ជនជាតិ​វៀតណាម​រើ​ផ្ទះ​បណ្តែត​ទឹក​ទៅ​ប្រទេស​ខ្លួន​វិញ ទើរ​នៅ​ច្រក​ព្រំដែន​ទឹក​ក្នុង​ខេត្ត​កណ្តាល

ដោយ ខែ សុណង
2021-07-16
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ជនជាតិ​វៀតណាម​រើ​ផ្ទះ​បណ្តែត​ទឹក​ទៅ​ប្រទេស​ខ្លួន​វិញ ទើរ​នៅ​ច្រក​ព្រំដែន​ទឹក​ក្នុង​ខេត្ត​កណ្តាល

ទូក​វៀតណាម​ដាក់​កាត់​ទន្លេ​រារាំងផ្ទះបណ្ដែកទឺក​របស់ជនជាតិ​វៀតណាម​ វិល​ទៅ​ស្រុក។ រូប​ភាព​​កាល​ពី​ខែ​មិថុនា ឆ្នាំ​២០២០។ Photo courtesy


ដំណោះស្រាយចំពោះអាជ្ញាធរវៀតណាម ដែលមិនទទួលយកពលរដ្ឋខ្លួនចូលស្រុកវិញ


អង្គការ​ការពារ​សិទ្ធិ​ជនជាតិភាគតិច​ឱ្យដឹង​ថា ជនជាតិ​វៀតណាម​បាន​បណ្តែត​ផ្ទះទឹក​ខ្នាត​ធំ​ដែល​មាន​បែ​ចិញ្ចឹម​ត្រី​ផ្អឹប​ជាប់​ខាងក្រោម​ប្រមាណ ១​រយ​ខ្នង ចេញពី​តំបន់​ទន្លេសាប ក្នុង​ខេត្ត​កំពង់ឆ្នាំង ឆ្ពោះ​ទៅ​កាន់​ប្រទេស​វៀតណាម​ជា​បន្តបន្ទាប់​រយៈពេល ៤​សប្តាហ៍​មក​ហើយ ប៉ុន្តែ​អាជ្ញាធរ​វៀតណាម មិន​អនុញ្ញាត​ឱ្យ​ចូល​ប្រទេស​វៀតណាម​វិញ​ទេ ។ ពលរដ្ឋ​វៀតណាម​ឱ្យដឹង​ថា អាជ្ញាធរ​វៀតណាម​បាន​ប្រាប់​ពួកគាត់​ថា រដ្ឋាភិបាល​វៀតណាម​ជំរុញ​ឱ្យ​អ្នក​រស់នៅ​លើ​ជម្រក​បណ្តែត​ទឹក​ទាំងអស់ ត្រូវ​វិលត្រឡប់​ទៅ​រស់​នៅ​លើ​ផ្ទៃ​ទន្លេសាប​វិញ។

មន្ត្រី​អង្គការ ការពារ​សិទ្ធិ​ជនជាតិភាគតិច ឱ្យ​ដឹង​នៅ​ថ្ងៃទី​១៦ កក្កដា ថា ជម្រក​បណ្តែត​ទឹកធំៗ​ប្រមាណ ១​រយ​ខ្នង (១០០) ទាំងនោះ ត្រូវ​បាន​ជនជាតិ​វៀតណាម​សណ្ដោង រំកិល​ចេញពី​ផ្ទៃ​ទន្លេសាប នៅ​ចំណុច​ចុងកោះ ឬ​ហៅថា តំបន់​ចុងពាម ដែល​ជា​ចំណុចប្រសព្វ​គ្នា​រវៀង​ស្រុក​រលាប្អៀរ និង​ក្រុង​កំពង់ឆ្នាំង​។ បច្ចុប្បន្ន តំបន់​នោះ មាន​បែ​ចិញ្ចឹម​ត្រី នៅសល់​ប្រមាណ ១៥០ បែ​ដែល​ពុំ​ទាន់​រុះរើ និង​មាន​បែ​ខ្លះ ម្ចាស់​របស់​គេ​បាន​រុះរើ​ដំបូល ដោយ​ប្រក់​តង់​កៅស៊ូ​ជំនួស រង់ចាំ​ត្រី​ធំធាត់​សិន ទើប​រុះ​រើចេញ​ទាំងស្រុង ស្របតាម​សេចក្តី​ជូនដំណឹង​របស់​អាជ្ញាធរ​ខេត្ត។អ្នកសម្របសម្រួល​នៃ​អង្គការ ការពារ​សិទ្ធិ​ជនជាតិភាគតិច​ខេត្តកំពង់ឆ្នាំង លោក ទត គឹកស្រូ​យ សង្កេត​ឃើញ​ថា ពលរដ្ឋ​វៀតណាម​ភាគច្រើន មិនអាច​សម្រប​ខ្លួន​ទៅ​រស់នៅ​លើគោក​បានទេ ព្រោះ​ពួកគាត់ មាន​ទម្លាប់​រស់នៅ​លើទឹក ប្រកប​របរ​នេសាទ និង​ចិញ្ចឹម​ត្រី​។ លោក​ថា បែ​ចិញ្ចឹម​ត្រី​ធំៗ ដែល​សណ្ដោង​ទៅ​កាន់​ប្រទេស​វៀតណាម ពលរដ្ឋ​វៀតណាម​បាន​ចំណាយ​ប្រាក់​យ៉ាងច្រើន​សាងសង់ ដោយ​ផ្ទះ​នីមួយៗ​មាន​តម្លៃ​ចាប់ពី ១​ម៉ឺន ៥​ពាន់​ដុល្លារ ដល់​ជាង ២​ម៉ឺន​ដុល្លារ​អាមេរិក ហេតុនេះ​ទើប​ពួកគាត់​មិន​រុះរើ ដោយ​បង្ខំចិត្ត​បន្លាស់​ទី​វិលត្រឡប់​ទៅ​ប្រទេស​វៀតណាម​វិញ​។ លោក​អះអាង​ថា ពលរដ្ឋ​វៀតណាម​ទាំងនោះ កំពុង​ជាប់​គាំង នៅ​តំបន់​ព្រំដែន តាម​ដង​ទន្លេបាសាក់ ក្នុង​ខេត្ត​កណ្តាល​ជាច្រើន​ថ្ងៃ​មក​ហើយ ដោយសារ​អាជ្ញាធរ​វៀតណាម​មិន​អនុញ្ញាត​ឱ្យ​ចូល​ប្រទេស​វៀតណាម​៖ «ពួកគាត់​មានការ​ស្រាយ​ស្រណោះ​ទ្រព្យសម្បត្តិ​ពួកគាត់​ច្រើន​ដែរ ម្យ៉ាងទៀត ពួកគាត់​ក៏​មិន​ពេញចិត្ត ក្នុង​ការ​រស់នៅ លើគោក​ដែរ​។ ផ្ទះ​ហ្នឹង​មានផ្ទះ​ខ្លះ ជាង ២​ម៉ឺន​ដុល្លារ ទាំង​បែ​ត្រី ហើយ​រស់​នៅ​លើ​ហ្នឹង ម្យ៉ាងទៀត ជា​ទម្លាប់ គាត់​អត់​ចង់​រស់នៅ​លើគោក​ទេ»។

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ បន្ថែម​ថា ពលរដ្ឋ​វៀតណាម​នៅតែ​ស្តាយស្រណោះ ផ្ទះ​ធំៗ បណ្តែត​ទឹក ដែល​អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង​ជូនដំណឹង​ឱ្យ​រុះរើ និង​បន្លាស់​ទី ទៅ​រស់នៅ​លើគោក​វិញ​។ លោក​ថា ពលរដ្ឋ​វៀតណាម​ខ្លះ មិន​ពេញចិត្ត​រស់នៅ​លើគោក​នោះ​ទេ ហើយ ពលរដ្ឋ​វៀតណាម​ខ្លះទៀត លក់​ទូក​ម៉ាស៊ីន និង​ផ្ទះ​បណ្តែត​ទឹក រួច​វិល ត្រឡប់​ទៅ​ប្រទេស​វៀតណាម​វិញ។

ជនជាតិ​វៀតណាម​ម្នាក់ ដែល​បន្លាស់​ទី​ពី​ទន្លេសាប មក​រស់នៅ​លើគោក ក្នុង​ខេត្ត​កំពង់ឆ្នាំង គឺ​លោក យ៉ យ៉ាំងឌុង ប្រាប់​អាស៊ីសេរី​ថា ជម្រក​បណ្តែត​ទឹក​១០០​ខ្នង កំពុង​កឿង​នៅ​ខេត្តកណ្តាល ដោយសារ​អាជ្ញាធរ​វៀតណា​ម រារាំង​ជិត ១​ខែ​មក​ហើយ ដោយ​លើក​ហេតុផល​ថា ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩ ។ លោក​ថា អាជ្ញាធរ​វៀតណាម បាន​ផ្តល់​ស្បៀងអាហារ និង​អង្ករ​មួយចំនួន ដល់​ពលរដ្ឋ​វៀតណាម​ដែល​កំពុង​កកស្ទះ​នោះ​។ លោក​បន្ថែម​ថា អាជ្ញាធរ​វៀតណាម កំពុង​រក​មធ្យោបាយ អន្តរាគមន៍​ឱ្យ​អាជ្ញាធរ​កម្ពុជា អនុញ្ញាត​ឱ្យ​ពលរដ្ឋ​វៀតណាម បញ្ជូន​ផ្ទះ​បណ្តែត​ទឹក​ទាំងនោះ ឱ្យ​វិលត្រឡប់​មក​លើ​ផ្ទៃ​ទន្លេសាប ក្នុង​ខេត្ត​កំពង់ឆ្នាំង​វិញ​៖ «​នៅ​ទល់ដែន​គេ​ដោះស្រាយ គេ​អត់​ឱ្យ​ចូល​ច្រាំង​ទេ ព្រោះ​គេ​ខ្លាច​ឆ្លង​ជំងឺ​។ ខាង​វៀតណាម និង​ខ្មែរ​យើង កំពុង​ពិភាក្សា​គ្នា​ឱ្យ​យក​អ្នក​ទៅ ឱ្យ​វិល​ត្រឡប់មកវិញ ពីព្រោះ​ប្រជាជន​នៅ​ខាង​វៀតណាម​យើង​។ បើ​នៅ​កំពង់ឆ្នាំង គេ​ឱ្យមក​កំពង់ឆ្នាំង បើ​នៅ​កំពង់​លួង គេ​ឱ្យ​នៅ​កំពង់​លួង»។

ជុំវិញ​រឿ នេះ ប្រធាន​ការិយាល័យ​កិច្ចការបរទេស នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត កំពង់ឆ្នាំង លោក ប៉ាន់ ឡៃឈៀង បដិសេធ​ការអធិប្បាយ​ដោយ​លោក​រុញ​ឱ្យទៅ​សួរ​អភិបាលខេត្ត​វិញ។

អាស៊ីសេរី​មិន​ទាន់​អាច​ទាក់ទង អភិបាលខេត្ត​កំពង់ឆ្នាំង​ដែល​ទើប​ឡើង​កាន់​ដំណែង គឺ​លោក ស៊ុន សុវណ្ណារិទ្ធ ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ បាន​ទេ នៅ​ថ្ងៃទី ១៦ កក្កដា​។ ចំណែក ប្រធាន​សមាគម​វៀតណាម លោក ស៊ឹម ជី អាស៊ីសេរី​ក៏​មិនអាច​សុំ​ការ​ឆ្លើយ​តប​បាន​ដែរ ដោយ​ទូរ​សព្ទ​ហៅ​ចូល​ជាច្រើន​ដង តែ​ពុំ​មាន​អ្នកទទួល។

កាលពី​ឆ្នាំ​២០១៨ រដ្ឋាភិបាល​បាន​ធ្វើ​អនុ​ប​យោគ​កាត់​ដីព្រៃ​លិច​ទឹក​ទំហំ​៤០​ហិកតារ​ក្នុងភូមិ​ដំបូក​កកោះ ឃុំ​ស្វាយ​ជ្រុំ ស្រុក​រលាប្អៀរ ដើម្បី​រៀបចំ​ដី​សម្បទាន​សង្គមកិច្ច​ជូន​ប្រជាពលរដ្ឋ​ឱ្យ​បន្លាស់​ទី​ពី​ផ្ទះ​បណ្ដែត​ទឹក​ជាង​២​ពាន់​(២.០០០)​គ្រួសារ​ក្នុង​នោះ​ភាគច្រើន​ជា​ជនជាតិ​វៀតណាម​។ មក​ទល់​ពេល​នេះ អ្នក​ដែល​ទៅ​តាំងទី​លំនៅ​លើដី ៤០ ហិកតារ មាន​ជិត ២​រយ​គ្រួសារ​។ អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង​ធ្លាប់​អះអាង​ថា ដី​៤០​ហិកតារ​នោះ ជា​ដី​ជួល មិនមែន​ចែក​ឱ្យ​នោះ​ទេ​។ ប៉ុន្តែ​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​រកឃើញ​ថា ក្រុម​ពលរដ្ឋ​វៀតណាម​ជិត ២​រយ​គ្រួសារ​ដែល​កំពុង​រស់នៅ​លើ​ដី​នោះ ត្រូវ​បង់លុយ​ឱ្យ​អាជ្ញាធរ​ខ្មែរ​ក្នុង​មួយ​ខែ ១០​ម៉ឺន​រៀល ហើយ​រយៈពេល ៣ ឆ្នាំ ក្រោយ ពួកគេ​នឹង​ក្លាយជា​ម្ចាស់​កម្មសិទ្ធិ​ស្របច្បាប់ ក្នុង​ទំហំ​ដីឡូត៍ ៤ ម៉ែត្រ ២​តឹក បណ្តោយ ២០ ម៉ែត្រ ក្នុង​មួយ​គ្រួសារ។

មន្ត្រី​សង្គម​ស៊ីវិល​មើលឃើញ​ថា មក​ទល់​ពេល​នេះ មាន​ជនជាតិ​វៀតណាម​ជាង ៤​រយ (៤០០)​គ្រួសារ​ប៉ុណ្ណោះ បាន​ឯកភាព​រុះរើ​ផ្ទះ​បណ្តែត​ទឹក តាម​ការណែនាំ​របស់​អាជ្ញាធរ និង​មាន​ពលរដ្ឋ​វៀតណាម​ប្រមាណ ១​រយ (១០០) គ្រួសារ​ទៀត បាន​សណ្ដោង​ផ្ទះ​បណ្តែត​ទឹក ទៅកាន់​ប្រទេស​វៀតណាម​វិញ។

អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង ធ្លាប់​ប្រាប់​អាស៊ីសេរី​ថា ក្នុង​ខេត្ត​កំពង់ឆ្នាំង មានផ្ទះ​បណ្ដែត​ទឹក​ជិត ៤​ពាន់​គ្រួសារ ក្នុង​នោះ​ភាគច្រើន​ជា​ជនជាតិ​វៀតណាម​។ បច្ចុប្បន្ន នៅ​ខេត្តកំពង់ឆ្នាំង មាន​ជនជាតិ​វៀតណាម​រស់នៅ​ជាង​១​ម៉ឺន​នាក់ (១០.០៨៧) ហើយ​កន្លែង​ដែល​ជនជាតិ​វៀតណាម​រស់នៅ​ច្រើន​ជាងគេ គឺ​នៅ​ផ្សារ​ក្រោម សង្កាត់​កំពង់ឆ្នាំង សង្កាត់​ផ្សារឆ្នាំង សង្កាត់​ខ្សាម តំបន់​ឆ្នុកទ្រូ ស្ថិត​ក្នុង​ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូណ៌ ហើយ​ក្រៅពីនោះ​នៅ​ស្រុក​កំពង់ត្រឡាច និង​តំបន់​ផ្សេងៗ​ទៀត។

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក (Adhoc) ខេត្ត​កំពង់ឆ្នាំង លោក សំ ច័ន្ទគា មើល​ឃើញ​ថា អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង បាន​ប្រឹងប្រែង​ដោះស្រាយ​បញ្ហា​នេះ ហើយ​ទទួល​បាន​លទ្ធផល​ជា​វិជ្ជមាន​ខ្លះ​ហើយ ប៉ុន្តែ​ការ​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍​នៅតែ​ធូររលុង និង​ពុំ​មាន​ភាព​ច្បាស់លាស់​នៅឡើយ​ទេ​។ លោក​ថា ជនជាតិ​វៀតណាម ដែល​មក​រស់នៅ​តំបន់​បឹង​ទន្លេសាប និង​ដីគោក បាន​កើនឡើង​ពី​មួយ​ឆ្នាំទៅ​មួយឆ្នាំ ហើយ​ការអនុវត្ត​ច្បាប់​អន្តោប្រវេសន៍​នៅតែ​មាន​តិចតួច​បំផុត​៖ «និយាយ​ចំ​រដ្ឋាភិបាល​គួរ​ចេញ​ជា​គោលការណ៍​រួម​មួយ ស្នើ​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន​អនុវត្ត​តាម​ហ្នឹង បើ​មិន​ដូច្នោះ​ទេ ខេត្ត​នេះ​ឱ្យ​ជម្លៀស​ទៅ​នោះ អ្នកនេះ​អនុញ្ញាត​ឱ្យ​ឡើង​ត្រឹមនោះ វា​អត់​ស្មើភាព​គ្នា​ទេ វា​អត់​ត្រឹមត្រូវ​ទេ»។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ចាត់ទុក ការ​បន្លាស់​ទី​ជនជាតិ​វៀតណាម តាមរយៈ​កាត់​ឆ្វៀល​ដី​ទំហំ ៤០ ហិកតារ គឺជា​ចំណុច​ល្អ ដើម្បី​ស្ដារ​បរិស្ថាន​ទន្លេសាប កាត់បន្ថយ​ការ​បន្ទ​រ​បង់​ចូល​ទន្លេ កាត់បន្ថយ​ការ​ចោល​សំរាម និង​ការ​នេសាទ​ត្រី​ខុសច្បាប់​ជាដើម​។ ក៏ប៉ុន្តែ​ពួកគេ​ថា ដី ៤០ ហិកតារ​នោះ មិនគួរ​ផ្តល់​ជា​កម្មសិទ្ធិ​ស្របច្បាប់​ដល់​ជនជាតិ​វៀតណាម​នោះ​ទេ ព្រោះ​អាច​នឹង​ប៉ះពាល់​ដល់​អធិបតេយ្យភាព​ជាតិ នៅ​ថ្ងៃ​អនាគត​។ រីឯ​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេ​ស​បុក និង​គណបក្ស​ប្រឆាំង បាន​បង្ហោះ​សារ​រិះគន់​អាជ្ញាធរ​ថា មិន​គួរ​ផ្តល់​ដី​សម្បទាន​សង្គមកិច្ច​ឱ្យ​ជនជាតិ​វៀតណាម ៤០ ហិកតារ នោះ​ទេ ប៉ុន្តែ​គួរតែ​បណ្តេញ​ពួកគាត់​ឱ្យ​ត្រឡប់ ទៅ​ប្រទេស​វៀតណាម​វិញ​។

ទាក់ទង​នឹង​ក្រុម​ជនជាតិ​វៀតណាម​ដែល​ផ្លាស់​ទី​ទៅ​ប្រទេស​វៀតណាម​នោះ​វិញ អភិបាលខេត្ត​កណ្តាល លោក គង់ សោភ​ណ្ឌ ឱ្យដឹង​ថា បច្ចុប្បន្ន​ផ្ទះ​បណ្តែត​ទឹក​របស់​ពួកគេ កំពុង​ចត​លើ​ផ្ទៃ​ទឹកទន្លេ​ក្បែរ​តំបន់​ព្រំដែន​ក្នុង​ខេត្តកណ្តាល ហើយ​អាជ្ញាធរ​បានការ​ពារ​សុវត្ថិភាព និង​ជំរុញ​ឱ្យ​ពួកគាត់​ចាក់​វ៉ាក់សាំង ការពារ​ជំងឺ​កូ​វីដ​១៩​។ លោក​បញ្ជាក់​ថា មាន​ពលរដ្ឋ​វៀតណាម​ប្រមាណ​១​រយ​នាក់ ដែល​កំពុង​ជាប់​គាំង​នៅ​នោះ៕

What Next?

Recent Articles

Leave a Reply

Submit Comment