តែ​លោក​មិនទាន់​បាន​កំណត់​អត្តសញ្ញាណ​អ្នក​ទាំង​នោះ​ឡើយ​។ លោក​អះអាង​ថា មក​ទល់​ពេលនេះ ស្ថានភាព​របស់​ពួកគាត់​នៅ​ធម្មតា មិន​មាន​បញ្ហា​ធ្ងន់ធ្ងរ​ឡើយ ទោះបីជា​ពួកគាត់​ឆ្លង​មេរោគ​កូវីដ​យ៉ាង​ណាក្តី​។ លោក​អះអាង​ទៀត​ថា អ្នកខ្លះ​កំពុង​ជាសះស្បើយ​ជា​បណ្តើរ​ហើយ ក្រោម​ការពិនិត្យ​ព្យាបាល​ពី​ក្រុម​គ្រូពេទ្យ​។ ចំពោះ​ការ​ទាមទារ​ឲ្យ​ដោះលែង​អ្នក​ជាប់ឃុំ​វិញ លោក នុត សវនា បញ្ជាក់​ថា គឺជា​សមត្ថកិច្ច​របស់​តុលាការ ដូច្នេះ​សាច់ញាតិ​របស់​ជន​ជាប់ឃុំ អាច​ទាមទារ​ទៅ​ខាង​តុលាការ ហើយ​ខាង​លោក​រង់ចាំ​តែ​អនុវត្ត​បទបញ្ជា​ប៉ុណ្ណោះ​៖ «​ក្នុងនាម​អាជ្ញាធរ យើង​ធ្វើការ​ទទួលខុសត្រូវ ។ និយាយ​ទៅ​យើង​ធ្វើការ ដោយមាន​គណនេយ្យភាព​របស់​យើង​ដែរ ដូច្នេះ​ចាំ​ហេតុការណ៍​កើតឡើង​ចាំ​យើង​ពិនិត្យ​ជាក់ស្តែង​ទៅ ព្រោះថា យើង​យក​អ្វី​ដែល​មិនទាន់​កើតឡើង​ផង ហើយ​ជាក់ស្តែង​ខ្ញុំ​បាន​ជម្រាប​រួចហើយ​ថា ស្ថានភាព​ពេលនេះ​វា​ប្រសើរ​ច្រើន ហើយ​ពួកគាត់​អត់​មាន​អាការៈ​អី​ធ្ងន់ធ្ងរ​ទេ ហើយ​មួយទៀត អ្នកជា ក៏​ជាច្រើន​មែនទែន​ដែរ»។

ទោះជា​យ៉ាងណា ក្រុម​គ្រួសារ​របស់​សកម្មជន​បក្ស​ប្រឆាំង មិន​ជឿ​ទៅលើ​អះអាង​របស់​លោក នុត សវនា អំពី​ស្ថានភាព​ល្អ​ប្រសើរ​នៅក្នុង​ពន្ធនាគារ​នោះ​ទេ ព្រោះ​ពួកគាត់ កត់សម្គាល់​ថា អាជ្ញាធរ​ពន្ធនាគារ បាន​ព្យាយាម​បិទបាំង​ព័ត៌មាន និង​តែងតែមាន​លេស​ដោះសា​ជា​បន្តបន្ទាប់​។​

ទាក់ទង​ករណីនេះ អាស៊ីសេរី មិន​អាច​ទាក់ទង​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ លោក តាំង ស៊ុនឡាយ និង​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក កើត រិទ្ធ បាន​ទេ ដោយ​ទូរស័ព្ទ​ចូល​ពុំ​មាន​អ្នកទទួល​។

នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល និង​ការពារ​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (Licadho) លោក អំ សំអាត ថ្លែង​ថា ការ​ព្យាបាល​ជំងឺ​កូវីដ​នៅក្នុង​ពន្ធនាគារ មិន​អាច​មាន​ស្ថាន ភាព​ល្អ​ប្រសើរ​ជាង​នៅ​ខាងក្រៅ​នោះ​ទេ ដែល​ធ្វើ​ឲ្យ​ជាប់ឃុំ​ដែល​មាន​ជំងឺ​រ៉ាំរ៉ៃ​ងាយ​ប្រឈម​គ្រោះថ្នាក់។ លោក​ទទូច​ឲ្យ​រដ្ឋាភិបាល ពន្លឿន​ការ​ដោះលែង​អ្នក​ជាប់ឃុំ​ទៅតាម​លក្ខខណ្ឌ​នានា​ដើម្បី​កាត់បន្ថយ​ភាព​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ​ដូច​នៅ​ប្រទេស​មួយចំនួន​រួមមាន ប្រទេស​ហ្វីលីពីន (Philippines) និង​ប្រទេស​ថៃ​(Thailand) ជាដើម​៖ «កម្ពុជា​យើង​គួរតែ​ពិនិត្យ​ពិចារណា​រក​វិធី​ក្នុង​ការ​កាត់បន្ថយ ភាព​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ ដូច្នេះ​អ្វី​ដែល​យើង​អាច​ធ្វើ​បាន យើង​គួរតែ​ធ្វើ​យើង​គួរតែ​ស្វះស្វែង​ក្នុង​ការ​ធ្វើ​ទាក់ទង​នឹង​ការ​ដោះលែង​មនុស្ស​មួយចំនួន​ទៅតាម​លក្ខខណ្ឌ​នៃ​ច្បាប់​ឬ​នីតិវិធី​ដែល​មាន ហើយ​អាច​ដោះលែង​គាត់​បាន​គួរតែ​ធ្វើ កុំ​ទុក​ឲ្យ​ហួស ពេល​គឺ​បង្ក​ហានិភ័យ​ខ្ពស់ ព្រោះ​អាហ្នឹង​គឺជា​រឿង​មួយ​សោកស្តាយ ហើយក៏​ជា​ការ​ទទួលខុសត្រូវ​មួយ​ដែរ ដែល​លទ្ធភាព​យើង​អាច​ធ្វើ​បាន តែ​យើង​មិន​ធ្វើ​នោះ»។

ក្រុម​អង្គការ​ជាតិ និង​អន្តរជាតិ បាន​អំពាវនាវ​ជារឿយៗ​ឲ្យ​រដ្ឋាភិបាល ដោះលែង​អ្នក​ជាប់ឃុំ​ទាក់ទង​នឹង​បទល្មើស​ស្រាលៗ ជាពិសេស​អ្នក​ជាប់ឃុំ​ជា​ស្ត្រី​មាន​ផ្ទៃពោះ ស្ត្រី​មានកូន​តូច​នៅ​ជាមួយ អ្នក​ដែល​អាជ្ញាធរ​ចាប់​យក​មក​ឃុំខ្លួន ដោយ​គ្មាន​មូលដ្ឋាន​ច្បាប់​ច្បាស់លាស់ ដូចជា​អ្នកនយោបាយ និង​អ្នក​ត្រូវ​បាន​ចាប់ខ្លួន​ដោយ​បង្ខំ ដើម្បី​បន្សាប​គ្រឿងញៀន​ជាដើម។ ប៉ុន្តែ​សំឡេង​អំពាវនាវ​ទាំងនេះ មិន​ត្រូវ​បាន​របប​លោក ហ៊ុន សែន យកចិត្តទុកដាក់​នោះ​ទេ។ ដោយសារតែ​បែបនេះ ទើប​ក្រុម​គ្រួសារ​របស់​អ្នក​ជាប់ឃុំ​នយោបាយ​មួយចំនួន​នាំគ្នា ចេញ​តវ៉ា​ជាថ្មី ព្រមទាំង​ដាក់​ញត្តិ​ជូន​ការិយាល័យ​អង្គការសហប្រជាជាតិ និង​ស្ថានទូត​ប្រទេស​សេរី​ធំៗ ដើម្បី​ឲ្យ​ជួយ​ជំរុញ​ទៅ​របប​លោក ហ៊ុន សែន ដោះលែង​សកម្មជន​នយោបាយ និង​សកម្មជន​សង្គម​ឡើងវិញ ដើម្បី​ឲ្យ​ពួកគាត់​មាន​ឱកាស​ថែទាំ​សុខភាព និង​ព្យាបាល​ជំងឺ​កូវីដ​ដោយ​ត្រឹមត្រូវ​នៅ​មន្ទីរពេទ្យ​ក្រៅ​ពន្ធនាគារ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

One Response to "សាច់ញាតិ​ថា សកម្មជន​នយោបាយ និង​សង្គម​ដែល​កំពុង​ជាប់​ឃុំ​ភាគច្រើន​ឆ្លង​ជំងឺ​កូវីដ"

  1. Anonymous says:

    do not believe the killer saying he will stop killing