សកម្មជន​បក្ស​ប្រឆាំង​ម្នាក់​ធ្លាក់​ខ្លួន​ឈឺ​រ៉ាំរ៉ៃ​ដល់​ស្លាប់​ក្រោយ​ពេល​ជាប់​ពន្ធនាគារ​កាល​ពី​ឆ្នាំ​២០១៩

ដោយ សន ចាន់រដ្ឋា
2021-07-11
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

សកម្មជន​បក្ស​ប្រឆាំង​ម្នាក់​ធ្លាក់​ខ្លួន​ឈឺ​រ៉ាំរ៉ៃ​ដល់​ស្លាប់​ក្រោយ​ពេល​ជាប់​ពន្ធនាគារ​កាល​ពី​ឆ្នាំ​២០១៩

លោក ស៊ុន ប៊ុនថុន សកម្មជន​គណបក្ស​ប្រឆាំង នៅ​ស្រុក​បារាយណ៍ ខេត្ត​កំពង់ធំ ដែល​ជាប់ចោទ​រឿង​ចែករំលែកសារ​រិះគន់​មេដឹកនាំ​របប​ក្រុង​ភ្នំពេញ។ រួប​ផ្ដល់​ឱ្យ


សកម្មជន​បក្ស​ប្រឆាំង​ម្នាក់​នៅ​ខេត្ត​កំពង់ធំ គឺ​លោក ស៊ុន ប៊ុនថុន បាន​ធ្លាក់ខ្លួន​ឈឺ​រ៉ាំរ៉ៃ​រហូតដល់​ស្លាប់ ក្រោយ​ពេល​ជាប់​ពន្ធនាគារ​កាល​ពី​ឆ្នាំ​២០១៩។ សាច់ញាតិ​សោកស្ដាយ​ចំពោះ​ការ​ឃុំ​ខ្លួន​លោក​កន្លង​មក ដែល​ជា​ដើមហេតុ​ធ្វើ​ឱ្យ​គាត់​ធ្លាក់ខ្លួន​ឈឺ​រហូត​មក។ តែ​អាជ្ញាធរ​អះអាង​ថា ការ​ស្លាប់​នេះ គឺ​ដោយសារ​បញ្ហា​សុខភាព​ផ្ទាល់ខ្លួន មិន​ពាក់ព័ន្ធ​នឹង​ស្ថានភាព​ការ​ឃុំ​ខ្លួន​កន្លង​មក​នោះ​ទេ។

សកម្មជន​បក្ស​ប្រឆាំង​ដែល​ស្លាប់​នោះ គឺជា​សមាជិក​ក្រុមប្រឹក្សា​ជាប់ឆ្នោត​របស់​គណបក្ស​សង្គ្រោះជាតិ នៅ​ឃុំ​បារាយណ៍​ស្រុក​បារាយណ៍ ខេត្ត​កំពង់ធំ លោក ស៊ុន ប៊ុនថុន។ លោក​ត្រូវ​ជា​ប្អូន ប្រុស​បង្កើត​របស់ លោក ស៊ុន ធន់ ដែល​ជា​គ្រូបង្រៀន និង​ជា​សកម្មជន​បក្ស​ប្រឆាំង​កំពុង​ជាប់​ឃុំ​។ លោក ស៊ុន ប៊ុនថុន មាន​អាយុ​៥១​ឆ្នាំ ហើយ​លោក​ស្លាប់​កាលពី​ថ្ងៃទី៨ កក្កដា។

កូនស្រី​របស់ លោក ស៊ុន ប៊ុនថុន គឺ​កញ្ញា ធាន់ សុដារ៉ា ប្រាប់​ថា លោក ស៊ុន ប៊ុនថុន បាន​ធ្លាក់​ខ្លួន​ឈឺ និង​កើត​ជំងឺ​បេះដូង​តាំងពី​ក្រោយពេល​ជាប់ឃុំ​នៅ​ពន្ធនាគារ​ខេត្តកំពង់ធំ​កាល​ពី​ឆ្នាំ​២០១៩​។ កញ្ញា​សោកស្ដាយ​ចំពោះ​ការ​ស្លាប់​របស់​ឪពុក ដោយសារ​គាត់​ជា​បង្គោលគ្រួសារ​តែមួយគត់​នៃ​កូនប្រុស​ស្រី​វ័យក្មេង​ទាំង ៣​នាក់៖ «គាត់​ចេញ​មក​ហើយ​គាត់​ចាប់ផ្ដើម​ឈឺ​។ គាត់​ធ្វើទុក្ខ​តិចៗ​។ គាត់​អត់​ធ្វើទុក្ខ​ខ្លាំង​ផង​។ ទៅ​ពេទ្យ​បន្តិច​ទៅ​គាត់​បាន​ធូរ ដល់ពេល​ធ្វើទុក្ខ​ខ្លាំង​ទៅ​គាត់​ទារ​ទៅទៀត​។ ដល់ពេល​ទៅ​ហើយ​នៅ​តែ​ដដែលៗ​ទៅ គាត់​ផុត​ត្រឹមហ្នឹង»។

សព​របស់ លោក ស៊ុន ប៊ុនថុន ត្រូវ​បាន​បូជា​រួចរាល់​ហើយ​កាលពី​ថ្ងៃទី​០៩​កក្កដា​។ កញ្ញា ធាន់ សុ​ដា​រ៉ា ឲ្យ​ដឹងថា​ញាតិមិត្ត​ជិត​ឆ្ងាយ​និង​អ្នកស្រុក​ជាច្រើន​បាន​មក​ចូលរួម​ពិធី​បុណ្យសព​ឪពុក​កញ្ញា ដោយសារ​ពួកគេ​អាណិត​ស្រលាញ់​គាត់​ដែល​កាលពី​ធ្វើ​មន្ត្រីឃុំ​ជា​មនុស្ស​ស្អាតស្អំ​និង​ធ្លាប់​ជាប់​ពន្ធនាគារ​ដោយ​អយុត្តិធម៌ កាលពី​ឆ្នាំ​២០១៩។

នគរបាល​ខេត្តកំពង់ធំ​បាន​ចាប់ លោក ស៊ុន ប៊ុនថុន កាល​ពី​ដើម​ខែ​កញ្ញា ឆ្នាំ​២០១៩ ដោយ​ចោទ​លោក​ថា បាន​ចែកចាយ​សារ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (facebook) ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​របប​ក្រុងភ្នំពេញ​។ តុលាការ​បាន​ដោះលែង​លោក​វិញ​កាលពី​ថ្ងៃទី​១៤ វិច្ឆិកា​ឆ្នាំ​ដដែល ក្រោយ​មាន​បញ្ជា​របស់​លោកនាយ​ក​រដ្ឋមន្ត្រី​ហ៊ុន សែន ឲ្យ​ដោះលែង​អ្នកនយោបាយ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​វិញ​។ តុលាការខេត្ត​កំពង់ធំ​បាន​ចោទប្រកាន់​លោក​ពី​បទ​ជេរប្រមាថ​អ្នករាជការ​សាធារណៈ និង​ញុះញង់​ឲ្យ​ប្រព្រឹត្តិ​បទឧក្រិដ្ឋ​ជាអាទិ៍ ពាក់ព័ន្ធ​នឹង​គម្រោង​មាតុភូមិនិវត្តន៍​របស់​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី កាល​ពី​ថ្ងៃទី​៩ វិច្ឆិកា ឆ្នាំ​២០១៩​។ ក្រោយ​ការ​ដោះលែង​រហូត​មក លោក ស៊ុន ប៊ុនថុន នៅតែ​ជាប់​បណ្ដឹង​នៅ​តុលាការ និង​ត្រូវ​បង្ហាញ​មុខ​នៅ​នគរបាល​ប៉ុស្ដិ៍​បារាយណ៍​រាល់​ខែ។

ពាក់ព័ន្ធ​នឹង​ករណី​នេះ អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ លោក នុត សាវនា អះអាង​ថា អ្នក​ជាប់ឃុំ​នីមួយៗ​មាន​សុខ​ភាព​ខុសៗ​គ្នា ដូច្នេះ​មិន​អាច​យក​ករណី​ការ​ស្លាប់​នេះ​មក​ផ្សាភ្ជាប់​នឹង​ការ​ជាប់​ឃុំឃាំង​បាន​នោះ​ទេ៖ «កត្តា​ដែល​មនុស្ស​ធ្លាក់​ខ្លួន​ឈឺ​វា​អាស្រ័យ​ទៅ​លើ ទី​១​កត្តា​បរិស្ថាន កត្តា​អនាម័យ កត្តា​ម្ហូបអាហារ កត្តា​ផ្លូវចិត្ត​។ ឥឡូវ​សួរ​ថា អ្នកមាន​នៅ​ក្រៅ​នេះ​គេ​មាន​សព្វ​មាន​គ្រប់​តែ​គាត់​មាន​ជំងឺ​បាក់​ទឹកចិត្ត​ឬក៏​គាត់​មាន​បញ្ហា​ផ្លូវចិត្ត​នេះ​សួរ​ថា តើ​គាត់​មាន​សុខ​ភាពល្អ​ដែរ​ទេ​អាហ្នឹង​កត្តា​មនុស្ស​ម្នាក់ៗ​វា​ខុសគ្នា។ មិនដឹង​ថា ជម្រាប​ថា​ម្ដេច​បើ​ថា​ខ្ញុំ​និយាយ​រឿង​ពន្ធនាគារ​ស្រុក​ខ្មែរ​ស្តង់ដារ​អ្វី​អ៊ីចឹង​អ្វី​អ៊ីចុះ យើង​យក​អ្វី​មក​វាស់​?»។

ទោះជា​យ៉ាង​ណា អ្នកសម្របសម្រួល​សមាគម​សិទ្ធិមនុស្ស​អាដហុក (Adhoc) ខេត្ត​កំពង់ធំ លោក សុក រដ្ឋា សង្កេត​ឃើញ​ថា អ្នក​ជាប់ឃុំ​ខ្លះ​មាន​សុខភាព​មិនល្អ​ដោយសារ​ការ​គេង​មិន​គ្រប់គ្រាន់​និង​បរិយាកាស​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ ហើយ​អ្នក​ខ្លះទៀត​អាច​មាន​បញ្ហា​សតិអារម្មណ៍​ដោយសារ​ការ​គិត​ពី​បញ្ហា​សង្គម និង​គ្រួសារ​ច្រើន​នៅពេល​ជាប់ឃុំ៖ «​ជាទូទៅ​អាច​ថា​គាត់​មានការ​លំបាក​ច្រើន​គាត់​អ្វី​អ៊ីចឹង​ទៅ​គួបផ្សំ​នឹង​អាច​ថា​គាត់​មាន​ជំងឺ​ប្រចាំ​កាយ​ខ្លះ​អ៊ីចឹង​ទៅ អាច​ធ្វើ​ឲ្យ​សុខភាព​គាត់​មាន​ការ​ទ្រុឌទ្រោម ឬក៏​សុខភាព​របស់​គាត់​ហ្នឹង​ពុំ​មាន​ការ​ត្រួតពិនិត្យ​អ្វី​ពី​ពេទ្យ​បច្ចេកទេស​អ្វី​ច្បាស់លាស់​ថែទាំ​សុខភាព ឬ​ទាល់តែ​មាន​ការ​ត្រួត​ពិនិត្យ​ជា​ប្រចាំ​អ្វី​ទៅ»។

កាល​ពី​ពេល​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ជាង ២​ខែ ឆ្មាំ​ពន្ធនាគារ​ខេត្ត​កំពង់ធំ​បាន​ឲ្យ លោក ស៊ុន ប៊ុនថុន ដេក​នៅ​ចំ​ច្រក​ចេញ​ចូល​បង្គន់​ហើយ​បរិយាកាស​ក្នុង​បន្ទប់​ឃុំឃាំង​ទៀតសោត គឺ​ហប់​គ្មាន​ខ្យល់​ចេញ​ចូល​គ្រប់គ្រាន់​ទេ។ លោក ស៊ុន ប៊ុនថុន ក៏​គ្មាន​លុយ​ទិញ​កង្ហារ​ដាក់​ដែរ​ពេលនោះ​។ លោក​ត្រូវ​ដេក​ក្នុង​បរិយាកាស​ក្ដៅស្អុះ​ស្អាប់​ច្រើន​ថ្ងៃ​ទើប​សាច់ញាតិ​មានលទ្ធភាព​ទិញ​កង្ហារ​យក​ទៅ​ផ្ញើ​។ នេះ​បើ​តាម​ការ​អះអាង​របស់​អ្នក​ជាប់ឃុំ​ជាមួយ លោក ស៊ុន ប៊ុនថុន។ ប្រភព​ដដែល ឲ្យ​ដឹង​ទៀត​ថា មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ​មិន​សូវ​មាន​លទ្ធភាព​ទិញ​អាហារ ឬ​ហៅថា​បាយ​ដាក់​ខែ​នៅក្នុង​ពន្ធនាគារ​ទេ​។ ខែ​ខ្លះ លោក ស៊ុន ប៊ុនថុន ត្រូវ​បង្ខំចិត្ត​ហូបបាយ​របប​ពន្ធនាគារ ដែល​មាន​ក្លិនឆ្អាប និង​គ្មាន​ជីវជាតិ​គ្រប់គ្រាន់។

ករណី​សកម្មជន​បក្ស​ប្រឆាំង​ធ្លាក់ខ្លួន​ឈឺ និង​ខ្លះ​ឈឺ​រហូត​ដល់​ស្លាប់ ក្រោយ​ចេញ​ពី​ពន្ធនាគារ​បែប​នេះ បាន​កើត​មាន​ជា​ហូរហែ។ ជា​ឧទាហរណ៍ លេខា​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ខណ្ឌ​ដូនពេញ លោក យា ថុង បាន​ស្លាប់​កាល​ពី​ឆ្នាំ​២០១៩ ដោយសារ​ជំងឺ​រលាក​ឆ្អឹងខ្នង​។ លោក​បាន​ជាប់​ពន្ធនាគារ​ជាង​បី​ឆ្នាំ គឺ​ចន្លោះ​ពី​ឆ្នាំ​២០១៥ ដល់​២០១៨ ក្រោម​បទ​ចោទ​ចូលរួម​ចលនា​កុប្បកម្ម​។ រីឯ​សកម្មជន​បក្ស​ប្រឆាំង​ម្នាក់​ទៀត គឺ​អនុប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​ត្បូងឃ្មុំ​លោក ស៊ូ យាន ក៏​ធ្លាប់​អះអាង​ថា លោក​បាន​ធ្លាក់ខ្លួន​ឈឺ​ក្រោយ​ពេល​ជាប់ឃុំ ១​ឆ្នាំ កាលពី​ឆ្នាំ​២០១៩ ដោយ​សារភាព​ចង្អៀត​ណែន​របប​អាហារ​មិន​គ្រប់គ្រាន់ និង​ការ​ជក់​បារី​ក្នុង​បន្ទប់​ឃុំឃាំង​នៃ​ពន្ធនាគារ​ខេត្ត​ត្បូងឃ្មុំ។

កាលពី​ខែ​មិថុនា ក្រុម​អង្គការ​សង្គម​ស៊ីវិល​ចំនួន​២០ ស្ថាប័ន ទាមទារ​ឲ្យ​តុលាការ និង​រដ្ឋាភិបាល​ដោះលែង​អ្នកទោស​មនសិការ​ដែល​ត្រូវ​បាន​គេ​ចាប់​ដាក់គុក​ដោយសារតែ​ការ​បញ្ចេញមតិ​ដោយ​សន្តិវិធី​ទាក់ទង​នឹង​រឿង​នយោបាយ សង្គម ឬ​ជំនឿ​សាសនា​។ ក្រុម​សង្គម​ស៊ីវិល​ព្រួយ​បារម្ភ​ថា​អ្នកទោស​មនសិការ​ទាំង​នោះ​នឹង​ប្រឈម​ហានិភ័យ​ឆ្លង​ជំងឺ​កូវីដ​១៩(Covid-19) ឬ​ធ្លាក់ខ្លួន​ឈឺ​ដោយសារ​ការ​ឃុំ​ឃាំង​ក្នុង​ភាព​ចង្អៀត​ណែន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

One Response to "សកម្មជន​បក្ស​ប្រឆាំង​ម្នាក់​ធ្លាក់​ខ្លួន​ឈឺ​រ៉ាំរ៉ៃ​ដល់​ស្លាប់​ក្រោយ​ពេល​ជាប់​ពន្ធនាគារ​កាល​ពី​ឆ្នាំ​២០១៩"

  1. Anonymous says:

    who is the murder 100% HUN SEN

Leave a Reply

Submit Comment