សាច់ញាតិ​អ្នក​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ខេត្តសៀមរាបបារម្ភ​ពី​ការ​ឆ្លង​រីករាលដាល​ជំងឺ​កូវីដ-១៩ ខណៈ​អាជ្ញាធរ​រក​ឃើញ​អ្នក​ទោស​ស្ត្រី​កើត​ជំងឺ​កូវីដ​ជិត​៣០​នាក់

ដោយ ម៉ៅ សុធានី
2021-07-14
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

សាច់ញាតិ​អ្នក​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ខេត្តសៀមរាបបារម្ភ​ពី​ការ​ឆ្លង​រីករាលដាល​ជំងឺ​កូវីដ-១៩ ខណៈ​អាជ្ញាធរ​រក​ឃើញ​អ្នក​ទោស​ស្ត្រី​កើត​ជំងឺ​កូវីដ​ជិត​៣០​នាក់

យុវជន គា សុគន្ធ តារាចម្រៀងរែបនៅខេត្តសៀមរាប ដែលត្រូវបានតុលាការខេត្តសៀមរាបកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ១៨ ខែ​​ពីបទ​​ញុះញង់​ឲ្យ​ប្រព្រឹត្តបទឧក្រិដ្ឋ​ជាអាទិ៍ កាល​ពីចុងខែធ្នូ ឆ្នាំ២០២០។ រូប៖ គេ​ផ្ដល់​ឱ្យ


សាច់ញាតិ​អ្នក​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ខេត្តសៀមរាប បារម្ភ​ពី​ការ​ឆ្លង​រីករាលដាល​ជំងឺ​កូវីដ-១៩ ខណៈ​អាជ្ញាធរ​រក​ឃើញ​អ្នក​ទោស​ស្ត្រី​ជិត​៣០​នាក់ កើត​ជំងឺ​កូវីដ-១៩នេះ ​ក្នុង​ពន្ធនាគារ។

ឪពុក​របស់​ម្ចាស់​ចម្រៀង​រ៉ែប​រិះគន់​បញ្ហា​សង្គមយុវជន គា សុគន្ធ ដែល​កំពុង​ជាប់​ឃុំ គឺ​លោក ផល គា ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​យប់​ថ្ងៃ​ទី១៤ ខែកក្កដា ថា លោក​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​នៅ​ពេល​បាន​ដឹង​ព័ត៌មាន​ថា អ្នកទោស​ផ្នែក​ស្ត្រី​ឆ្លង​ជំងឺ​នេះ​ក្នុង​ពន្ធនាគារ​ខេត្តសៀមរាប។ លោក​​ព្រួយ​ខ្លាច​ជំងឺ​នេះ ឆ្លង​រាលដាល​ពេញ​ពន្ធនាគារ​ផ្នែក​បុរស​ទៀត។ លោក​ស្នើ ឲ្យ​ថ្នាក់ដឹកនាំ​នាយកដ្ឋាន​ពន្ធនាគារ និង​រដ្ឋាភិបាល​បន្ធូរបន្ថយ​ដោះលែង​អ្នកទោស​ដែល​បាន​អនុវត្ត​ទោស​ជិត​ចប់ និង​អ្នក​ទោស​ស្រាល ដើម្បី​កាត់​បន្ថយ​ភាព​ចង្អៀតណែន​និង​ទប់ស្កាត់​ការ​ឆ្លង​រាលដាល៖ «ខ្ញុំ​ព្រួយ​បារម្ភ​ណាស់ ស្ដាប់​លឺ​ព័ត៌មាន​មិញ​ដែរ ខ្ញុំ​អត់​ដឹង​សោះ ភ្ញាក់​ឲ្យ​ព្រឺតខ្ញុំ​សម្រាន្ត​មិន​លក់​ ខ្ញុំ​គិត​ផង​អី​ផង ខ្ញុំ​ស្អែក​ទៅ​អើត​មើល​កូន ខ្ញុំ​អើតៗ​ទៅ​សួរ​នាំ​តាម​រយៈ​ប៉ូលិស​មិន​បាន​ជួប​កូន​ទេ។ សូម​ឲ្យ​គាត់​ជួយ​បន្ធូរបន្ថយ​ដោះលែង​ឲ្យ​បាន​ឆាប់។ ចេះ​តែ​ព្រួយ​បារម្ភ​ដែរ ភ័យ​ខ្លាច​ព្រោះ​រីករាលដាល​ដល់​ពន្ធនាគារ ​ពី​មុន​ខ្ញុំ​នឹក​ថា​ មិន​ដល់ ឥឡូវ​ដល់​ខ្ញុំ​ព្រួយបារម្ភ​ច្រើន​ណាស់ សូម​ដោះលែង​វិញ​មក»។

ការ​លើក​ឡើង​នេះ បន្ទាប់​រដ្ឋបាល​ខេត្តសៀមរាបប្រកាស​ថា មាន​អ្នក​ជាប់​ឃុំ ​២៦ នាក់​ នៅ​ពន្ធនាគារ​ខេត្តសៀមរាប បានឆ្លងជំងឺកូវីដ-១៩ កាលពី​ថ្ងៃទី១៣ ខែកក្កដា។ អ្នកទោស​ដែល​ឆ្លង​ទាំងនេះ​សុទ្ធ​តែ​ជា​ស្ត្រី ដោយ​ក្នុងនោះ​មាន​ជនជាតិ​ខ្មែរ ២៣នាក់ ថៃ​ម្នាក់ ឥណ្ឌូណេស៊ី (Indonesia) ​ម្នាក់ និង​ជនជាតិ​វេណេស៊ុយអេឡា​ (Venezuela) ម្នាក់។

កាល​ពី​ថ្ងៃ​ទី៧ ខែកក្កដា កន្លង​ទៅ ក៏មានមន្ត្រី និង​អ្នក​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ខេត្តសៀមរាប​នេះ ១៩​នាក់​ដែរ បាន​ឆ្លង​កូវីដ រាប់​ទាំង​ប្រធាន​ពន្ធនាគារ​ខេត្ត លោក ភាន ឆវ័ន្ត ផង។

ក្រៅ​ពី​ពន្ធនាគារ​ខេត្តសៀមរាប ជំងឺ​កូវីដ-១៩ បាន​ឆ្លង​ចូល​ដល់​ពន្ធនាគារ​ប្រមាណ១០​កន្លែង ដែល​មាន​អ្នក​ជាប់​ឃុំ និង​មន្ត្រី​អនុរក្ស​ពន្ធនាគារ​ឆ្លង​ជំងឺ​រលាក​សួត​ប្រភេទ​ថ្មី​នេះ។ ក្នុងនោះ​រួមមាន​ពន្ធនាគារ​នៅ​ភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ កំពង់ឆ្នាំង ស្វាយរៀង ព្រះសីហនុ បន្ទាយមានជ័យ និង​ខេត្តប៉ៃលិន ជាដើម។​ ប៉ុន្តែ​យ៉ាង​ណា មន្ត្រី​គ្រប់គ្រង​ពន្ធនាគារ​មិន​ដែល​បាន​បញ្ជាក់​ប្រាប់​តួលេខ​ជាក់លាក់​ពី​ចំនួន​អ្នក​ជាប់​ឃុំ​ដែល​ឆ្លង​ជំងឺ​នេះ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment