ក្រុម​​ស្ត្រីថ្ងៃសុក្រ​​បដិសេធ​​ការ​​ចោទ​​ប្រកាន់​​ថា ​ពួក​​គាត់​​ស៊ីឈ្នួល​ឬ​ធ្វើបាតុកម្ម​​ខុស​​ច្បាប់​

2021-07-18
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ក្រុម​​ស្ត្រីថ្ងៃសុក្រ​​បដិសេធ​​ការ​​ចោទ​​ប្រកាន់​​ថា ​ពួក​​គាត់​​ស៊ីឈ្នួល​ឬ​ធ្វើបាតុកម្ម​​ខុស​​ច្បាប់​

ក្រុមអាជ្ញាធរក្រុងភ្នំពេញបានបន្តរារាំងក្រុមស្ត្រីថ្ងៃសុក្រ មិនឱ្យកាន់បដាឈរតវ៉ានៅក្បែតុលាការក្រុងភ្នំពេញឡើយ កាលពីថ្ងៃសុក្រ ទី១៦ ខែកក្កដា ២០២១។ រូប៖ CCHR


ក្រុមស្ត្រី​ថ្ងៃសុក្រ​ដែល​ជា​ប្រពន្ធកូន​​របស់​​សកម្មជន​បក្សប្រឆាំង​កំពុង​ជាប់​ឃុំ​អះអាងថា ពួក​គាត់​​ប្រមូល​ផ្តុំ​​គ្នានៅ​មុខ​​តុលាការ និង​ទីតាំង​​មួយចំនួន​​ទៀត​ជា​រៀង​រាល់សប្តាហ៍ គឺ​​ដើម្បី​ទាម​ទារ​​រក​​យុត្តិធម៌​​ជូន​សាច់ញាតិ​​របស់​​ពួក​គាត់​។ ពួក​គាត់​​បញ្ជាក់​ថា សកម្មភាព​​ទាំង​នេះ ធ្វើ​ឡើង​​ដោ​យ​​ស្ម័គ្រចិត្ត មិន​មាន​​ការ​​បង្គា​ប់​​បញ្ជា​ពី​​ភាគី​​ណា​​ឡើយ ហើយ​នេះ​​ជា​សិទ្ធិសេរីភាព​​ដែល​​ធានា​​ដោ​យ​​ច្បាប់។

