ក្រុម​ប្រឹក្សាឃុំ-សង្កាត់​របស់​បក្សប្រឆាំង បារម្ភ​បាត់បង់​សិទ្ធិឈរ​ឈ្មោះ​បោះឆ្នោត​ខាងមុខ​ដោយ​សារ​សាល​ក្រម​របស់​តុលាការ​របប​លោក ហ៊ុន សែន

ដោយ មាន ឫទ្ធិ
2021-07-19
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ក្រុម​ប្រឹក្សាឃុំ-សង្កាត់​របស់​បក្សប្រឆាំង បារម្ភ​បាត់បង់​សិទ្ធិឈរ​ឈ្មោះ​បោះឆ្នោត​ខាងមុខ​ដោយ​សារ​សាល​ក្រម​របស់​តុលាការ​របប​លោក ហ៊ុន សែន

មន្ត្រី សកម្មជន និង​ប្រជាពលរដ្ឋ ចូលរួម​ឃោសនា​រក​សំឡេង​ឆ្នោត​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ទី​រួម​ខេត្ត​កំពង់ធំ កាល​ពី​ថ្ងៃ​ទី​២៥ ខែ​ឧសភា ឆ្នាំ​២០១៧។ រូប៖ Provided photo


ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ជាប់​ឆ្នោត​​មួយ​​ចំនួន​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ ​សោកស្តាយ​​ដែល​​ពួក​គាត់​​បាត់​​បង់​​ឱកាស​​ចូល​​រួម​ក​សាង និង​​អភិវឌ្ឍ​សង្គម ដោយ​សារ​​តែ​តុលាការ​​​របប​លោក ហ៊ុន សែន។

សមាជិក​​ក្រុម​ប្រឹក្សា​ជាប់​ឆ្នោត​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​​សង្កាត់​សួង ក្រុង​​សួង ខេត្ត​ត្បូងឃ្មុំ កាល​​ពី​​ឆ្នាំ​២០១៧ អ្នក​​ស្រី យ៉ែម វណ្ណណែត ឱ្យ​ដឹង​ថា កន្លង​មក​​តុលាការ​​ខេត្ត​ត្បូងឃ្មុំ ​បាន​ប្រកាស​សាល​ក្រម​​ផ្តន្ទា​​ទោស​​​អ្នក​ស្រី​ចំនួន៧​ឆ្នាំ និង​ចេញ​ដីកា​ចាប់​ខ្លួន​ទៀត​ផង ដោយ​សារ​រក្សា​ជំហរ​គាំទ្រ​ថ្នាក់​ដឹក​នាំគណបក្ស​សង្គ្រោះ​​ជាតិ។ អ្នកស្រីចាត់​ទុក​សេចក្តី​សម្រេច​នោះ​ជា​រឿង​អយុត្តិ​ធម៌ ដែល​មាន​បំណង​រារំាង​សកម្មភាព​នយោ​បាយ​អ្នក​ស្រី​និង​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​គណបក្ស​ប្រឆាំង ជា​​ពិសេស​ការ​​ចូល​រួម​ឈរ​ឈ្មោះ​បេក្ខ​ជន​បោះ​ឆ្នោតខាង​មុខ​នេះ។ អ្នក​​ស្រីបញ្ជាក់​ថា ចាប់​តាំង​ពី​គណបក្ស​កាន់​អំណាច​ដក​ហូតអាសនៈ​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​យក​ដឹក​នាំ​តែ​ឯង​មក បាន​ប៉ះ​ពាល់​ដល់​សិទ្ធម្ចាស់​ឆ្នោត គណនេយ្យ​ភាព​សង្គម និង​ការ​អភិវឌ្ឍ​នៅ​មូល​​ដ្ឋាន​តាម​បែប​ប្រជាធិប​តេយ្យ៖ «ចា៎​វា​គឺ​ជា​រឿង​រារាំង​​ទប់​ស្កាត់​អ្នក​ដែល​ធ្វើ​ការ​យ៉ាង​សកម្មដើម្បី​ជួយ​ទៅ​ដល់​ប្រជា​ពលរដ្ឋ យើង​ឃើញ​ថា​អ្នក​ដែល​ជា​បេ​ក្ខ​ជន​ដែល​គេកាត់​ទោស​ឱ្យ​ជាប់​ ៧ ឆ្នាំ​ជា​មួយ​ខ្ញុំ​ហ្នឹង​សុទ្ធ​តែ​អ្នក​មាន​តំណែង​ក្នុង​ក្រុម​ប្រឹក្សាសង្កាត់ ក្រុម​ប្រឹក្សា​ក្រុង​សុទ្ធ​តែ​អ្នក​នៅ​ផ្ទាល់​ជា​មួយ​ប្រជា​ពលរដ្ឋ ចឹង​ហើយ ការ​កាត់​ទោស​បែប​ហ្នឹង​គឺ​ជា​ការ​បង្អាក់​មិន​ឱ្យ​ពួក​ខ្ញុំ​ធ្វើ​សកម្ម​ភាព​ដើម្បី​ជួយដល់​បង​ប្អូន​ប្រជា​ពលរដ្ឋ»។

ស្រដៀង​គ្នា​នេះ​ដែរ ជំទប់​ទី២​ជាប់​ឆ្នោត​របស់​គណបក្ស​សង្គ្រោះជាតិ​នៅ​ឃុំ​ក្តីរុន​ ស្រុក​ពួក ខេត្ត​សៀម​រាប លោក ឈុន វាន លើក​ឡើង​ថា ​កាល​ពី​ខែ​មីនា តុលា​ការ​ខេត្ត​សៀមរាប បាន​ផ្តន្ទា​ទោស​លោក​ដាក់​ពន្ធនា​គារ​ចំនួន ​៥ឆ្នាំ និងចេញ​ដីកា​តាម​ចាប់​ខ្លួន ដែល​លោក​យល់​ថា ​ការ​សម្រេច​នេះ​បាន​រារាំង​សិទ្ធិ និង​សកម្ម​ភាព​​របស់​លោក​ក្នុង​ការ​ចូល​រួម​​​ប្រកួត​ប្រជែង​ការ​បោះឆ្នោត​ដោយស្មើ​ភាព តម្លា​ភាព ស្រប​តាម​រដ្ឋ​ធម្ម​នុញ្ញ​នោះ​ទេ។ លោក​ថា​ អវត្តមាន​បេក្ខ​ជនបក្ស​ប្រឆាំង​ឈរ​ឈ្មោះ​​បោះ​ឆ្នោត​​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​២០២២ ខាង​មុខ​នេះ គឺ​ជា​ការ​បិទ​សិទ្ធិ​ពលរដ្ឋ​ដើម្បី​ជ្រើស​តំណាង​​របស់​ខ្លួន​ស្រប​​តាម​ច្បាប់។ សកម្ម​ជន​បក្ស​ប្រឆាំង​រូប​នេះ​ថា​ របប​លោក ហ៊ុន សែន តែង​តែ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​នេះ​​ដើម្បី​ធ្វើ​ទុក្ខ​បុក​ម្នេញ​ប្រជា​ពលរដ្ឋ​​ដែល​ស្រឡាញ់​យុត្តិ​ធម៌ និង​ការពារ​ប្រជា​ធិបតេយ្យ៖ « កាលណា​មាន​តែ​ម្ខាង ឬ​មាន​តែ​គណបក្ស​មួយ​ចឹង​អត់មាន​គណបក្ស​មួយ​ទៀត​ដែល​ជា​ដៃ​គូ​ប្រកួត​ប្រជែង​ដ៏សំ​ខាន់ ហើយ​ពិសេស​គឺរូប​ខ្ញុំ​ដែល​ធ្លាប់​តែ​ប្រកួត​ប្រជែង​ជា​មួយ​គណបក្ស​ប្រជា​ជន​នៅ​មូល​​ដ្ឋាន​យ៉ាងសកម្ម​ហ្នឹង​ធ្វើ​ឱ្យ​ខ្ញុំ​បាត់​បង់​សិទ្ធិ​សេរី​ភាព​ក្នុង​ការ​ចូល​រួម ការ​ប្រកួត​ប្រជែង​បែបនេះ​វា​ប៉ះ​ពាល់​ដល់​ការ​អភិវឌ្ឍ​នៅ​មូល​​ដ្ឋាន​ក៏​ដូច​ការ​អភិវឌ្ឍ​សង្គម​ដើម្បី​ឱ្យមាន​ការ​រីក​ចម្រើន»។

មេ​ឃុំ​ជាប់​ឆ្នោត​មួយ​រូប​ទៀត​នៅ​ឃុំ​ឈើ​ខ្មៅ​ ស្រុក​ស្អាង ខេត្តក​ណ្តាល កាល​​ពី​ឆ្នាំ​២០១៧ លោក ផុន សុភា ​​និយាយ​ថា​​បើ​ទោះ​បី​តុលាការ​ខេត្ត​កណ្តាល​សម្រេច​ផ្តន្ទាទោស​រូប​​លោក​៥ឆ្នាំ​ដោយ​ព្យួរ​ទោស​ក៏​ដោយ តែ​លោក បន្តសកម្ម​ភាព​ជួយ​សង្គម និង​ការ​ពារ​ផល​ប្រយោជន៍​ពលរដ្ឋ​ដដែល ហើយ​លោកសង្ឃឹម​​ថា​​នឹង​​អាច​ឈរ​បេក្ខ​ជន​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ឆ្នាំ​២០២២ ប្រសិន​បើ​ស្ថាន​​ភាព​នយោ​បាយ​ល្អ​ប្រសើរ។ លោក ស្នើ​ឱ្យ​រដ្ឋា​ភិបាល ស្តារប្រជា​ធិបតេយ្យ និង​គោរព​សិទ្ធិ​​មនុស្ស​ឡើង​វិញ ដើម្បី​ឲ្យ​អ្នក​នយោ​បាយ​គ្រប់ភាគី ចូល​​រួម​ប្រកួត​​ប្រជែង​​ការ​​បោះ​ឆ្នោត​​ដោយ​សេរី ត្រឹម​​ត្រូវ និង​​យុត្តិ​ធម៌៖ «ខ្ញុំ​គិត​ថា​ស្ថាន​ភាព​នយោ​បាយ​ពេល​នេះគឺ​មាន​ការរឹត​ត្បិត​ខ្លាំង​សូម្បី​តែ​អ្នក​ជាប់​បំរាម​មួយ​ចំនួន​ដែល​ច្បាប់​ឱ្យ​គាត់​សុំ​សិទ្ធិ​បាន​ហើយអ្នក​ខ្លះ​សុំ​បាន​អ្នក​សុំ​មិន​បាន ហើយ​សកម្ម​ភាព​មួយ​ចំនួន​អ្នក​ធ្វើ​បាន​អ្នក​ខ្លះ​ធ្វើមិន​បាន ចឹង​ការ​រឹត​ត្បិត​សកម្ម​ភាព​នយោ​បាយ​គឺ​ខ្លាំង​ណាស់ ចឹង​ហើយ​ខ្ញុំ​ចង់ឱ្យ​មាន​លំហរ​ប្រជា​ធិបតេយ្យ​នយោ​បាយ​ឡើង​វិញ​ដើម្បី​ឱ្យ​ការ​បោះ​ឆ្នោត​ហ្នឹងឱ្យ​ប្រជា​ពលរដ្ឋ​និង​អន្តរ​ជាតិ​ជឿ​ទុក​ចិត្ត​បាន»។

វិទ្យុ​អាស៊ី​សេរី មិន​អាច​ទាក់​ទង​ប្រធាន​អង្គ​ភាព​អ្នក​នាំ​ពាក្យ​រដ្ឋាភិ​បាលលោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជា​ជន​កម្ពុជាលោក សុខ ឥសាន្ត និង​អ្នកនាំ​ពាក្យ​គណៈ​​កម្មាធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោតលោក ហង្ស ពុទ្ធា ដើម្បី​សុំការ​បក​ស្រាយ​ជុំ​វិញ​រឿង​នេះបាន​ទេ នៅ​ថ្ងៃ​ទី១៨ ខែកក្កដា។

របប​លោក ហ៊ុន សែន បាន​​រំលាយ​​គណ​បក្ស​​សង្គ្រោះ​ជាតិ​ដែល​​មាន​​អ្នក​​គាំទ្រ​ជិត​​ពាក់​កណ្តាល​​ប្រទេស កាល​​ពី​​ចុង​ឆ្នាំ​២០១៧ រួច​​រៀប​​ចំ​ការ​បោះ​ឆ្នោត​ដោយ​​ប្រមូល​យក​​​អាសនៈ​សភា​ទាំង​ស្រុង​​មក​​កាន់​​កាប់​​តែម្នាក់​​ឯង។ របប​នេះ​​បាន​​បំបិទ​សិទ្ធិ​​ថ្នាក់​ដឹក​នាំ​​គណបក្ស​​ប្រឆាំង​​ចំនួន​​១១៨ នាក់ មិន​​ឱ្យ​​ធ្វើ​នយោ​បាយ​រយៈ​ពេល ​​៥ ឆ្នាំ និង​​ដក​​ហូត​​យក​​អាសនៈ​ពី​​ថ្នាក់​​មូល​ដ្ឋាន​​រហូត​​ដល់​​ថ្នាក់​ជាតិ​​របស់​​បក្ស​​សង្គ្រោះ​ជាតិ​​ទៅ​​ចែក​​គ្នា​​កាន់​​កាប់។ មក​ដល់​​ពេល​​នេះ ​សកម្មជន​បក្ស​​ប្រឆាំង​ជិត ​២០ ​នាក់ ត្រូវ​បាន​តុលា​ការ​ផ្តន្ទា​​ទោស​​ដាក់​ពន្ធនា​គារ​ពី ​៥ ទៅ​ ៧ ឆ្នាំ ក្រោម​បទ​ចោទ រួម​គំនិត​ក្បត់ ហើយ​ថ្នាក់​នាំ​និង​សកម្ម​​ជន​​​ជា​ច្រើន​រូប ទៀត​កំពុង​​ជាប់​​បណ្តឹង​នៅ​​តុលាការ​ក្រោម​​បទ​ចោទ ញុះ​ញង់ និង​​រួម​​គំនិត​ក្បត់ ក្នុង​​នោះ​​មួយ​​ចំនួន​​កំពុង​​ជាប់​​ឃុំ​​ក្នុង​​ពន្ធនា​គារ និង​រត់​ភៀស​ខ្លួន​ជា​ដើម។

ប្រធាន​គណៈ​កម្មាធិការ​អព្យា​ក្រឹត និង​យុត្តិ​ធម៌ ដើម្បី​ការ​បោះ​ឆ្នោតដោយ​សេរី និង​ត្រឹម​ត្រូវ​នៅ​កម្ពុជា (និកហ្វិច) លោក សំ គន្ធាមី លើក​ឡើង​ថា តាម​ច្បាប់បោះ​ឆ្នោត​​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​គណបក្ស​ប្រឆាំង​ដែល​ជាប់​បណ្តឹង​នៅតុលា​ការ និង​ហាម​សិទ្ធិ​ធ្វើ​នយោ​បាយ​មិន​អាច​ឈរ​ឈ្មោះ​បោះ​ឆ្នោត​នោះ​ទេ។ លោក​ចាត់​ទុក​ករណី​នេះ​​ប៉ះ​ពាល់​​ដល់​សិទ្ធិ​ពលរដ្ឋ​ដែល​មាន​សិទ្ធិ​ឈរ​ឈ្មោះឱ្យ​គេ​បោះ​ឆ្នោត​ដែល​មាន​ចែង​ក្នុង​ច្បាប់​បោះ​ឆ្នោត៖ «ពលរដ្ឋ​អត់​មាន​សិទ្ធិ​ធ្វើ​នយោ​បាយ​ឈរ​ឈ្មោះ​ឱ្យ​គេ​បោះឆ្នោត​ឱ្យ​ចឹង​អត់​បាន​ធានា​ពេញ​លេញ​ការ​អនុវត្ត​ន៍​សិទ្ធិ ចឹង​ពួក​គាត់ ពិសេសខាង​រដ្ឋា​ភិបាល​ត្រូវ​រៀប​ចំ​ដោះ​ស្រាយ​ពួក​គាត់​រួច​ផុត​ពី​បណ្តឹង​ហើយ​ឈរ​ឈ្មោះ»។

