តុលាការ​នាំ​ខ្លួន​ក្មេង​ប្រុស កាក់ សុវណ្ណច្ឆ័យ មក​សាកសួរ​វិញ អំពី​បទ​ចោទ ញុះញង់ និង​ជេរប្រមាថ

ដោយ មួង ណារ៉េត
2021-07-19
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

តុលាការ​នាំ​ខ្លួន​ក្មេង​ប្រុស កាក់ សុវណ្ណច្ឆ័យ មក​សាកសួរ​វិញ អំពី​បទ​ចោទ ញុះញង់ និង​ជេរប្រមាថ

លោកស្រី ព្រុំ ចាន់ថា ម្ដាយ​របស់​យុវជន កាក់ សុវណ្ណច្ឆ័យ ព្យាយាម​ទៅ​ជួប​កូន ពេល​នគរបាល​នាំ​ខ្លួន​មក​សាកសួរ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ប៉ុន្តែ​ខាង​មន្ត្រី​តុលាការ​មិន​អនុញ្ញាត​ឱ្យ​លោកស្រី​​បាន​ជួប​កូន​ដោយ​ភ្ទាល់​ទេ គឺ​បាន​ត្រឹម​តែ​ឃើញ​កូន​ប្រុស​លើក​ដៃ​ដាក់​លោកស្រី​ពី​ចម្ងាយ​ ពេល​ឡើង​តុលាការ នៅ​ថ្ងៃ​ទី១៩ ខែកក្កដា ឆ្នាំ២០២១។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ


តុលាការ​ក្រុងភ្នំពេញ នាំ​ខ្លួន​កូនប្រុស​របស់​សកម្មជន​បក្ស​ប្រឆាំង​កំពុង​ជាប់​ឃុំ គឺ​ក្មេង​ប្រុស ​កាក់ សុវណ្ណច្ឆ័យ មក​សាកសួរ​នៅ​ថ្ងៃ​ទី១៩ ខែកក្កដា អំពី​ដំណើរ​រឿង​បទ​ចោទ​ញុះញង់ ​និង​បទ​ចោទ ជេរ​ប្រមាថ​អ្នក​រាជការ​សាធារណៈ។ មេធាវី​ការពារ​ក្ដី និង​ម្ដាយ​របស់​របស់​ក្មេង​ប្រុស​រូប​នេះ​បន្ត​ស្នើសុំ​តុលាការ​ឱ្យ​ដោះ​លែង កាក់ សុវណ្ណច្ឆ័យ ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន ​ព្រោះ​ការ​ចោទ​និង​ការ​ឃុំខ្លួន​នេះ គឺ​ជា​ការ​រំលោភ​សិទ្ធិ​កុមារ ​និង​ជា​ការ​ធ្វើ​ទុក្ខបុកម្នេញ​ផ្នែក​នយោបាយ។

ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក សាន ប៊ុនធឿន សម្រេច​បញ្ជូន​យុវជន កាក់ សុវណ្ណច្ឆ័យ ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស​វិញ នៅ​ល្ងាច​ថ្ងៃ​ទី១៩ ខែ​កក្កដា បន្ទាប់ពី​បញ្ចប់​ការ​សាក​សួរ​ពាក់ព័ន្ធ​នឹង​បទ​ចោទ ”ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម” និង​បទ​ចោទ “ជេរ​ប្រមាថ​អ្នករាជការ​សាធារណៈ”។ រីឯ​ម្ដាយ​របស់​ក្មេង​ប្រុស​រូប​នេះ ​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ជួប​កូន​ឡើយ ​ដោយ​គាត់​បាន​ត្រឹម​តែ​ឃើញ​កូន​ពី​ចម្ងាយ និង​ស្រែក​យំ​រត់​តាម​ឡាន ដែល​ដឹក​កូន​ចេញ​ពី​តុលាការ​ទៅ​ពន្ធនាគារ​វិញ។

