ស្ថាបនិក​អង្គការ​មាតា​ធម្មជាតិ ​លោក អាឡិច ថ្លែង​ថា កម្ពុជា​រំលោភច្បាប់​ជាតិ និង​អន្តរជាតិ រឿង​តុលាការ​គ្រោង​កាត់​ក្ដី​លោក​ដោយកំបាំង​មុខ

ដោយ មួង ណារ៉េត
2021-07-13
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ស្ថាបនិក​អង្គការ​មាតា​ធម្មជាតិ ​លោក អាឡិច ថ្លែង​ថា កម្ពុជា​រំលោភច្បាប់​ជាតិ និង​អន្តរជាតិ រឿង​តុលាការ​គ្រោង​កាត់​ក្ដី​លោក​ដោយកំបាំង​មុខ

លោក អាឡិចហាន់ដ្រូ ហ្គន់សាឡេស ដេវីដសុន (Alejandro Gonzalez-​Davidson) ស្ថាបនិក​អង្គការ​មាតា​ធម្មជាតិ​។ រូប៖ RFA


ស្ថាបនិក​អង្គការ​មាតា​ធម្មជាតិ​លោក អាឡិចហាន់ដ្រូ ហ្គន់សាឡេស ដេវីដសុន (Alejandro Gonzalez-​Davidson) ថា កម្ពុជា​រំលោភច្បាប់​ជាតិ និង​អន្តរជាតិ រឿង​តុលាការ​គ្រោង​កាត់​ក្ដី​លោក​ដោយ​គ្មាន​វត្តមាន​របស់​លោក​ក្នុង​សវនាការ។ មន្ត្រី​ឃ្លាំមើល​សិទ្ធិមនុស្ស ក៏​បារម្ភ​អំពី​ប្រសិទ្ធភាព​នៃ​ការ​កែ​ទម្រង់​ប្រព័ន្ធ​តុលាការ​នៅ​កម្ពុជា​ដែរ បើ​ចំណុច​សំខាន់ៗ នៃ​ការ​គោរព​សិទ្ធិ​របស់​ជន​ជាប់​ចោទ​ត្រូវ​គេ​មើល​រំលង​បែប​នេះ។

សារ​របស់​សកម្មជន​បរិស្ថាន​ជនជាតិ​អេស្ប៉ាញ លោក អាឡិចហាន់ដ្រូ ហ្គន់សាឡេស ដេវីដសុន ដែល​ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា​ដាក់​ក្នុង​បញ្ជី​ខ្មៅ លែង​ឲ្យ​ចូល​ប្រទេស​រូប​នេះ ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី១៣ ខែ​កក្កដា ជា​ការ​ឆ្លើយតប​ទៅ​នឹង​ដីកា​កោះ​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដែល​ហៅ​លោក​ឲ្យ​ចូល​ទៅកាន់​សាលាដំបូង​នេះ នៅ​ថ្ងៃ​ទី២៦ ខែ​កក្កដា​ជា​កំហិត ដើម្បី​ចូលរួម​សវនាការ។ លោក​ត្រូវ​បាន​តុលា​ការចោទប្រកាន់ កាល​ពី​ថ្ងៃ​ទី២០ ខែ​កញ្ញា ឆ្នាំ២០២០ ពី​បទ «ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម»។

លើក​នេះ ក៏​មិន​ខុស​ពីលើ​ក​មុនៗ ដែរ លោក អាឡិច បញ្ជាក់​ជំហរ​ជា​សាធារណៈ​ថា លោក​ពិត​ជា​មាន​បំណង និង​ឆន្ទៈ​ក្នុង​ការ​វិល​ត្រឡប់​ទៅ​ប្រទេស​កម្ពុជា​វិញ ដើម្បី​បង្ហាញ​ខ្លួន និង​ចូលរួម​ក្នុង​សវនាការ​រឿង​ក្តី​របស់​លោក។ លោក​ថា លោក​មិន​គេចវេស និង​រីករាយ​ចូល​ខ្លួន ដើម្បី​តតាំង​ក្នុង​រឿង​ក្ដី ដែល​លោក​ថា តុលាការ​ចោទ​ប្រកាន់​លោក ដោយ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់​នេះ។

កន្លង​មក តុលាការ​បាន​កាត់​ក្តី​លោក​ដោយ​គ្មាន​វត្តមាន​លោក​ដែរ ទោះ​បី​ជា​លោក​ទទូច​សុំ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​អនុញ្ញាត​ឲ្យ​លោក​បាន​ចូលរួម​ក្នុង​សវនាការ​នោះ​ក៏​ដោយ។ លើក​នេះ លោក​ថា រដ្ឋាភិបាល​ច្បាស់​ជា​កាត់​ក្ដី​លោក ដោយ​គ្មាន​វត្តមាន​លោក​ទៀត។

លោក អាឡិច ថា បើ​សវនាការ នៅ​ថ្ងៃ​ទី២៦ ខែ​កក្កដា​ខាង​មុខ​ធ្វើ​ដោយ​មិន​ឲ្យ​លោក​ចូលរួម​បាន គឺ​វា​នឹង​បញ្ជាក់​ម្ដង​ទៀត​ថា មនុស្ស​ដែល​មាន​តួនាទី​អនុវត្ត​ច្បាប់ បែរ​ជា​រំលោភ​ច្បាប់​ទៅ​វិញ។ លោក​បន្ថែម​ថា វា​នឹង​បញ្ជាក់​កាន់​តែ​ច្បាស់ នៅ​ចំពោះ​មុខ​ប្រជាជន​កម្ពុជា និង​សហគមន៍​អន្តរជាតិ​ថា ការ​ចោទ​ប្រកាន់​មក​លើ​រូប​លោក និង​សកម្មជន​ចលនា​មាតា​ធម្មជាតិ​ផ្សេង​ទៀត ដែល​កំពុង​ជាប់​ពន្ធនាគារ​នោះ គឺ​គ្រាន់​តែ​ជា​ការ​ប្រឌិត ដើម្បី​ចោទ​ប្រកាន់ និង​មាន​លក្ខណៈ​នយោបាយ​តែ​ប៉ុណ្ណោះ។

វិទ្យុ​អាស៊ី​សេរី​មិន​ទាន់​អាច​សុំ​ការ​បំភ្លឺ​ជុំវិញ​រឿង​នេះ ពី​អ្នកនាំពាក្យ​តុលាការ​ក្រុង​ភ្នំពេញ លោក អ៊ី រិន្ទ និង​អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន បាន​នៅ​ឡើយ​ទេ។

ទោះ​ជា​យ៉ាង​នេះ​ក្ដី ទាំង​ច្បាប់​ជាតិ និង​អន្តរជាតិ សុទ្ធតែ​មាន​ចែង​អំពី​ការ​ទទួលស្គាល់​សិទ្ធិ​ជន​ជាប់​ចោទ និង​កាតព្វកិច្ច​របស់​តុលាការ​ក្នុង​ការ​ផ្តល់​ឱកាស​ឲ្យ​ជន​ជាប់​ចោទ​មាន​សិទ្ធិ​ការពារ​ខ្លួន​តាម​ផ្លូវ​តុលាការ។

មាត្រា ៣៨ នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា​ចែង​ថា ជន​ជាប់​ចោទ​ណា​ក៏​ដោយ ត្រូវ​ចាត់​ទុក​ជា​មនុស្ស​ឥត​ទោស​ដរាប​ណា​តុលាការ​មិន​ទាន់​កាត់​ទោស​ជា​ស្ថាពរ និង​មាត្រា ១៤(៣) (ឃ) នៃ​កតិកាសញ្ញា​អន្តរជាតិ​ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ​ចែង​ថា ជន​គ្រប់រូប​ត្រូវ​មាន​សិទ្ធិ​ស្មើ​គ្នា​នៅ​ចំពោះ​មុខ​ច្បាប់ និង​ត្រូវ​ជំនុំ​ជម្រះ​ដោយ​មាន​វត្ត​របស់​ខ្លួន ដែល​ជា​ជន​ជាប់​ចោទ។

ប្រទេស​កម្ពុជា​បាន​ចុះ​ហត្ថលេខា និង​ព្រម​ទទួល​ស្គាល់ និង​អនុវត្ត​តាម​កតិកាសញ្ញា​អន្តរជាតិ​ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ​នេះ។

មន្ត្រី​ឃ្លាំមើល​សិទ្ធិមនុស្ស​ចាត់​ទុក​ការ​ចេញ​ដីកា​កោះ​ហៅ​ជន​ជាប់​ចោទ​ឲ្យ​ចូល​ខ្លួន ប៉ុន្តែ​មិន​អនុញ្ញាត​ឲ្យ​ជន​នោះ​មាន​វត្តមាន​នៅ​តុលាការ គឺ​ជា​ការ​រំលោភ​សិទ្ធ​ជន​ជាប់​ចោទ​ធ្ងន់ធ្ងរ និង​រំលោភ​បំពាន​គោល​ការណ៍​ជំនុំ​ជម្រះ​ក្ដី​ដោយ​យុត្តិធម៌។

ប្រធាន​សមាគម​អាដហុក លោក នី សុខា ថា រឹត​តែ​ពិសេស​ជាង​នេះ ក្នុង​ករណី​នេះ ជន​ជាប់​ចោទ​ថែម​ទាំង​បាន​បញ្ជាក់​អំពី​ចេតនា ចង់​ចូលរួម​នៅ​ក្នុង​សវនាការ ដែល​អាជ្ញាធរ​រដ្ឋ ត្រូវ​សម្រប​សម្រួល​និង​ផ្តល់​លទ្ធភាព​ឲ្យ​ជន​នោះ​អាច​ចូលរួម​បាន៖ «ធម្មតាយើងដឹងហើយថា សិទ្ធិស្មើគ្នាចំពោះ​មុខច្បាប់ ទាក់ទងទៅនឹងយុត្តិធម៌នៅក្នុងដំណើរការកាត់​សេចក្ដីជា​ទូទៅជន​ជាប់​ចោទត្រូវ​តែមាន​មុខចំពោះ​មុខតុលាការជាប្រយោជន៍ក្នុងការ ដែលគាត់ត្រូវការពារសិទ្ធិរបស់គាត់នៅ​ចំពោះ​មុខតុលាការ។ ប៉ុន្តែ បើ​សិន​ជាគាត់មានឆន្ទៈចង់មកបំពេញ ដើម្បីឆ្លើយចំពោះ​មុខតុលាការ ហើយបែរ​ជាយើងមិនបង្កលក្ខណៈឲ្យគាត់បានមកចូល​រួម ខ្ញុំគិត​ថា ជារឿងមួយដែលរំលោភ ធ្វើ​ឲ្យប៉ះពាល់ទៅ​ដល់សិទ្ធិរបស់គាត់ ដែលហៅ​ថា សិទ្ធិស្មើភាពចំពោះ​មុខតុលាការ។ ដូច្នេះគាត់បាត់បង់ឱកាសក្នុងការមកតតាំងក្ដី នៅ​ចំពោះ​មុខតុលាការ ជា​ពិសេសគឺ នៅ​ចំពោះ​មុខអង្គជំនុំជម្រះ។ ប្រការនេះ វាប៉ះពាល់ដល់សេរីភាព និងយុត្តិធម៌សម្រាប់គាត់ធំណាស់។ វាខ្លាំងណាស់

មន្ត្រី​ឃ្លាំមើល​សិទ្ធិមនុស្ស​ធ្លាប់​ស្នើ​ជារឿយៗ ឲ្យ​កម្ពុជា​កែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌​របស់​ខ្លួន ដោយ​ផ្ដើម​ពី​ការ​ពង្រឹង​ភាព​ឯករាជ្យ យុត្តិធម៌ និង​ត្រឹមត្រូវ​របស់​ស្ថាប័ន​តុលាការ​នេះ។ បើ​មិន​ដូច្នេះ​ទេ អំពើ​អយុត្តិធម៌​សង្គម នៅ​តែ​បន្ត​កើតមាន ជា​ពិសេស ចំពោះ​សកម្មជន ដែល​ហ៊ាន​រិះគន់​លើ​បញ្ហា​សង្គម​បរិស្ថាន​ធនធានធម្មជាតិ និង​ទង្វើ​មិន​ត្រឹមត្រូវ​របស់​រដ្ឋាភិបាល៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

One Response to "ស្ថាបនិក​អង្គការ​មាតា​ធម្មជាតិ ​លោក អាឡិច ថ្លែង​ថា កម្ពុជា​រំលោភច្បាប់​ជាតិ និង​អន្តរជាតិ រឿង​តុលាការ​គ្រោង​កាត់​ក្ដី​លោក​ដោយកំបាំង​មុខ"

  1. Anonymous says:

    I do not want to say just to that HUN SEN’s court every thing in Cambodia was under Vietcong’s CPP control . Communist People Party leaded by HUN SEN the evil monster killer in this century of the world . we Cambodian knew HUN SEN was so dump every low education but every action that he did was came from his Vietcong’s spy. HUN SEN the ugly evil monster was also a genocide leader of this century . we Cambodian knew this evil used the money from our treasury of our ancestor to buy his right hand killer working for him inside the country and also out side the country . in another hand that evil HUN SEN using his court again ALEC witch was the foreigner who love this poor country . ALEC is a environmentalist protect natural forest in Cambodia so sad HUN SEN did not like him because he was not free from logging and made money for his communist party. I knew one day this evil will run out of luck hopefully soo this year

Leave a Reply

Submit Comment