អ្នក​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ខេត្ត​បន្ទាយមានជ័យ​ម្នាក់ ស្លាប់​ដោយ​សារ​កូវីដ១៩ និង​ឆ្លង​រាប់​សិប​នាក់

ដោយ ខែ សុណង
2021-07-20
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

អ្នក​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ខេត្ត​បន្ទាយមានជ័យ​ម្នាក់ ស្លាប់​ដោយ​សារ​កូវីដ១៩ និង​ឆ្លង​រាប់​សិប​នាក់

ពន្ធនាគារ​ខេត្ត​បន្ទាយមានជ័យ ពេល​អាជ្ញាធរ​ជម្លៀស​អ្នក​ជាប់​ឃុំ​ចេញ ពេល​ទឹក​ជន់​លិច កាល​ពី​ថ្ងៃ​ទី១២ ខែ​វិច្ឆិកា ឆ្នាំ២០២០។ រូប៖ ហ្វេសប៊ុក​នាយកដ្ឋានផ្សព្វផ្សាយ​អប់រំ ក្រសួងមហាផ្ទៃ


ជំងឺ​កូវីដ១៩ (Covid-19) បាន​បន្ត​ឆ្លង​ដល់​អ្នក​ជាប់​ឃុំ និង​អនុរក្ស​នៅ​ពន្ធនាគារ​មួយ​ទៀត​ហើយ គឺ​ពន្ធនាគារ​ខេត្ត​បន្ទាយ​មានជ័យ។ ក្នុង​នោះ អ្នក​ជាប់​ឃុំ​ម្នាក់​ស្លាប់ ខណៈ​អ្នក​ជាប់​ឃុំ​ជាង ៣០នាក់​ និង​អនុរក្ស​ជាង ១០នាក់​ឆ្លង​ជំងឺ។ សង្គម​ស៊ីវិល​ជំរុញ​ឲ្យ​អាជ្ញាធរ​ពន្ធនាគារ​អនុវត្ត​វិធានការ​បង្ការ និង​ដោះលែង​អ្នក​ទោស​ស្រាលៗ ខ្លះ ដើម្បី​បន្ថយ​ភាព​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ​ខេត្ត​នេះ។

ក្នុង​ពេល​កម្ពុជា​កំពុង​ប្រឈម​ស្ថានភាព​ឆ្លង​ជំងឺ​កូវីដ១៩ កាន់​តែ​ច្រើន ជា​ពិសេស មេរោគ​បំប្លែង​ថ្មី​ អាជ្ញាធរ​​​នៅ​តែ​លាក់​បាំង​ព័ត៌មាន​ពី​ការ​ឆ្លង​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​ថ្មី​នេះ​ក្នុង​ពន្ធនាគារ។

សមាជិក​ក្រុម​ប្រឹក្សា​ជាប់​ឆ្នោត​សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ នៃ​គណបក្ស​សង្គ្រោះ​ជាតិ លោក ឆាន់ សុភាន់ រិះគន់​ការ​បន្ត​លាក់​បាំង​ពី​ការ​ឆ្លង​កូវីដ១៩ ក្នុង​ពន្ធនាគារ​ខេត្ត​មួយ​នេះ​ថា នឹង​បង្ក​ឲ្យ​អ្នក​ជាប់​ឃុំ​ប្រឈម​ហានិភ័យ​ខ្ពស់។ ​មន្ត្រី​ជាប់​ឆ្នោត​រូប​នេះ​ជំរុញ​អាជ្ញាធរ​ពន្ធនាគារ ឱ្យ​ប្រញាប់​រក​វិធី​ដោះ​ស្រាយ ឬ​ដោះលែង​អ្នក​ជាប់​ឃុំ​ស្រាលៗ និង​ជិត​ផុត​ទោស​ដើម្បី​បន្ថយ​បន្ថយ​ភាព​ចង្អៀត​ណែន និង​ត្រូវ​បង្ហាញ​ព័ត៌មាន​​ការ​ឆ្លង​នេះ​ជា​សាធារណៈ៖ «វា​ត្រូវ​តែ​មាន​ការ​ប៉ះពាល់​ហើយ ព្រោះ​អ្វី​មេរោគ​អា​កូវីដ​ហ្នឹង​វា​សាហាវ​ណាស់។ អ៊ីចឹង​ហើយ​វា​គួរ​តែ​លែង​ដើម្បី​ឲ្យ​ធូរ​ស្រាល​ភាព​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ​។ គួរ​តែ​លែង»

កាល​ពី​ថ្ងៃ​ទី១៩ កក្កដា មាន​ការ​ផ្សព្វផ្សាយ​តៗគ្នា តាម​បណ្ដាញ​​​ហ្វេសប៊ុក (facebook) ថា អ្នក​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ខេត្ត​បន្ទាយមានជ័យ ចំនួន ៣នាក់ ដែល​ឆ្លង​កូវីដ១៩ បាន​ស្លាប់ និង​អ្នក​ឆ្លង​ជាង ១០០នាក់​រួម​ទាំង​ស្ត្រី​មាន​ផ្ទៃ​ពោះ​កំពុង​ជាប់​ឃុំ ព្រម​ទាំង​ឆ្មាំ​ពន្ធនាគារ​ប្រមាណ ១០នាក់។

ជុំវិញ​ករណី​នេះ អាស៊ី​សេរី​មិន​អាច​សុំ​ការ​បញ្ជាក់​ពី​រដ្ឋបាល​ខេត្ត មន្ទីរ​សុខាភិបាល​ខេត្ត ប្រធាន​ពន្ធនាគារ​ខេត្ត​នេះ និង​អ្នក​នាំ​ពាក្យ​អគ្គ​នាយកដ្ឋាន​ពន្ធនាគារ លោក នុត សវនា បាន​ទេ នៅ​ថ្ងៃ​ទី២០ ខែ​កក្កដា។ ប៉ុន្តែ​លោក នុត សវនា បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក (VOD) ថា ពិត​ជា​មាន​ករណី​អ្នក​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ខេត្ត​បន្ទាយ​មានជ័យ​ស្លាប់​មែន ដោយសារ​អ្នក​ជាប់​ឃុំ​នោះ​មាន​បញ្ហា​សួត​ធ្ងន់ធ្ងរ។ តែ​លោក​អះអាង​ថា ចំនួន​អ្នក​ស្លាប់ គឺ​ម្នាក់ មិន​មែន ៣នាក់​ទេ។ ទោះ​យ៉ាង​ណា​លោក នុត សវនា មិន​ដឹង​ពី​ចំនួន​អ្នក​ជាប់​ឃុំ​ឆ្លង​ពិត​ប្រាកដ​ឡើយ ខណៈ​អ្នក​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ខេត្ត​បន្ទាយ​មានជ័យ មាន​សរុប ១.៦០០នាក់។

ជុំវិញ​រឿង​នេះ ​សង្គម​ស៊ីវិល​ខក​ចិត្ត​ចំពោះ​អាជ្ញាធរ​ដែល​មិន​បង្ហាញ​តួលេខ និង​មូលហេតុ​នៃ​ការ​ឆ្លង​ជំងឺ​កូវីដ១៩ នៅ​ក្នុង​ពន្ធនាគារ​ឲ្យ​បាន​ជាក់​លាក់។

អ្នក​សម្រប​សម្រួល​សមាគម​ការពារ​សិទ្ធ​មនុស្ស​អាដហុក​ខេត្ត​បន្ទាយ​មានជ័យ លោក ស៊ុំ ចាន់​គា ឲ្យ​ដឹង​ថា​ មន្ត្រី​ពន្ធនាគារ​ប្រាប់​ទៅ​លោក​ថា អ្នក​​ដែល​ឆ្លង​គឺ​ជា​ក្រុម​អ្នក​ទើប​ត្រូវ​បាន​តុលាការ​បញ្ជូន​​ទៅ​ពន្ធនាគារ ហើយ​ពួក​គេ ត្រូវ​បាន​រក​ឃើញ​​ថា​​ឆ្លង​ជំងឺ​កូវីដ១៩ នៅ​កន្លែង​ធ្វើ​ចត្តាឡីស័ក ដែល​មាន​ចំនួន​​ជាង ៣០នាក់ និង​មាន​អនុរក្ស​ពន្ធនាគារ​ជាង ១០នាក់​ឆ្លង​ជំងឺ​កាច​សាហាវ​នេះ។

ទោះជា​យ៉ាង​ណា លោក ស៊ុំ ចាន់គា មើល​ឃើញ​ថា ការ​គ្រប់គ្រង​បង្ការ និង​ការ​ដាក់​ឲ្យ​អ្នក​ជាប់​ឃុំ​ធ្វើ​ចត្តាឡីស័ក​មុន​បញ្ជូន​ចូល​ក្នុង​ពន្ធនាគារ គឺ​អាជ្ញាធរ​អនុវត្ត​បាន​ល្អ​ប្រសើរ។ តែ​យ៉ាង​ណា លោក​នៅ​តែ​ជំរុញ​ឲ្យ​អាជ្ញាធរ​ដោះលែង​អ្នក​ជាប់​ឃុំ​ស្រាលៗ និង​ជិត​រួច​ទោស​មួយ​ចំនួន ដើម្បី​បន្ថយ​ភាព​ចង្អៀត​ណែន៖ «ការ​បន្ធូរ​បន្ថយ​ទោស ដោះ​លែង​ឲ្យ​បាន​មុន​ការ​កំណត់។ ប៉ុន្តែ​ការ​ដោះលែង​មុន​ការ​កំណត់​ហ្នឹង​ត្រូវ​ពិនិត្យ​មើល កុំ​ឲ្យ​មាន​អំពើ​ពុក​រលួយ​មាន​អ្វី មាន​ខ្សែ​មាន​ច្រវាក់​គ្នា​សែស្រឡាយ ឬ​ត្រូវ​ដោះ​លែង​ត្រូវ​អស់​លុយ​អស់​កាក់​អ្វី»

កម្ពុជា​មាន​អ្នក​ជាប់​ឃុំ​សរុប​ទូទាំង​ប្រទេស​ជិត​បួន​ម៉ឺន (៣៩.០០០) នាក់ ហើយ​គិត​មក​ដល់​ពេល​នេះ មាន​ពន្ធនាគារ​​ប្រមាណ​១០​​ ត្រូវ​បាន​រក​ឃើញ​ករណី​ឆ្លង​ជំងឺ​កូវីដ១៩ ដូច​ជា​ពន្ធនាគារ​ខេត្ត​ព្រះសីហនុ ពន្ធនាគារ​រាជធានី​ភ្នំពេញ (PJ) មណ្ឌល​អប់រំ​កែប្រែ “ម១” “ម២” ខេត្ត​កណ្ដាល ខេត្ត​កំពង់ស្ពឺ ខេត្ត​ស្វាយរៀង និង​ខេត្ត​តាកែវ ជាដើម​ និង​មាន​ករណី​អ្នក​ជាប់​ឃុំ​ស្លាប់​ដោយសារ​កូវីដ១៩ យ៉ាង​ហោច​ណាស់ ៤ករណី​ហើយ។ ប៉ុន្តែ​អាជ្ញាធរ​មិន​បាន​បង្ហាញ​តួលេខ​ និង​ព័ត៌មាន​ជាក់លាក់​ពី​ស្ថានភាព​តាម​ក្នុង​ពន្ធនាគារ​ទាំង​នោះ​ទេ។

កាល​ពី​ខែ​ឧសភា អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ​ចំនួន២ Amnesty International & Human Rights Watch បាន​រក​ឃើញ​ថា​ គ្រាន់​តែ​ពន្ធនាគារ​រាជធានី​ភ្នំពេញ (PJ) មួយ មាន​អ្នក​ជាប់​ឃុំ​រាប់​រយ​នាក់​ឆ្លង​ជំងឺ​កូវីដ១៩ តែ​អាជ្ញាធរ​បដិសេធ។

បន្ទាប់​មក​នៅ​ខែ​មិថុនា​មក​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាតិ​ជា​ច្រើន បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​រួម​ទាមទារ​ឲ្យ​រដ្ឋាភិបាល និង​តុលាការ​ដោះ​លែង​អ្នក​នយោបាយ អ្នក​ទោស​មនសិការ អ្នក​ជាប់​ទោស​ស្រាលៗ និង​អ្នក​ជាប់​ឃុំ​ជិត​រួច​ទោស ដើម្បី​កាត់​បន្ថយ​ភាព​ចង្អៀត​ណែន និង​ហានិភ័យ​ការ​ឆ្លង​ជំងឺ​កូវីដ១៩ ក្នុង​ពន្ធនាគារ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment