អាជ្ញាធរ​​​​ក្រុងភ្នំពេញ ចាប់​​ផ្ដើម​​​រុះរើ​​​​ផ្ទះ​បណ្ដែត​ទឹក និង​​សំណង់​មិន​​រៀបរយ​​ចេញ​ពី​លើ​​​ផ្ទៃ​ទន្លេ​

ដោយ ខែ សុណង
2021-06-12
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

អាជ្ញាធរ​​​​ក្រុងភ្នំពេញ ចាប់​​ផ្ដើម​​​រុះរើ​​​​ផ្ទះ​បណ្ដែត​ទឹក និង​​សំណង់​មិន​​រៀបរយ​​ចេញ​ពី​លើ​​​ផ្ទៃ​ទន្លេ​

បុរសជាជនជាតិវៀតណាមរស់នៅកម្ពុជា កំពុងរុះរើផ្ទះបណ្តែតទឹកនៅលើទន្លេនៅក្នុងភូមិសាស្ត្រខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១។ រូប៖ គេ​ផ្ដល់​ឱ្យ


អាជ្ញាធរអះអាងថា អ្នក​​ស្នាក់នៅ​លើ​ផ្ទៃ​ទឹក​​​បាន​​រុះ​រើ​​សំណង់​មិន​រៀបរយ​ចេញ​​​ពី​ភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ ​ស្ទើរ​ទាំង​អស់​ហើយ​ នៅ​ថ្ងៃ​ឱសានវាទ ​​​១២ ​មិថុនា​។

អភិបាល​ខណ្ឌ​ព្រែក​ព្នៅលោក សុខ​ សម្បត្តិ​ ប្រាប់​អាស៊ី​សេរី​​​នៅ​រសៀល​ថ្ងៃ​ទី​១២ ខែ​មិថុនាថា​​ ផ្ទះ​បណ្ដែត​ទឹក​និង​សំណង់​មិន​រៀបរយ​ទាំង​អស់​ប្រហែល​ ៧០ ​ភាគរយ ក្នុង​មូលដ្ឋាន​​របស់​​លោក ត្រូវ​បាន​រុះរើ​ចេញ​ទាំង​ស្រុងហើយ។ លោក​បន្ត​ថា ​អ្នក​ស្នាក់នៅ​លើ​ផ្ទះ​បណ្ដែត​ទឹក​ និង​សំណង់​មិន​រៀបរយ​ជាច្រើន​​​យល់​ព្រម​រុះរើ​​ចេញ​​ដោយ​​ស្ម័គ្រ​ចិត្តដោយមិន​បាន​​ជំទាស់នោះ​ទេ ​ព្រោះនេះ​ជា​​ការ​អនុវត្ត​ទូទៅមិន​មែន​ជា​ការ​រើស​អើង​ទេ៖ «​អត់​អ្វី​ទេ បងប្អូន​គាត់​ទទួល​យក​បាន​ អ្វី​ដែល​ជា​គោល​ការណ៍​​រួម ព្រោះ​យើង​ធ្វើ​ហ្នឹង​ធ្វើ​រួម​មិន​ប្រកាន់​ថា​ ​ជនជាតិ​នេះ​ជនជាតិ​នោះ​ យើង​អនុវត្ត​ទាំងអស់​ខ្មែរ។​ ទាំង​បង​ប្អូន​ខ្មែរ​ឥស្លាម​ ខ្មែរ​អនិកជន​ អត់​មាន​ថា ​ធ្វើ​អ្នក​នោះ​អត់​អ្នក​នេះ​ទេ»។

ទោះ​យ៉ាង​ណា លោក​អភិបាល​ខណ្ឌ​រូប​នេះ ​​មិន​បាន​បញ្ជាក់​ថា ​អាជ្ញាធរ​នឹង​ដោះស្រាយ​បែប​ណា​ទៀត ​​សម្រាប់​អ្នក​ដែល​ជួប​ការ​លំបាក​នៅ​ពេល​ចល័ត​ចេញ​​ពី​លើ​ផ្ទៃ​ទឹកនោះ​ទេ។​​​

​​​​​​​អាស៊ី​សេរី​មិន​អាច​ទាក់ទងអ្នកនាំពាក្យ​សាលារាជធានី​ភ្នំពេញ​លោក ម៉េត មាស​ភក្ដី និងអ្នក​នាំពាក្យ​ប៉ូលិសក្រុង​ភ្នំពេញលោក សាន​ សុខ​សីហា ដើម្បី​សាកសួរ​អំពីការ​អនុវត្ត​វិធានការ​ជារួម​របស់​អាជ្ញាធរ​នៅថ្ងៃឱសានវាទនេះបាន​ទេ ដោយទូរស័ព្ទចូល​តែពុំ​មាន​អ្នក​ទទួល។

ទោះជាយ៉ាងណា​ អ្នក​រស់​លើផ្ទៃទឹក​ក្នុងភូមិសាស្ត្រ​មួយ​ចំនួន​ក៏​មិន​ពេញ​ចិត្ត​នឹង​វិធានការ​របស់​អាជ្ញាធរ​ដែល​​តម្រូវ​ឱ្យពួក​គាត់​​រុះរើសំណង់​ក្នុងរយៈពេល​ ១០ ថ្ងៃនេះដែរ ក្រោម​ហេតុផល​ថា ពេល​វេលាខ្លីពេក។

ពលរដ្ឋ​​ស្នាក់នៅ​លើ​ផ្ទះ​បណ្ដែត​ទឹក​នៅ​ខណ្ឌ​ឫស្សីកែវ​លោកស្រី ស្មាន ម៉ៃសំ នៅ​តែ​សម្ដែង​ការ​សោកស្ដាយ​ចំពោះ​វិធានការ​ប្រញាប់​របស់​អាជ្ញាធរ ព្រោះ​លោកស្រី​ទើប​ខ្ចី​លុយ​​ធនាគារ​​ទិញ​ត្រី​​​​យក​​មក​​ចិញ្ចឹម។

ស្ត្រី​ជនជាតិ​ចាម​រូប​នេះ​ឲ្យ​ដឹង​ថា អ្នក​​ស្នាក់នៅ​​លើ​ទន្លេ​ក្នុង​សហគមន៍​ចាម​​​នៅ​ម្ដុំ​ច្រាំង​ចំរេះ​​រាប់​រយ​គ្រួសារ​​ បាន​រុះរើ​ឡើង​គោក​​ទាំង​អស់​គ្នា​ហើយ​​ពេល​នេះ​​កំពង់​​សង់​​ខ្ទម​​ស្នាក់​​នៅ​​តាម​មាត់ច្រាំង​។ ​ចំណែក​អ្នក​មាន​បែ​ត្រី​ធំៗវិញ លោក​ស្រីថា អាជ្ញាធរ​​បាន​អនុញ្ញាត​ឲ្យ​អូស​សណ្ដោង​​​ឡើង​ទៅ​​តាម​ខ្សែ​ទឹក ​ទៅ​សំចត​មួយ​រយៈ​នៅ​ម្ដុំ​ព្រែក​ក្ដាម៖ «ខ្ញុំ​មិន​ប្រឆាំង​រាជបញ្ជា​អ្វី​ឬ​ប្រឆាំង​គោលការណ៍​អ្វី​ទេ។​ ខ្ញុំ​គ្រាន់​តែ​ថា ​អ៊ីចឹង​បើ​​ឲ្យ​ខ្ញុំ​រុះរើ​អ៊ីចឹង​​ខ្ញុំ​អត់​យក​លុយ​អង្គការ​​ (ធនាគារ​)​មក​ដាក់​ត្រី​ទេ។​អ៊ីចឹង​​ខ្ញុំ​យក​លុយ​អង្គការ​ហ្នឹង​ប្រាំ​ ប្រាំ​មួយ​ពាន់​ដុល្លារ​ហ្នឹង​មក​ដាក់​ត្រី​អស់​ ៤ ពាន់​​។​ នៅ ​២ ពាន់​ឲ្យ​កូន​ខ្ញុំ​ហ្នឹង​ទិញ​ត្រី​រ៉ស់​យក​មក​ធ្វើ​ត្រី​ងៀត​មក​លក់​តា​មយឿយើង​​នេះ​​ហើយ​​យឿ​គីឡូ​៩។ ​យើង​បាន​ចំណេញ​តិចតួច​ យើង​ទុក​បង់​អង្គការ​ទៅ​។​ ចាំ​ពេល​ណា​យើង​ចាប់​ត្រី​យើង​បង់​អង្គការ​ផ្ដាច់​អ៊ីចឹង​ណា​គ្រូ»។

អ្នក​ស្នាក់​នៅ​លើ​បែ​ចិញ្ចឹម​ត្រី​​ម្នាក់​លោកស្រី ផុន អាន ប្រាប់​​​ថា ​​អាជ្ញាធរ​​ខណ្ឌ​ព្រែក​ព្នៅ​ប្រាប់​ឲ្យ​លោកស្រី​​និង​អ្នក​ចិញ្ចឹម​ត្រី​ខ្លះ​ទៀតដែល​សណ្ដោង​បែ​ត្រី​​ចេញ​ហើយ ​​អាច​​ទៅ​សំចត​​នៅ​ម្ដុំ​វត្ត​គ្រួស​ជាប់​ព្រំ​ប្រទល់​​ខណ្ឌ​នេះ​មួយ​រយៈ​បាន​។ ​ស្ត្រី​ជនជាតិ​វៀតណាម​រូប​នេះអះ​អាង​ថា​​ ពួកលោកស្រីគ្មាន​ជម្រើស​អ្វីផ្សេង​ ក្រៅពី​សណ្ដោង​បែ​ត្រី​​ចេញ​ទេ ព្រោះ​ខ្លាច​អាជ្ញាធរ​រុះរើ​នៅនឹង​កន្លែង៖ «បែ​ចិញ្ចឹម​ត្រី​ហ្នឹង​គេ​ដេញ​យើង​ទៅ​គ្រួស​អស់​រលីង។​ អត់​មាន​អ្នក​ណា​នៅ​សល់​ទេ។ ​អត់​មាន​ម៉ាស៊ីន​គេ​អូស​ទេ អូស​ខ្លួន​ឯង​ទេ​។​ គ្មាន​អ្នក​ណា​មក​ជួយ គេ​ដឹង​តែ​ដេញៗ​យើង​ទៅ​ហ្នឹង​។​ គេ​ឲ្យ​យើង​សណ្ដោង​ទៅ​វត្ត​គ្រួស​។ ​យើង​ចត​នៅ​ត្រង់​ហ្នឹង​ទៅ»។​​​​​​​​​​​​​​

ជុំ​វិញរឿងនេះ អ្នក​សម្រប​សម្រួល​គម្រោង​ធុរកិច្ច និង​សិទ្ធិ​មនុស្ស នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR) លោក វណ្ណ សូផាត ថ្លែងថា អាជ្ញាធរ​មិន​គួរចាត់​​​វិធាន​ការ​​បណ្ដេញ​អ្នក​រស់​លើ​ផ្ទៃទឹក​ទាំងនោះ​ចេញ​ដោយ​​គំហុកនៅ​ពេល​នេះ​ទេ ព្រោះជំងឺកូវីដ-១៩ កំពុងផ្ទុះរាល​ដាល​ខ្លាំង​ក្នុងសហគមន៍។​​ លោក​យល់​ថា ​អាជ្ញាធរ​​​ត្រូវ​​ដោះស្រាយ​បញ្ហា​លំនៅឋាន​ជូន​ពលរដ្ឋ​ ដែល​គ្មាន​ទី​ជម្រកនៅក្រោយ​ការ​បណ្ដេញចេញនេះ។ ឯ​​​ជន​អន្តោប្រវេសន៍​​វៀតណាមខុស​ច្បាប់វិញ លោក​ជំរុញ​ឲ្យ​​​​​​អាជ្ញាធរ​ពាក់ព័ន្ធ ​​ស្ថានទូត​វៀតណាម​ និង​សមាគម​វៀតណាម​ជាដើម​​ ជួយ​រៀបចំ​ឯកសារ​​ឲ្យ​ពួកគេ ដើម្បី​​បញ្ជូន​​ពួកគេ​​ត្រឡប់​ទៅ​ប្រទេស​ដើម​​វិញ៖ «​ខ្ញុំ​ថា​កម្ពុជា​ហ្នឹង​គឺ​មិត្ត​​ជិត​ស្និទ្ធ​​ជាមួយ​វៀតណាម។​ គួរ​តែ​ចរចា​ជាមួយ​ស្ថានទូត​វៀតណាម​ដើម្បី​បញ្ជូន​ពលរដ្ឋ​របស់​គាត់​ហ្នឹង​ត្រឡប់​ទៅ​ស្រុក​គាត់​វិញ ​ដោយ​ស្រប​ច្បាប់​ដោយ​តាម​​នីតិវិធី​ច្បាប់។​ មិន​ត្រូវ​ទុក​គាត់​អ៊ីចឹង​​អត់​មាន​អ្នក​ណា​ទទួល​ខុស​ត្រូវ​អ៊ីចឹង​ទេ​ហើយ​ពិសេស​ហ្នឹង​គឺ​ស្ថានទូត​វៀតណាម ជាមួយ​សមាគម​វៀតណាម​ត្រូវ​ខ្នះខ្នែង​មែន​ទែន​​ក្នុង​ការ​​ធានា​សុវត្ថិភាព​​​ជូន​ពួកគាត់​ណា​»។

អាជ្ញាធរ​​រាជធានី​ភ្នំពេញ​មិន​ទាន់​បង្ហាញ​តួលេខ​ និង​លទ្ធផល​នៃ​ការ​រុះរើ​ផ្ទះ​បណ្ដែត​ទឹក និង​សំណង់​មិន​រៀបរយ​លើ​ផ្ទៃ​ទឹក​នៅ​ថ្ងៃ​ទី​១២ ខែ​មិថុនា​ទេ។ ​ភាគច្រើន​​នៃ​អ្នក​ស្នាក់​នៅ​ទាំង​នោះ​ គឺ​ជា​ជនជាតិ​វៀតណាម និង​ជនជាតិ​ចាម​។

​​សមាគម​ខ្មែរ​វៀតណាម​នៅ​កម្ពុជា ធ្លាប់​បញ្ជាក់​ថា ​​ជនជាតិ​វៀតណាម​ស្នាក់​នៅ​លើ​ផ្ទះ​បណ្ដែត​ទឹក ​​​​មាន​ជាង​មួយ​ពាន់ ​(១.០០០​) ​គ្រួសារ។ ប៉ុន្តែ​តួលេខ​​​ជាក់​ស្ដែង​អាច​ច្រើន​ជាង​នេះ ព្រោះ​គ្រាន់​តែ​ខណ្ឌ​ជ្រោយ​ចង្វា​មួយ​ ​មាន​អ្នក​ស្នាក់​នៅ​លើ​ផ្ទៃ​ទឹក​ប្រមាណ​មួយ​ពាន់ (១.០០០) ​គ្រួសារ​ទៅ​ហើយ​៕​​​

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles