មេធាវី​​ដាក់​​ពាក្យ​​បណ្តឹង​​ឧទ្ធរណ៍​​ស្នើ​​សុំ​ដោះ​លែង​​ក្មេង​​ប្រុស​ ​កាក់ ​សុវណ្ណច្ឆ័យ ឱ្យនៅ​ក្រៅ​ឃុំ​

ដោយ មាន ឫទ្ធិ
2021-07-20
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

មេធាវី​​ដាក់​​ពាក្យ​​បណ្តឹង​​ឧទ្ធរណ៍​​ស្នើ​​សុំ​ដោះ​លែង​​ក្មេង​​ប្រុស​ ​កាក់ ​សុវណ្ណច្ឆ័យ ឱ្យនៅ​ក្រៅ​ឃុំ​

លោកស្រី ព្រុំ ចាន់ថា ម្ដាយ​របស់​យុវជន កាក់ សុវណ្ណច្ឆ័យ ព្យាយាម​ទៅ​ជួប​កូន ពេល​នគរបាល​នាំ​ខ្លួន​មក​សាកសួរ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ប៉ុន្តែ​ខាង​មន្ត្រី​តុលាការ​មិន​អនុញ្ញាត​ឱ្យ​លោកស្រី​​បាន​ជួប​កូន​ដោយ​ភ្ទាល់​ទេ គឺ​បាន​ត្រឹម​តែ​ឃើញ​កូន​ប្រុស​លើក​ដៃ​ដាក់​លោកស្រី​ពី​ចម្ងាយ​ ពេល​ឡើង​តុលាការ នៅ​ថ្ងៃ​ទី១៩ ខែកក្កដា ឆ្នាំ២០២១។ រូប៖ ពលរដ្ឋផ្ដល់​ឱ្យ


មេធាវី​​ការ​ពារ​ក្តី​​ឲ្យ​​យុវជន​ កាក់ សុវណ្ណច្ឆ័យ ​គឺ​លោក សំ សុគង់ បាន​ដាក់ពាក្យ​ប្តឹង​​ឧទ្ធរណ៍​ស្នើ​សុំ​ដោះ​លែង​កូន​ក្តី​របស់​លោក​ឱ្យ​នៅ​ក្រៅ​ឃុំ បន្ទាប់​ពី​សាលា​ដំបូង​រាជ​ធានី​​ភ្នំពេញ សម្រេច​បន្ត​ឃុំ​ខ្លួន​​កុមារ ​កាក់ ​សុវណ្ណច្ឆ័យ នៅ​ថ្ងៃទី១៩ ខែកក្កដា។

នៅ​ក្នុង​​ពាក្យ​បណ្តឹង​ឧទ្ធរណ៍​ផ្ញើ​ជូន​ប្រធាន​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ចុះ​ថ្ងៃទី១៩ ខែកក្កដា របស់​លោកមេធាវី សំ សុគង់ បញ្ជាក់​ថា សេចក្តី​សម្រេច​របស់សាលា​ដំបូង​​រាជ​ធានី​ភ្នំពេញ​​មិន​ផ្តល់​ភាព​យុត្តិ​ធម៌ ហើយ​ដែល​ធ្វើ​ឱ្យ​ប៉ះ​ពាល់ដល់​សិទ្ធិ​ស្រប​ច្បាប់​កូន​ក្តី​របស់​លោក​ដែល​ជា​អនីតិ​ជន​អាយុ​ក្រោម ១៨ឆ្នាំ និង​ជា​សិស្ស​ដែល​កំពុង​​សិក្សា​ទៀត​ផង។

