មន្ត្រី​រដ្ឋា​ភិបាល​​​ថា​ការ​ប្រកាស​បង្កើត​រដ្ឋា​ភិបាល​រួបរួម​ជាតិ​របស់​លោក​ សម​ រង្ស៊ី​ មិន​​អាច​​ទៅ​​រួ​ច​​ឡើយ

នយោបាយ | ព័ត៌មានជាតិ
លោក សេង ថៃ | ២០ កក្កដា ២០២១ |ម៉ោង ២១:៥២
VOD

អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ផៃ ស៊ីផាន ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅទីស្តីការគណៈរដ្ឋមន្ត្រី ព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០។ (ជន ចាន់រ៉ែន)

អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ផៃ ស៊ីផាន ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅទីស្តីការគណៈរដ្ឋមន្ត្រី ព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០។ (ជន ចាន់រ៉ែន)


មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជាបានបញ្ចេញប្រតិកម្មថា ការប្រកាសបង្កើតរដ្ឋាភិបាលរួប​រួម​ជាតិ​របស់លោក សម រង្ស៊ី ដែល​យកគំរូតាមប្រទេសភូមា នឹងមិនទទួលជោគជ័យនោះឡើយ។

ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន ហ៊ាន​​អះអាងបែប​នេះ ដោយ​សារ​​​តែ​​លោក​​មើល​ឃើញ​ថា សារ​អំពាវ​នាវ​​របស់​លោក សម រង្ស៊ី ជាច្រើនលើក​ច្រើន​សារ​កន្លង​​មក គឺ​មិន​ទទួល​បាន​ជោគ​ជ័យ​នោះ​ទេ​។

អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជារូបនេះចាត់​ទុក​ថា ការ​អំពាវ​នាវ​​របស់​លោក សម រង្ស៊ី គឺគ្រាន់​​តែ​ជាការ​បំពង​សំឡេង​​ឱ្យ​​ឮនិង​ទាមទារការចាប់អារម្មណ៍ពីមហាជនតែប៉ុណ្ណោះ។

លោកថ្លែងយ៉ាងដូច្នេះថា៖ «ដូច្នេះ បើគាត់ចង់កែប្រែ អ៊ីចឹង​បាន​សេចក្តី​ថា គាត់ចលនា​មួយដើម្បីឱ្យ​​មានសង្គ្រាមនៅលើប្រទេសកម្ពុជា។ អ៊ីចឹងការអំពាវនាវរបស់គាត់នេះស្មើនឹងសូន្យ ដែល​ប្រជាពលរដ្ឋនៅសម័យនេះអត់​ទទួលយកទេអាហ្នឹងអ៊ីចឹង។ ហើយទីពីរ គឺជាការអំពាវនាវ​មួយខុសច្បាប់ ខុសរដ្ឋធម្មនុញ្ញកម្ពុជា ហើយជាអ្វីដែលអន្តរជាតិគេមិនទទួលស្គាល់ទៅទៀត»

លោក ផៃ ស៊ីផាន បានបន្តយ៉ាងដូច្នេះថា៖ «អាហ្នឹងជាបញ្ហាមួយ គ្រាន់តែទិសដៅដែលគាត់ចង់កកូរកកាយហ្នឹង ដើម្បីធ្វើឱ្យ​ប្រជាពលរដ្ឋបះបោរ ដើម្បីបំផ្លាញអាយុជីវិតខ្លួនឯង បំផ្លាញសន្តិភាពខ្លួនឯង និងបំផ្លាញពេលវេលា​ ក្នុងកិច្ចការកសាងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជានេះ»

លោក សម រង្ស៊ី អតីតប្រធានគណប​ក្សសង្គ្រោះជាតិ បានអំពាវនាវតាមទំព័រហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ ឱ្យ​​ប្រជាពលរដ្ឋខ្មែរ​ពិចារណា​បង្កើត​រដ្ឋាភិបាល​ បង្រួបបង្រួមជាតិមួយ​ដោយ​យក​គំរូ​តាម​ប្រទេស​ភូមា ឬមីយ៉ាន់ម៉ា។ ប្រទេស​​ភូមា បានបង្កើតរដ្ឋាភិបាលបង្រួប​បង្រួមជាតិមួយ ដើម្បីប្រឆាំងនឹង​របប​យោធា​ភូមា បន្ទាប់​ពីការធ្វើរដ្ឋប្រហារកាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១។

ក្រោយ​មក ​ពលរដ្ឋភូមាបានងើបឡើងតវ៉ាគ្រប់ទីកន្លែង ទោះបី​ជា​របបយោធា​​​​បាន​​​ប្រើ​​​ហិង្សា​និង​​បាញ់​​បង្ក្រាប​​ក្រុម​​​​​​​បាតុករ​ភូមា​​​ឱ្យ​​របួស​និង​ស្លាប់​ជាច្រើនក្តី។ ​ពលរដ្ឋ​ភូមា​ខ្លះ​នាំ​គ្នា​​បង្កើតទ័ពឬចូលរួម​ជាមួយ​ក្រុម​កង​កម្លាំង​​ប្រដាប់​អាវុធ​​ទប់ទល់​ជាមួយ​ក្រុម​យោធា​វិញ ​ខណៈ​សហគមន៍​អន្តរជាតិ​ខ្លះបានបង្ហាញ​ជំហរ​គាំទ្រ​ពលរដ្ឋ​ភូមា ហើយ​ទាមទារ​ឱ្យ​​​របបយោធា​​ប្រគល់​​​អំណាច​​ជូន​​​ពលរដ្ឋ​វិញ​​។

ប៉ុន្តែយ៉ាងណាក្តី លោក សម រង្ស៊ី មិនបង្ហាញពីទម្រង់ឬ​រូបភាពនៃរដ្ឋាភិបាលរួបរួមជាតិ​នៅកម្ពុជា​ដែលលោកបានប្រកាសឱ្យបង្កើតឡើងនោះយ៉ាងណានៅឡើយទេ។

អ្នកវិភាគនយោបាយ លោកបណ្ឌិត គិន ភា បានថ្លែងថា នៅកម្ពុជាមិនអាចបង្កើតរដ្ឋាភិបាលរួបរួមជាតិនោះ​បាន​ទេ ព្រោះថា ស្ថានភាពនៅកម្ពុជាខុសពីនៅក្នុងប្រទេសភូមា។

ប្រធានវិទ្យាសាស្ត្រទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជារូបនេះ ចាត់ទុកថា ការអំពាវនាវរបស់លោក សម រង្ស៊ី គឺគ្រាន់តែជាការរវើរវាយ ដោយចង់បានចំណាប់អារម្មណ៍ពីអ្នកសារព័ត៌មានជាតិ អន្តរជាតិ នឹងគ្មានប្រសិទ្ធភាពឡើយ​។

លោកបណ្ឌិត គិន ភា ថ្លែងថា៖ «វាលុះត្រាតែប្រទេសហ្នឹង វាស្ថិតនៅក្នុងការបែកបាក់ ការដណ្ដើមអំណាច ឬក៏ចលាចលសង្គម ដែលប្រជាពលរដ្ឋបោះឆ្នោតឱ្យគណបក្សមួយហើយ ហើយត្រូវបានពួកយោធាប្លន់អំណាច ឬក៏ទង្វើរដ្ឋប្រហារអីអាហ្នឹង ការប្រកាសនិរទេសខ្លួនហ្នឹង វាជារឿងមួយអាចពិចារណា»

ចំណែកលោក ប៉ា ចន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា បានចាត់ទុក​ការ​លើកឡើងរបស់លោក សម រង្ស៊ី គឺជាយុទ្ធសាស្ត្ររបស់អ្នកនយោបាយប្រឆាំង ដើម្បីឈានទៅរកទម្ងន់នយោបាយតែប៉ុណ្ណោះ។

លោកមានប្រសាសន៍ថា៖ «ខ្ញុំគិតថាជាយុទ្ធសាស្ត្ររបស់គាត់ របស់អ្នកនយោបាយអតីតគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការកំពូលរំលាយនៅចុងឆ្នាំ២០១៧ ដោយសារស្តាប់ទៅ មើលទៅតាមស្ថានភាព ប្រហែលជាគ្មានច្រកណាមួយ​ដែលឈានទៅដល់ការផ្សះផ្សា​ដល់​ការចរចា​នយោបាយ ដើម្បីបង្រួបបង្រួមគ្នាឡើងវិញនៅមុនការបោះឆ្នោតខាងមុខ​នេះ»

ក្រៅពីប្រតិកម្មរបស់លោក ផៃ ស៊ីផាន នៅមានប្រតិកម្មពីមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជានិងអតីតមន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំង លោក មុត ចន្ថា និងលោក សួន សេរី​រដ្ឋា អតីតប្រធានគណបក្សអំណាចខ្មែរផងដែរ។ ពួកគេបានចាត់ទុកថា សារអំពាវនាវរបស់លោក សម រង្ស៊ី ឱ្យ​ត្រៀមបង្កើតរដ្ឋាភិបាលបង្រួបបង្រួម​ជាតិ​ថា គ្រាន់​តែ​ជា​ការ​ស្រមើ​ស្រមៃ និងជាកា​រដើរបញ្រ្ចាស​ទិសឬខុសផ្លូវនយោបាយពីលោក កឹម សុខា ជាដើម៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

One Response to "មន្ត្រី​រដ្ឋា​ភិបាល​​​ថា​ការ​ប្រកាស​បង្កើត​រដ្ឋា​ភិបាល​រួបរួម​ជាតិ​របស់​លោក​ សម​ រង្ស៊ី​ មិន​​អាច​​ទៅ​​រួ​ច​​ឡើយ"

  1. Anonymous says:

    WOW this dump guy did not know that some country will come and get his house soon . what will this dump guy expecting economy Vietnamese and Thai will take full control soon . Vietnam already took some land and island but they want more , China bough the land build CASINO and tall building every sea sour line province and KAMPOUCHEA still owe tone of $$$$$$$$$$ to China . what going on AH >>CHHKOUTH PROR CHAM TRORKOL