ជន​រង​គ្រោះ​ដែល​យោធា​បាញ់​នៅ​ស្រុក​អង្គ​ស្នួល​ទទូច​ដល់​អាជ្ញាធរ​​ឱ្យ​ជួយ​ស្វែងរក​យុត្តិ​ធម៌​តាម​ការ​សន្យា

ដោយ មួង ណារ៉េត
2021-07-13
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ជន​រង​គ្រោះ​ដែល​យោធា​បាញ់​នៅ​ស្រុក​អង្គ​ស្នួល​ទទូច​ដល់​អាជ្ញាធរ​​ឱ្យ​ជួយ​ស្វែងរក​យុត្តិ​ធម៌​តាម​ការ​សន្យា

 រូប៖ ពលរដ្ឋផ្ដល់ឱ្យ


ជន​រង​គ្រោះ​ដែល​យោធា​បាញ់​ដួល​ដេក​លើ​វាល​ស្រែ​នៅ​ក្នុង​ករណី​ជម្លោះ​ដីធ្លី​មួយ​កន្លែង​នៅ​ស្រុក​អង្គ​ស្នួល​ខេត្ត​កណ្ដាល បន្ត​ដង្ហោយ​រក​យុត្តិ​ធម៌ ខណៈ​ពេល​​អាជ្ញាធរ​មិន​ទាន់​បង្ហាញ​លទ្ធភាព​នៃ​ការ​ស្រាវ​ជ្រាវ​ ឬ​ស៊ើប​អង្កេត​នៅ​ឡើយ។ មន្ត្រី​សង្គម​ស៊ីវិល ជំរុញ​ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវ​ពន្លឿន​ការ​ស៊ើប​អង្កេត​ស្វែង​រក​ជន​ប្រព្រឹត្ត​យក​មក​ផ្ដន្ទាទោស​តា​ម​ច្បាប់ ដើម្បី​ផ្តល់​យុត្តិធម៌​ដល់​ជន​រង​គ្រោះ និង​បង្កើន​ទំនុក​ចិត្ត​ដល់​ពលរដ្ឋ​លើ​ស្ថាប័ន​មាន​សមត្ថ​កិច្ច​។

គ្រួសារ​ជន​រង​គ្រោះ​ក្រីក្រ​មួយ​រស់​នៅ​ភូមិ​អង្គ​ស្រែ​ពោធិ៍ ឃុំ​​ទួល​ព្រិច ស្រុក​អង្គស្នួល ខេត្ត​​កណ្ដាល អះ​អាង​ថា ពួក​គាត់​មិន​ទាន់​ទទួល​បាន​យុត្តិ​ធម៌​នោះ​ទេ ​និង​​កំពុង​ខ្វះ​ខាត​ជីវភាព ក្រោយ​ពេល​ក្រុម​​យោធា​បាញ់​គ្រប់​ពិត​បណ្ដាល​ឱ្យ​រង​របួស​ធ្ងន់ធ្ងរ ហើយ​ដឹក​ទៅ​សង្គ្រោះ​បន្ទាន់​​នៅ​មន្ទីរ​ពេទ្យ​​កាល​ពី​ថ្ងៃ​ទី៣ មិថុនា។ គាត់ បន្ត​ស្នើ​​សុំ​ឱ្យ​​​អាជ្ញាធរ​ពាក់​ព័ន្ធ​ជួយ​​ស្វែង​រក​យុត្តិធម៌ ផ្តល់​សំណង និង​ដោះ​ស្រាយ​បញ្ហា​វិវាទ​ដី​ធ្លី ដើម្បី​ឲ្យ​គាត់​មាន​លទ្ធ​ភាព​​ដោះស្រាយ​ជីវភាព​ប្រចាំ​ថ្ងៃ និង​សង​ថ្លៃ​ព្យាបាល​របួស។

ជន​រង​គ្រោះ​ក្នុង​ហេតុការណ៍​បាញ់​ប្រហារ​នៅ​ស្រុក​អង្គ​ស្នួល គឺ​លោក មុំ ចន្ថា ប្រាប់​អាស៊ី​សេរី​​ថា អាជ្ញាធរ​ស្រុក​ខេត្ត និង​ក្រសួង បាន​ចុះ​សាក​សួរ​ព័ត៌មាន​នៅ​កន្លែង​កើត​ហេតុ​ដោយ​សន្យា​ស្វែង​រក​យុត្តិ​ធម៌ ផ្តល់​សំណង​រួម​ទាំង​សន្យា ​ដោះ​ស្រាយ​ដី​ធ្លី​ជូន​ប្រជា​ពល​រដ្ឋ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​​អាជ្ញាធរ​មិន​ទាន់​ផ្តល់​ដំណឹង ឬ​បង្ហាញ​លទ្ធ​ផល​ស្រាវ​ជ្រាវ​ដើម្បី​រក​ដំណោះ​ស្រាយ​ជូន​ប្រជាពលរដ្ឋ​នៅ​ឡើយ​ទេ។

ជន​គ្រោះ​រូប​នេះ រៀបរាប់​ទៀត​ថា របួស​របស់​លោក​មិន​ទាន់​ជា​សះ​ស្បើយ​ទេ ដោយ​នៅ​ធ្វើ​ទុក្ខ​ឈឺ​ចុក​ចាប់​ត្រង់​ឆ្អឹង​ស្ទើរ​រាល់​ថ្ងៃ ដែល​គ្រូពេទ្យ​ប្រាប់​ថា របួស​នេះ​តម្រូវ​ឱ្យ​លោក​ព្យាបាល និង​ថែ​ទាំ​រយៈ​ពេល​៦ខែ។ លោក​ប្រាប់​ទៀត​ថា អាជ្ញាធរ​បាន​ផ្តល់​ស្បៀង​ហារ​មួយ​ចំនួន​ដែរ ប៉ុន្តែ​ពេល​នេះ​គ្រួសារ​លោក​ត្រូវការ​ប្រាក់​ជា​ចាំ​បាច់​ដើម្បី​សង​ថ្លៃ​ព្យាបាល​របួស​នេះ​ជិត ៧រយ​ដុល្លារ​ ខណៈ​ជីវភាព​គ្រួសារ​លោក​ស្ថិត​ក្នុង​ភាព​ក្រីក្រ។ លោក​ស្នើ​ឱ្យ​ស្ថាប័ន​ពាក់​​ព័ន្ធ​ជួយ​​ពន្លឿន​ស្វែង​រក​យុត្តិ​ធម៌ និង​ផ្តល់​សំណង ដើម្បី​ឱ្យ​លោក​មាន​លទ្ធភាព​បង់​ថ្លៃ​ព្យាបាល​របួស៖ «នៅ​ខាង​គាត់​ជួយ​ដោះ​ស្រាយ​ឱ្យ​ខ្ញុំ សំខាន់​នៅ​លើ​គាត់​ហ្នឹង​ហ្មង ខ្ញុំ​ពឹង​ផ្អែក​លើ​គាត់ ខ្ញុំ​អត់​ដឹង​ផង​ឃើញ​តែ​គាត់​មក​នាំ​ខ្ញុំ​បង្ហាញ​កន្លែង​បាញ់​បោះ​ហ្នឹង​កន្លែង​បាញ់​ខ្ញុំ​ហ្នឹង​បង្ហាញ​គាត់​ដី​ស្រែ​ឱ្យ​គាត់​ឃើញ​អស់​ហើយ​គ្មាន​អី​ផ្តាំ​ផ្ញើ​ទេ​មាន​តែ​ផ្ដាំ​ផ្ញើ​ឱ្យ​គាត់​ជួយ​រក​យុត្តិ​ធម៌​ឱ្យ​ខ្ញុំ​ផង»។

កាល​ពី​ថ្ងៃ​ទី៣ មិថុនា ពលរដ្ឋ​ជាង ៣០០នាក់ បាន​លើក​គ្នា​ទៅ​ឃាត់​គ្រឿងចក្រ ដែល​ក្រុម​យោធា​បម្រុង​យក​ទៅ​ឈូស​ឆាយ​ដី​ស្រែ​ដែល​កំពុង​មាន​ទំនាស់​ជា​មួយ​ប្រជាពលរដ្ឋ​នៅ​ភូមិ​អង្គ​ស្រែ​ពោធិ៍ ឃុំ​ទួល​ព្រិច ស្រុក​អង្គ​ស្នួល ខេត្ត​កណ្ដាល។ ពេល​ពលរដ្ឋ​កំពុង​តវ៉ា ស្រាប់​តែ​ក្រុម​យោធា​បាន​បង្ក្រាប​ពល​រដ្ឋ ដោយ​បាញ់​រះ​គ្រាប់​កាំភ្លើង​ពិត​បណ្ដាល​ឱ្យ​ពលរដ្ឋ​ម្នាក់​របួស​ធ្ងន់។

ឆ្លើយ​តប​ជុំវិញ​រឿង​នេះ អ្នក​នាំ​ពាក្យ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក អេង ហ៊ី លើក​ឡើង​ថា ការ​ទាម​ទារ​របស់​ជន​រង​គ្រោះ​គឺ​ជា​សិទ្ធិ​របស់​គាត់ ហើយ​​លោក​មិន​អាច​បក​ស្រាយ​រឿង​នេះ​បាន​ទេ ដោយ​លោក​រុញ​ឱ្យ​ទៅ​សួរ​ខាង​តុលាការ​វិញ។ ប៉ុន្តែ លោក​បញ្ជាក់​ថា មក​ទល់​ពេល​នេះ អាជ្ញាធរ​មិន​ទាន់​តាម​ចាប់​ខ្លួន​ជន​ល្មើស​ដែល​បាញ់​ពលរដ្ឋ​ឱ្យ​រង​របួស​នៅ​ឡើយ​ទេ៖ «អា​ហ្នឹង​សិទ្ធិ​របស់​គាត់​ចង់​ថា​អី​ថា​ទៅ​សិទ្ធិ​របស់​គាត់ ការងារ​គេ​ធ្វើ​គេ​ធ្វើ​របស់​គេ ព្រោះ​កាល​ណា​គេ​ស្រាវ​ជ្រាវ​គេ​មិន​ដែល​ប្រាប់​ទេ មន្រ្តី​នគរបាល​យុត្តិ​ធម៌​ធ្វើ​ការ​អី​ក៏​ដោយ ស្ថិត​ក្រោម​អយ្យការ»

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់​ទង​អ្នក​​នាំ​​ពាក្យ​​តុលា​ការ​​ខេត្ត​​កណ្ដាល លោក សូ សារិន និង​អភិបាល​ខេត្ត​កណ្ដាល​លោក គង់ សោភ័ណ្ឌ ដើម្បី​បក​ស្រាយ​ជុំ​វិញ​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី១២ កក្កដា ដោយ​លើក​ទូរស័ព្ទ​ហើយ​ចុច​ផ្ដាច់។

ប៉ុន្តែ​អភិបាល​ខេត្ត​កណ្ដាល លោក គង់ សោភ័ណ្ឌ ធ្លាប់​អះអាង​ប្រាប់​អាស៊ី​សេរី​ថា អាជ្ញាធរ​បាន​បញ្ជូន​សំណុំ​រឿង​ហិង្សា ដែល​យោធា​បាញ់​ពលរដ្ឋ​រង​របួស​នោះ​ដាក់​ទៅ​តុលា​ការ ដើម្បី​បន្ត​នីតិវិធី​រួច​ហើយ។ លោក​បញ្ជាក់​ថា ក្រុម​យោធា​ដែល​បាញ់​លើ​ពលរដ្ឋ​នោះ អាជ្ញាធរ​មិន​ពិបាក​កំណត់​មុខ​សញ្ញា​នោះ​ទេ ព្រោះ​ពួក​គេ​បំពេញ​ការងារ​ក្នុង​នាម​អង្គភាព។ លោក​អះអាង​ថា អាជ្ញាធរ​ខេត្ត​នេះ ក៏​បាន​ជួយ​ដោះ​ស្រាយ​ថ្លៃ​ព្យាបាល​របួស​ជន​រង​គ្រោះ​រហូត​ដល់​ធូរ​ស្បើយ​ផង​ដែរ។

ទោះ​ជា​យ៉ាង​ណា​ជន​រង​គ្រោះ បញ្ជាក់​ថា លោក​កំពុង​ទន្ទឹង​រង់ចាំ​យុត្តិធម៌​ជិត​ពីរ​ខែ​មក​ហើយ ប៉ុន្តែ​ពុំ​ទាន់​មាន​លទ្ធ​ផល​តាម​ការ​សន្យា​នោះ​ទេ។ លោក បញ្ជាក់​ថា ពេល​នេះ​លោក​ចង់​បាន​សំណង ដើម្បី​សង​ថ្លៃ​ព្យាបាល​និង​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ ខណៈ​មុខ​របួស​របស់​លោក​មិន​ទាន់​ជា​សះ​ស្បើយ​នៅ​ឡើយ ។

ជា​មួយ​គ្នា​នេះ ប្រជា​ពលរដ្ឋ​ម្នាក់​ទៀត​ដែល​មាន​វិវាទ​ដី​ធ្លី​ជា​មួយ​ក្រុម​យោធា​ដែរ​នោះ គឺ​លោក គីម ចន្ថា ប្រាប់​ថា ក្រោយ​ពេល​យោធា​បាញ់​ពលរដ្ឋ​ម្នាក់​ឲ្យ​រង​របួស គឺ​អាជ្ញាធរ​បាន​សន្យា​ដោះ​ស្រាយ​វិវាទ​ដី​ធ្លី​នេះ​ជូន​ប្រជា​ពលរដ្ឋ ប៉ុន្តែ​ពេល​នេះ​អាជ្ញាធរ​ពាក់​ព័ន្ធ​មិន​ទាន់​បង្ហាញ​ដំណោះ​ស្រាយ​ដើម្បី​ផ្តល់​ទំនុក​ចិត្ត​ដល់​ពលរដ្ឋ​នោះ​ទេ។ លោក ថា​អាជ្ញាធរ​ហាក់​​ព្រងើយ​​កន្តើយ​ជុំវិញ​រឿង​នេះ ដែល​ធ្វើ​ពលរដ្ឋ​អស់សង្ឃឹម​នឹង​ការ​សន្យា​របស់​អាជ្ញាធរ។ បុរស​វ័យ ៤០ឆ្នាំ​រូប​នេះ បញ្ជាក់​ថា ប្រសិន​បើ​អាជ្ញាធរ​មិន​ផ្តល់​ដំណោះ​ស្រាយ​ជូន​ពលរដ្ឋ​នឹង​ធ្វើ​ឱ្យ​ពួក​គាត់​រង​គ្រោះ​ផ្នែក​ជីវភាព​ដោយ​សារ​ពួក​គាត់​មិន​អាច​ចូល​ធ្វើ​ស្រែ​លើ​ដី​នោះ៖ «ចង់​ឱ្យ​គាត់​ពន្លឿន​ក្នុង​ការ​ដោះ​ស្រាយ​ហ្នឹង​ដើម្បី​ជួយ​ប្រជាពលរដ្ឋ​ឱ្យ​ថា​គាត់​ដោះ​ស្រាយ​ជា​គោល​ការណ៍​បែប​ណា​នោះ សំខាន់​បែប​ណា​ក៏​ដោយ សំខាន់​ឱ្យ​តែ​លឿន​ដើម្បី​ឱ្យ​គាត់​ឆាប់​បាន​ដឹង​បាន​យល់​ថា​គេ​ដោះស្រាយ​របៀប​នេះ​មួយ​ចុះ​មួយ​យើង​អស់​ចិត្ត គាត់​ចង់​បាន​ដី​​ហ្នឹង​មក​ធ្វើ​អាស្រ័យ​ផល​វិញ​ដែរ»។

ជុំវិញ​រឿង​នេះ ប្រធាន​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) លោក នី សុខា យល់​ថា​ករណី​នេះ​អាជ្ញាធរ​ពាក់​ព័ន្ធ​មិន​ពិបាក​ស្រាវ​ជ្រាវ​ឬ​ស៊ើប​អង្កេត​យូរ ដើម្បី​វែក​មុខ​​ជន​ល្មើស​នោះ​ទេ ប្រសិន​បើ​អាជ្ញាធរ​មាន​ឆន្ទៈ​ស្វែង​រក​យុត្តិធម៌​ជូន​ជន​រង​គ្រោះ។ លោក​មើល​ឃើញ​ថា​យុត្តិ​ធម៌​សម្រាប់​ប្រជា​ពលរដ្ឋ​រងគ្រោះ​ដោយ​យោធា​បាញ់​ឱ្យ​រង​របួស​ហាក់​នៅ​ឆ្ងាយ​ដែល​អាច​ធ្វើ​ឱ្យ​ពួក​គាត់ អស់​សង្ឃឹម​ហើយ​ងាក​រក​ដំណោះ​ស្រាយ​សុំ​សំណង​វិញ ប៉ុន្តែ​លោក​បញ្ជាក់​ថា ករណី​នេះ​ជា​រឿង​ព្រហ្ម​ទណ្ឌ​មិន​អាច​ដោះ​ស្រាយ​សំណង​រដ្ឋប្បវេណី ហើយ​ជន​ល្មើស​រួច​ខ្លួន​នោះ​ទេ។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ ជំរុញ​ឱ្យ​តុលា​ការ​វែក​មុខ​ជន​ល្មើស​យក​មក​ផ្ដន្ទាទោស​តាម​ច្បាប់​ដើម្បី​ផ្តល់​យុត្តិ​ធម៌​ជូន​ជន​រង​គ្រោះ​និង​បញ្ចប់​អំពើ​និទ្ទណ្ឌភាព។ លើស​ពី​នេះ​​​លោក​ក៏​ស្នើ​ឱ្យ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក កើត រិទ្ធ គួរ​ពិចារណា​ករណី​នេះ​ដើម្បី​ផ្តល់​ទំនុក​ចិត្ត​ដល់​ពលរដ្ឋ​លើ​ប្រព័ន្ធ​យុត្តិធម៌​ឡើង​វិញ៖ «អ្នក​ដែល​ប្រព្រឹត្ត​មិន​អាច​គេច​រួច​ទេ ប៉ុន្តែ​យើង​មើល​ទៅ​រឿង​មួយ​ចំនួន​ឱ្យ​តែ​មាន​ពាក់​ព័ន្ធ​បញ្ហា​អ៊ីចឹង​កម្រ​អ្នក​ប្រព្រឹត្ត​ហ្នឹង​ទទួល​ទោស​ណាស់ ច្រើន​បាន​សំណង​អី​ល្មមៗ បាន​ហើយ ប្រជា​ពលរដ្ឋ​ទទួល​យក​ហើយ អ៊ីចឹង​ខ្ញុំ​ឃើញ​ថា ទាក់​ទង​នឹង​យុត្តិ​ធម៌​ហាក់​បី​ដូច​ជា​នៅ​ឆ្ងាយ​ពី​ប្រជាពលរដ្ឋ​ដែល​គ្នា​គ្មាន​អំណាច គ្នា​ក្រីក្រ ដែល​គ្នា​រង​គ្រោះ​ដោយ​អំពើ​អយុត្តិធម៌​ផ្សេងៗ ហ្នឹង»។

ករណី​កម្លាំង​យោធា​ចុះ​បង្ក្រាប​ពលរដ្ឋ​រឿង​ដី​ធ្លី​ឈាន​ដល់​ការ​បាញ់​ប្រហារ​ពលរដ្ឋ​នោះ តែង​កើត​មាន​ជា​ញឹកញាប់ ដូច​ជា នៅ​ខេត្ត​ក្រចេះ ក្នុង​ឆ្នាំ២០១៨ និង​ខេត្ត​ព្រះសីហនុ នៅ​ឆ្នាំ២០១៩ ជា​ដើម។ ករណី​ទាំង​នោះ​ពលរដ្ឋ​សុទ្ធតែ​ទទួល​រង​គ្រាប់​កាំភ្លើង​ពិត​របស់​ក្រុម​យោធា បណ្ដាល​ឱ្យ​រង​របួស​ធ្ងន់ និង​មាន​ករណី​ខ្លះ​ពលរដ្ឋ​អះអាង​ថា ឈាន​ដល់​ស្លាប់​ផង​ក៏​មាន ដូច​ជា ករណី​នៅ​ខេត្ត​ក្រចេះ​ជា​ដើម។

សង្គម​ស៊ីវិល និង​ពលរដ្ឋ ជា​ពិសេស ជន​រង​គ្រោះ​ទាមទារ​ឱ្យ​អាជ្ញាធរ​ស៊ើប​អង្កេត​ករណី​ហិង្សា​បាញ់​បោះ​លើ​ប្រជាពលរដ្ឋ​នេះ​ដោយ​ត្រឹមត្រូវ តម្លា​ភាព ដោយ​​​វែក​មុខ​ជន​ល្មើស​យក​មក​ផ្ដន្ទាទោស​តាម​ច្បាប់ ​ដើម្បី​លុប​បំបាត់​អំពើ​និទណ្ឌភាព។ ពួក​គាត់​ក៏​ស្នើ​ឱ្យ​អាជ្ញាធរ បញ្ឈប់​ការ​ប្រើប្រាស់​កម្លាំង​ប្រដាប់​អាវុធ​បង្ក​ហិង្សា​លើ​ជន​ស្លូត​ត្រង់​បន្ត​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment