កម្មករ​​រោង​ចក្រ​វ៉ាយអេនដាប់បែលយូហ្គាមេន ត្អួញត្អែរពីជីវភាពស្របពេល​រោងចក្រនេះ​ផ្ទុះជំងឺកូវីដ១៩ លើកទី២

ដោយ សន ចាន់រដ្ឋា
2021-06-12
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

កម្មករ​​រោង​ចក្រ​វ៉ាយអេនដាប់បែលយូហ្គាមេន ត្អួញត្អែរពីជីវភាពស្របពេល​រោងចក្រនេះ​ផ្ទុះជំងឺកូវីដ១៩ លើកទី២

រោង​ចក្រ ​Y & W Garment ​​ស្ថិត​​​ក្នុង​​​ភូមិ​​​ព្រែក​​ជ្រៃ​ សង្កាត់​​ស្ពាន​ថ្ម ខណ្ឌ​​ដង្កោ រាជ​​ធានី​​​ភ្នំពេញ។ រូប៖ phoung sopha google


ក្រុម​កម្មករ​​អ្នក​​ជំងឺ​កូវីដ​១៩ សោក​ស្តាយ​ដែល​រោង​ចក្រ​រោង​ចក្រ វ៉ាយ អេនដាប់​បែល​យូ ហ្គា​មេន (Y&W Garment Co.,LTD) ធ្វេស​ប្រហែស​ចំពោះ​វិធានការ​ទប់​ស្កាត់​​ជំងឺ​​កូវី​១៩ នៅ​ក្នុង​រោង​ចក្រ ជា​ពិសេស​មិន​បាន​ធានា​នូវ​សុវត្ថិភាព​សុខ​ភាព​អំឡុង​ពេល​កម្មករ​បំពេញ​ការ​ងារ។ ករណី​នេះ​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ជីវ​ភាព​គ្រួសារ​របស់​ពួក​គាត់​ជា​ខ្លាំង ខណៈ​ពេល​កម្មករ​មិន​ទាន់​បើកប្រាក់​ឈ្នួល និង​ប្រាក់​ឧបត្ថម្ភ​ពី​រដ្ឋា​ភិបាល​តាម​ការ​សន្យា​នៅ​ឡើយ។

កម្មករ​រោង​ចក្រ វ៉ាយ អេន​ដាប់​បែល​យូ ដែល​​ឆ្លង​ជំងឺ​កូវីដ-១៩ លោក ជា ចាន់ថន ប្រាប់​​អាស៊ី​សេរី​ថា កម្មករ​ក្នុង​រោង​ចក្រ​​លោក មិន​អាច​រក្សា​គម្លាត​សុវត្ថិភាព​ពេល​ធ្វើ​ការ​ងារ​បាន​ទេ ព្រោះ​រោង​ចក្រ​មាន​កម្មករ​រាប់​ពាន់​នាក់។ លោកបន្ត​ថា ពេល​ខ្លះ​កម្មករ​ទៅ​ធ្វើការ​ទាំង​ភ័យ​ខ្លាច ដើម្បី​ប្តូរ​យក​ប្រាក់​ឈ្នួល​ផ្គត់ផ្គង់​ការ​​​ចំណាយ​​​ប្រចាំ​ថ្ងៃ ជា​ពិសេស​សង​បំណុល​ធនា​គារ។ លោក​​បន្ថែម​​ទៀតថា លោក​​ព្រួយ​​បារម្ភ​ជា​ខ្លាំង​​អំពី​ជីវ​ភាព​គ្រួសារ បន្ទាប់​​ពី​លោក​​ឆ្លង​​ជំងឺ​កូវី​ដ១៩ ខណៈ​រោង​ចក្រ​​មិន​ទាន់​បើក​ប្រាក់​ឈ្នួល​ដល់​​រូប​លោក​​នៅ​ឡើយ​ទេ ហើយ​រដ្ឋាភិបាល​ក៏​មិនទាន់​​ផ្តល់​​ប្រាក់​ឧបត្ថម្ភ​ដល់​លោក​​នៅ​ឡើយ​ដែរ៖ «សុំ​ស្នើ​ថៅ​កែ គេ​ថាផ្អាក​សិន​ទៅ​ដោយគាត់​អត់ព្រម​ឱ្យ​តែកម្មករ​នៅ​ដេរ ដល់​ពេល​ផ្ទុះ​ចឹង​គេ​ចុះ​មក​ពិនិត្យ​ចឹង​បាន​ឱ្យ​កម្មករ​សម្រាក សូមឱ្យ​ជួយ​បញ្ចុះ​ផ្ទះ​ជួល​ចឹង​ទៅ​ភ្លើង​ចុះ​ថោក អង្គការ​ឱ្យ​ផ្អាក​មួយ​ខែ​ពីរ​ខែ​បី​ខែ​សិន ចាំ​ពេល​ខ្ញុំ​ចេញ​ខ្ញុំ​បង់​ធម្មតា​ចង​»។

តំណាង​កម្មករ​រោង​ចក្រ វ៉ាយ អេន​ដាប់​បែល​យូ ហ្គាមេន (Y&W Garment Co.,LTD)  លោក ផាន់ បុរី ព្រួយ​​បារម្ភ​ពីស្ថាន​ភាព​បន្ត​​រីល​រាល​ដាល​​ជំងឺ​កូវីដ-១៩ ដែល​​បង្ក​ហា​និភ័យ​ដល់​កម្មករ​​រោង​​ចក្រ​​ដែល​កំពុង​បំពេញ​ការ​ងារ។ លោក​មើល​ឃើញ​ថា នៅ​ក្នុង​រោង​ចក្រ​កម្មករ​ធ្វើ​​ការ​​ប្រ​ជ្រៀត​​គ្នា ដោយ​​មិនអាច​​រក្សា​​គម្លាត​បាន​​ឡើយ ដែល​កត្តា​នេះ​ធ្វើ​​ឱ្យ​​ពួក​​គាត់​​​ប្រឈម​​នឹង​​ការ​ឆ្លង​​ជំងឺកូវីដ-១៩ កាន់​​តែ​ខ្លាំង ទោះ​ជា​ខាង​រោង​ចក្រ​​អនុវត្ត​​វិធាន​ការ ការ​ពារ​​ក៏​ដោយ។ លោក​ប្រាប់​ទៀត​ថា អគារ​ដែល​លោក​ធ្វើ​ការងារ នៅ​​ដំណើរ​ការ​ដូច​ធម្មតាដោយ​សារ​ករណី​ឆ្លង​នេះ​កើត​ឡើង​លើ​កម្មករ​នៅ​អគារ​ផ្សេង តែ​កម្មករ​នៅ​តែភិត​ភ័យ​ខ្លាំង៖ «ចេះ​តែ​មាន​ការ​ព្រួយ​បារម្ភភ័យ​ខ្លាច​ចឹង ដោយ​ចំនួន​កម្មករយើង​កើន​ឡើង​ច្រើន អ្នក​អវិជ្ជ​មាន​ក៏​ភ័យ​ខ្លាចធ្វើ​ការ​អត់​ស្ងប់​ទេ​មើល​គ្នា​មើល​ឯង​ចឹង សូម​ឱ្យ​រដ្ឋា​ភិបាល​យើង​ដូច​ជា​ខាង​ខណ្ឌ​អី​គាត់ជួយ​សហ​ការ​រឿង​ហ្នឹង​ផង​សូមឱ្យ​ផ្តល់​ព័ត៌​មាន​ពិតៗ កុំ​ឱ្យ​ថា​កម្មករ​នៅ​តែ​ភ័យ​ខ្លាច រឿង​ការ​ងារ​តែព័ត៌​មាន​បែរ​ធម្មតា​វិញ»

រោង​ចក្រ ​Y & W Garment ​​ស្ថិត​​​ក្នុង​​​ភូមិ​​​ព្រែក​​ជ្រៃ​ សង្កាត់​​ស្ពាន​ថ្ម ខណ្ឌ​​ដង្កោ រាជ​​ធានី​​​ភ្នំពេញ។ រោង​ចក្រ​នេះមាន​​អគារ​ធ្វើ​ការ​ចំនួន ១១ និង​មាន​​កម្មករ​សរុប​ជាង ៥ ​ពាន់​​នាក់។ រោង​ចក្រ​នេះធ្លាប់​​​មាន​ករណី​​​កម្មករ​​​​​ឆ្លង​​ជំងឺ​​​កូវីដ​-១៩ កាល​ពី​ដើម​ខែ​មីនា​ម្តង​​រួច​មក​​ហើយ។ បច្ចុប្បន្ន​ រោង​ចក្រ​នេះ​កំពុង​​​ផ្ទុះ​រាលដាល​ជំងឺ​​កូវីដ-១៩ ​ទ្រង់​ទ្រាយ​ធំ បណ្តាល​ឱ្យ​កម្មករ​ជិត ​៥​រយ​នាក់​ឆ្លង​​ជំងឺ​នេះ។ អាជ្ញាធរ​​បាន​​បញ្ជូន​​កម្មករ​​ដែល​​ឆ្លង​​ជំងឺ​ទៅសម្រាក​​​ព្យាបាល​​​នៅ​​​មណ្ឌល​ព្យបាល​ជំងឺ​កូវីដ-១៩ កោះ​ពេជ្រ ម៉ូ​ឌែន​២ ចាក់អង្រែ និង​កន្លែង​ផ្សេង​ទៀត។ កម្មករ​​រោង​​ចក្រ​​​នេះ​ជា​​ច្រើន​​នាក់​​​ទៀត​​ ក៏​ត្រូវ​​​បាន​​​ក្រុម​​គ្រូ​​ពេទ្យ​​​យក​​​សំណាក​​ទៅ​​វិភាគ និង​​​ដាក់​​​ឲ្យ​​​ធ្វើ​​​ចត្តា​ឡី​ស័ក​​​នៅ​​​ផ្ទះ​​​រៀងៗ​​​ខ្លួន​ដែរ​។

ជុំវិញ​រឿង​នេះ អាស៊ី​​សេរី​​​មិន​អាច​​​ទាក់​ទង អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈលោក ហេង សួរ និង​អគ្គ​លេខា​ធិការ​សមា​គម​រោង​ចក្រកាត់​ដេរ​នៅ​កម្ពុជា (GMAC) លោក ខេន លូ ដើម្បី​​សាក​​​សួរ​​ព័ត៌​មាន​​​​នេះ បានទេ នៅ​ថ្ងៃ​ទី​១២ ខែមិថុនា។

មន្រ្តី​គ្រប់​គ្រង​កម្មវិធី​សិទ្ធិ​ការងារ​នៃ​មជ្ឈ​មណ្ឌល​សម្ព័ន្ធ​ភាព​ការ​ងារ និង​សិទ្ធមនុស្ស​ហៅ​កាត់​ថា​សង់​ត្រាល់ (CENTRAL) លោក ឃុន ថារ៉ូ សោក​ស្តាយដែល​និយោជក​​បណ្តែត​បណ្តោយ​ឱ្យ​កម្មករ​បន្ត​ឆ្លង​ជំងឺ​កូវី-១៩​ច្រើន​នៅ​ក្នុង​រោង​ចក្រ។ លោក​បន្ទោស​ថា​ ដោយ​សារ​រោង​​ចក្រ​​ មិន​អនុវត្ត​ត្រឹម​ត្រូវតាម​វិធាន​ការ​សុខា​ភិបាល ទើប​​កម្មករ​​ឆ្លង​​ជំងឺ​នេះ​ជា​បន្ត​បន្ទាប់៖ «រដ្ឋ​ត្រូវ​តែ​មាន​កិច្ច​គាំ​ពារ​ទាំង​វិស័យឯក​ជន​ផង ទាំង​សុខមាល​ភាព​ ទាំង​ប្រាក់​ឈ្នួល​របស់​កម្មករ​ផង អា​ហ្នង​គឺ​ជា​ការ​ខាត​បង់​ខ្លាំងណាស់​ដោយ​សារ​មូល​ហេតុ​អី បើ​សិន​ជា​កម្មករ​នៅ​តែ​រក​ឃើញ​កាន់​តែ​ច្រើន កញ្ចប់​ថវិកា​រដ្ឋ​ដែល​ចំណាយ​ទៅ​លើ​ព្យាបាល ឬ​តម្រូវ​ឱ្យ​កម្មករ​គាត់​ធ្វើ​ចត្តា​ឡី​ស័ក​អី​ជា​ដើម វា​ខាត​បង់​ថវិកា​ជាតិ​រឹត​តែ​ច្រើន ចឹងៗ​មានតែ​វិធី​សាស្រ្ត​ដែល​ជា​វិធាន​ការ​ជាក់​លាក់​ក្នុង​ការ​កំណត់​ឱ្យ​មាន​ការ​កាត់​ផ្តាច់​ខ្សែ​ចង្វាក់​នៃ​ការ​ចម្លង​ហ្នឹង​នៅ​តាម​រោង​ចក្រ​ទេ ដែល​វា​អាច​ជា​មធ្យោ​បាយ​ជម្រើស​មួយ​ដែល​ល្អ»

មន្រ្តី​សង្គម​ស៊ីវិល​រូប​នេះ ជំរុញ​ឱ្យ​រដ្ឋា​ភិបាល​​​យក​​ចិត្ត​​​ទុក​​​ដាក់​​ឲ្យ​​​បាន​​​ខ្ពស់​ជុំ​វិញសុវត្ថិភាព​របស់​កម្មករ និង​ជីវ​ភាព​របស់​​ពួក​​គាត់ ក្នុង​ស្ថាន​ភាព​​ដ៏​លំបាក​​នេះ ។ លោក​ស្នើ​ឱ្យ​រដ្ឋា​ភិបាលរៀប​ចំ​យន្ត​ការ ឬ​គោល​នយោ​បាយ​កាត់​ផ្តាច់​ជំងឺ​កូវី១៩​នេះ ដោយអនុញ្ញាត​ឱ្យ​កម្មករ​ឈប់​សម្រាក​មួយ​រយៈ​ពេល ដើម្បី​អនុវត្តពេញ​លេញ​នូវ​វិធាន​ការ​សុខា​ភិបាល។ លោក​​បន្ថែម​​ថា រដ្ឋា​ភិបាល​​ក៏​ត្រូវ​ធា​នាផ្តល់​ជំនួយ​គាំ​ពារ​សង្គម និង​​អត្ថ​ប្រយោជន៍​​ទាំង​ឡាយ​​ជូន​កម្ម​ករ​ដែរ ដើម្បី​ឱ្យ​ពួក​​គាត់​​អាច​រស់​នៅ​បាន​​ដោយ​សម​រម្យ អំឡុង​​ពេល​​ពួក​​គាត់​ផ្អាក​ការ​ងារ ​​សម្រាក​​ព្យាបាល​ជំងឺ​កូវីដ-១៩ និង​​ធ្វើ​ចត្តា​ឡី​ស័ក​នៅ​​តាម​​កន្លែង​​ស្នាក់​​នៅ​រៀងៗ​ខ្លួន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles