មេធាវី​​ស្នើ​​តុលា​ការ​​ដោះលែង​​កុមារ​​ កាក់​ សុវណ្ណច្ឆ័យ​ ឱ្យ​​នៅ​ក្រៅ​​​ឃុំ​ ខណៈ​កុមារ​រូប​នេះ​​​មាន​ជំងឺ​អូទីហ្សឹម

តុលាការ និងច្បាប់ | ព័ត៌មានជាតិ | សិទ្ធិមនុស្ស
កញ្ញា ខាន់ លក្ខិណា | ២០ កក្កដា ២០២១ |ម៉ោង ១៧:២៩
VOD

សមត្ថកិច្ចនិងអ្នកពាក់ព័ន្ធផ្សេងៗ ឈរនៅពីមុខសាលាដំបូង ក្នុងថ្ងៃ​សវនាការ​អតីត​សកម្មជន​បក្ស​និង​មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០។ (ជន ចាន់​រ៉ែ​ន)

សមត្ថកិច្ចនិងអ្នកពាក់ព័ន្ធផ្សេងៗ ឈរនៅពីមុខសាលាដំបូង ក្នុងថ្ងៃ​សវនាការ​អតីត​សកម្មជន​បក្ស​និង​មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០។ (ជន ចាន់​រ៉ែ​ន)


មេធាវីការពារក្ដីឱ្យកុមារា កាក់ សុវណ្ណច្ឆ័យ ដែលជាកូនរបស់អតីតមន្ត្រីគណបក្សសង្រ្គោះជាតិ ស្នើ​តុលាការ​​ដោះលែង​​កូនក្តីរបស់ខ្លួនឱ្យបា​ន​​ក្រៅ​​ឃុំបណ្តោះអាសន្ន ដោយថា កុមារ​រូប​នេះ​មាន​​​ជំងឺ​អូទីហ្សឹម​ ឬមានស្មារតីមិនប្រក្រតីពីកំណើត និង​មិន​​បាន​​ប្រព្រឹត្តដូចការចោទប្រកាន់។

ការស្នើ​នេះធ្វើឡើងបន្ទាប់ពីចៅក្រមសាលាដំបូងរាជធានីភ្នំពេញ កាលពីម្សិលមិញ បាន​សាក​សួរ​កុមារ​ កាក់ សុវណ្ណច្ឆ័យ ក្រោមបទចោទប្រកាន់ «ញុះញង់​បង្ក​ឱ្យមាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម» និង​បទ​ចោទ «ជេរ​ប្រមាថ​អ្នករាជការ​សាធារណៈ»​ ក្រោយពី​សមត្ថកិច្ច​បាន​បញ្ជូន​កុមាររូបនេះ​​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស (ម២) កាល​ពី​​ថ្ងៃ​ទី២៥ ខែមិថុនា។ 

មេធាវី​ការពារ​ក្តី​ឱ្យ​​កុមារា​ កាក់ សុវណ្ណច្ឆ័យ គឺ​លោក សំ សុគង់ ប្រាប់ វីអូឌី កាលពីថ្ងៃម្សិលមិញ​ថា ចៅក្រម​ស៊ើបសួរ ​លោក ​សាន ប៊ុនធឿន បាន​ចោទ​សួរ​កូន​ក្ដី​របស់​លោក​ពាក់ព័ន្ធ​នឹង​សារ​ជា​សំឡេង​​រ​វា​ង​កុមារា កាក់ សុវណ្ណច្ឆ័យ ជាមួយ​មនុស្ស​មិន​ស្គាល់​អត្តសញ្ញាណ ដែលជជែក​គ្នា​ក្នុង​បណ្ដាញ​សង្គម​តេឡេ​ក្រាម ដោយបាន​ប្រើ​ពាក្យ​សម្ដី​អសុរោះប៉ះពាល់ថ្នាក់ដឹកនាំ។ 

មេធាវី​រូប​នេះ​បន្ត​ថា កូន​ក្ដីរបស់លោក​មាន​អាយុទើបតែ១៦ឆ្នាំ និង​មាន​បញ្ហា​ខ្សោយ​សតិ​បញ្ញា ​ទើប​គាត់​មិន​អាច​គ្រប់គ្រង​​អារម្មណ៍ និង​និយាយស្ដី​ដោយ​​ប្រើពាក្យមិនសមរម្យ។ 

លើសពីនេះ លោកមេធាវី សំ សុគង់ ថាការសាកសួររបស់ចៅក្រមទៅកាន់កូនក្ដីរបស់លោក ហាក់មិនត្រឹមត្រូវតាមនីតិវិធីច្បាប់នោះទេ ដោយសារ​សំណួរខ្លះ ​កូនក្តីមិនសូវយល់និងមិនសូវចេះឆ្លើយ ខណៈ​ កាក់ សុវណ្ណច្ឆ័យ មានវ័យ​ក្មេងនិងកំពុងមានជំងឺអូទីហ្សឹមតាំងពីកំណើតទៀតផង។ 

លោកថា៖ «បើយើងនិយាយពីលទ្ធផល ហាក់មិនសូវត្រឹមត្រូវតាមនីតិវីធីច្បាប់នៅឡើយ ដោយសារ​កូនក្ដីគឺជាកុមារ ហើយមានអាយុ១៦ឆ្នាំ។ ហើយប្រវត្តិជំងឺរបស់គាត់ គឺមានជំងឺអូទីហ្សឹម​ ហើយគាត់ក្ដាប់នូវសំណួរ ក៏ដូចជាការឆ្លើយរបស់​គាត់ គឺមានការលំបាក! ហើយការឆ្លើយរបស់គាត់ហាក់ដូចមិនបានធ្វើ គឺគាត់ឆ្លើយទៅតាមអ្វីដែលគេសួរ។ អ៊ីចឹងទៅ វាធ្វើឱ្យប៉ះពាល់សិទ្ធិ ហើយឆ្លើយទៅដូចចង់ដាក់បន្ទុកលើខ្លួនឯង តាមពិតខ្លួនមិនបានធ្វើដូចការចោទប្រកាន់ទេ»។

បញ្ហានេះ លោក សំ សុគង់ ស្នើទៅតុលាការឱ្យចាត់គ្រូពេទ្យជំនាញពិនិត្យនិងវាយតម្លៃទៅលើសតិបញ្ញារបស់​កុមារា កាក់ សុវណ្ណច្ឆ័យ និងដោះលែងឱ្យកូនក្ដីរបស់លោករូបនេះបាននៅក្រៅឃុំបណ្ដោះអាសន្ន ដើម្បី​ជួបជុំគ្រួសារវិញ។

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក  អ៊ី រិន្ទ សុំមិនអត្ថាធិប្បាយលម្អិតលើបញ្ហានេះឡើយ ដោយសារលោកមិនទាន់ទទួលបានព័ត៌មាននេះទេ។ 

ក្មេងប្រុស កាក់ សុវណ្ណច្ឆ័យ គឺជាកូនបង្កើតរបស់អតីតមន្ត្រីគណបក្សសង្គ្រោះជាតិ លោក កាក់ កុម្ភារ ដែល​បច្ចុប្បន្ន លោកក៏កំពុងជាប់ឃុំនៅពន្ធនាគារព្រៃស​។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ចាត់ទុកការលើកឡើងរបស់មេធាវីការពារក្ដីថាគ្មានអ្វីចម្លែកឡើយ ដើម្បីការពារកូនក្ដីឱ្យរួចផុតពីបទចោទប្រកាន់របស់តុលាការ ប៉ុន្តែការសម្រេចបែបណានោះអាស្រ័យទៅលើតុលាការ។

លោកថា៖ «មេធាវីគាត់តែងលើកឡើងហើយ គ្រប់រឿងក្ដីទាំងអស់ថា កូនក្ដីគាត់​មានស្មារតីមិនល្អជាដើម ​ដើម្បីរួចផុតពីការចោទប្រកាន់​ ប៉ុន្តែតុលាការគេមិនមែនចេះតែជឿលើ​ការលើកឡើងរបស់មេធាវីទេ គេមើលទៅលើសកម្មភាពជនជាប់​ចោទ គេមើលទៅការប្រព្រឹត្តល្មើសជនជាប់ចោទ តើការប្រព្រឹត្តហ្នឹងដោយស្មារតីមិនប្រក្រតីឬយ៉ាងម៉េច»។ 

នាយិកាប្រតិបត្តិមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោកស្រី ចក់ សុភាព សង្កេតឃើញថា ជាទូទៅ សកម្មជន​នយោបាយនិង​​សិទ្ធិមនុស្ស តែងតែត្រូវបានតុលាការឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារ បើទោះបីជាកន្លងមក សង្គមស៊ីវិលបានស្នើទៅតុលាការឱ្យយក ការ​ឃុំខ្លួនបណ្តោះអាសន្ននេះជាជម្រើសចុងក្រោយ ក៏ដោយ។ លោកស្រីទទូចឱ្យតុលាការពិចារណាចំពោះការស្នើ​សុំ​របស់​មេធាវីការពារក្តីឱ្យកុមារ កាក់ សុវណ្ណច្ឆ័យ នេះ។

លោកស្រីថា៖ «អ៊ីចឹងកន្លែងនេះ តុលាការលោកគួរតែពិនិត្យមើលឡើងវិញ មិនមែនតែចំពោះករណីកុមារទេ ប៉ុន្តែចំពោះកុមារនេះ តុលាការគួរតែយកចិត្តទុកដាក់បន្ថែមទៀត។ ​ហើយចំពោះគាត់មានសតិស្មារតី​[មិនប្រក្រតី] ដែលតុលាការគួរតែធ្វើការពិនិត្យ ចាំបាច់បំផុតដែលតុលាការត្រូវតែធ្វើ ដើម្បីធានាសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌ ហើយផលប្រយោជន៍តុលាការគួរតែត្រូវបានការពារ»។

កុមារ​ កាក់ សុវណ្ណច្ឆ័យ ធ្លាប់​​ត្រូវបានសមត្ថកិច្ចរាជធានីភ្នំពេញចាប់ខ្លួនម្តងរួចមកហើយកាល​ពី​ខែតុលា ​ឆ្នាំ២០២០ ពីបទ ​«ចូលទីស្នាក់ការអតីតគណបក្សសង្គ្រោះជាតិ» នៅសង្កាត់ចាក់អង្រែលើ រាជធានីភ្នំពេញ ដោយ​​បំពានលើបម្រាម​តុលាការ។ ប៉ុន្តែ កុមារ​រូបនោះត្រូវ​បានសមត្ថកិច្ច​ដោះលែងវិញ ក្រោយ​​សាកសួរ​អស់រយៈពេល​៤៨ម៉ោង។ 

ក្រោយពីសមត្ថកិច្ចដោះលែងរួច ប៉ុន្មានខែក្រោយ​មក កុមារ​ កាក់ សុវណ្ណច្ឆ័យ ត្រូវបានជនមិន​ស្គាល់​មុខ​លួច​វាយពីក្រោយ បណ្តាលឱ្យបែកក្បាយដេរ២០ថ្នេរ ប៉ុន្តែជាច្រើនខែមកនេះ សមត្ថកិច្ចនៅមិនទាន់រកឃើញជនដៃដល់ ដើម្បីយកមកផ្តន្ទាទោសនៅឡើយទ៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

One Response to "មេធាវី​​ស្នើ​​តុលា​ការ​​ដោះលែង​​កុមារ​​ កាក់​ សុវណ្ណច្ឆ័យ​ ឱ្យ​​នៅ​ក្រៅ​​​ឃុំ​ ខណៈ​កុមារ​រូប​នេះ​​​មាន​ជំងឺ​អូទីហ្សឹម"

  1. Anonymous says:

    he still need his mom to feeding him ,let say if some one take your baby or your son baby what will you think???????????????????????????????????????????????

Leave a Reply

Submit Comment