សាច់ញាតិ​អ្នក​ជាប់ឃុំ​នៅ​ពន្ធនាគារ​ខេត្តសៀមរាប បារម្ភ​ពី​ការ​ឆ្លង​រីក​រាលដាល​ជំងឺ​កូវីដ-១៩

ដោយ សន ចាន់រដ្ឋា
2021-07-17
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

សាច់ញាតិ​អ្នក​ជាប់ឃុំ​នៅ​ពន្ធនាគារ​ខេត្តសៀមរាប បារម្ភ​ពី​ការ​ឆ្លង​រីក​រាលដាល​ជំងឺ​កូវីដ-១៩

អ្នកចម្រៀង​រែប​រិះគន់​បញ្ហា​សង្គម យុវជន គា សុគន្ធ។ Photo courtesy of ABA


សាច់ញាតិ​អ្នក​ជាប់ឃុំ​នៅ​ពន្ធនាគារ​ខេត្តសៀមរាប បារម្ភ​ពី​ការ​ឆ្លង​រីក​រាលដាល​ជំងឺ​កូវីដ​-១៩ ខណៈ​អាជ្ញាធរ​រក​ឃើញ​ជា​បន្តបន្ទាប់​ចំនួន​អ្នក​ឆ្លង​ជំងឺ​នេះ​ក្នុង​ពន្ធនាគារ​ខេត្ត​នេះ។ មន្ត្រី​សង្គម​ស៊ីវិល​យល់​ថា មន្ត្រី​ពន្ធនាគារ​គួរ​យកចិត្តទុកដាក់​ពី​សុខភាព​អ្នក​ជាប់​អំឡុង​ពេល​ផ្ទុះ​រាលដាល​ជំងឺ​កូវីដ-១៩ ចំណែក​តុលាការ និង​ស្ថាប័ន​ពាក់ព័ន្ធ​គួរ​ពន្លឿន​នីតិវិធី​ដោះលែង​អ្នកជា​ជាប់ឃុំ​ទោស​ស្រាលៗ និង​អ្នក​ជាប់ឃុំ​ជា​បណ្ដោះអាសន្ន។

បញ្ហា​ចង្អៀត​ណែន​នៅក្នុង​ពន្ធនាគារ​កំពុង​គំរាមកំហែង​ដល់​សុខភាព​អ្នក​ជាប់ឃុំ​អំឡុង​ពេល​ឆ្លង​រាតត្បាត​ជំងឺ​កូវីដ-១៩ នៅក្នុង​ពន្ធនាគារ​ខេត្តសៀមរាប​។ គ្រួសារ​អ្នក​ជាប់ឃុំ​ទទូច​ឱ្យ​មន្ត្រី​ពន្ធនាគារ​អនុញ្ញាត​អ្នក​ជាប់ឃុំ​អាច​ហៅ​ទូរស័ព្ទ មក​គ្រួ​សារ​បាន ព្រោះ​ពេល​នេះ​ពួកគាត់​កំពុង​ខ្វាយ​ខ្វល់​ពី​សុខទុក្ខ​គ្នា​ជា​ខ្លាំង។

ឪពុក​របស់​អ្នកចម្រៀង​រែប​រិះគន់​បញ្ហា​សង្គម យុវជន គា សុគន្ធ គឺ​លោក ផល គា ប្រាប់​ថា រយៈពេល​៥​ខែ​មកហើយ​ដែល​លោក​ពុំបាន​ជួប​មុខ​និង​សួរ​ទុក្ខ​កូនប្រុស​ដែល​កំពុង​ជាប់ឃុំ​នៅក្នុង​ពន្ធនាគារ​ខេត្តសៀមរាប​។ លោក​បន្ត​ថា មន្ត្រី​ពន្ធនាគារ​បាន​ប្រាប់​ថា កូន​របស់​លោក​មិន​មាន​បញ្ហា​សុខភាព​នោះ​ទេ ប៉ុន្តែ​លោក​នៅតែ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ពី​ស្ថានភាព​កូន​បន្ទាប់ពី​បានដឹង​ព័ត៌មាន​ថា អ្នក​ជាប់ឃុំ​មួយចំនួន​នៅក្នុង​ពន្ធនាគារ​ខេត្ត​ផ្នែក​បុរស​បាន​ឆ្លង​ជំងឺ​កូវីដ-១៩។ លោក​ស្នើ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ដោះលែង​កូន​របស់​លោក​ដែល​បាន​អនុវត្ត​ទោស​ជិត​ចប់ ដើម្បី​កាត់បន្ថយ​ភាព​ចង្អៀត​ណែន​និង​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កាច​សាហាវ​នេះ៖ «នឹក​កូន​សឹង​អី​ហើយ​តែ​មិនដឹង​ធ្វើ​យ៉ាង​មិច​ចេះតែ​នឹង ចេះតែ​សំណូមពរ​ជារឿយៗ​រហូត​មក​សូម​ឱ្យ​អាជ្ញាធរ​ជួយ​ដោះលែង​ឱ្យ​បាន​ឆាប់​កាន់តែ​អរ​ព្រោះ​វា​ចូល​តិច​ខែ​ទៅ​ហើយ​បើ​អាច​ដោះលែង​មុន​ខ្ញុំ​ក៏​សប្បាយចិត្ត​ដែរ»។

ការ​លើក​ឡើង​នេះ បន្ទាប់​ពី​រដ្ឋបាល​ខេត្ត​សៀមរាប ប្រកាស​រក​ឃើញ​អ្នក​ជាប់ឃុំ​នៅ​ពន្ធនាគារ​ខេត្ត​សៀមរាប​ផ្នែក​ស្ត្រី​២៦​នាក់​បាន​ឆ្លង​ជំងឺ​កូវីដ-១៩ នៅ​ថ្ងៃទី​១៣ កក្កដា ដោយ​ក្នុង​នោះ​មាន​ជនជាតិ​ខ្មែរ ២៣​នាក់ និង​ជនបរទេស ៣​នាក់ ។ ចំណែក​ផ្នែក​បុរស​វិញ មាន​អ្នក​ជាប់ឃុំ​៥​នាក់​ទៀត​ក៏បាន​ឆ្លង​ជំងឺ​កូវីដ-១៩ នៅ​ថ្ងៃទី​១៥ កក្កដា ដែរ។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​សុំ​ការ​បកស្រាយ​ជុំវិញ​រឿង​នេះ​ពី​អភិបាល​ខេត្ត​សៀមរាប លោក ទៀ សីហា និង​លោក ភាន ឆវ័ន្ន ប្រធាន​ពន្ធនាគារ​ខេត្ត​សៀមរាប បាន​ទេ នៅ​ថ្ងៃ​ទី​១៧ កក្កដា ដោយ​ទូរស័ព្ទ​ចូល តែ​ពុំ​មាន​អ្នក​ទទួល។

ប៉ុន្តែ​អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ក្រសួង​មហាផ្ទៃ លោក នុត សាវនា លើកឡើង​ថា មូលហេតុ​ដែល​អ្នក​ជាប់​ឃុំ​ឆ្លង​ជំងឺ​កូវីដ-១៩ នៅ​ក្នុង​ពន្ធនាគារ​ខេត្ត​សៀមរាប គឺ​ដោយសារ​មន្ត្រី​សុខាភិបាល​មាន​ទំនាក់ទំនង​ជាមួយ​អ្នក​ជាប់ឃុំ​អំឡុង​ពេល​ពិនិត្យ និង​ពិគ្រោះ​ជំងឺ​។ លោក​ថា ខាង​ពន្ធនាគារ​ក៏បាន​តេស្ត​រក​មេរោគ​កូ​វីដ​-១៩ និង​ញែក​អ្នក​ជាប់ឃុំ​ដាក់​តាម​អគារ​ដែល​បាន​ត្រៀម​ទុក​ភ្លាមៗ​។ លោក​បញ្ជាក់​ថា ខាង​ពន្ធនាគារ​បាន​រៀបចំ​អ្ន​ក​ជំងឺ​កូ​វីដ​១៩​ស្រាលៗ​ដោយ​ដាក់​ឱ្យ​សម្រាក​ព្យាបាល​នៅក្នុង​ពន្ធនាគារ និង​អ្នក​ជំងឺ​ធ្ងន់ធ្ងរ​បញ្ជូន​ទៅ​មន្ទីរពេទ្យ៖ «បញ្ហា​ប្រឈម​គឺ​ទីមួយ​កត្តា​សុខភាព​ទី​ពីរ​កត្តា​សន្តិសុខ ទោះ​បី​យ៉ាងណា​គឺ​ប្រមូល​កម្លាំង​មន្ត្រី​យើង​ជុំគ្នា​និង​មានការ​អន្តរាគមន៍​ពី​គណៈបញ្ជាការ​ឯកភាព​ខេត្ត បច្ចុប្បន្ន​នេះ​វា​អត់​មាន​បញ្ហា​អី​ទេ ហើយ​សូម្បីតែ​អ្នកជំងឺ​ដែល​កើត​ហើយក៏​គាត់​ព្យាយាម​ធ្វើការ​ព្យាបាល​ពី​យើង​ដែរ យើង​ខិតខំ ថែទាំ​ពួកគាត់​ឱ្យ​បាន​ឆាប់​ជា​អ៊ីចឹង​មាន​ការ​ធ្វើតេស្ត​ជាប្រចាំ​ខាង​សុខាភិបាល​ខេត្ត​គេ​រៀបចំ​កាលវិភាគ​តាម​ហ្នឹង»។

ទោះជា​យ៉ាងណា​សាច់ញាតិ​អ្នក​ជាប់ឃុំ​បារម្ភ​ជា​ខ្លាំង​ពី​ស្ថានភាព​រីក​រាល​ដាល​ជំងឺ​កូវីដ-១៩ នៅក្នុង​ពន្ធនាគារ​នេះ ហើយ​ពួកគេ​ទទូច​ឱ្យ​មន្ត្រី​ពន្ធនាគារ​ជួយ​យកចិត្ត​ទុក​ថែទាំ​សុខភាព​អ្នក​ជាប់ឃុំ និង​ជួយ​ពន្លឿន​រក​វិធី​អនុញ្ញាត​ឱ្យ​ពួកគាត់​អាច​ទំនាក់ទំនង​សួរសុខទុក្ខ​គ្នា​អំឡុង​ពេល​នេះ។

ទាក់ទិន​រឿង​នេះ នាយករង​ទទួលបន្ទុក​ផ្នែក​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត មាន​ប្រសាសន៍​ថា សង្គម​ស៊ីវិល​ព្រួយបារម្ភ​អំពី​ការ​ឆ្លង​រាល​ជំងឺ​កូវីដ​១៩ នៅ​ក្នុង​ពន្ធនាគារ​ជា​បន្តបន្ទាប់​នេះ។ លោក​មើល​ឃើញ​ថា ស្ថានភាព​ពន្ធនាគារ​ទាំងនោះ​មិន​ទាន់​ស្រប​តាម​បទដ្ឋាន​នោះ​ទេ ដែល​ធ្វើ​ឱ្យ​អ្នក​ជាប់ឃុំ​ប្រឈម​ឆ្លង​ជំងឺ​ជាពិសេស​អំឡុង​ពេល​រីក​រាលដាល​ជំងឺ​កូវីដ-១៩។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ បន្ត​ទទូច​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ដោះលែង​អ្នក​ជាប់ឃុំ​កម្រិត​ទោស​ស្រាលៗ និង​អ្នក​ជាប់ឃុំ​បណ្ដោះអាសន្ន ដើម្បី​កាត់បន្ថយ​បញ្ហា​ចង្អៀត​ណែន និង​ប្រឈម​ការ​ឆ្លង​ចូល​ក្នុង​ពន្ធនាគារ៖ «យើង​ដឹង​ហើយ​ថា នៅ​ពន្ធនាគារ​ភាព​ចង្អៀត​ណែន​ខ្លាំង​នេះ​វា​ជា​ហានិភ័យ​ខ្ពស់​ណាស់​ដល់​អ្នក​ដែល​ជាប់ឃុំ វា​ប៉ះពាល់​អី​ខ្លះ​ទីមួយ​អនាម័យ បរិស្ថាន របប​ហូប​ចុក​ពិសេស​ងាយ​ក្នុង​ការ​ទទួល​ឆ្លង​ជំងឺ​ផ្សេងៗ ទំរាំ​ដល់​បញ្ហា​ជំងឺ​កូវីដ​១៩នេះ គឺ​ប្រសិនបើ​ជ្រៀតចូល​ហើយ​រីក​រាលដាល​វា​មាន​ហានិភ័យ​ខ្ពស់​ណាស់​នៅ​ក្នុង​ពន្ធនាគារ អ៊ីចឹង​ហើយ​បាន​យើង​ជា​អង្គការ​សង្គម​ស៊ីវិល​ធ្វើការ​ផ្នែក​សិទ្ធិមនុស្ស​តែ​ទាមទារ​ឱ្យ​ដោះស្រាយ​ភាព​ចង្អៀត​ណែន នៃ​ពន្ធនាគារ​នេះ​ដើម្បី​ជា​ប្រយោជន៍​ក្នុង​ការ​ជួយ​ទប់ស្កាត់​ការ​រីក​រាលដាល​កូវីដ»។

កាលពី​ថ្ងៃទី៧ កក្កដា កន្លង​ទៅ មាន​មន្ត្រី និង​អ្នក​ជាប់ឃុំ​នៅ​ពន្ធនាគារ​ខេត្តសៀមរាប​នេះ​ចំនួន​១៩​នាក់ បាន​ឆ្លង​កូវីដ​១៩ ក្នុង​នោះ​រួម​ទាំង​ប្រធាន​ពន្ធនាគារ​ខេត្ត លោក ភាន ឆវ័ន្ត ផង ដែរ​។ ក្រៅពី​ពន្ធនាគារ​ខេត្តសៀមរាប ជំងឺ​កូ​វីដ​១៩​បាន​ឆ្លង​ចូល​ដល់​ពន្ធនាគារ​ប្រមាណ​១០​កន្លែង ដែល​មាន​អ្នក​ជាប់​ឃុំ និង​មន្ត្រី​អនុរក្ស​ពន្ធនាគារ​ឆ្លង​ជំងឺ​រលាក​ផ្លូវដង្ហើម​ប្រភេទ​ថ្មី​នេះ ក្នុង​នោះ​រួម​មាន​ពន្ធនាគារ​នៅ​ភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ កំពង់ឆ្នាំង និង​ពន្ធនាគារ​មួយ​ចំនួន​ទៀត​។ មន្ត្រី​គ្រប់គ្រង​ពន្ធនាគារ​បញ្ជាក់​ថា មាន​អ្នក​ជាប់ឃុំ ៣​នាក់​ហើយ​បាន​ស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​-១៩ ប៉ុន្តែ​ខាង​ពន្ធនាគារ​មិន​ដែល​បាន​បញ្ជាក់​ប្រាប់​តួលេខ​ជាក់លាក់​ពី​ចំនួន​អ្នក​ជាប់ឃុំ​ដែល​ឆ្លង​ជំងឺ​នេះ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment