IDEA ស្នើឲ្យរដ្ឋាភិបាលកំណត់លក្ខខណ្ឌការងារល្អប្រសើរដល់អ្នកធ្វើការតាមផ្ទះដូចកម្មកររោងចក្

កម្ពុជា-សង្គម
13/06/2021 – 08:31
ដោយ៖ អេង គីមហុង
RFI

លោក ​វ៉ន​ ពៅ ​ប្រធាន​សមាគម​ឯករាជ្យ​ សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​

លោក ​វ៉ន​ ពៅ ​ប្រធាន​សមាគម​ឯករាជ្យ​ សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ ©IDEA


នៅកម្ពុជាលក្ខខណ្ឌការងារមិនល្អប្រសើរដែលកម្មករធ្វើការតាមផ្ទះ នៅតែបន្តជួបប្រទះគឺប្រឈមនឹងការរើសអើងពីសំណាក់ម្ចាស់ផ្ទះមួយចំនួនថា ជាទាសករដាច់ថ្លៃ, មិនមានប្រាក់ឈ្នួលគោលច្បាស់លាស់ដូចកម្មករ កម្មការិនីបំរើការងារនៅក្នុងវិស័យឧស្សាហកម្ម, មិនមានសិទ្ធឈប់សំរាកប្រចាំសប្ដាហ៍ ប្រចាំខែ ឬប្រចាំឆ្នាំ,គ្មានកិច្ចគាំពារផ្នែកសង្គមពីក្រសួងការងារជាដើម។​

នៅចំពោះមុខស្ថានភាពកូវីដ១៩នេះទៀត កម្មករធ្វើការតាមផ្ទះប្រឈម នឹងការបាត់បង់ការងារទាំងស្រុងពីសំណាក់ម្ចាស់ផ្ទះជាជនខ្មែរ និងបរទេស។ មុនមានផ្ទុះការឆ្លងរាលជំងឺកូវីដ១៩នៅកម្ពុជាសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធសង្កេតឃើញថា កម្មករធ្វើការងារតាមផ្ទះទទួលបានលក្ខខណ្ឌការងារល្អប្រសើរភាគច្រើនពីជនបរទេសដែលជាជនជាតិអឺរ៉ុប ហើយមិនទទួលបានលក្ខខណ្ឌការល្អប្រសើរពីសំណាក់ម្ចាស់ផ្ទះជាជនជាតិខ្មែរភាគច្រើ ននិងម្ចាស់ផ្ទះជាជនអាស៊ីដូចគ្នាដូចជាៈថៃ ហ្វីលីពីនជាដើម។

បើតាមលោក វ៉ន ពៅ ប្រធានសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ លក្ខខណ្ឌការងាររបស់កម្មករធ្វើការផ្ទះនៅប្រទេសដទៃមានភាពល្អប្រសើរជាងកម្ពុជាតាមរយៈការយកចិត្តទុកដាក់ពីរដ្ឋលើកម្មករគ្រប់ប្រភេទលើ​ក​​​លែងតែលក្ខខណ្ឌការងារសម្រាប់ ពលករបរទេសទៅធ្វើការនៅប្រទេសម៉ាឡេស៊ីទេ ដែលពួកគេមិនទទទួលបានលក្ខខណ្ឌល្អប្រសើរ។

គិតត្រឹមឆ្នាំ២០១៨ កម្ពុជាមានកម្មករធ្វើការតាមផ្ទះប្រមាណជា២៤ម៉ឺននាក់។ នៅក្នុងឆ្នាំ២០១៩ រដ្ឋាភិបាលកម្ពុជាបានចេញសេចក្ដីប្រកាសលេខ២៣៥ស្ដីពីការកំណត់ការងារសមរម្យ និងប្រាក់ខែសមរម្យសម្រាប់កម្មករធ្វើការងារតាមផ្ទះ។ លោក វ៉ន ពៅ យល់ថា សេចក្ដីសម្រេចនេះ មិនបានផ្ដល់ប្រយោជន៍សម្រាប់អ្នកធ្វើការតាមផ្ទះទេ។ មានប្រយោជន៍ទៅបានលុះណារដ្ឋាភិបាលដាក់បញ្ចូលស្ថានភាពអ្នកធ្វើការតាមផ្ទះក្នុងលក្ខខណ្ឌការល្អប្រសើរដូចកម្មករ កម្មការិនី បំរើការងារនៅក្នុងវិស័យឧស្សាហកម្ម។

ជុំវិញការលើកឡើងនេះ នៅមិនទាន់មានឆ្លើយតបពីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅឡើយទេ។  ប៉ុន្តែយ៉ាងណាក៏ដោយ សមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធរំពឹងថា រដ្ឋាភិបាលនឹងបានឮសំឡេងកម្មករធ្វើការតាមផ្ទះ នៅក្នុងទិវាកម្មករធ្វើការតាមផ្ទះអន្តរជាតិខួបលើកទី១០នៅថ្ងៃទី១៦មិថុនាខាងមុខថា ពួកគេក៏មានសិទ្ធិ សេរីភាពនិងមានតម្លៃដូចកម្មករបំរើការងារក្នុងវិស័យដទៃដែរ។ សូមបញ្ជាក់ថា «សិទ្ធិអ្នកធ្វើការតាមផ្ទះ» ក៏ត្រូវបានដាក់បញ្ចូលនៅក្នុងកម្មវិធីរបស់អង្គការពលកម្មអន្តរជាតិហៅកាត់ថា ILO ដែរ៕

What Next?

Recent Articles