ចិន​ផ្តល់​ជំនួយជាង​២​លានដុល្លារ សំរាប់​សកម្មភាព​បោសសំអាត​មីន​នៅ​កម្ពុជា

ដោយ ម៉ៅ សុធានី
2021-07-20
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ចិន​ផ្តល់​ជំនួយជាង​២​លានដុល្លារ សំរាប់​សកម្មភាព​បោសសំអាត​មីន​នៅ​កម្ពុជា

គ្រាប់បែកចង្កោមបន្សល់ពីសម័យសង្គ្រាមប្រមូលដោយក្រុមស៊ីម៉ាក់ (CMAC) ស្ថិតនៅភាគពាយ័ព្យនៃប្រទេសកម្ពុជា។ រូប៖ CMAC


រដ្ឋាភិបាល​ចិន​ផ្តល់​ជំនួយ​ជា​ទឹក​ប្រាក់​ចំនួន​២​លាន ៥សែនដុល្លារ (២,៥) ដល់មជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (CMAC) សំរាប់គាំទ្រសកម្មភាពបោសសម្អាតមីន និងសំណល់ជាតិផ្ទុះក្នុងអំឡុងឆ្នាំ២០២២។

អគ្គនាយក​មជ្ឈមណ្ឌល​កម្ចាត់​មីន​កម្ពុជា (CMAC) លោក ហេង រតនា ប្រាប់កាសែតក្នុងស្រុក​ថា គម្រោងនេះ​នឹង​ត្រូវ​ប្រើប្រាស់​កម្លាំង​ជំនាញជិត៣០០នាក់ សម្រា​ប់​បោស​សម្អាត​មីន នៅខេត្តព្រះវិហារ ឧត្តរមានជ័យ ស្ទឹងត្រែង ខេត្តសៀមរាប និងខេត្តកំពង់ធំ ដោយផែនការត្រូវរំដោះផ្ទៃដីចំការមីន និងចំការសំណល់ជាតិផ្ទុះពីសង្គ្រាមចំនួនជាង ១ពាន់ ៧រយ ហិកតា (១,៧០០)។

លោក ហេង រតនា បន្តថា សម្រាប់លទ្ធផលរយៈពេល ៦ខែ ឆ្នាំ២០២១ គំរោងជំនួយចិនដែលមានទំហំថវិកាដូចទៅនឹងឆ្នាំ ២០២២ ដែរនោះ បានរំដោះដីចំការមីន និងគ្រាប់សំណល់មិនទាន់ផ្ទុះ ចំនួនជាង ៥ពាន់គ្រាប់ លើផ្ទៃដីប្រមាណជា ១ពាន់ហិកតា (១,០៨៣)។

ចំណែករដ្ឋាភិបាលសហរដ្ឋអាមេរិកវិញ ក៏បានផ្តល់ជំនួយជាទឹកប្រាក់ចំនួន ១,៦ លានដុល្លារ (១លាន៦សែន) សំរាប់គម្រោងបោសសម្អាតមីន ចាប់ពីខែមីនា ឆ្នាំ២០២១ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ និងត្រូវប្រើប្រាស់កម្លាំងជំនាញរបស់អង្គភាពស៊ីម៉ាក់ចំនួនប្រមាណជាង ២០០នាក់។ សហរដ្ឋអាមេរិក អះអាងថា បានចំណាយថវិកាចំនួន ១៣១លានដុល្លារ នៅក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ ដើម្បីដោះមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះដទៃទៀត ដែលនៅសេសសល់ពីសម័យសង្គ្រោម។

មជ្ឈមណ្ឌល​កម្ចាត់មីន​កម្ពុជាអះអាងថា ​ក្នុង​ឆ្នាំ២០២០​ ​ស៊ីម៉ាក់ (CMAC) បាន​រុករកឃើញគ្រាប់​មីន និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​គ្រប់​ប្រភេទ​ សរុប​ចំនួន​ជិត​៤ម៉ឺនគ្រាប់ (៣៩,២៤៩) លើផ្ទៃដីសរុប ​ជាង ​៩ពាន់ហិកតារ (៩,២០០)។ សម្រាប់ផែនការឆ្នាំ២០២១ វិញ មជ្ឈមណ្ឌលស៊ីម៉ាក់ ​គ្រោង​រំដោះ​ផ្ទៃដី​ចម្ការមីន និង​ចម្ការ​គ្រាប់មិនទាន់​ផ្ទុះ​ ​ចំនួន​ប្រមាណ​ជាង​មួយម៉ឺន ១ពាន់ហិកតារ (១១,៣០០)។

របាយការណ៍ស៊ីម៉ាក់​ឱ្យ​ដឹង​ថា ចាប់ពី​ឆ្នាំ១៩៧៩ ដល់ឆ្នាំ ២០២០ ពលរដ្ឋ​ជិត២ម៉ឺននាក់ (១៩,៧៩៧) បាន​ស្លាប់ និង​រង​របួស​ពិការ​ដាច់​ដៃជើងចំនួន ជាង៤ម៉ឺន ៥ពាន់នាក់​ (៤៥,១២៣) នាក់​ផ្សេង​ទៀត ដោយសារ​គ្រាប់មីន និង​គ្រាប់​សំណល់​ជាតិ​ផ្ទុះ។ ចំនួន​អ្នក​ស្លាប់​ និង​រង​របួស បាន​ថយ​ចុះ​មក​ត្រឹម​ ៦៥​នាក់ ក្នុង​អំឡុង​ឆ្នាំ​២០២០ ដែល​កាល​ពី​ឆ្នាំ​១៩៩៦ មាន​អ្នក​ស្លាប់​ជាង ៤ពាន់ ៣រយនាក់ (៤,៣២០)៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

One Response to "ចិន​ផ្តល់​ជំនួយជាង​២​លានដុល្លារ សំរាប់​សកម្មភាព​បោសសំអាត​មីន​នៅ​កម្ពុជា"

  1. Anonymous says:

    CHINA have to spending their money more then that they will pay to Cambodian families who lost their love one by those mine made from CHINA and SOVIET

Leave a Reply

Submit Comment