សមត្ថកិច្ច​ចាប់​ខ្លួន​មនុស្ស​រាប់​សិប​នាក់​រួម​មាន​ជនជាតិ​ចិន​និង​វៀតណាម​ក្នុង​ក្លឹប​កម្សាន្ត​មួយ​នៅ​រាជធានី​ភ្នំពេញ ដែល​ល្មើស​នឹង​បម្រាម​​របស់​អាជ្ញាធរ

ដោយ មាន ឫទ្ធិ
2021-07-19
RFA

សមត្ថកិច្ច​ចាប់​ខ្លួន​មនុស្ស​រាប់​សិប​នាក់​រួម​មាន​ជនជាតិ​ចិន​និង​វៀតណាម​ក្នុង​ក្លឹប​កម្សាន្ត​មួយ​នៅ​រាជធានី​ភ្នំពេញ ដែល​ល្មើស​នឹង​បម្រាម​​របស់​អាជ្ញាធរ

សមត្ថកិច្ច​ចម្រុះ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ចាប់​ខ្លួន​មនុស្ស​រាប់​សិប​នាក់ រួម​មាន​ជនជាតិ​ចិន និង​វៀតណាម ដែល​ប្រមូល​ផ្ដុំ​គ្នា​នៅ​កន្លែង​កម្សាន្ត​មួយ​ឈ្មោះ ឡាវ​ ខ្លឹប (Lao Club) កាល​ពី​យប់​រំលង​អាធ្រាត្រ ​ចូល​ថ្ងៃ​ទី១៩ ខែកក្កដា ឆ្នាំ២០២១។ រូប៖ ហ្វេសប៊ុក


សមត្ថកិច្ច​ចម្រុះ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ចាប់​ខ្លួន​មនុស្ស​រាប់​សិប​នាក់ រួម​មាន​ជនជាតិ​ចិន និង​វៀតណាម ដែល​ប្រមូល​ផ្ដុំ​គ្នា​នៅ​កន្លែង​កម្សាន្ត​មួយ​ឈ្មោះ ឡាវ​ ខ្លឹប (Lao Club) ក្នុង​សង្កាត់​បឹងរាំង កាល​ពី​យប់​រំលង​អាធ្រាត្រ ​ចូល​ថ្ងៃ​ទី១៩ ខែកក្កដា។ ការឃាត់ខ្លួនេះ គឺដោយ​សារ​តែ​សកម្មភាព​ទាំង​នោះ ​ខុស​ទៅ​នឹង​បម្រាម​របស់​សាលា​រាជ​ធានី​ភ្នំពេញ ដែល​ហាម​មិន​ឲ្យ​ជួប​ជុំ ក្នុង​អំឡុង​ពេល​​មាន​ការ​រីក​រាលដាល​ជំងឺ​កូវីដ​១៩

អ្នក​នាំ​ពាក្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញលោក សាន សុខសីហា ប្រាប់​អាស៊ី​សេរី​ នៅ​ថ្ងៃ​ទី​១៩ ខែកក្កដាថា​ ក្រុម​មនុស្ស​ដែល​លួច​មក​កម្សាន្ត​នៅ​ក្លឹប​ក្នុង​ខុនដូ​នោះ គឺ​មាន​ចម្រុះ​ជាតិ​សាសន៍ ដោយ​មិន​ទាន់​អាច​កំណត់​ចំនួន​មនុស្ស​ពិត​ប្រាកដ​បាន​នៅ​ឡើយ​ទេ ថា​មាន​ជនជាតិ​ណា​ខ្លះ​ទេ ស្រី​ប៉ុន្មាន​នាក់ និង​ប្រុស​ប៉ុន្មាន​នាក់។ លោក​ឲ្យ​ដឹង​ថា ជា​ជំហាន​ដំបូង​ សមត្ថកិច្ច​ទុក​ឲ្យ​មន្ទីរ​ជំនាញ​ខាង​ក្រសួង​សុខាភិបាល ពិនិត្យ​ពួកគេ​រក​មើល​ជំងឺ​កូវីដ​១៩ ជាមុន​សិន ថា​តើ​មាន​មនុស្ស​ប៉ុន្មាន​មាន​ផ្ទុក​ជំងឺ​នេះ បន្ទាប់​មក​នឹង​ប្រគល់​ឲ្យ​មន្ត្រី​ជំនាញ​ប្រឆាំង​គ្រឿង​ញៀន ពិនិត្យ​រក​សារធាតុ​ញៀន​ជា​ក្រោយ ថា​តើ​មាន​មនុស្ស​ប៉ុន្មាន​នាក់​ មាន​ប្រើប្រាស់​គ្រឿង​ញៀន។

លោក សាន សុខសីហា បញ្ជាក់​ថា ក្រោយ​ពី​ពិនិត្យ​មនុស្ស​ទាំង​អស់​នោះ​​រួច​រាល់​ហើយ សមត្ថកិច្ច​នឹង​អនុវត្ត​តាម​នីតិវិធី ចំពោះ​អ្នក​ល្មើស​បម្រាប​រដ្ឋាភិបាល និង​អ្នក​លួច​ប្រើប្រាស់​សារធាតុ​ញៀន​ ផ្អែក​ទៅ​តាម​ច្បាប់​ដែល​មាន​ចែង។

ទោះជា​យ៉ាងណា សារព័ត៌មាន​ក្នុង​ស្រុក​ចុះផ្សាយ​ថា ក្នុង​ប្រតិបត្តិការ​នោះ សមត្ថកិច្ច​ឃាត់​ខ្លួន​មនុស្ស​ជិត​៩០​នាក់ ដែល​ភាគ​ច្រើន​ គឺ​ជា​ជនជាតិ​ចិន។ ប្រភព​ដដែល ​ឲ្យ​ដឹង​ថា មាន​បុរស​ជនជាតិ​ចិន បើក​រថយន្ត​ស៊េរី​ទំនើប​ៗ ដឹក​នារី​ៗ​ចិន និង​វៀតណាម ចូល​ទៅ​រាំ​កម្សាន្ត និង​ប្រើប្រាស់​គ្រឿងញៀន​ប្រភេទ​ថ្នាំ​គ្រវី​នៅ​ទី​នោះ។

កាល​ពី​ថ្ងៃ​ទី​៩ ​ខែកក្កដា កន្លង​មក​នេះ សាលា​រាជធានី​ភ្នំពេញ​ បាន​ដាក់​ចេញ​វិធានការ​រដ្ឋបាល ដោយ​ផ្អាក​ជា​បណ្ដោះអាសន្ន​ចំពោះ​សកម្មភាព​ការងារ មុខរបរ ឬ អាជីវកម្ម​ដែល​មាន​ហានិភ័យ​ខ្ពស់​នៃ​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ​១៩ និង​ការ​ជួបជុំ ឬ​ការ​ប្រមូល​ផ្ដុំ​មនុស្ស​ជា​លក្ខណៈ​ឯកជន​មិន​ឲ្យ​លើស​ពី​១៥នាក់​ នៅ​ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ សម្រាប់​រយៈ​ពេល​១៤​ថ្ងៃ ​ចាប់​ពី​ថ្ងៃទី១០ ខែ​កក្កដា ឆ្នាំ២០២១ រហូត​ដល់​ថ្ងៃ​ទី​២៣ ខែ​កក្កដា ឆ្នាំ២០២១។

អាជ្ញាធរ​រាជធានី​ភ្នំពេញ បញ្ជាក់​ថា ក្នុង​ករណី​រក​ឃើញ​ថា​បុគ្គល ឬ​នីតិបុគ្គល​ទាំង​ឡាយ​ណា ដែល​បំពាន​វិធានការ​នេះ ត្រូវ​អនុវត្ត​តាម​ចាប់​ស្ដី​វិធានការ​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​នៃ​ជំងឺ​កូវីដ​១៩ និង​ជំងឺ​ឆ្លង​កាច​សាហាវ ដោយ​គ្មាន​ការ​លើកលែង​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

One Response to "សមត្ថកិច្ច​ចាប់​ខ្លួន​មនុស្ស​រាប់​សិប​នាក់​រួម​មាន​ជនជាតិ​ចិន​និង​វៀតណាម​ក្នុង​ក្លឹប​កម្សាន្ត​មួយ​នៅ​រាជធានី​ភ្នំពេញ ដែល​ល្មើស​នឹង​បម្រាម​​របស់​អាជ្ញាធរ"

  1. Anonymous says:

    at this time you can caught them but in the future they will caught you

Leave a Reply

Submit Comment