កម្ពុជា​ច្រាន​ចោល​ការ​ចោទ​​របស់​​ទូត​អាមេរិក​ជុំវិញ​ការ​មិន​អនុញ្ញាត​ឱ្យ​ចូល​មើល​មូលដ្ឋាន​ទ័ព​ជើង​ទឹក​រាម​

ទំនាក់ទំនងអន្តរជាតិ | នយោបាយ | ព័ត៌មានជាតិ
លោក ណាត សុភាព | ១៣ មិថុនា ២០២១ |ម៉ោង ១៧:០៨
VOD

លោក ទៀ បាញ់ ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ បាន​ទទួល​ជួប​សវនាការ​ជាមួយនឹង​លោក ប៉ា​ទ្រីក មូ​ហ្វ៊ី (W.patrick Murphy​) ឯកអគ្គ​រដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា កាលពី​រសៀល​ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ នៅ​វិមាន​មិត្តភាព​នាទី​ស្តី​ការ​គណៈរដ្ឋ​មន្ត្រី។ (U.S​. Embassy Phnom Penh​, Cambodia​)

លោក ទៀ បាញ់ ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ បាន​ទទួល​ជួប​សវនាការ​ជាមួយនឹង​លោក ប៉ា​ទ្រីក មូ​ហ្វ៊ី (W.patrick Murphy​) ឯកអគ្គ​រដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា កាលពី​រសៀល​ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ នៅ​វិមាន​មិត្តភាព​នាទី​ស្តី​ការ​គណៈរដ្ឋ​មន្ត្រី។ (U.S​. Embassy Phnom Penh​, Cambodia​)


កម្ពុជាប្រកាសច្រានចោលការចោទប្រកាន់របស់ស្ថានទូតអាមេរិកប្រចាំកម្ពុជាដែលថាមន្ត្រីយោធាកម្ពុជាមិន​អនុញ្ញាតឱ្យ មន្ត្រីអនុព័ន្ធយោធាអាមេរិកទៅមើលគ្រប់កន្លែងនៅក្នុងមូលដ្ឋានកងទ័ពជើងទឹករាម ក្នុងខេត្តព្រះសីហនុ។

ការទាត់ចោលនេះធ្វើឡើងបន្ទាប់ពីលោកនាយករដ្ឋ​មន្ត្រី ហ៊ុន សែន បានសន្យាជាមួយលោកស្រី Wendy Sherman អនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក ក្នុង ជំនួបរវាងអ្នកទាំងពីរកាលពីថ្ងៃទី១ ខែមិថុនា ឱ្យមាន ដំណើរ​ទស្សនកិច្ចពីអនុព័ន្ធយោធាអាមេរិកចូលមើលតំបន់មូលដ្ឋានកងទ័ពជើងទឹករាម ខេត្តព្រះសីហនុ។

ស្ថានទូតអាមេរិកប្រចាំកម្ពុជា កាលពីថ្ងៃសុក្រ បានចេញការប្រកាសព័ត៌មានមួយដោយលើកឡើងថា មន្ត្រី​អនុព័ន្ធយោធារបស់ស្ថានទូតអាមេរិកមិនត្រូវបានមន្ត្រីយោធាកម្ពុជា​​អនុ​ញ្ញាត ​​ឱ្យ​​ក្រុមការងារខ្លួនដើរ​មើលគ្រប់ទីកន្លែងក្នុងដំណើរ​ទស្សនកិច្ចនៅមូលដ្ឋានកងទ័ពជើងទឹករាម នៅខេត្តព្រះសីហនុ កាលពីថ្ងៃទី១១ ខែមិថុនា នោះឡើយ។

ទោះបីជាយ៉ាងណាក្តី ក្នុង សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ​ កាលពីថ្ងៃទី១២ ខែមិថុនា ​ឱ្យដឹងថា នៅក្នុងអំឡុងពេលទស្សនកិច្ចនៅមូលដ្ឋានសមុទ្ររាមនេះ ក្រុមការងារសម្របសម្រួលក្រសួងការពារជាតិ បានព្យាយាមបំពេញបំណងរបស់ប្រតិភូអាមេរិក ដោយអនុលោមទៅតាមគោលការណ៍ដែលបានកំណត់និងការព្រមព្រៀងគ្នា។

សេចក្តីប្រកាសព័ត៌មានដដែលបញ្ជាក់ថា សកម្មភាពសំខាន់ៗមួយចំនួន រួមមាន ជំនួបពិភាក្សាការងារដែលស្នើដោយភាគីអាមេរិកមានរយៈពេលជាងមួយម៉ោង ការចុះទៅពិនិត្យមើលអាគារសង់ថ្មី២ខ្នងសម្រាប់ការស្នាក់នៅរបស់កម្មករសំណង់ ដំណើរពិនិត្យមើលផែនិងនាវារបស់កងទ័ពជើងទឹក ការទស្សនារោងជាងដែលជាជំនួយរបស់ប្រទេសអូស្ត្រាលី ការធ្វើទស្សនកិច្ចនៅមន្ទីរពេទ្យ និងការធ្វើដំណើរទៅពិនិត្យមើលសំណង់ទីបញ្ជាការជួរមុខរបស់គណៈកម្មាធិការជាតិ សន្តិសុខលម្អសមុទ្រ នៅកោះព្រាប។

ក្រៅពីទីកន្លែងទាំងប៉ុន្មានដែលបានស្នើនិងបានឯកភាពគ្នាខាងលើ កម្ពុជាលើកឡើងថា ភាគីអាមេរិកបានបង្កើតសេណារីយ៉ូថ្មីភ្លាមៗ ដោយទាមទារចូលទៅមើលកន្លែងផ្សេងទៀតដែលពុំមានការស្នើសុំពីមុនមក។ ដោយមើលឃើញភាពមិនប្រក្រតី និងយល់ឃើញអំពីការមិនគោរពចំពោះអធិបតេយ្យរបស់កម្ពុជា និងចេតនាធ្វើជាមិនយល់អំពីលក្ខណការណ៍របស់កងទ័ព ក្រុមការងារកម្ពុជាបានបដិសេធសំណើថ្មីរបស់អាមេរិកនោះ។

ក្រៅពីនេះ កម្ពុជាបានចាត់ទុកការលើកឡើងរបស់អាមេរិក ថាជាការបំភ្លៃការពិតដែលនាំឱ្យមានភាពល្អក់កករកាន់តែខ្លាំងឡើងដល់ ទំនាក់ទំនងយោធារវាងប្រទេសទាំងពីរ

សេចក្តីថ្លែងការណ៍មានខ្លឹមសារថា៖ «ផ្អែកលើកត្តាទាំងអស់ខាងលើ ក្រសួងការពារជាតិចាត់ទុកប្រតិកម្មរបស់ស្ថានទូតសហរដ្ឋអាមេរិក ជាការព្យាយាមបង្កើតបញ្ហាថ្មី និងបំភ្លៃការពិត ដែលនាំឱ្យមានភាពល្អក់កករកាន់តែខ្លាំងឡើងដល់ទំនាក់ទំនងយោធារវាងប្រទេសទាំងពីរ។ ក្រសួងការពារជាតិ ចាត់ទុកចំណាត់ការរបស់ក្រុមការងារសម្របសម្រួលដំណើរទស្សនកិច្ច ថាមានភាពត្រឹមត្រូវនិងប្រកបដោយវិជ្ជាជីវៈ»។

កាលពីថ្ងៃសុក្រសប្តាហ៍មុន តាមរយៈការប្រកាសព័ត៌មានរបស់ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា ​បានឱ្យដឹងថា លោកវរសេនីយ៍ឯក Marcus M. Ferrara បានស្នើសុំឱ្យភាគីកម្ពុជាសម្របសម្រួលឱ្យមានដំណើរទស្សនកិច្ចជាថ្មីម្តងទៀត នៅពេលឆាប់ៗខាងមុខនេះ ដោយអនុញ្ញាតឱ្យអនុព័ន្ធយោធាអាមេរិកបានដើរមើលគ្រប់ទីកន្លែងនៅមូលដ្ឋានកងទ័ពជើង​ទឹក​រាម​។

យ៉ាងណា នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ បញ្ជាក់ថា ចំពោះសំណើទៅទស្សនកិច្ច​នាពេលអនាគត កម្ពុជានឹងពិចារណាយ៉ាងហ្មត់ចត់តាមករណីនីមួយៗ។

ជាមួយគ្នានេះ ក្រសួងការពារជាតិ​បានស្នើដោយទទូចឱ្យសហរដ្ឋអាមេរិកបញ្ឈប់​ការបង្កើតសេណារីយ៉ូថ្មីៗដែលនាំមកនូវភាពអវិជ្ជមាន និងត្រូវគោរពដល់អធិបតេយ្យភាពនិងលក្ខណការណ៍កងទ័ពរបស់កម្ពុជា។ ក្រសួងការពារជាតិ និយាយថា សកម្មភាពទាំងឡាយណានៅបរិវេណមូលដ្ឋានកងទ័ពដែលបានទទួលការអនុញ្ញាត គឺជាការធ្វើទស្សនកិច្ច ពុំមែនជាការទៅ​ត្រួតពិនិត្យឬឆែកឆេរនោះឡើយ។

អ្នកវិភាគនយោបាយ លោក ឯម សុវណ្ណរ៉ា មានប្រសាសន៍គាំទ្រនឹងសេចក្តីថ្លែងការណ៍របស់កម្ពុជា ជុំវិញការការពារអធិបតេយ្យរបស់កម្ពុជា។ ប៉ុន្តែលោកថា បើស្ថានទូតអាមេរិកមិនចង់ឱ្យមានមន្ទិលសង្ស័យជំុវិញការសម្ងាត់ឬពីសន្តិសុខជាតិនៅកម្ពុជានោះ អាមេរិកគួរតែដាក់សំណើពីចំណុចចូលមើលកងទ័ពជើងទឹករាមឱ្យបានច្បាស់លាស់ ដើម្បីកុំឱ្យប៉ះពាល់ទំនាក់ទំនងនៃប្រទេសទាំងពីរ។

លោកផ្តល់ជាអនុសាសន៍ថា៖ «លើកក្រោយ ភាគីអាមេរិក បើមានការសង្ស័យ ឱ្យគាត់លើកឡើងមក[ភាគីកម្ពុជា] ហើយឱ្យភាគីកម្ពុជាឆ្លើយតប។ ហើយប្រសិនបើយន្តការនៃការទស្សនកិច្ចនៅតែធ្វើមិនបានល្អទៀត វានៅតែមិនអាចលាងជម្រះមន្ទិលសង្ស័យរវាងភាគីទាំងពីរទេ»

កាសែត The Wall Street Journal របស់អាមេរិក បានចុះផ្សាយកាលពីខែកក្កដា ឆ្នាំ២០១៩ ដោយបានចោទប្រកាន់ថា កម្ពុជាបានលួចចុះកុងត្រាយោធាសម្ងាត់ជាមួយចិន ដោយឱ្យ​ចិនគ្រប់គ្រងកំពង់ផែកងទ័ពជើងទឹករាមផ្តាច់មុខរយៈពេល៣០ឆ្នាំ។ ប៉ុន្តែភាគីកម្ពុជាបានច្រានចោលម្តងហើយម្តងទៀត និងបានចាត់ទុកថា ព័ត៌មាននោះជាព័ត៌មានក្លែងក្លាយ និងមានចេតនាបម្រើមហិច្ឆតាភូមិសាស្ត្រនយោបាយរបស់អាមេរិក៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

2 Responses to "កម្ពុជា​ច្រាន​ចោល​ការ​ចោទ​​របស់​​ទូត​អាមេរិក​ជុំវិញ​ការ​មិន​អនុញ្ញាត​ឱ្យ​ចូល​មើល​មូលដ្ឋាន​ទ័ព​ជើង​ទឹក​រាម​"

  1. Anonymous says:

    I do not believe that the US embassy lie about this it more likely this group of HUN SEN military

  2. Serey says:

    We understand that you want to see but you shouldn’t to see all like bedroom chicken or toilet . we hope you understand clearly .
    Thanks for your interested .