ប្រពន្ធ​មន្ត្រីបក្ស​ប្រឆាំង​​កំពុង​​ជាប់​​ឃុំលោក កាក់ កុម្ភារ គឺលោកស្រី ព្រុំ ចាន់ថា ថ្លែងថា ការ​លើក​ឡើង​​របស់​តំណាង​​រដ្ឋាភិបាល​កម្ពុជា​ដែល​ថា មានអ្នក​ស៊ីឈ្នួល​ធ្វើ​បាតុកម្ម​​ដើម្បី​​ដាក់​​សម្ពាធ​​លើ​​តុលាការ​​នោះ​ ជារឿង​មិន​​ត្រឹម​ត្រូវ និង​និយាយ​​ទាំង​បំពាន​។ លោកស្រី​បញ្ជាក់​ថា លោកស្រី​ចេញ​​តវ៉ា​​ដោយ​​សារ​​តែភាព​​ឈឺ​ចាប់ បង្ក​ឡើង​​ដោយ​​អាជ្ញាធរ​របបក្រុង​​ភ្នំពេញ​ ដែល​ចាប់​​ប្តី និង​កូនប្រុស​​លោក​ស្រី​ដាក់​​ពន្ធនាគារ​​ដោយ​​អយុត្តិធម៌។ លោក​ស្រីថា ពួក​មន្ត្រី​រដ្ឋាភិបាល​​ចោទ​​ប្រកាន់​​ពលរដ្ឋ​​ដោយ​​បំពាន​​បែប​នេះ មកពីពួក​គេ​​មិន​​ទាន់​​ស្គាល់​រសជាតិ​​ឈឺ​ចាប់​នៃ​ការ​ព្រាត់​ប្រា​ស់​គ្រួសារ​ ដោយ​សារ​តែ​រឿង​​អយុត្តិធម៌ ដូច​ពួក​លោក​ស្រី៖ «ពួក​គាត់​រាល់​ថ្ងៃ​ដែល​ចាប់​ប្តីពួក​​ខ្ញុំ​ទៅហ្នឹង វា​ដូច​ជា​សម្លាប់​ខ្ញុំ​ទាំងរស់​។ សួរថា​ ស៊ី​ឈ្នួល​តាម​ប្រឡោះណាឥលូវ​ទៅមើល​ជីវភាព​គ្រួសារ​ខ្ញុំ​ទៅមើល។ ខ្ញុំ​ជួល​ផ្ទះ​គេនៅ​មួយ​ខែ​ប៉ុន្មាន កូន​​ខ្ញុំរៀន ម្តាយ​ខ្ញុំ​ចាស់ កូន​ខ្ញុំ​នៅ​តូច​ គ្រប់​ទាំងអស់​គ្នា សួរ​ថា​ មាន​កន្លែង​ណាអស់​លោក​គ្រាក់ៗ​នោះ មាន​ឡើង​ចង់​ដាច់ខ្យល់​ងាប់​ហើយ សួរ​ថា ​ដែរ​មក​មើល​ឃើញ​ប្រជាពលរដ្ឋដែល​​ក្រី​ក្រអត់ ហើយ​សួរ​ថា ស៊ីឈ្នួលម៉េច​ទៀតពួក​អស់​លោក​ហ្នឹង​ហើយដែល​ស៊ី​ប្រាក់​ខែ​ពលរដ្ឋ​ហើយ ដែល​មិន​មក​បម្រើ​ពលរដ្ឋ​នេះ»។

ប្រពន្ធមន្ត្រីបក្ស​ប្រឆាំង​ដែល​កំពុង​ជាប់​ឃុំ​ម្នាក់ទៀតលោកស្រី សេង ចាន់ថន ថ្លែងថា ប្តី​លោកស្រី​ គឺ​លោក ស៊ុន ធន់ ត្រូវ​បាន​អាជ្ញាធរ​ចាប់​ដាក់​ពន្ធនាគារ​ទាំងដែល​គាត់​មិន​បាន​ប្រព្រឹត្ត​បទល្មើស​អ្វី​ឡើយ។ ដូច្នេះ​លោក​ស្រីមិន​អាចឱបដៃឈរមើល​ភាពអយុត្តិធម៌​បែបនេះ កើត​លើ​គ្រួសារ​លោក​ស្រីនោះទេ។ លោក​ស្រី​ចាត់​ទុក​​សម្តីរបស់​តំណាង​រដ្ឋាភិបាល​កម្ពុជាថា ជាការ​ប្រមាថ​លើ​ពួក​លោក​ស្រី និង​ពលរដ្ឋ​ដទៃទៀត​ដែល​តវ៉ាដោយ​សន្តិវិធីដើម្បីរក​យុត្តិធម៌​សង្គម៖«ការ​លើកឡើង​របស់​ (តំណាងរាជរដ្ឋាភិបាល​ហ្នឹង គឺ​ជារឿងមួយ​ដែល​ប្រមាថ ចេះ​លើក​ឡើង​ ចេះ​​តែ​ថា ចេះ​តែ​​គំរាម​ដល់​ប្រជាពលរដ្ឋ កុំ​ឱ្យ​ពួកគាត់​ហ៊ាន​តវ៉ា ហ៊ាន​ប្រឆាំងនូវ​ទង្វើ​អយុត្តិធម៌​ដែល​​គាត់​ធ្វើ​មក​លើ​ប្រជាពលរដ្ឋសព្វ​​ថ្ងៃ​ហ្នឹងឯង»។

ប្រតិកម្មខ្លាំងៗ​របស់ក្រុម​ស្ត្រីអ្នក​តវ៉ា​ដោយ​សន្តិវិធី​នេះ កើត​មាន​ឡើង​​បន្ទាប់​ពីស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា​ប្រចាំ​អង្គការ​សហប្រជាជាតិ និង​អង្គការអន្តរជាតិ​​នានានៅ​ទីក្រុង​ហ្សឺណែវ (Geneva) បាន​ថ្លែង​ថា ការ​ធ្វើ​បាតុកម្ម​ខុស​ច្បាប់ ឬ​បាតុកម្ម​ស៊ីឈ្នួលដែល​ដាក់​សម្ពាធ​លើ​តុលាការ ឬ​រំខាន​ដល់​សណ្តាប់ធ្នាប់​សាធារណៈ ពុំ​មែន​ជាការ​អនុវត្ត​សិទ្ធិសេរីភាពប្រមូលផ្តុំ​ដោយ​សន្តិវិធី ដូច​មាន​ចែង​ក្នុង​រដ្ឋ​ធម្មនុញ្ញ​នោះឡើយ។ តំណាង​របបលោក ហ៊ុន សែន លើក​ឡើង​បែបនេះក្នុង​សម័យ​ប្រជុំ​លើក​ទី៤៧ របស់ក្រុម​ប្រឹក្សា​សិទ្ធិមនុស្សអង្គការ​សហប្រជាជាតិ ដែល​ទើប​បិទ​បញ្ចប់​កាល​ពី​ពេល​ថ្មីៗនេះ។

ទោះជាតំណាង​របបលោក ហ៊ុន សែន មិន​បាន​បញ្ជាក់​ឱ្យ​ច្បាស់ថា តើ​ពួក​គេ​សំដៅ​លើ​បាតុកម្ម​​ណាមួយ​ក៏ដោយ ក៏​កន្លងមកក្រុម​អាជ្ញាធរ​បាន​ចោទ​ក្រុម​ស្ត្រីថ្ងៃសុក្រ និង​ពលរដ្ឋ​ដែល​ធ្វើ​បាតុកម្មដោយ​សន្តិវិធី​ដើម្បីយុត្តិធម៌សង្គម​នោះថា ធ្វើ​សកម្មភាព​ដោយ​ខុស​ច្បាប់ ហើយ​​បាន​បង្ក្រាបការ​ប្រមូល​ផ្តុំ​ទាំងនោះ​ឥតលុះពេល។

អាស៊ីសេរី​មិន​អាច​ទាក់ទងអ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​ លោក កុយ គួង ដើម្បី​សុំ​ការ​ពន្យល់​បន្ថែម​ជុំ​វិញ​រឿងនេះ​បាន​ទេ។

ប៉ុន្តែសមាជិក និង​ជា​អ្នកនាំពាក្យ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​របស់​រដ្ឋាភិបាលលោក កត្តា អ៊ន គាំទ្រ​ការ​លើកឡើង​របស់​ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា​ប្រចាំ​អង្គការ​សហប្រជាជាតិ និង​អង្គការអន្តរជាតិ​​នានានៅ​ទីក្រុង​ហ្សឺណែវ (Geneva)។ លោក​បញ្ជាក់ថា ការ​ធ្វើ​បាតុកម្ម​ដើម្បី​ដាក់​សម្ពាធតុលាការ ឬ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់សាធារណៈនោះ ជារឿង​មិន​ត្រឹម​ត្រូវឡើយ ហើយ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ក្នុង​ការ​ទប់​ស្កាត់៖«ការ​ប្រមូល​ផ្តុំ​ជាក្រុម ជា​បក្ខ​ ជា​ពួក ហើយ​ដាក់​សម្ពាធ ទៅបង្ខំ ទៅទាម​ទារ​ដល់​តុលាការ អាហ្នឹងឯង​ដែល​ជា​អំពើ​មួ​យអត់​មានការ​អនុញ្ញាត ហើយថែម​ទាំង​ដាក់​សម្ពាធ​ទៅតុលាការ​ ដែល​ជា​តុលាការ​ឯករាជ្យ។ អ៊ីចឹង​វាជារឿង​មួយ​ដែល​មិន​ត្រឹមត្រូវ​នៅក្នុង​ក្របខណ្ឌ​នៃ​ការ​បញ្ចេញ​មតិ​នោះទេ»។

ទោះជាយ៉ាងណា ការលើក​ឡើង​របស់​តំណាងរបបក្រុ​ងភ្នំពេញ និង​មន្ត្រី​សិទ្ធិមនុស្ស​របស់​រដ្ឋាភិបាល​នេះ ហាក់​ធ្វើ​ឡើង​ក្នុង​ន័យ​ការពារ​រដ្ឋ​អំណាច និង​មាន​ស្តង់ដារ​ពីរ។

ការ​ប្រមូល​ផ្តុំ​របស់ពលរដ្ឋ​ទំនង​ជាគ្មាន​ឥទ្ធិពល​អ្វី​​លើ​តុលាការ​នោះទេ ប៉ុន្តែ​អ្នក​ដែល​បញ្ជា​តុលាការ​ស្រេច​តែ​នឹង​ចិត្ត​នោះ គឺ​លោកនាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ទៅ​វិញ​ទេ។ ជាឧទាហរណ៍ លោកធ្លាប់​បាន​បញ្ជាឱ្យ​ចាប់​ខ្លួន និង​ដោះលែងថ្នាក់ដឹកនាំ​ និង​សមាជិក​បក្ស​ប្រឆាំងជាហូរហែរ ហើយ​មន្ត្រីតុលាការ​ក៏​ម្នីម្នាធ្វើ​តាម​បញ្ជាទាំង​នោះដោ​យ​​មិន​គិត​ពីច្បាប់​ទម្លាប់។ ជាពិសេសក្នុង​សំណុំ​រឿងលោក កឹម សុខា ផ្ទាល់ គឺលោក ហ៊ុន សែន ជាអ្នកបញ្ជាឱ្យ​ចាប់​ខ្លួន​តំណាង​រាស្ត្ររូបនេះទាំង​មាន​អភ័យ​​ឯកសិទ្ធិ និង​បង្គាប់​ឱ្យ​អាជ្ញាធរ​ត្រូវ​តែដាក់​ទោស​មេបក្ស​ប្រឆាំងរូបនេះ។​ ​នៅដំណាក់​កាលចុងក្រោយនេះ​លោក ហ៊ុន សែន បាន​ប្រាប់​ទៅមន្ត្រីរបស់​លោក​ថា ការ​ជម្រះរឿងក្តីលោក កឹម សុខា ត្រូវ​ពន្យារ​រហូត​ដល់​ក្រោយ​ការ​បោះឆ្នោតវិញ។

ងាក​ទៅការ​ប្រមូល​ផ្តុំ​របស់​ពលរដ្ឋ​វិញ ក្រុម​អ្នក​ការពារសិទ្ធិមនុស្ស​ពន្យល់ថា ពលរដ្ឋ​មាន​សិទ្ធិពេញលេ​ញក្នុងការ​ប្រមូល​ផ្តុំ​គ្នា​សម្តែងមតិ ផ្អែក​លើ​មូលដ្ឋាន​ច្បាប់​កំពូល និង​ច្បាប់​អន្តរជាតិ​ជាច្រើន​ រួមមាន​​រដ្ឋ​ធម្មនុញ្ញ​ សេចក្តីប្រកាស​ជាសាកល​ស្តីពីសិទ្ធិមនុស្ស ព្រម​ទាំង​កតិកាសញ្ញាអន្តរជាតិ​​ស្តីពីសិទ្ធិពលរដ្ឋ និង​សិទ្ធិនយោបាយ។ សូម្បី​តែ​នៅក្នុង​ច្បាប់​ស្តីពីបាតុកម្ម​ដោយ​សន្តិវិធី ក៏​មិន​បាន​តម្រូវ​ឱ្យ​ពលរដ្ឋ​ទៅសុំ​ការ​អនុញ្ញាត​ពីអាជ្ញាធរដែរ គឺត្រឹម​តែ​ការ​ជូន​ដំណឹង​ប៉ុណ្ណោះ។

មាន​ចំណុច​សំខាន់​មួយទៀត​ដែល​ក្រុម​មន្ត្រីរដ្ឋាភិបាល​មិនព្រម​​បកស្រាយ​ និង​មិនព្រម​​អនុវត្ត​តាម​ច្បាប់។​ នោះគឺការ​ប្រើប្រាស់​ហិង្សា​តាម​ទំនើងចិត្ត​របស់​ក្រុមអាជ្ញាធរ និង​​សន្តិសុខលើ​ប្រជា​ពលរដ្ឋ ​ជាពិសេសស្ត្រីទន់ខ្សោយ ដែល​តវ៉ា​ដោយ​សន្តិវិធីជារៀងរាល់​សប្តាហ៍។ ពួក​គេ​បាន​ចាប់​អូសអ្នក​តវ៉ា​កាត់​ថ្នល់ ចាប់បោះ ឬ​បោក​ផ្ទប់​នឹង​ថ្នល់ និងក្តិចមូល ព្រមទាំងជេរប្រមាថដោយសម្តីអសុរោះផងក៏មាន។ ទោះបី​ជា​​ករណី​ហិង្សា​ប្រព្រឹត្ត​ដោយ​ភ្នាក់ងារ​រដ្ឋនេះ ត្រូ​វ​បាន​ផ្សព្វផ្សាយ​ព្រោង​ព្រាត ​មាន​ទាំងវីដេអូ និង​រូបថត ហើយ​ជួន​កាល​ដល់​ថ្នាក់​ជន​រងគ្រោះដាក់​បណ្តឹង​ផង​ក៏ដោយ ក៏​តុលាការ​ និង​ស្ថាប័ន​ជំនាញគ្មាន​ចំណាត់​ការ​អ្វី​លើ​ក្រុម​អ្នក​ប្រព្រឹត្ត ដែល​ជាអាជ្ញាធរ​ទាំងនោះ​ដែរ។

ជុំវិញរឿងនេះ នាយករង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត មាន​ប្រសាសន៍ថា អាជ្ញាធរ​មាន​កាតព្វកិច្ច​ការពារ មិន​មែន​បង្ក្រាបនោះទេ ប្រសិន​បើ​ការ​ប្រមូល​ផ្តុំ​របស់​ពលរដ្ឋ​ធ្វើ​ឡើង​ដោយ​សន្តិវិធី។ លោក​បកស្រាយ​ទៀតថា ករណីអាជ្ញាធរ​​ប្រើហិង្សា​លើ​អ្នក​តវ៉ាដោយ​សន្តិវិធី នោះ​គឺ​​ជា​អំពើ​ល្មើស​ច្បាប់ និង​ជាការ​ប្រើ​អំណាច​ដោយ​បំពាន ដែល​ក្រុម​អាជ្ញាធរក៏ត្រូវ​ប្រឈមមុខនឹង​ផ្លូវ​ច្បាប់​ដែរ​៖«កាល​ណា​យើង​ប្រើប្រាស់​អំពើ​ហិង្សា​ទៅលើ​អ្នក​​ជួប​​ជុំ​ដោយ​​សន្តិវិធី បាន​ន័យថា យើង​ខុស​ច្បាប់ យើង​ប្រើប្រាស់​អំណាច​ដោយ​អំពើហិង្សា។ អ៊ីចឹង​បើ​កាល​ណា​ប្រើប្រាស់​អំពើ​ហិង្សា​មិន​ប្រឈមមុខចំពោះមុខ​ច្បាប់ នោះ​ហើយ​ជា​ការ​លើក​ទឹក​ចិត្តសម្រាប់​ការ​ប្រើប្រាស់​អំពើហិង្សានេះ​ជា​បន្ត​»

លោក អំ សំអាត ថ្លែងទៀតថា តំណាង​រដ្ឋាភិបាល​មាន​សិទ្ធិបកស្រាយ​ការពារ​ខ្លួនជុំវិញការ​គោរព និង​ការ​អនុវត្ត​សិទ្ធិមនុស្ស​នៅកម្ពុជា ប៉ុន្តែ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​​អង្គការ​សហប្រជាជាតិ និង​សហគមន៍​អន្តរជាតិ​ ក៏​មាន​ភស្តុតាង​រឹង​មាំបញ្ជាក់​ពីបញ្ហា​ធ្លាក់​ចុះការ​គោរព​សិទ្ធិមនុស្ស​នៅកម្ពុជាដែរ។

កន្លងមក​ ក្រុម​អ្នក​ជំនាញ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាតិ រួម​ទាំង​អង្គការ​សង្គម​ស៊ីវិល​ជាតិ-អន្តរជាតិ បានថ្កោល​ទោស និងទាម​ទារ​ឱ្យ​អាជ្ញាធរ​របបលោក ហ៊ុន សែន បញ្ឈប់​ការ​ប្រើហិង្សា និង​ការ​បង្ក្រាប​លើ​ការ​ប្រមូល​ផ្តុំ​របស់​ពលរដ្ឋ​តទៅទៀត។ ពួក​គេ​ទទូច​ដល់​របបនេះ​ឱ្យ​ងាក​មក​គោរព​សិទ្ធិសេរីភាព​ជាមូលដ្ឋាន​របស់​ពលរដ្ឋ​វិញ ​ដូច​ជា ការ​ប្រមូល​ផ្តុំ​ដោយ​សន្តិវិធី ការ​បញ្ចេញ​មតិ ការ​ចងក្រងគ្នា​ជាសមាគម និង​ការ​ទទួល​បាន​ព័ត៌មាន​ ជាដើម។

ក្រុម​អ្នក​តវ៉ា​ដោយ​សន្តិវិធីក៏​អំពាវនេះយ៉ាងដូច្នេះដែរ ក៏​ប៉ុន្តែ​ពួក​គាត់​មាន​ការ​ប្តេជ្ញាចិត្ត​មោះមុត​បន្ថែម​ទៀត។ ពួកគាត់​អះអាងថា ទោះបីជាអាជ្ញាធរនៅ​តែតាម​​យាយី និង​​ធ្វើ​ទុក្ខបុកម្នេញលើ​ពួក​គាត់​​ទៀតក៏ដោយ ក៏​ពួក​គាត់​នៅ​តែ​ចេញតវ៉ា​រៀងរាល់​សប្តាហ៍​ដដែល ដើម្បី​ជួយ​រក​យុត្តិធម៌​ជូន​គ្រួសារ​របស់​ពួក​គាត់​ដែល​កំពុង​ជាប់ឃុំ​ដោយ​អយុត្តិធម៌៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

One Response to "ក្រុម​​ស្ត្រីថ្ងៃសុក្រ​​បដិសេធ​​ការ​​ចោទ​​ប្រកាន់​​ថា ​ពួក​​គាត់​​ស៊ីឈ្នួល​ឬ​ធ្វើបាតុកម្ម​​ខុស​​ច្បាប់​"

  1. so socheath says:

    អាអំ សំអាត ! សិទ្ធិមនុស្ស សេរីភាព ប្រជាធិបតេយ្យ ដែលលើកឡើង
    ដោយ អាដហុក លីកាដូ ហៅលីកាដួយ របស់ពួកអ្ហែងអស់ហ្នឹងជា សិទ្ធិមនុស្ស
    សេរីភាព ប្រជាធិបតេយ្យ ក្លែងក្លាយទេ ពួកអាការពារចោរ ។
    អថោកជាងឆ្កែ ទិដ្ឋភាពជាក់ស្តែងរបស់សង្គម វាខុសពីសម្តី ដែលអ្ហែង
    ចេះត្រឹមព្រុសដូចឆ្កែឆ្ងាយណាស់ !

Leave a Reply

Submit Comment