អ្នក​ជំនាញ​វេជ្ជសាស្ត្រ​ទាមទារ​រដ្ឋាភិបាល​បង្ហាញ​ពី​ការ​ប្រើ​ប្រាស់​ឱសថ​បុរាណ​ចិន​ឱ្យ​ច្បាស់លាស់

ដោយ ឡេង ម៉ាលី
2021-07-16
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

អ្នក​ជំនាញ​វេជ្ជសាស្ត្រ​ទាមទារ​រដ្ឋាភិបាល​បង្ហាញ​ពី​ការ​ប្រើ​ប្រាស់​ឱសថ​បុរាណ​ចិន​ឱ្យ​ច្បាស់លាស់

លោក លឹម សួរ អ្នក​ជំនាញ​ផ្នែក​ឱសថ​នៅ​ប្រទេស​អូស្ត្រាលី និង​គំរូថ្នាំចិន ឈ្មោះ Lianhua Qingwen ដែល​មានហ្វេសប៊ុកមួយចំនួនផ្សព្វផ្សាយ​លក់នៅ​ប្រទេស​កម្ពុជា ហើយ​ថ្នាំមួយ​ចំនួនត្រូវ​បាន​​នាយកដ្ឋានឱសថ ចំណីអាហារ និង​គ្រឿងសំអាង ក្រសួង​សុខាភិបាល​ហាមឃាត់​កាល​ពី​ថ្ងៃ​ទី២៥ ខែមិថុនា ឆ្នាំ២០២១។ រូប៖ ហ្វេសប៊ុកលោក លឹម សួរ ហ្វេសប៊ុកក្រសួងសុខាភិបាល និង​ហ្វេសប៊ុក AllforYou FashionShop


វេជ្ជបណ្ឌិត អ៊ូច វុទ្ធី រិះគន់ការអនុញ្ញាតឱ្យប្រើថ្នាំបុរាណចិន សម្រាប់អ្នកជំងឺកូវីដ១៩


អ្នក​ជំនាញ​​វេជ្ជសាស្ត្រ​ទាមទារ​រដ្ឋាភិបាល​ពន្យល់​ពី​ការ​ប្រើ​ប្រាស់​ឱសថ​បុរាណ​ចិន​ឱ្យ​បាន​ច្បាស់​លាស់ ដើម្បី​ធានា​នូវ​សុវត្ថិ​ភាព ប្រសិទ្ធ​ភាព​ដល់​អ្នកមាន​ជំងឺ Covid-19 និង​គោរព​តាម​គោល​ការណ៍​វេជ្ជសាស្ត្រ។ ការ​លើក​ឡើង​នេះ​បន្ទាប់​ពី​រដ្ឋាភិបាល​អនុញ្ញាត​ឱ្យ​ប្រើ​ប្រាស់​ឱសថ​បុរាណ​ចិន​នេះ ដោយ​មិន​បក​ស្រាយ​ឱ្យ​បាន​ពេញ​លេញ​នូវ​ការ​ប្រើ​ប្រាស់ ដែល​មហាជន​កំពុង​មានមន្ទិល​ជុំវិញ​ប្រសិទ្ធ​ភាព និង​ផល​ប៉ះ​ពាល់​របស់​ឱសថ​បុរាណ​ទំនើប​នេះ ខណៈ​ចំនួន​អ្នក​ជំងឺ​កូវីដ១៩ និង​​​អ្នក​​ស្លាប់​​ដោយ​​​សារ​​ជំងឺ​កូវីដ១៩ បន្ត​កើន​​ឡើង​ខ្ពស់​ឥត​ថមថយ។

អ្នក​​ជំនាញ​​​វេជ្ជ​សាស្ត្រ​មិន​ទាន់​ជឿ​ជាក់​ជុំវិញ​ប្រសិទ្ធ​ភាព​ឱសថ​ចិន ហើយ​ទម្រង់​ការ​កំណត់​ឱសថ​ព្យាបាល​អ្នក​ជំងឺ​កូវីដ១៩ ដែល​មិន​ទាន់​ធានា​នូវ​ប្រសិទ្ធ​ភាព​ដើម្បី​ឈាន​ការ​កាត់​បន្ថយ​អត្រា​អ្នក​ជំងឺ​និង​អ្នក​ស្លាប់។

អ្នក​ជំនាញ​ផ្នែក​ឱសថ​នៅ​ប្រទេស​អូស្ត្រាលី លោក លឹម សួរ មាន​ប្រសាសន៍​ថា លោក មិន​យល់​ស្រប​ចំពោះ​ការ​សម្រេច​របស់​រដ្ឋាភិបាល ដែល​ទទួល​ស្គាល់ និង​ដាក់​ឱ្យ​ប្រើ​ប្រាស់​ឱសថ​បុរាណ​ចិន​បញ្ចូល​ក្នុង​ទម្រង់​ការ​ព្យាបាល​ជំងឺ​កូវីដ១៩​នោះ​ទេ ដោយ​សារ​ឱសថ​ចិន​នេះ​មិន​ទាន់​បង្ហាញ​នូវ​របាយ​ការណ៍​សិក្សា​ស្រាវ​ជ្រាវ​តាម​បែប​វេជ្ជសាស្ត្រ ដើម្បី​បញ្ជាក់​ពី​ប្រសិទ្ធ​ភាព​នៅ​ឡើយ​ទេ។ លោក​យល់​ថា​ប្រសិន​បើ​ដាក់​ឱ្យ​ប្រើ​ប្រាស់​ឱសថ​នេះ ហើយ​ភ្លេច​គិត​គូរ​ពី​ប្រសិទ្ធ​ភាព​និង​ផល​ប៉ះ​ពាល់​ដល់​ពលរដ្ឋ​នឹង​ធ្វើ​ឱ្យ​រំលោភ​សិទ្ធិ​អ្នក​ប្រើ​ប្រាស់ ដែល​ផ្ទុយ​ក្រម​សីល​ធម៌​វេជ្ជសាស្ត្រ​សុខាភិបាល៖ «អ៊ីចឹង​និយាយ​ពី​ហ្គាយឡាញ (Guideline) វិញ​ហាក់​ដូច​ជា​ខ្ញុំ​មើល​មិន​ឃើញ​បាន​ការ​អី​ប៉ុន្មាន​ទេ នេះ​បើ​ចំពោះ​ខ្ញុំ ចំពោះ​ថ្នាំ​ចិន​យើង​មិន​ដឹង​ជា​ស្អី​ថា តើ​ថ្នាំ​នឹង​វា​មាន​សិទ្ធ​ភាព​យ៉ាង​មិច​ទៅ​សម្លាប់​វីរុស​ហ្នឹង​បាន អា​ហ្នឹង​ជា​បញ្ហា​មួយ ព្រោះ​វា​ពុំ​មាន​ការ​សិក្សា​ត្រឹម​ត្រូវ ការ​វិភាគ​ត្រឹម​ត្រូវ និង​សាក​ច្បង​ត្រឹម​ត្រូវ​ទៅ​លើ​ប្រជា​ជន​ឬ​ទៅ​លើ​សត្វ​សិន»។

អ្នក​វេជ្ជសាស្ត្រ​រូប​នេះ ពន្យល់​ថា​ឱសថ​ដែល​ធានា​នូវ​សុវត្ថិ​ភាព​ដល់​អ្នក​ប្រើប្រាស់​ត្រូវ​បង្ហាញ​ពី​របាយ​ការណ៍​ស្រាវ​ជ្រាវ​ត្រឹមត្រូវ​ដោយ​ពន្យល់​តាម​ក្បូន​វេជ្ជសាស្ត្រ​សុខាភិបាល ជា​ពិសេស​ទទួល​ស្គាល់​ដោយ​អង្គ​ការ​សុខ​ភាព​ពិភពលោក ។ លោក​គូស​បញ្ជាក់​ថា​រហូត​ដល់​ពេល​នេះ​ពុំ​ទាន់​មាន​ឱសថ​ណា​អាច​ព្យាបាល​ជំងឺ​កូវីដ១៩ នៅ​ឡើយ​ទេ ប៉ុន្តែ​អ្នក​វេជ្ជសាស្ត្រ​បាន​ណែនាំ​ពី​វិធីសាស្ត្រ​ព្យាបាល​ជំងឺ​នេះ​ដែល​បង្ហាញ​ភស្តុ​តាង​ត្រឹម​ត្រូវ។ លោក​ជំរុញ​ឱ្យ​រដ្ឋាភិបាល និង​ក្រសួង​​សុខាភិបាល​គួរ​ពិនិត្យ​ការ​បញ្ចូល​ឱសថ​ចិន​ឡើង​វិញ ដើម្បី​ការ​ពារ​សុខា​ភាព និង​ធានា​នូវ​ប្រសិទ្ធភាព​ការ​ព្យាបាល​ជូន​ប្រពល​រដ្ឋ៖ «ត្រូវ​តែ​ឱ្យ​ប្រជា​ជន​ដឹង​ឱ្យ​ច្បាស់​ថា​យ៉ាង​ដូច​ម្តេច​បាន​ក្រសួង​សុខាភិបាល និង​រដ្ឋាភិបាល​សម្រេច​យក​ថ្នាំ​ចិន​មក​ព្យាបាល​ប្រជាជន​យើង​នេះ គឺ​រដ្ឋាភិបាល​ត្រូវ​ឱ្យ​ប្រជា​ជន​យើង​យល់​ច្បាស់​តែ​ម្ដង​របៀប​នេះ​មិន​មាន​គុណ​វិបត្តិ​អ្វីៗ ឱ្យ​ច្បាស់ ដើម្បី​ឱ្យ​ប្រជា​ជន​យើង​កក់​ក្ដៅ ប្រសិន​ជា​ថ្នាំ​ចិន​ហ្នឹង​បង្ហាញ​ទៅ​អង្គ​ការ​សហ​ប្រជា​ជាតិ​ថា​ថ្នាំ​នេះ​បាន​ព្យាបាល​មាន​ប្រសិទ្ធ​ភាព​ចេះ​មួយៗ​គ្មាន​គុណ​វិបត្តិ​អី​មួយ​ឯក​ទេស​ខាង​វីរុស​គេ​ទទួល​ស្គាល់​យើង​ព្យាបាល​ចុះ តែ​គេ​មិន​ទាន់​ទទួល​ស្គាល់​គឺ​ជា​បញ្ហា​មួយ​ដែរ»។

ការ​លើក​ឡើង​របស់​អ្នក​ជំនាញ​ទាំង​នេះ គឺ​បន្ទាប់​ពី​ស្ថាប័ន​រដ្ឋ​មួយ​ចំនួន​ណែនាំ​ពី​របៀប​ប្រើ​ប្រាស់​ថ្នាំ​ព្យាបាល​ជំងឺ​កូវីដ-១៩ សម្រាប់​រយៈ​ពេល ៧ថ្ងៃ រួម​មាន និកស្យូម (Nexium) ឡារ៉ូស្កូប៊ីន (Laroscobine) ប៊ីសល់វ៉ូន (Bisolvon) ដូលីប្រេន (Doliprane) អាហ៊្សីត្រូមីស៊ីន (Azithromycine) អាល់លែតិក ខេ (Allertec-K) ក្នុង​ចំណោម​ឱសថ​ទាំង​នោះ ក៏​មាន​បញ្ចូល​ប្រភេទ​ថ្នាំ​បុរាណ​របស់​ចិន ប៉ុន្តែ​មិន​បញ្ជាក់​ឈ្មោះ​នោះ​ទេ។

អាស៊ី​សេរី​មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​រឿង​នេះ​ពី​អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល អ្នកស្រី ឱ វណ្ណឌីន បាន​ទេ នៅ​ថ្ងៃ​ទី១៦ កក្កដា ដោយ​ទូរស័ព្ទ​ចូល តែ​ពុំ​មាន​អ្នក​ទទួល។

ប៉ុន្តែ​កាល​ពី​ចុង​ខែ​មេសា​នៅ​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​ការ​បន្ត​បិទ​ខ្ទប់​ភូមិសាស្រ្ត​រាជ​ធានី​ភ្នំពេញ អគ្គ​នាយកដ្ឋាន​បច្ចេកទេស​សុខាភិបាល លោក ហុក គឹមចេង ថ្លែង​ថា​ក្រសួង​សុខាភិបាល​ចុះ​បញ្ជិកា​ឱសថ​បុរាណ​ចិន​ឈ្មោះ លានហ័រ ឈីនវិន (Lianhua Qingwen) ដែល​ឱសថ​បុរាណ​នេះ​សម្រាប់​ព្យាបាល​ជំងឺ​ផ្ដាសាយ ក្ដៅ​ខ្លួន ឈឺ​ក្បាល ឈឺ​សាច់​ដុំ តឹង​ច្រមុះ ក្អក​​ស្ងួត​ឈឺ​បំពង់ក​ជា​ដើម តែ​លោក​បញ្ជាក់​ថា ឱសថ​បុរាណ​ចិន​នេះ​ពុំ​មែន​ជា​ឱសថ​សម្រាប់​ព្យាបាល​ជំងឺ​កូវីដ១៩ នោះ​ទេ៖ «កន្លែង​ដែល​ផលិត​ឱសថ​នេះ​គឺ​នៅ​ប្រទេស​ចិន ហើយ​មាន​ឯក​សារ​ដែល​ពាក់​ព័ន្ធ​ជា​មួយ​គោល​ការណ៍​ផលិត​កម្ម​ល្អ​នៃ​ឱសថ​នេះ​គឺ​ថា មាន​ការ​ទទួល​ស្គាល់​ដោយ​រដ្ឋាភិបាល​ចិន អ្វី​ដែល​ខ្ញុំ​ចង់​បញ្ជាក់​នោះ​គឺ​ថា​ឱសថ​នេះ​មិន​មែន​ជា​ឱសថ​ដែល​ក្រសួង​សុខាភិបាល​អនុម័ត​ឱ្យ​ព្យាបាល​ជំងឺ​កូវីដ​នៅ​ឡើយ​ទេ ដោយ​ផ្អែក​លើ​ភស្តុ​តាំង​វិទ្យាសាស្ត្រ​អី​ច្រើន​ទៀត​ដើម្បី​ឱ្យ​ប្រទេស​នានា ហ្នឹង​ទទួល​ស្គាល់​ឬ​ក៏​ប្រទេស​កម្ពុជា​យើង​អនុម័ត​ក្នុង​ការ​ប្រើប្រាស់ ក្នុង​ការ​ព្យាបាល​ជំងឺ​កូវីដ១៩ ឃើញ​ថា​ក្នុង​ពេល​នេះ​គឺ​អត់​មាន​ទេ»។

ប៉ុន្តែ​កាល​ពី​ថ្មីៗ នេះ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ណែ​នាំ​ឱ្យ​មន្ត្រី​របស់​លោក​ស្វះ​ស្វែង​រក​ប្រភព​ថ្នាំ​ដែល​មាន​ប្រសិទ្ធ​ភាព​សម្រាប់​ព្យាបាល​អ្នក​ជំងឺ​កូវីដ១៩ ហើយ​លោក​ក៏​បញ្ជា​ឱ្យ​មន្ត្រី​ប្រញាប់​ប្រញាល់​ទិញ​ថ្នាំ​របស់​ចិន​ស្តុក​ទុក​ឱ្យ​បាន​ច្រើន​ទៀត​ផង៖ «ទាក់​ទង​នឹង​ប្រភព​ថ្នាំ​ហ្នឹង​គឺ​យើង​បាន​រក​ឃើញ​នូវ​ថ្នាំ​ហ្នឹងហើយ​មិត្ត​ភក្តិ​នៅ​ក្រៅ​ប្រទេស​បាន​ផ្តល់ ហើយ​នៅ​ខាង​ក្នុង​ប្រទេស​របស់​យើង ក៏​បាន​រក​ឃើញ​ថ្នាំ​នេះ​ផង​ដែរ សូម្បី​តែ​នៅ​ឌូប៉ៃ(Dubai) អារ៉ាប់ និង​នៅ​មជ្ឈិម​បូព៌ា​ប្រើ​ថ្នាំ​របស់​ចិន​នេះ​តែ​ម្ដង​ហើយ​យើង​លេប​រាល់​ថ្ងៃ​ហ្នឹង​ខ្ញុំ​ក៏​លេប​ដែរ ហើយ​ខ្ញុំ​មាន​ចាក់​ថ្នាំ​ចិន​មុន​នឹង​ចេញ​ដំណើរ​ទៅ​ណា​ត្រូវ​លេប​ថ្នាំ​ហ្នឹង​មិន​ឈឺ​ក៏​ដោយ​ត្រូវ​លេប​ការ​ពារ។ អ៊ីចឹង​ទិញ​ឱ្យ​វា​ច្រើន​បន្តិច​មក ដូច​លើ​អ្នក​ជំងឺ​របស់​យើង​រាប់​ពាន់​នាក់»។

ឱសថ​បុរាណ​ចិន​នេះ​ត្រូវ​បាន​ផលិត​លើក​ដំបូង​ក្នុង​អំឡុង​ពេល​នៃ​ការ​ព្យាបាល​ជំងឺ​សា (SARS) កាល​ពី​ឆ្នាំ២០០៣។ កាល​ពីរ​ខែ​មុន​ក្រសួង​ការ​បរទេស​ចិន និង​ទី​ភ្នាក់​សារ​ព័ត៌មាន​ស៊ីនហួ (Xinhua News) បាន​រៀបចំ​ព្រឹត្តិ​ការណ៍​ដ៏​ធំ​មួយ​ជា​មួយ​ក្រុម​ហ៊ុន​ផលិត​នៅ​ទី​ក្រុង​សៀង​ហៃ (Shanghai) ដើម្បី​ផ្សព្វផ្សាយ​ពី​យី​ហោ​ឱសថ​បុរាណ​នេះ ដែល​ជា​ផ្នែក​មួយ​នៃ​ចលនា​ឃោសនា​ក្រៅ​ប្រទេស​របស់​ពួកគេ​ដោយ​ពួក​គេ​បាន​និយាយ​ថា «គោល​ដៅ​គឺ​ដើម្បី​ជួយ​ម៉ាក​យី​ហោ​ចិន​ទៅ​កាន់​ពិភព​លោក»។

ជុំវិញ​​រឿង​នេះ​អ្នក​ជំនាញ​វេជ្ជសាស្ត្រ​នៅ​ប្រទេស​បារាំង លោក​វេជ្ជ​បណ្ឌិត​សុខ សុផាត មាន​ប្រសាសន៍​ថា ប្រទេស​ដែល​ជា​សមាជិក​សហភាព​អឺរ៉ុប​មុន​សម្រេច​ដាក់​ឱ្យ​ប្រើ​ប្រាស់​ឱសថ​ត្រូវ​យល់​ព្រម​ពី​គណៈ​កម្មការ​វេជ្ជសាស្ត្រ ដោយ​ត្រូវ​បង្ហាញ​លទ្ធផល​នៃ​ការ​សិក្សា​ស្រាវ​ជ្រាវ​ច្បាស់​លាស់​តាម​បែប​វិទ្យាសាស្ត្រ​ជា​មុន​សិន។ វេជ្ជ​បណ្ឌិត​រូប​នេះ​បញ្ជាក់​ថា​ការ​ព្យាបាល​អ្នក​ជំងឺ​កូវីដ១៩ នៅ​មន្ទីរ​ពេទ្យ ដែល​លោក​កំពុង​ធ្វើ​ការ​សព្វ​ថ្ងៃ​ពុំ​មាន​វត្ត​មាន​ឱសថ​បុរាណ​ចិន​នោះ​ទេ។

ចាប់​តាំង​ពី​ផ្ទុះ​ជំងឺ​កូវីដ-១៩ ទ្រង់ទ្រាយ​ធំ និង​មាន​អ្នក​ស្លាប់​នេះ​មក ក្រសួង​សុខាភិបាល​មិន​បាន​ផ្តល់​ព័ត៌មាន​ពេញ​លេញ និង​គ្រប់​ជ្រុង​ជ្រោយ​ដល់​ប្រជាពលរដ្ឋ​នោះ​ទេ ហើយ​សូម្បី​តែ​អ្នក​សារ​ព័ត៌មាន ក៏​មិន​អាច​ទាក់ទង​សុំ​ព័ត៌មាន​ចាំបាច់​ទាំង​ឡាយ ពី​ក្រុម​អ្នក​នាំ​ពាក្យ​នៃ​ក្រសួង​សុខាភិបាល​ដែរ។ ម្យ៉ាង​ទៀត ក្រសួង​ជំនាញ​មួយ​នេះ​ហាក់​ដូច​ជា​ចាំ​ធ្វើ​តាម​តែ​បញ្ជា​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​ក្នុង​ការ​ផ្តល់​ព័ត៌មាន​អំពី​ស្ថាន​ការណ៍​កូវីដ-១៩ និង​វិធានការ​ជាក់​លាក់​ទាំង​ឡាយ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​នេះ។

អ្នក​ជំនាញ​ខាង​សុខាភិបាល​គូស​បញ្ជាក់​ទៀត​ថា រដ្ឋាភិបាល និង​ក្រសួង​សុខាភិបាល​គួរ​សិក្សា​ឱ្យ​បាន​ច្បាស់​លាស់​មុន​ដាក់​ចេញ​នូវ​ទម្រង់​ការ​ឱសថ​ព្យាបាល​អ្នក​ជំងឺ​កូវី១៩ ដើម្បី​ឆ្លើយ​តប​នឹង​ការ​រីក​រាល​ដាល​ជំងឺ​កូវីដ១៩ នៅ​ពេល​នេះ។ ពួក​គេ​ធ្លាប់​ជំរុញ​ឱ្យ​រដ្ឋាភិបាល​រៀបចំ​គោល​នយោបាយ​ឆ្លើយ​តប​ជំងឺ​កូវីដ១៩ ជូន​ប្រជា​ពលរដ្ឋ​ឱ្យ​បាន​ច្បាស់​លាស់ ដូច​ជា កញ្ចប់​ថវិកា ធនធាន​មនុស្ស សម្ភារៈ កន្លែង​ព្យាបាល និង​ថែ​ទាំ​អ្នក​ជំងឺ ដើម្បី​ធានា​នូវ​ប្រសិទ្ធភាព​ដល់​ការ​ព្យាបាល​អ្នក​ជំងឺ​កូវីដ១៩៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment