កូន​ប្រុស​​របស់​សកម្មជន​បក្ស​ប្រឆាំង​ជាប់​ឃុំ​ម្នាក់​ដែល​ត្រូវ​បាន​ចាប់​​ខ្លួន​ត្រូវ​បាន​សង្ស័យ​ថា ​«ញុះ​ញង់​បង្ក​ភាព​វឹក​វរ​ក្នុង​សង្គម»

សិទ្ធិ​មនុស្ស
25 មិថុនា 2021
លាស់ លីបលីប
វីអូអេខ្មែរ

យុវជន កាក់ សុវណ្ណឆ័យ អាយុ១៦ឆ្នាំ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១។ (រូបភាពផ្តល់ដោយអ្នកស្រី ព្រំ ចាន់ថា ម្តាយរបស់យុវជន)
យុវជន កាក់ សុវណ្ណឆ័យ អាយុ១៦ឆ្នាំ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១។ (រូបភាពផ្តល់ដោយអ្នកស្រី ព្រំ ចាន់ថា ម្តាយរបស់យុវជន)

ភ្នំពេញ —  យុវជន​វ័យ​១៦​ឆ្នាំ​ម្នាក់ ដែល​ជា​កូន​ប្រុស​របស់​សកម្ម​ជន​បក្ស​ប្រឆាំង​ម្នាក់​ដែល​កំពុង​ជាប់​ឃុំ​ខ្លួន​នៅ​ពន្ធនា​គារ​ព្រៃ​ស ត្រូវ​បាន​កម្លាំង​ប៉ូលិស​រាជ​ធានី​ភ្នំពេញ ឃាត់​ខ្លួនកាល​ពី​យប់​ថ្ងៃ​ព្រហស្ប​តិ៍ ដោយ​ត្រូវ​បាន​សង្ស័យ​ថា​ «ញុះញង់​បង្ក​ភាព​វឹកវរ​ក្នុង​សង្គម»។ នេះ​បើ​យោង​តាម​ក្រុម​គ្រួសារ និង​អ្នក​នាំ​ពាក្យ​របស់​ស្នង​ការ​នគរបាល​រាជធានី​ភ្នំពេញ​។

កាល​ពី​យប់​ម៉ោង​ប្រមាណ​៨​និង​៣០នា​ទី នា​ថ្ងៃ​ទី​២៤ ខែ​មិថុនា កម្លាំង​នគរបាល​រាជធានី​ភ្នំពេញ បាន​ចុះ​ទៅ​ឃាត់​ខ្លួន​លោក កាក់ សុវណ្ណឆ័យ ជា​សិស្ស​ថ្នាក់​ទី​៩ និង​ជា​កូន​ប្រុស​របស់​លោក កាក់ កុម្ភារ អតីត​សមាជិក​ជាប់​ឆ្នោត​នៃ​ក្រុម​ប្រឹក្សា​រាជ​ធានី​ភ្នំពេញ​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ព្រៃ​ស។ ប៉ូលិស​បាន​បញ្ជាក់​ថា​យុវជន​នោះ ត្រូវ​បាន​សង្ស័យ​ថា «ញុះ​ញង់​បង្ក​ឲ្យ​មាន​ភាព​វឹក​វរ​ក្នុង​សង្គម​និង​ការ​ប្រមាថ​មន្ត្រី​រាជការ​សាធារណៈ»

លោក សាន​ សុខ​សីហា អ្នក​នាំ​ពាក្យ​ស្នង​ការ​ដ្ឋាន​នគរ​បា​លរាជ​ធានី​ភ្នំពេញ​ប្រាប់ VOA​កាល​ពី​ព្រឹក​ថ្ងៃសុក្រ​ថា​សមត្ថកិច្ច​ពិ​តជា​បាន​ចាប់​ខ្លួន​យុវជន កាក់ សុវណ្ណ​ឆ័យ។

លោក​ថ្លែង​ថា​៖ «ពិត​ជា​មាន​ការ​ចាប់​ខ្លួន​មែន​នៅ​យប់​មិញ ប្រហែល​ម៉ោង​៨​កន្លះ នៅ​សង្កាត់​បឹង​ទំពុន២ ខណ្ឌ​មានជ័យ ទាក់​ទង​នឹង​ករណី​បទ​ល្មើស​ជាក់​ស្តែងញុះញង់​បង្ក​ឲ្យ​មាន​វឹក​វរក្នុង​សង្គម​ជាតិ និង​ការ​ប្រមាថ​លើ​មន្ត្រី​រាជ​ការ​សាធារណៈ»។ លោក​បន្ថែម​ថា​សមត្ថកិច្ច​កំពុង​សាកសួរ​យុវជន​រូប​នេះ។

​លោក កាក់ សុវណ្ណ​ឆ័យ ជា​កូន​ប្រុស​របស់​អ្នកស្រី ព្រុំ ចាន់ថា ដែល​ស្ថិត​ក្នុង​«ក្រុម​ស្រ្តី​ថ្ងៃ​សុក្រ» ដែល​តែង​តែ​ចេញ​មុខ​តវ៉ា​ទាមទារ​ឲ្យ​ដោះ​លែង​ស្វាមី​របស់​ពួកគេ ដែល​ជា​អតីត​សកម្មជន​គណបក្ស​សង្រ្គោះជាតិ​ដែល​កំពុង​ជាប់​ពន្ធនាគារ​ព្រៃស រង់​ចាំ​ការ​កាត់​ទោស។

អ្នក​ស្រី ព្រុំ ចាន់ថា អាយុ​៤៤​ឆ្នាំ ជា​ម្តាយ​បង្កើត​របស់​យុវជន កាក់ សុវណ្ណ​ឆ័យ​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​នោះ ប្រាប់​ VOA ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​នៅ​ពេល​ដែល​កម្លាំង​ប៉ូលិស​មាន​គ្នា​ប្រមាណ​២០​នាក់ ដែល​ក្នុង​នោះ មាន​៦​នាក់​បាន​សម្រុក​ចូល​ក្នុង​ផ្ទះ ដើម្បី​ចាប់​ខ្លួន​កូន​ប្រុស​កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍។ អ្នកស្រី​បន្ថែម​ថា​កម្លាំង​ប៉ូលិស​មិន​បាន​បង្ហាញលិខិត​ស្នាម ឬ​ដីកា​អ្វី​ទាំង​អស់ ហើយថែម​ទាំង​ចាប់​ទាញ​អូស​អ្នក​ស្រី​ចេញ​ក្រៅ​ផ្ទះ​ទៀត​ផង។

រូប​ឯកសារ៖ អ្នកស្រី ព្រុំ ចាន់ថា ភរិយាលោក កាក់ កុម្ភារ អតីតសមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ និយាយជាមួយអ្នកសារព័ត៌មាននៅខាងក្រៅសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ មករា ឆ្នាំ២០២១។ (ទុំ ម្លិះ/វីអូអេ)
រូប​ឯកសារ៖ អ្នកស្រី ព្រុំ ចាន់ថា ភរិយាលោក កាក់ កុម្ភារ អតីតសមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ និយាយជាមួយអ្នកសារព័ត៌មាននៅខាងក្រៅសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ មករា ឆ្នាំ២០២១។ (ទុំ ម្លិះ/វីអូអេ)

អ្នក​ស្រី​ថ្លែង​ថា៖ «អត់​មាន​[ឯក​សារ​អ្វី]​ទាំង​អស់​ចូល​មក ចាប់​ដល់​ក្នុង​ផ្ទះ​[សមត្ថកិច្ច​]​គ្នា​៦​នាក់​ហើយ​ចាប់​គ្រៀក​ខ្ញុំ​២នាក់ចេញ​មក​ក្រៅ។ អញ្ចឹង​មិន​មានបង្ហាញ​ដី​កា​អ្វី​ទាំង​អស់​[ហើយ]និយាយ​ទៅ ខ្ញុំ​សួរ​គេ​ថា​ចាប់​មូលហេតុ​អ្វី កូន​ខ្ញុំ​មាន​កំហុស​អ្វី គេ​ថា​គេ​ចាប់​ហៅ​យក​ទៅ​សួរ​នាំ​នៅ​ប៉ុស្តិ៍»

អ្នកស្រី​ឲ្យ​ដឹង​ទៀត​ថា​ពេល​ចាប់​ខ្លួន អ្នកស្រី ម្តាយ​ចាស់​ជរា​និង​កូន​២​នាក់​កំពុង​សម្រាក​ក្នុង​ផ្ទះ។ អ្នកស្រី​ថា​យុវជន កាក់ សុវណ្ណ​ឆ័យ​ ជា​កូន​ច្បង និង​មាន​ជំងឺ​អូទីស្សឹម។

បើ​តាម​អ្នកស្រី​ជា​ម្តាយ កូន​ប្រុស​មិន​ប្រើ​ប្រាស់ហ្វេស​ប៊ុក​នោះ​ទេ ប៉ុន្តែ​ប្រើប្រាស់​ប្រព័ន្ធ​ Telegram។

បើ​តាម​អ្នកស្រី កូន​ប្រុស​តែង​តែ​ត្រូវ​បាន​មនុស្ស​មួយ​ចំនួនមើល​ងាយ និង​ប្រមាថ​ដែល​ធ្វើ​ឲ្យ​គាត់​ឆាប់​ខឹង និង​ប្រតិកម្ម​ទៅ​វិញ​យ៉ាង​រហ័ស។

អ្នកស្រី​បន្ថែម​ថា​៖ «កូន​របស់​ខ្ញុំមាន​ជំងឺ​អូទីស្សឹម ទីពីរ លក្ខណៈ​របស់​គាត់​អត់​ប្រក្រតី​ដូច​ក្មេង​ដទៃ​ដោយ​សារ​ខួរ​ក្បាល​គាត់​ខុស​គេ ខុស​ពី​ក្មេង​ដទៃ ដោយ​សារ​តែ​គាត់​និយាយ​មិន​សូវ​ដឹង​អី [ហើយ​មួយ​ទៀត​] ខួរ​ក្បាល​គាត់​មិន​សូវ​ប្រក្រតី​ហើយ​ការ​និយាយ​ស្តី​គាត់​អត់​សូវ​ដឹង​អីទេ។ និយាយ​ទៅ​មុខ​ទៅ​ក្រោយ​អញ្ចឹង។ ធម្មតា​តែ​គេ​ប្រមាថ​មើល​ងាយ​លោក​ពុក មើល​ងាយ​អ្នក​ម្តាយ​ថា​សុទ្ធ​តែ​អ្នក​ក្បត់​ជាតិ គាត់​ខឹង​ណាស់ ហើយ​ជេរ​តបត​ទៅ​វិញ។ អញ្ចឹង​ហើយ​ពួក​គាត់​ហ្នឹង គាត់​ចូល​មក​ឆ្លៀត​ឱកាសគឺ​ធ្វើ​ម៉េច​ឲ្យ​កូន​ខ្ញុំ​ជេរ ជេរ​ទៅ​ជេរ​មក​ទៅ វា​តែង​តែ​មាន​ការ​តប​ត​ទៅ​វិញ​ទៅ​មក​ហើយ​រឿង​ហ្នឹង គឺ​វា​អញ្ចឹង»

អ្នកស្រី​ចាត់​ទុក​ថា​ការ​ចាប់​ខ្លួន​កូន​ប្រុស ជា​រឿង​«អយុត្តិធម៌ណាស់ ដោយ​សារ​កូន​នៅ​ក្មេង​និង​មិន​មាន​កំហុស​អ្វី​ទាល់​តែ​សោះ។

បើ​ទោះ​មាន​ការ​ចាប់​ខ្លួន​កូន​ប្រុស​កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍ អ្នកស្រី ព្រុំ ចាន់ថា នៅ​ព្រឹក​ថ្ងៃ​សុក្រ ក៏​បន្ត​តវ៉ា ដាក់​ញត្តិ​ទៅ​ស្ថាន​ទូត​អង់គ្លេស​ប្រចាំ​នៅ​កម្ពុជា។ អ្នកស្រី​អះអាង​ថា មាន​ការ​ប៉ះ​ទង្គិច​ផង​ដែរ​ជាមួយ​កម្លាំង​សមត្ថកិច្ច។

ការ​ដាក់​ញត្តិ​នេះធ្វើ​ឡើង​បន្ទាប់​ពី​មាន​ដំណើរ​ទស្សន​កិច្ច​របស់​រដ្ឋមន្រ្តី​ការបរទេស​ចក្រភព​អង់​គ្លេស​មក​កម្ពុជា កាល​ពី​ថ្ងៃ​ទី​២៣ ខែ​មិថុនា ដែល​លោក​ក៏​បាន​សម្តែង​ការ​ព្រួយ​បារម្ភ​អំពី​បញ្ហា​សិទ្ធិ​សេរីភាព​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ។

ញត្តិ​របស់​ក្រុម​ស្រ្តី​ថ្ងៃ​សុក្រ​ដែល​បាន​ដាក់​ទៅ​ឯក​អគ្គ​រាជ​ទូត​អង់​គ្លេស​ប្រចាំ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា​ពួកគេ​បាន​ស្នើ​សុំ​ឲ្យ​ជួយ​អន្តរាគមន៍​ក្រុម​គ្រួសារ​របស់​ពួក​គេ​ឲ្យ​បាន​នៅ​ក្រៅ​ឃុំ ដោយ​សារ​ការ​រាត​ត្បាត​ជំងឺ​កូវីដ​១៩ ហើយ​បង្ហាញ​ក្តី​ព្រួយ​បារម្ភ​អំពី​ជីវភាព​របស់​ពួកគេ កាន់​តែ​លំបាក ដោយ​សារ​អវត្ត​មាន​ស្វាមី។

ការ​ចាប់​ខ្លួន​កូន​ប្រុស​របស់​សកម្មជន​បក្ស​ប្រឆាំង​ដែល​ជាប់​ពន្ធនាគារ កើត​ឡើង​តែ​ជាង​មួយ​សប្តាហ៍​ប៉ុណ្ណោះ បន្ទាប់​ពី​មាន​ការ​ចាប់​ខ្លួន​សកម្មជន​បរិស្ថាន​វ័យ​ក្មេង​៣​នាក់ ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ «​ប្រមាថ​អង្គ​ព្រះ​មហាក្សត្រ​» និង ​«រួម​គំនិត​ក្បត់»

លោក ​លី ចាន់​ដារ៉ា​វុទ្ធ កញ្ញា ស៊ុន រដ្ឋា លោក យីម លាងហ៊ី (រាប់​ពី​ឆ្វេង) ជា​សកម្មជន​បរិស្ថាន​វ័យ​ក្មេង ដែល​រង​ការ​ចោទ​ប្រកាន់​ថា​«រួម​គំនិត​ក្បត់» និង​«ប្រមាថ​ព្រះ​មហាក្សត្រ»។ (រូបថត​ពី​ Facebook/Mother Nature Cambodia)
លោក ​លី ចាន់​ដារ៉ា​វុទ្ធ កញ្ញា ស៊ុន រដ្ឋា លោក យីម លាងហ៊ី (រាប់​ពី​ឆ្វេង) ជា​សកម្មជន​បរិស្ថាន​វ័យ​ក្មេង ដែល​រង​ការ​ចោទ​ប្រកាន់​ថា​«រួម​គំនិត​ក្បត់» និង​«ប្រមាថ​ព្រះ​មហាក្សត្រ»។ (រូបថត​ពី​ Facebook/Mother Nature Cambodia)

អ្នកស្រី​ចក់​ សុភាព នាយិកា​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា បាន​ប្រាប់​ VOA​ នៅ​ថ្ងៃ​សុក្រ​ថាកន្លង​មក អាជ្ញាធរបាន​ចោទ​ប្រកាន់​ជា​ញឹក​ញាប់​លើសកម្ម​ជន​ផ្សេងៗ​ពី​បទ​ចោទស្រដៀង​គ្នា​នេះ ដែល​នាំ​ឲ្យ​មាន​ការព្រួយ​បារម្ភ​បន្ថែម​ទៀត​លើ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​និង​ការ​ចូលរួម​សកម្មភាព​សង្គម។

អ្នកស្រី​ថ្លែង​ថា៖ «យើង​ឃើញ​ថា​ជា​របត់​គួរ​ឲ្យ​ព្រួយ​បារម្ភ​អំពី​ស្ថាន​ភាព​សិទ្ធិ​មនុស្ស ដែលសង្គម​ស៊ីវិល​យើង​កន្លង​មក​យើង​ឃើញ​ថា​ប្រឈមរួច​ទៅ ហើយ​ប៉ុន្តែ​ចុង​ក្រោយ​នេះ​មិន​បាន​ប្រសើរ​ទេ​តែ​មាន​ការ​កើន​ឡើង​ការ​បង្ក្រាប​ថែម​ទៀត។ អញ្ចឹង​យើង​ឃើញ​ថា​ព្រឹត្តិ​ការណ៍​ចុង​ក្រោយ​នេះ​ជា​រូប​ភាព​មួយ​បង្ហាញ​ថែម​ទៀត​នូវ​ការ​រឹតត្បិត និង​បង្ហាញ​ថា​រាល់​មតិ​ជំទាស់​គឺ​មិនត្រូវ​បាន​អត់​ឱនទោះ​បី​ជា​ថា​សិទ្ធិ​ក្នុង​ការ​បញ្ចេញ​មតិ​ឬ​ក៏​ការ​មាន​ទស្សនៈ​យោបល់​នឹង​ត្រូវ​ធានា​ក្នុង​ច្បាប់​ជាតិ និង​អន្ត​រជាតិយ៉ាង​ក្តី»

អ្នកស្រី​ជំរុញ​ឲ្យរដ្ឋា​ភិបាល​ផ្តល់​សិទ្ធិ​សេរី​ភាព​ពេញ​លេញ​ដល់​ប្រជាពល​រដ្ឋក្នុង​ការ​ចូល​រួមសកម្ម​ភាព​សង្គម​ដោយ​មិន​គួរគំរាម​កំហែង ចោទ​ប្រកាន់ ចាប់​ខ្លួន និង​រឹត​ត្បិត​សេរី​ភាព​របស់​ប្រជា​ពល​រដ្ឋ​នោះទេ។

អ្នកស្រី​ថ្លែង​ថា៖ «ប្រទេស​មួយ​ដែល​មាន​សន្តិ​ភាព​គួរ​តែ​ជា​ប្រទេស​មួយ​អនុញ្ញាត​ឲ្យ​មាន​លំហ សង្គម​ស៊ីវិល អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​មាន​សិទ្ធិ​មាន​សេរី​ភាព​ពេល​លេញ មិន​មែន​តាម​រយៈ​បង្កើន​នូវ​ការ​ចោទ​ប្រកាន់ ឬ​ការ​ប្រកាស ​ការ​គំរាម​កំហែង​ឬ​ក៏​រឹត​ត្បិត​ ដូច​យើង​បាន​ឃើញ​ដូច​បច្ចុប្បន្ន​នោះ​ទេ។ ហើយ​សន្តិភាព​ដែល​យើង​គួរ​តែ​ផ្តល់​លើ​នោះ​មិន​មែន​តែ​អវត្តមាន​តែ​សង្គ្រាម​ទេ តែ​គឺ[ថា]​ពលរដ្ឋ​គាត់​អាច​មាន​សិទ្ធិ​ពេញ​លេញ​ក្នុងការ​ចូល​រួម​ក្នុង​សង្គម»

គួរ​បញ្ជាក់​ថា​លោក កាក់ កុម្ភារ ឪពុករបស់​យុវជន​ កាក់ សុវណ្ណឆ័យ ត្រូវ​បាន​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ​ព្រៃស កាល​ពី​ចុង​ខែ​មិថុនា ឆ្នាំ​២០​២០ ក្រោម​ការ​ចោទ​ពី​បទ​ «ប្រមាថ​និង​ញុះ​ញង់​ឲ្យប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍ បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិ​សុខ​ជាតិ»។ លោក​និង​សកម្មជន​ផ្សេង​ទៀត​កំពុង​រង់​ចាំ​ការ​កាត់​ទោស ដែល​ត្រូវ​បាន​ពន្យារ​ពេល​ដោយ​សារ​ជំងឺ​កូវីដ​១៩៕

What Next?

Related Articles

2 Responses to "កូន​ប្រុស​​របស់​សកម្មជន​បក្ស​ប្រឆាំង​ជាប់​ឃុំ​ម្នាក់​ដែល​ត្រូវ​បាន​ចាប់​​ខ្លួន​ត្រូវ​បាន​សង្ស័យ​ថា ​«ញុះ​ញង់​បង្ក​ភាព​វឹក​វរ​ក្នុង​សង្គម»"

  1. Serey says:

    Law is meter !.

  2. Anonymous says:

    WOW the law of communist people party CPP is so dump WELL as all of us knew it is not just their law even those those group of evil are also dump . in the free nation all those young they have their right any wrong doing even commit crime they have to wait till those kid become 18 years old then they will put those person in jail. I do not think this kid has don nothing wrong but the evil group is felling so achy by abusing every one in Cambodia . we knew KAMPOUCHEA is a very unfortunate nation by stay in the middle of those communist nation . for me I knew this nation’s future will be soon ending there will be no more country call KAMPOUCHEA after my generation. the reason I’m saying in this comment is to make all Cambodian understand that they are living among those evil nation. please do not getting upset to what going to happen this is because of our leader that always have un responsible man every one of them was dictator just thinking about himself and his whole families to be rich never thinking to their people . HUN SEN and his party is the worse in this century the future is so dark I can not see what can change any time soon . I already knew if there is any change only the people get up again whit that blind evil monster he is a big monster that stuck on Cambodian life and dead .