មេធាវី​ការពារ​ក្តី​ឲ្យ​យុវជន​ កាក់ សុវណ្ណច្ឆ័យ គឺ​លោក សំ សុគង់ ថ្លែងប្រាប់​អាស៊ី​សេរី​ថា ចៅ​ក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​នាំ​កូន​ក្តី​របស់​លោក មក​សាក សួរ​យក​ចម្លើយ ​ដោយសារ​ក្នុង​ថ្ងៃ​សមត្ថកិច្ច​ចាប់​ខ្លួន​នោះ តុលាការ​មិន​ទាន់​បាន​សាកសួរ​ចម្លើយ​នៅ​ឡើយ ​ដោយ​គ្រាន់តែ​បង្ហាញខ្លួន​នៅ​តុលាការ ហើយ​បញ្ជូន​គាត់​ទៅ​ឃុំខ្លួន​តែ​ម្ដង។ លោក​បន្ត​ថា ចៅក្រម​ស៊ើបសួរ​លោក ​សាន ប៊ុនធឿន បាន​ចោទ​សួរ​កូន​ក្ដី​របស់​លោក​ពាក់ព័ន្ធ​នឹង​សារ​សំឡេង​ជជែក​គ្នា​ក្នុង​បណ្ដាញ​សង្គម​តេឡេ​ក្រាម រវាង កាក់ សុវណ្ណច្ឆ័យ និង​មនុស្ស​មិន​ស្គាល់​អត្តសញ្ញាណ ​ដែល​មាន​ប្រើ​ពាក្យ​សម្ដី​អសុរោះ​ ប៉ុន្តែ​មេធាវី​រូប​នេះ​យល់​ថា កូន​ក្ដី​នៅ​ក្មេង ​ទើប​អាយុ១៦ ​និង​មាន​បញ្ហា​ខ្សោយ​សតិ​បញ្ញា ដូច្នេះ​ទើប​គាត់ មិន​អាច​គ្រប់គ្រង​អារម្មណ៍ និង​និយាយ​ដោយ​មិន​បាន​គិត។ ជាមួយគ្នា​នោះ ចៅក្រម ក៏បាន​សាក​សួរ​អំពី​រូបភាព​កាត់ត​នៅ​លើ​ហ្វេសប៊ុក​ដែរ ប៉ុន្តែ​កាក់ សុវណ្ណច្ឆ័យ ថា គាត់​គ្រាន់តែ​ចែកចាយ​រូបភាព​កាត់ត​នោះ​ពី​គេ​ប៉ុណ្ណោះ។ លោក​មេធាវី សំគង់ បន្ថែម​ថា ការ​សាកសួរ​នៅ​ថ្ងៃ​នេះ ហាក់​មិន​បាន​ត្រឹមត្រូវ​តាម​នីតិវិធី​ច្បាប់​នោះ​ទេ ព្រោះ​កូន​ក្តី មិន​សូវ​យល់​សំណួរ និង​មិន​សូវ​ចេះ​ឆ្លើយ ដោយសារ​តែ​វ័យ​នៅ​ក្មេង និង​មាន​ជំងឺ​អូទីស៊ឹម​ពី​កំណើត​ផង។ មេធាវី​រូប​នេះ ស្នើសុំ​តុលាការ ឱ្យ​ចាត់​ពេទ្យ​ជំនាញ​ពិនិត្យ​វាយតម្លៃ​ទៅលើ​សតិ​បញ្ញា​របស់​ក្មេង​ប្រុស កាក់ សុវណ្ណច្ឆ័យ ​និង​គួរតែ​សម្រេច​ឲ្យ​គាត់​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន៖ «ដោយសារ​យើង​មាន​ច្បាប់​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ ក៏​ដូច​ជា​ក្រមព្រហ្មទណ្ឌ​ និង​ច្បាប់​ស្ដីពី​យុត្តិធម៌​កុមារ​នេះ គឺ​ច្បាប់​បាន​អនុញ្ញាត​ឲ្យ​តុលាការ​ពិចារណា​ពី​នីតិវិធី​ក្នុង​ការ​បង្វែរ​កុមារ ដែល​មាន​ទំនាស់​ជាមួយ​នឹង​ច្បាប់​ឲ្យ​ស្ថិត​ក្រោម​ការ​ឃុំ​គ្រង់​របស់​អាណា​ព្យាបាល​ឬ​ឪពុក​ម្ដាយ ឬ​កន្លែង​ស្ដារ​នីតិសម្បទា​ហើយ​ក្នុង​ច្បាប់​ទាំង​ពីរ​នេះ ក៏​ឲ្យ​តុលាការ​ពិចារណា​អំពី​ការ​ផ្តល់​សេរីភាព​ឲ្យ​កុមារ​ ជាង ដាក់​កុមារ​នៅ​ក្នុង​ឃុំ​ដែល​ធ្វើឲ្យ​ប៉ះពាល់​ដល់​អនាគត​របស់​កុមារ​ផង​ដែរ»

អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ​ បាន​ចាប់ខ្លួន​យុវជន​ កាក់ សុវណ្ណច្ឆ័យ កាល​ពី​ម៉ោង ៨យប់​ថ្ងៃ​ទី២៤ ខែមិថុនា ​ដោយ​ចោទ​ថា គាត់​ប្រព្រឹត្ត​បទល្មើស​ជាក់​ស្ដែង​ពាក់ព័ន្ធ​នឹង​ការ​ប្រើ​ពាក្យ​សម្ដី​ញុះញង់ និង​ការ​ជេរប្រមាថ​ថ្នាក់ដឹកនាំ តាម​បណ្ដាញ​សង្គម​តេឡេ​ក្រាម​(Telegram)​។ សមត្ថកិច្ច ​មិន​បាន​បង្ហាញ​អំពី​ដើមហេតុ​ដែល​នាំឲ្យ​ក្មេង​ប្រុស​រូប​នេះ​ជេរ​នោះ​ទេ ​ប៉ុន្តែ​ម្ដាយ​របស់ កាក់ សុវណ្ណច្ឆ័យ អះអាង​ថា ​មាន​សមត្ថកិច្ច​មួយ​ចំនួន បន្លំ​ខ្លួន​ឆាត​ទៅ​បង្ក​ជម្លោះ​ជាមួយ​កូន​របស់​គាត់ ដូច​ជា ”ជេរ​ថា កូន​អា​ក្បត់​ជាតិ” ជា​ដើម ដែល​នាំ​ឲ្យ កាក់ សុវណ្ណច្ឆ័យ ជេរ​ដោយ​កំហឹង​តបត​ទៅវិញ។ តុលាការ​ក្រុង​ភ្នំពេញ បាន​ចោទ​ប្រកាន់​អនីតិជន​រូប​នេះ ចំនួន​ពីរ​បទ​ល្មើស គឺ​បទ​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹក​វរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម និង​បទ​ប្រមាថ​អ្នករាជការ​សាធារណៈ ​ហើយ​បញ្ជូន​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស (ម២) កាល​ពី​ព្រលប់​ថ្ងៃ​ទី២៥ ខែមិថុនា។ គិត​ត្រឹម​ថ្ងៃ​ទី១៩ ខែកក្កដា ក្មេង​ប្រុស​រូប​នេះ កំពុង​ជាប់​ឃុំ​ជិត​មួយ​ខែ​ហើយ។

ម្ដាយ​របស់​យុវជន កាក់ សុវណ្ណច្ឆ័យ គឺ​លោកស្រី ព្រុំ ចាន់ថា រៀបរាប់​ទាំង​ទួញ​សោក​ថា លោកស្រី​តក់ស្លុត និង​អាណិត​កូនប្រុស​ជា​ខ្លាំង​នៅ​ពេល​ឃើញ​កូន​ប្រុស​លើក​ដៃ​ដាក់​គាត់​ពី​ចម្ងាយ​ក្នុង​ពេល​ឡើង​តុលាការ។ លោកស្រី​ថា មន្ត្រី​តុលាការ​មិន​អនុញ្ញាត​ឲ្យ​លោកស្រី​ជួប​មុខ និង​និយាយ​ជាមួយ​កូន​ដោយ​ផ្ទាល់​ឡើយ ដែល​លោកស្រី ចាត់​ទុក​ថា នេះ​ជា​ទង្វើ​ព្យាយាម​ធ្វើ​បាប​ផ្លូវចិត្ត​លោក​ស្រី។ លោកស្រី​នៅតែ​ថ្កោល​ទោស​ចំពោះ​អាជ្ញាធរ ដែល​ចាប់​ឃុំ​ខ្លួន​ប្ដី​លោកស្រី​ជាង ១ឆ្នាំ​ហើយ បែរ​ជា​ប្រឌិត​រឿង​ចាប់​កូន​ប្រុស​លោកស្រី​ម្នាក់ទៀត​យក​ទៅ​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ទាំង​គ្មាន​កំហុស៖ «ខ្ញុំ​នៅតែ​ស្នើសុំ​ឲ្យ​តុលាការ បើ​សិន​តុលាការ​ឯករាជ្យ និង​សុក្រឹត​មែន គួរ​តុលាការ​ដោះលែង​គាត់​ឲ្យ​នៅ​ក្រៅ​ឃុំ ​ឲ្យ​មក​នៅ​ក្រោម​ការ​ឃុំ​គ្រង់​របស់​ម្ដាយ​វិញ ព្រោះ​គាត់​មាន​ស្មារតី​អត់​ប្រក្រតី​ មាន​ជំងឺ​ជាប់​ខ្លួន និង​សូម​ឲ្យ​គាត់​មក​រៀន​មក​សូត្រ​វិញ​មក ព្រោះ​គាត់​នៅក្មេង​ណាស់»

លោកស្រី ព្រំ ចាន់ថា ជឿ​ថា អាជ្ញាធរ​ចាប់​ខ្លួន​កូន​ប្រុស​របស់​លោកស្រី​ម្នាក់ ខណៈ​ឳពុក​របស់​គេ​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ដែរ​នេះ គឺ​ក្នុង​បំណង​បំបាក់​ស្មារតី​លោកស្រី​ ដែល​តែង​ចេញ​តវ៉ា​ទាមទារ​យុត្តិធម៌​ឲ្យ​ប្តី​ជា​រៀងរាល់ថ្ងៃ​សុក្រ។ ទោះ​ជា​យ៉ាង​ណា លោកស្រី​នឹង​មិន​រក្សា​ភាព​ស្ងៀមស្ងាត់​នោះ​ទេ ដរាប​ណា អាជ្ញាធរ​មិន​ព្រម​ដោះ​លែង​ប្ដី និង​កូន​ប្រុស​ព្រមទាំង​សកម្មជន​នយោបាយ​ផ្សេង​ទៀត។

ជុំវិញ​ករណី​នេះ នាយក​រង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត ​គាំទ្រ​ការ​ទាមទារ​ឲ្យ​តុលាការ​ដោះលែង​ យុវជន​ កាក់ សុវណ្ណច្ឆ័យ ដើម្បី​អនាគត​របស់​ក្មេង​ប្រុស​រូប​នេះ ដែល​កំពុង​នៅ​សិក្សា​រៀន​សូត្រ ​ហើយ​គាត់​ថែម​ទាំង​ត្រូវ​ការ​ការ​មើល​ថែទាំ​ពី​ម្ដាយ​ដោយសារ​គាត់​​​មាន​ជំងឺ​អូទីស៊ឹម (Autism) ពី​កំណើត​ទៀត​ផង៖ «តុលាការ​ គួរតែ​ពិចារណា​ឲ្យ​ដិតដល់​ព្រោះ​ទាក់ទង​នឹង​អនាគត​ក្មេង និង​បញ្ហា​សុខភាព​ផ្លូវចិត្ត​របស់​ក្មេង។ ជា​ធម្មតា​ក្មេង​ពេល​មាន​ការ​ឆាត​ហើយ​បង្កជម្លោះ​ជាមួយគ្នា គឺ​អារម្មណ៍​មិន​ចេះ​គិត​ច្បាស់លាស់​ទេ ​ហើយ​បើ​គ្នា​មាន​ជំងឺ​ទៀត ប្រើ​ពាក្យពេចន៍​កាន់តែ​មិន​សមរម្យ។ នេះ​ជា​ចំណុច​ត្រូវ​ពិចារណា បើ​យើង​គិត​អំពី​ផលប្រយោជន៍​របស់​កុមារ​ ទាក់ទង​នឹង​ច្បាប់​យុត្តិធម៌​អនីតិជន។ មួយ​ទៀត យើង​ឃើញ​ហើយ​ថា ​ការ​ចាប់​ខ្លួន​នេះ មាន​ការ​រិះគន់​ច្រើន​ថា ជា​ការ​បំភិត​បំភ័យ ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ទៅ​លើ​ម្ដាយ​ដែល​តែងតែ​ចេញ​តស៊ូ​មតិ​រាល់​ថ្ងៃ​សុក្រ ហើយ​ត្រូវ​រង​នូវ​ការ​ប្រើប្រាស់​អំពើ​ហិង្សា​ជា​ញឹកញាប់​ដែរ»

មក​ទល់​ពេល​នេះ​ អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ បាន​ចាប់​ខ្លួន​សកម្មជន​សកម្មជន​នយោបាយ សកម្មជន​សង្គម និង​សកម្មជន​បរិស្ថាន​ជាង ៨០នាក់​ហើយ​ដាក់​ក្នុង​ពន្ធនាគារ​ ដោយ​ភាគច្រើន​ចោទ​ប្រកាន់​ពី​បទ​ញុះញង់ និង​រួម​គំនិត​ក្បត់។ ក្រុម​អង្គការ​ជាតិ-អន្តរជាតិ រួម​ទាំង​ក្រុម​ប្រទេស​ប្រជាធិបតេយ្យ​ធំៗ តែងតែ​ថ្កោលទោស​ជា​បន្តបន្ទាប់​ថា ការ​ចាប់​ឃុំ​ខ្លួន​ទាំង​នេះ ធ្វើ​ឡើង​ដោយ​គ្មាន​មូលដ្ឋាន​ច្បាប់ និង​ជា​ការ​ធ្វើទុក្ខ​បុក​ម្នេញ​ផ្នែក​នយោបាយ ព្រមទាំង​ទាម​ទារ​ឲ្យ​ដោះ​លែង​ពួក​គេ​វិញ​ជាបន្ទាន់ បើ​ពុំ​នោះ​ទេ ប្រទេស​កម្ពុជា​នឹង​ទទួល​រង​ទណ្ឌកម្ម​បន្ថែម​ទៀត​ពី​សហគមន៍​អន្តរជាតិ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

One Response to "តុលាការ​នាំ​ខ្លួន​ក្មេង​ប្រុស កាក់ សុវណ្ណច្ឆ័យ មក​សាកសួរ​វិញ អំពី​បទ​ចោទ ញុះញង់ និង​ជេរប្រមាថ"

  1. Anonymous says:

    this evil monster’s court is trying to give verdict to put a baby in jail . OK do not forget he still bread feeding please feed him good he will not KBOTH your CHEATH if he is not hungry .

Leave a Reply

Submit Comment