អ្នក​ឃ្លាំ​មើល​ថា​កម្ពុជា​នឹង​បន្ត​រង​ការ​ចោទ​ប្រកាន់​​ បើ​រដ្ឋា​ភិ​បាល​មិន​បង្ហាញ​ជំហរ​ឱ្យ​អាមេរិក​ទុកចិត្ត​

ទំនាក់ទំនងអន្តរជាតិ | នយោបាយ | ព័ត៌មានជាតិ
កញ្ញា ខាន់ លក្ខិណា | ១៣ មិថុនា ២០២១ |ម៉ោង ១៣:១៥
VOD

លោក ទៀ បាញ់ ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ បាន​ទទួល​ជួប​សវនាការ​ជាមួយនឹង​លោក ប៉ា​ទ្រីក មូ​ហ្វ៊ី (W.patrick Murphy​) ឯកអគ្គ​រដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា កាលពី​រសៀល​ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ នៅ​វិមាន​មិត្តភាព​នាទី​ស្តី​ការ​គណៈរដ្ឋ​មន្ត្រី។ (U.S​. Embassy Phnom Penh​, Cambodia​)

លោក ទៀ បាញ់ ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ បាន​ទទួល​ជួប​សវនាការ​ជាមួយនឹង​លោក ប៉ា​ទ្រីក មូ​ហ្វ៊ី (W.patrick Murphy​) ឯកអគ្គ​រដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា កាលពី​រសៀល​ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ នៅ​វិមាន​មិត្តភាព​នាទី​ស្តី​ការ​គណៈរដ្ឋ​មន្ត្រី។ (U.S​. Embassy Phnom Penh​, Cambodia​)


អ្នកឃ្លាំមើលបញ្ហាសង្គម លើកឡើង​ថា កម្ពុជានឹងបន្តរងការចោទប្រកាន់និងបាត់បង់ផលប្រយោជន៍ជាច្រើនពីសហរដ្ឋអាមេរិក​ បើរដ្ឋាភិបាលកម្ពុជាមិនបង្ហាញជំហរឱ្យសហរដ្ឋអាមេរិកទុកចិត្តនោះ។

ការលើកឡើងរបស់ក្រុមអ្នកឃ្លាំមើល បន្ទាប់ពី រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ បានចាត់ទុកការលើកឡើងរបស់អនុព័ន្ធយោធាអាមេរិកដែលថាមន្រ្តីយោធាកម្ពុជាមិនបានអនុញ្ញាតឱ្យអនុព័ន្ធយោធាអាមេរិកទៅមើលគ្រប់កន្លែងនៅក្នុងមូលដ្ឋានកងទ័ពជើងទឹករាមនោះថា ជាការនិយាយមួលបង្កាច់និងមិនត្រឹមត្រូវ។ 

ការអះអាងរបស់លោក ទៀ បាញ់ ឆ្លើយតបនឹងមន្ត្រី​អនុព័ន្ធយោធារបស់ស្ថានទូតអាមេរិក បានលើកឡើងថា មន្ត្រីយោធាកម្ពុជាមិន​អនុ​ញ្ញាត​​ឱ្យ​​ក្រុមការងារខ្លួនដើរ​មើលគ្រប់ទីកន្លែងក្នុងដំណើរ​ទស្សនកិច្ចនៅមូលដ្ឋានកងទ័ពជើងទឹករាម នៅខេត្តព្រះសីហនុ បន្ទាប់ពីចុះទៅពិនិត្យមើលនៅថ្ងៃទី១១ ខែមិថុនាកន្លងមក។

ពាក់ព័ន្ធនឹងរឿងនេះ លោកវរសេនីយ៍ឯក Marcus M. Ferrara បានស្នើសុំឱ្យភាគីកម្ពុជាសម្របសម្រួលឱ្យមានដំណើរទស្សនកិច្ចជាថ្មីទៀត នាពេលឆាប់ៗខាងមុខនេះ ដោយអនុញ្ញាតឱ្យអនុព័ន្ធយោធាអាមេរិកបានដើរមើលគ្រប់ទីកន្លែងនៅមូលដ្ឋានកងទ័ពជើង​ទឹក​រាម​។

សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយនៅកម្ពុជា លោក​ ឯម សុវណ្ណរ៉ា ចាត់ទុកការលើកឡើងរបស់ភាគីអាមេរិកនិងកម្ពុជា ឆ្លុះបញ្ចាំងឱ្យឃើញថា ភាគីទាំងពីរនៅមិនទាន់មានភាពជឿទុកចិត្តទៅលើគ្នាទៅវិញទៅមកនៅឡើយ។ លោកបន្តថា ប្រសិនបើកម្ពុជាមិនបកស្រាយចំពោះរឿងនេះឱ្យបានច្បាស់លាស់ទេ លោកថា កម្ពុជានឹងបាត់បង់ផលប្រយោជន៍ច្រើនហើយទំនាក់ទំនងរវាងប្រទេសទាំងពីរក៏ពិបាកនឹង​ស្ដារឡើងវិញដែរ។

លោកថា៖ «ដើម្បីលាងជម្រះភាពសង្ស័យហ្នឹង ខ្ញុំគិតថា គួរតែរកចំណុចគន្លឹះ ចំណុចរួមនៃការសង្ស័យហ្នឹង វានៅលើចំណុចណា!​ ហើយបើសិនជាមិនអាចបកស្រាយនិងដោះស្រាយបានទេ ​ការសង្ស័យវានៅតែកើតមាន។ ​វាអត់ចំណេញនិងអំណោយផលទៅលើភាគីទាំងពីរ ​ជាពិសេសភាគីកម្ពុជា គឺត្រូវរងសម្ពាធកាន់តែខ្លាំងឡើងនៅក្នុងយន្តការផ្សេងៗ ពាក់ព័ន្ធនឹងទណ្ឌកម្មឬសម្ពាធផ្សេងៗ។ អ៊ីចឹងទស្សនៈខ្ញុំគួរតែឆ្លើយតបឬគួរតែរកវិធីឆ្លើយតបជាមួយអាមេរិកដែលបញ្ហាគេចោទប្រកាន់ឱ្យវាជ្រះស្រឡះ​ ដើម្បីទាញយកផលប្រយោជន៍ពីទំនាក់ទំនងបាន»។

នាយកប្រតិបត្តិអង្គការអភិវឌ្ឍន៍ផ្នត់គំនិត លោកបណ្ឌិត សេក សុជាតិ សង្កេតឃើញថា ការចុះទៅពិនិត្យមើលនៅមូលដ្ឋានកងទ័ពជើងទឹករាមរបស់អាមេរិកធ្វើឡើងលឿនពេក ដោយមិនបានរៀបចំនិងជជែកគ្នាមុន ករណីនេះ ធ្វើឱ្យមានការទម្លាក់កំហុសគ្នាទៅវិញទៅមក ដោយសារអាមេរិកនៅតែ​មិនអស់ចិត្តចំពោះរឿងនេះ។

លោកបន្តថា កម្ពុជាគួរតែពិចារណាទៅលើនយោបាយការបរទេសរបស់ខ្លួនឡើងវិញ ហើយត្រូវធ្វើការជជែកជាមួយសហរដ្ឋអាមេរិកជាថ្មីទៀត ដើម្បីបញ្ចៀសការចោទប្រកាន់បន្តទៀត។

លោកថា៖ «ខាងអាមេរិកចង់បានអី ហើយខាងកម្ពុជាអាចឱ្យមើលអីបាន ជជែកគ្នាជាមុនទៅ ជជែកអស់ចិត្តហើយ យើងចាំទៅមើលជាក់ស្ដែង អាហ្នឹងទើបអាចដោះស្រាយបាន។ ពាក់ព័ន្ធនឹងនយោបាយនេះ បើសិនជាកម្ពុជានៅតែមានចិត្តមួយមិនបើកទូលាយសម្រាប់សហរដ្ឋអាមេរិក អាមេរិកនៅតែមិនអស់ចិត្ត អ៊ីចឹងហើយនៅតែទម្លាក់កំហុស។ អ៊ីចឹងហើយការទម្លាក់កំហុសទៅវិញទៅមកនេះ គឺវាអាចនឹងធ្វើឱ្យប៉ះពាល់ទំនាក់ទំនងផ្សេងៗទៀត ដូចជាសេដ្ឋកិច្ច ក៏ដូចជានយោបាយនៅក្នុងតំបន់ជាដើម»។

ប្រធានប្រតិបត្តិ​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក ទូច វិបុល មានប្រសាសន៍ថា កម្ពុជារងការចោទប្រកាន់ពីសហរដ្ឋអាមេរិកបន្តទៀត ដោយសារនៅមិនទាន់ជឿទុកចិត្តលើកម្ពុជា ខណៈសហរដ្ឋអាមេរិកចង់ឱ្យកម្ពុជាបើកលំហប្រជាធិបតេយ្យឡើងវិញ។

ជាងនេះទៅទៀត លោកបន្តថា ការទាមទារពិនិត្យមើលមូលដ្ឋានកងទ័ពជើងទឹករាមទាំងអស់ ដោយសារអាមេរិកចង់ឃើញស្ថានភាពជាក់ស្ដែង ប៉ុន្តែការអនុញ្ញាតឬមិនអនុញ្ញាតនោះ អាស្រ័យទៅលើភាគីចិនដែរ។

លោកថា៖ «តើភាគីចិនគេសប្បាយចិត្តនិងចង់ឱ្យភាគីអាមេរិកចូលពិនិត្យមើលតំបន់រាមដែរឬទេ? ​បើសិនជាប្រទេសចិនមិនមានអីលាក់បាំងទេ ប្រទេសចិនអាចណែនាំ​កម្ពុជាអនុញ្ញាតឱ្យ[អាមេរិក]ពិនិត្យមើលគ្រប់ទីតាំងកន្លែងកងទ័ពជើងទឹករាម។ ការពិតជាក់ស្ដែង បើសិនជាចិនមិនមានការលាក់បាំងព័ត៌មាននានា មិនចង់ឱ្យសហរដ្ឋអាមេរិកចូលមើលទីតាំងលម្អិត​នានា​ដែលចិនយល់ថាប៉ះពាល់ផលប្រយោជន៍របស់ខ្លួន»។

លោក ទូច វិបុល អះអាងថា កម្ពុជានឹងបាត់បង់ផលប្រយោជន៍ជាច្រើន បើសិនទំនាក់ទំនងរវាងកម្ពុជា-អាមេរិកមិនល្អ ព្រោះរដ្ឋាភិបាលមិនអាចពឹងផ្អែកទៅលើប្រទេសចិនទាំងស្រុងបានទេ។

លោកថា៖ «កាលណាមានទំនាក់ទំនងមិនល្អជាមួយអាមេរិក ក៏ដូចជាសហភាពអឺរ៉ុប យើងឃើញជាក់ស្ដែងហើយ ដោយសារការចាប់ឃុំខ្លួន រឹតត្បិតសិទ្ធិសេរីភាពប្រជាធិបតេយ្យនៅកម្ពុជាហ្នឹងហើយ [ទើបធ្វើឱ្យ]យើងបាត់បង់​ EBA ២០ភាគរយ ហើយសហរដ្ឋអាមេរិកកំពុងពិចារណាមើលពីការបន្ត​ឬមិនបន្តប្រព័ន្ធអនុគ្រោះព​ន្ធ GSP ​ទៅលើកម្ពុជា។ អ៊ីចឹងកម្ពុជាដាច់ខាតត្រូវ​បាត់បង់ទីផ្សារសេរីយ៉ាងធំ ហើយពឹងផ្អែកទៅលើចិន យើងដឹងស្រាប់ហើយកម្ពុជានាំចូល-ចេញទៅចិនមានកម្រិតធំ ​តែកម្ពុជាត្រូវការទីផ្សារលោកសេរី ព្រោះទីផ្សារលោកសេរីធំ ហើយគេអនុគ្រោះពន្ធឱ្យទៀត»។

តាមរយៈដំណើរទស្សនកិច្ចរបស់លោកស្រីអនុរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក Wendy Sherman កាលពីថ្ងៃទី១ ខែមិថុនា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានយល់ព្រមឱ្យ​អនុព័ន្ធយោធារបស់ស្ថានទូតអាមេរិកចុះទៅមើលទៀងទាត់ នៅមូលដ្ឋានកងទ័ពជើងទឹករាម។

ការសម្រេចនេះជាការឆ្លើយតបនឹងកង្វល់យ៉ាងជ្រាលជ្រៅរបស់លោកស្រីអនុរដ្ឋមន្រ្តីការបរទេស Sherman  ដែលលោកស្រីបានលើកឡើងស្តីពីវត្តមានយោធានិងការសាងសង់នៅទីតាំងកំពង់ផែរាម របស់សាធារណរដ្ឋប្រជាមានិតចិន។

យ៉ាងណា ក្រសួងការពារជាតិកម្ពុជា នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ បានចេញសេចក្តីថ្លែងការណ៍ មួយដោយបំភ្លឺថា ការចោទរបស់ស្ថានទូតអាមេរិកថា «យោធាកម្ពុជាពុំបានផ្តល់ភាពពេញលេញដល់ដំណើរទស្សនកិច្ច» របស់ខ្លួន ក្នុងការពិនិត្យមើលមូលដ្ឋានកងទ័ពជើងទឹករាម គឺជាការព្យាយាមបង្កើតបញ្ហាថ្មីនិងបំភ្លៃការពិត។ កម្ពុជាថាការបំភ្លៃការពិតនេះ ​នាំឱ្យមានភាពល្អក់កករកាន់តែខ្លាំងឡើងដល់ទំនាក់ទំនងយោធារវាងប្រទេសទាំងពីរតែប៉ុណ្ណោះ៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

One Response to "អ្នក​ឃ្លាំ​មើល​ថា​កម្ពុជា​នឹង​បន្ត​រង​ការ​ចោទ​ប្រកាន់​​ បើ​រដ្ឋា​ភិ​បាល​មិន​បង្ហាញ​ជំហរ​ឱ្យ​អាមេរិក​ទុកចិត្ត​"

  1. Anonymous says:

    no one can believe this communist group. the action of that strong man of Cambodia is making the US hart to believe him. please believing me HUN SEN is so dump he will die from his stinky mouse . if it worse come to worse regime change is a must because this evil will never give up