ជា​មួយ​គ្នា​នេះ​ដែរ មន្រ្តី​ជាន់​ខ្ពស់​ផ្នែក​អង្កេត និង​តស៊ូ​មតិ​នៃ​អង្គការ​ខម​ហ្វ្រែល (Comfrel) លោក កន សាវាង្ស សង្កេត​ឃើញ​ថា​សង្គម​ស៊ីវិល​ព្រួយ​បារម្ភ​ពី​ការធ្លាក់​ចុះ​​នូវ​សិទ្ធិ​ឈរ​ឈ្មោះ​បោះ​ឆ្នោត​និង​បរិយា​កាស​នយោ​បាយ​ដោយ​សារសមា​ជិក​គណបក្ស​ប្រឆាំង​ជាច្រើ​ន ត្រូវ​បាន​ចោទ​តាម​ប្រព័ន្ធ​តុលាការ។ លោក​យល់​ថា​​ករណី​នេះ គួរ​ត្រូវ​ដោះ​ស្រាយ​តាម​ផ្លូវ​នយោ​បាយ ដោយ​លើកលែង​ការ​ចោទ​ប្រកាន់​ដើម្បី​ពួក​គាត់​ចូល​រួម​ក្នុង​ជីវភាព​នយោ​បាយ​ឡើង​វិញ។  លោក បញ្ជាក់​ថា គោល​ការណ៍​​បោះ​​ឆ្នោត​ គឺ​និយាយ​ពី​បរិយា​កាសដោយ​សេរី​ដែល​ចូល​រួម​ពី​គណបក្ស​នយោ​បាយ សង្គម​ស៊ីវិល ដោយ​មិន​មានការ​រារាំង​និង​ភ័យ​ខ្លាច​ចំពោះ​​ការ​ប្រកួត​ប្រជែង​ដើម្បី​​ធានា​​គោល​ការណ៍​សេរី និង​យុត្តិ​ធម៌៖ «ដោយ​សារ​តែ​យើង​មើល​ឃើញ​ស្ថាន​ភាព​ដែល​ទាក់​ទងចំណុច​ទាំង​ប្រាំ​មួយ​ដូច​ជា​រឿង​បរិយា​កាស​នយោ​បាយ រឿង​ច្បាប់ លំហរ​សង្គម​ស៊ីវិល រឿង​សិទ្ធិ រឿង​ឆន្ទៈ​ប្រជា​ពលរដ្ឋ​ផ្សេងៗ អាហ្នឹង​គឺ​ជា​អ្វី​ដែលយើង​មាន​ការ​បារម្ភ មើល​ឃើញ​ថា​វា​ធ្វើ​ឱ្យ​ដំណើរ​ការ​នៃ​ការ​ចូល​រួម​អី​ផ្សេងៗ​វាមិន​បាន​ទូលំ​ទូលាយ​ទេ ចឹង​ហើយ​លំហរ​ហ្នឹង​វា​អត់​ពេញ​លេញ​ហ្នឹង​ហើយ ដែល​សង្គម​ស៊ីវិល​យើង​តែង​តែមាន​​បំណង​មួយ​ធ្វើ​មិច​ឱ្យ​មាន​ការ​ស្តារ​ឡើងវិញ»។

កាល​ពី​ពេល​ថ្មីៗ​នេះ អង្គ​ការ​សង្គម​ស៊ី​វិល​ចំនួន​៦៤ រួម​គ្នា​ទាម​ទារ​ឱ្យ​​រដ្ឋា​ភិបាល​​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ធានា​​ឱ្យ​បាន​​នូវ​លក្ខ​ខណ្ឌ​​អប្បបរមា​ ៦​ ចំណុច​ដើម្បី​​ឱ្យ​ការ​​បោះ​ឆ្នោត​​ប្រព្រឹត្ត​ទៅ​​ដោយ​​សេរី និង​​យុត្តិធម៌។ ក្នុង​នោះ​រួម​មាន​​ការ​បង្កើត​​បរិយា​កាស​​នយោ​បាយ​​សេរី ធានា​​សិទ្ធិ​​នយោ​បាយ និង​​សិទ្ធិឈរ​ឈ្មោះ​​បោះ​ឆ្នោត ដែល​​ផ្តោត​​លើ​ការ​ដោះ​លែង​​អ្នក​ជាប់​ឃុំ​​ដោយ​សារ​​អនុវត្តន៍​​សិទ្ធិ​​នយោ​បាយ និង​ផ្ដល់​សិទ្ធិ​​ឱ្យ​​គ្រប់​គណបក្ស​​នយោ​បាយ​​បាន​​ដំណើរការ​​នយោ​បាយ​​ឡើង​វិញ។ មួយ​​ទៀត ​គឺ​​ការ​ធានា​​ឆន្ទៈ​អ្នក​បោះ​ឆ្នោត ដែល​សំដៅ​​ដល់​​ការ​ស្នើ​​វិសោធន​កម្ម​​ច្បាប់​គណបក្ស​​នយោ​បាយ និង​​ច្បាប់​បោះឆ្នោត បញ្ឈប់​ការ​ដក​ហូត​​អសានៈ​​អ្នក​តំណាង​​ជាប់​ឆ្នោត ដោយ​​សារ​​ការ​រម្លាយ​គណបក្ស​​នយោ​បាយ​​ជា​ដើម។ ជា​មួយ​គ្នា​​នេះ ​ត្រូវ​ធានា​​ឱ្យ​​គណៈកម្មា​​ធិការជាតិ​រៀប​ចំការ​បោះ​ឆ្នោត ឬ គ.ជ.ប ដែល​​អាច​ជឿ​ទុក​ចិត្ត​​បាន​​ដោយ​​រក្សា​សមាស​ភាព​​មក​​ពី​​ភាគី​​ពាក់​ព័ន្ធ​​ដូច​​មាន​​ចែង​​ក្នុង​​រដ្ឋ​ធម្ម​នុញ្ញ​ គឺ៤រូប​​មក​ពី​​បក្ស​កាន់​អំណាច ៤រូប​ទៀត​​មក​​ពី​​បក្ស​​គ្មាន​​អាសនៈ​​ក្នុង​​សភា និង​​១រូប​​ពី​​ខាង​​សង្គម​ស៊ីវិល​​ជា​ដើម។ បន្ថែម​​ពី​​នេះ​ គឺ​​ត្រូវ​​ធានា​​ឯក​រាជ្យ​ភាព និង​​អព្យា​ក្រឹត​​របស់​​កងកម្លាំង​​ប្រដាប់​អាវុធ និង​​តុលា​ការ។ រីឯ​​ចំណុច​ចុង​ក្រោយ ​គឺ​​ធានា​​ឱ្យ​​ក្រុម​​អង្គការ​​សង្គម​​ស៊ីវិល និង​​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​​ឯក​រាជ្យ​ អាច​​អនុវត្ត​​តួនាទី​​ពួក​គេ​ដោយ​សេរី៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

One Response to "ក្រុម​ប្រឹក្សាឃុំ-សង្កាត់​របស់​បក្សប្រឆាំង បារម្ភ​បាត់បង់​សិទ្ធិឈរ​ឈ្មោះ​បោះឆ្នោត​ខាងមុខ​ដោយ​សារ​សាល​ក្រម​របស់​តុលាការ​របប​លោក ហ៊ុន សែន"

  1. Anonymous says:

    that evil monster was scare to lost powers that he is not reserved in thirty five years HUN SEN the hidden Vietcong poppet was murder so many Cambodian nationalist to got himself in this position . we Cambodian knew without this evil monster got his military powers on his hand he uneducated animal will never win any election . please take a look our country now have been invaded by VIETCONG and CHINA . VIETCONG already took some land and island and they wanted more but the CHINA is putting their hand and take more then what we thought . three province that they stated to take over KOSKONG and SIHANOU village every thing just about belonging to Chinese Cambodian will be out without confess because they can not afford to live in their own home’s land after all KAMPOUCHEA is just about over by that evil monster HUN SEN

Leave a Reply

Submit Comment