អាជ្ញាធរ​​របប​​ក្រុង​​​ភ្នំពេញ​បាន​​ចាប់​ខ្លួន​​យុវជន​ កាក់ សុវណ្ណ​ច្ឆ័យ ​កាល​​ពី​​ម៉ោង​ ៨​យប់ ​​ថ្ងៃ​ទី​២៤ ​ខែ​មិថុនា ​ដោយ​​ចោទ​ថា បាន​​ប្រព្រឹត្ត​​បទ​ល្មើស​​ជាក់​ស្តែង​​ពាក់ព័ន្ធ​នឹង​​ការ​ប្រើ​​ពាក្យ​​សម្តី​ញុះញង់​​និង​​ការ​​ជេរ​ប្រមាថ​​ថ្នាក់​ដឹក​នាំ ​តាម​​​បណ្តាញ​សង្គម​​​តេឡេ​​ក្រាម ​(Telegram)​។ ​ប៉ុន្តែ​​ម្តាយ​​របស់​​កាក់​ សុវណ្ណច្ឆ័យ​ អះអាង​ថា ​មាន​​សមត្ថ​កិច្ច​​​មួយ​​ចំនួន​ បាន​បន្លំ​ខ្លួន​​​ឆាត​​​ទៅ​​បង្ក​​ជម្លោះ​​ជា​មួយ​​កូន​​របស់​គាត់​​ដូច​ជា ​”ជេរ​​ថា​​កូន​​អា​ក្បត់​ជាតិ” ​ជា​ដើម ​ដែល​​នាំ​ឲ្យ​ កាក់ ​សុវណ្ណច្ឆ័យ ​​ជេរ​​​ដោយ​កំហឹង​​​តប​ត​​​ទៅ​វិញ។ តុលាការ​​ក្រុង​​ភ្នំពេញ​ ​បាន​​ចោទ​ប្រកាន់​​អនីតិ​ជន​​រូប​នេះ ​ចំនួន​​ពីរ​​បទ​​ល្មើស ​គឺ​​បទ​​ញុះ​ញង់​​បង្ក​ឲ្យ​​មាន​ភាព​​វឹក​​វរ​​ធ្ងន់​​ធ្ងរ​ដល់​​សន្តិ​សុខ​សង្គម​ និង​​​បទ​​ប្រមាថ​អ្នក​រាជ​ការ​​សាធារណៈ ​ហើយ​​បញ្ជូន​​ទៅ​​ឃុំ​ខ្លួន​​នៅ​ពន្ធនា​គារ​​ព្រៃស ​(ម២)​ កាល​​ពី​ព្រលប់​​ថ្ងៃ​ទី២៥​ ខែ​មិថុនា។

ម្តាយ​​របស់​​យុវ​ជន​​ កាក់ សុវណ្ណច្ឆ័យ​ គឺ​លោក​ស្រី ​ព្រុំ ចាន់ថា រៀប​រាប់​ថា លោក​ស្រី​សោក​ស្តាយ​ដែល​​មន្ត្រី​​តុលាការ​ក្រុង​ភ្នំពេញ​កាត់​ផ្តាច់​ទឹក​ចិត្ត​រវាងលោក​ស្រី​ជា​ម្ដាយ​​និង​​កូន ដោយ​​មិន​​អនុញ្ញាត​​ឲ្យ​​លោក​ស្រី​​ជួប​មុខ​ និង​និយាយ​ជាមួយ​​កូន​នៅ​ពេល​ដែល​អាជ្ញាធរ​នាំ​ខ្លួន​កូន​ប្រុស​លោក​ស្រី​មក​សវនាការ​នៅ​ថ្ងៃ​ទី១៩ ខែកក្កដា ​ខណៈ​លោក​ស្រី​ព្រួយ​បារម្ភ​ពី​សុខ​ទុក្ខ​កូន​ជា​ខ្លាំង។

ម្តាយ ​កាក់ ​សុវណ្ណច្ឆ័យ បន្ត​ថា​ កូន​ប្រុស​លោក​ស្រី​នៅ​ក្មេង និង​មាន​សតិស្មារតីខ្សោយ ដែល​ត្រូវ​ការ​យក​ចិត្ត​ទុក​និង​ថែ​ទាំ​ពី​សំណាក់​ក្រុម​គ្រួសារ ម្យ៉ាង​ទៀតកូន​លោក​ស្រី​ក៏​កំពុង​រៀន​ថ្នាក់​ទី៩ ហើយ​ត្រូវ​ប្រឡង​មធ្យម​សិក្សា​បឋម​ភូមិ​នៅថ្ងៃទី៩ និងទី១០ ខែសីហា ខាង​មុខ​នេះ ដូច្នេះ​លោក​ស្រី​ស្នើ​ឱ្យ​តុលា​ការ​សាលាឧទ្ធរណ៍​ដោះ​លែង​កូន​ប្រុស​ឱ្យ​មាន​សេរី​ភាព​ឡើង​វិញ ហើយ​លោក​ស្រី​នឹង​អនុត្ត​តាម​នីតិ​វិធី​របស់​តុលា​ការ៖ «គាត់​ធ្វើ​មិន​ត្រឹម​ត្រូវ​ គេ​មាន​សិទ្ធិ​រិះ​គន់​ និង​មាន​សិទ្ធិ​ថា​ឱ្យហើយ​ចឹង​​គាត់​​ស្ថាបនា​ខ្លួន​ឯង​ទៅ​ មិន​មែន​ចាប់​គេ​ដាក់​គុក​ដាក់​ខ្នោះ ហើយណា​មួយ​គាត់​ក្មេង​ធម្មតា​ចាប់​ឪពុក​គាត់​ធ្វើ​ទង្វើ​លើ​ម្តាយ​គាត់ ក្មេង​ធម្មតា​វាមាន​ការ​ឈឺ​ចាប់​ ចឹង​មាន​តែង​តែ​បញ្ចេញ​មតិ​យោ​បល់​ខ្លះ​ហើយ មាន​ជន​អសមត្ថ​ភាព​មួយ​ចំនួន​ដែល​មក​ញុះ​ញុង់​ឱ្យ​កូន​ខ្ញុំ​ជេរ ចឹង​តើ​វា​ត្រឹម​ត្រូវ​ដែរ​មែន ចឹង​បើ​សិន​តុលា​ការ​​សុក្រិត​និង​ឯក​រាជ្យ​គាត់​ត្រូវ​លើក​មក​ពិចារ​ណា​ហើយដោះ​លែង​គាត់​ហើយ​មិន​មែន​ឃុំ​ខ្លូន​បន្ត​ទេ»។

ឆ្លើយ​តប​ជុំវិញ​រឿង​នេះ ប្រធាន​តុលាការ​ក្រុង​ភ្នំពេញលោក តាំង ស៊ុនឡាយ អះ​អាង​ថា ​ករណី​តុលា​ការ​ក្រុង​ភ្នំពេញ​មិន​អនុញ្ញាត​ឱ្យ​សាច់​ញាតិ​ចូល​ស្តាប់សវនា​ការ​ គឺ​តុលាការ​ធ្វើ​តាម​ច្បាប់​អនីតិ​ជន ដែល​សវនា​ការ​ត្រូវ​ធ្វើ​ឡើងដោយ​សម្ងាត់។ រីឯ​ម្តាយ​យុវ​ជន កាក់ សុវណ្ណច្ឆ័យ ដែល​មិន​បាន​អនុញ្ញាត​ឱ្យជួប​មុខ​កូន​ប្រុស​នៅ​តុលាការ​វិញ លោក​ថា វា​ស្ថិត​លើ​ការ​សម្រេច​របស់មន្រ្តី​ពន្ធនា​គារ និង​ព្រះ​រាជ​អាជ្ញា​ជា​អ្នក​ពិនិត្យ​រឿង​នេះ៖ «ចៅ​ក្រម​គាត់​សម្រេច​ហើយ អាហ្នឹង​វា​តាម​នីតិ​វិធី​មាន​ការអី​ឱ្យ​គាត់​ប្តឹង​ទៅ​ឧទ្ធរណ៍​ថែម​ទៅ សភា​ស៊ើប​សួរ​ទទួល​ត្រួត​ពិនិត្យ​មើល​ទៅ យើង​អត់​អាច​ថា ​គេ​ខុស​បាន​ទេ បើ​សិន​មិន​ពេញ​ចិត្ត​ខុស​ប្តឹង​ទៅ​សាលា​ឧទ្ធរណ៍​បាន​ មាន​សិទ្ធិ​និយាយ​រឿង​ហ្នឹង ខាង​ខ្ញុំ​ក៏​អត់​មាន​យោ​បល់​ដែរ ដោយ​សារ​អ្វី​ដែល​គាត់​សម្រេច​ហ្នឹង​គាត់​សរសេរ​នៅ​ក្នុង​ដីកា​​សម្រេច​គាត់​ហើយ»។

ប្រធាន​សមា​គម​ការ​ពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc)  លោក នី សុខា មានប្រសាសន៍​ថា សង្គម​ស៊ីវិល​ចាត់​ទុក​ករណី​នេះជា​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ផ្នែកនយោ​បាយ​លើ​គ្រួសារ​សកម្ម​ជន​បក្ស​ប្រឆាំង។ លោក​យល់​ថា ប្រសិន​បើតុលា​ការ​ប្រើ​ប្រាស់​សិទ្ធិ​សម្រេច​ក្តី​ដោយ​ផ្អែក​លើ​ច្បាប់ គឺ​មិន​គួរ​ឃាត់​ខ្លួន ឬ​ឃុំខ្លួន​យុវ​ជន​រូប​នេះ​ដាក់​ពន្ធនា​គារ​​នោះ​ទេ ​ ព្រោះ​កាក់ ​សុវណ្ណច្ឆ័យ ​ជា​អនីតិ​ជន មាន​បញ្ហា​ខ្សោយ​​សតិ​បញ្ញា និង​មាន​ជំងឺ​​អូទី​ស៊ឹម​ពី​កំណើត​ ដូច្នេះ​លោក​ទទូចឱ្យ​​តុលាការ​ជាន់​ខ្ពស់​គួរ​ពិចារ​ណា​​ដោយ​ទំលាក់​ចោល​ការ​ចោទ​ប្រកាន់ និងដោះ​លែង​យុវជន​រូប​នេះឱ្យ​មាន​សេរី​ភាព​ឡើង​វិញ ដោយ​សារ​ក្មេ​ង​ប្រុស​​រូបនេះ​​​ត្រូវ​សិក្សា​​រៀន​​សូត្រ ​ហើយ​​គាត់​​ថែម​​ទាំង​​ត្រូវ​​ការ​​​មើល​​ថែ​ទាំ​​ពី​ម្តាយ​​ទៀត​ផង៖ «មិន​គួរ​ណា​ឱ្យ​មាន​ការ​ឃាត់​ខ្លួន ​ឬ​ក៏​ឃុំ​ខ្លួន​គាត់​ទេ គួរ​តែ​ទំលាក់​ចោល​ការ​ចោទ​ប្រកាន់ គ្រាន់​តែ​គាត់​ប្រើ​ប្រាស់​សេរី​ភាព​បញ្ចេញ​មតិហើយ​ក្នុងនាម​គាត់​ជា​កូន​ចៅ​ដែល​គាត់​ខឹង​សម្បារ​មាន​ការ​ប្រើ​ប្រាស់​ពាក្យ​សម្តី​មិន​សម​រម្យ​ទៅ​លើ​ឪពុក​គាត់​មាន​ការ​មាក់​ងាយ​អី​ជា​ការ​ខឹង​សម្បារ​របស់គាត់ មួយ​ទៀត​យើង​ដឹង​ថា ​គាត់​មាន​វិបត្តិ​ខាង​ស្មារតី​ទៀត​ផង ខ្ញុំ​គិត​ថា​ សាលាឧទ្ធរណ៍​គួរ​យក​មក​ពិចារ​ណា»។

ក្រុម​អ្នក​ការ​ពារ​សិទ្ធិ​មនុស្ស​ថា ការ​មិន​អនុញ្ញាត​ឱ្យ​ម្តាយ​ជួប​មុខ​កូន​ក្នុង​ពេលនាំ​ខ្លួន​ក្មេង​ប្រុស​កាក់ សុវណ្ណ​ឆ័យ​ មក​តុលា​ការ​ គឺ​ជា​រឿងរំលោភ​សិទ្ធិ​មនុស្ស និង​សិទ្ធិ​របស់​ជន​សង្ស័យ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment