គណៈកម្មការ​​អឺរ៉ុបបញ្ជាក់​​ជំហរ​​ថា ការអនុញ្ញាត​​ឱ្យ​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំកំពូល​អាស៊ី-អឺរ៉ុប មិនមែន​មាន​ន័យ​ថា ខ្លួន​ទទួលស្គាល់​ថា កម្ពុជា​បាន​​ស្តា​​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ទេ

ដោយ មាន ឫទ្ធិ
2021-07-20
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

គណៈកម្មការ​​អឺរ៉ុបបញ្ជាក់​​ជំហរ​​ថា ការអនុញ្ញាត​​ឱ្យ​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំកំពូល​អាស៊ី-អឺរ៉ុប មិនមែន​មាន​ន័យ​ថា ខ្លួន​ទទួលស្គាល់​ថា កម្ពុជា​បាន​​ស្តា​​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ទេ

និមិត្តសញ្ញានៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣នៅខែវិច្ឆិកា ឆ្នាំ២០២១ នៅកម្ពុជាតាមប្រព័ន្ធអ៊ីនធឺណិត។ រូប៖ ក្រសួងការបរទេសកម្ពុជា


ការរៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ី-អឺរ៉ុប ឬ ASEM លើកទី១៣ ដោយ​មាន​ការចូលរួម​ផ្ទាល់​ពីសំណាក់​បណ្តា​ក្រុមមេដឹកនាំ​នៅ​អាស៊ី និង​អឺរ៉ុប មិនតិច​ជាង ៥០ ប្រទេស​​នោះ គឺជា​សុបិន្ត​របស់​កម្ពុជា ជាពិសេស​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។ សុបិន​នៅត្រង់ថា កម្ពុជា​មិនដែល​ធ្លាប់​រៀបចំ​កិច្ចប្រជុំ​កំពូល​ដែល​មាន​ថ្នាក់​ដឹកនាំ​ពិភពលោក​ដ៏​សម្បើម​បែប​នេះ​ចូលរួម​នោះទេ។ ម៉្យាងវិញទៀត ភ្លាមៗ​ក្រោយពី​បាន​បើក​យុទ្ធនាការ​គាស់រម្លើង​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​នៅកម្ពុជា​ដើម្បី​ឈានទៅ​ធានា​ជ័យជម្នះ​ដោយ​ស្វ័យប្រវត្តិ​ក្នុង​ព្រឹត្តិការណ៍​បោះឆ្នោត​ជាតិ​ឆ្នាំ២០១៨ ដែល​ត្រូវ​សហគមន៍​ជាតិ និង​អន្តរជាតិ​ចាត់ទុក​ថា ជា​ការបោះឆ្នោត «ក្លែងក្លាយ» រួចមក រដ្ឋាភិបាល​ឯកបក្ស​របស់​លោក​តែង​ឱ្យ​តម្លៃ​ខ្ពស់​ដល់​ការរៀបចំ​កិច្ចប្រជុំ​កំពូលនេះ​ថា ជា «ប្រវត្តិសាស្ត្រ​ការទូត» ជាមួយ​នឹង​ក្តីសង្ឃឹមថា កិច្ចប្រជុំកំពូល​នេះ​អាចនឹង​ជួយ​លើក​មុខមាត់ និង​ស្តា​ភាពស្របច្បាប់​នៃ​រដ្ឋាភិបាល​ឯកបក្ស​របស់​លោក​នៅលើ​ឆាក​អន្តរជាតិ​បាន។

ក៏ប៉ុន្តែ​នៅទីបំផុតទៅ សុបិននិង​ក្តីសង្ឃឹម​ទាំងនេះ បាន​សាបរលាប​ទៅវិញ​ដោយសារតែ​ការបន្ត​អូសបន្លាយ​នៃ​វិបត្តិ​ជំងឺ​កូវីដ១៩ ដែល​កម្ពុជា​បរាជ័យ ​ហើយ​មិនអាច​គ្រប់គ្រង​បាន។ បើទោះបីជាកម្ពុជា​បាន​ព្យាយាម​ពន្យាពេល​កិច្ចប្រជុំ​នេះ​ម្តងជា​ពីរដង​យ៉ាងណាក្តី ពោលគឺ​តាំងពី​ឆ្នាំ២០២០​មក កម្ពុជា​នៅតែ​មិន​អាច​ជម្នះ​​រៀបចំ​កិច្ចប្រជុំ​កំពូល​នេះ​ ដោយ​មាន​ការចូលរួម​ផ្ទាល់បាន។ កាលពី​ដើម​ខែកក្កដា ក្រសួង​ការបរទេស​បាន​សម្រេច​ជាផ្លូវការ​ថា នឹង​រៀបចំ​កិច្ចប្រជុំ​កំពូល​នេះ​ដែល​នឹង​ប្រព្រឹត្តិទៅ​នៅ​ចុងខែវិច្ឆិកា​ខាងមុខ តាម​ប្រព័ន្ធ​អ៊ីនធឺណិតវិញ​ ដោយសារតែ​ការឆ្លង​រីករាលដាលនៃជំងឺកូវីដ១៩ បំប្លែងថ្មី នៅ​បណ្តាប្រទេស​ជាច្រើន​​ក្នុងពិភពលោក ក្នុងនោះ​ក៏​រួមមាន ទាំង​កម្ពុជា​ផង។

ជុំវិញ​ការសម្រេច​ចិត្ត​របស់​កម្ពុជា​ជម្នះ​រៀបចំ​កិច្ចប្រជុំ​កំពូលនេះ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត គណៈកម្មការ​អឺរ៉ុប​បញ្ជាក់​ជំហរ​របស់​ខ្លួន​យ៉ាងច្បាស់​ថា ការណ៍​ដែល​អនុញ្ញាត​​ឱ្យ​កម្ពុជា​រៀបចំ​កិច្ចប្រជុំនេះ​ឡើង មិនមែន​មានន័យ​ថា គណៈកម្មការ​អឺរ៉ុប​ទទួល​ស្គាល់​ថា កម្ពុជា​បាន​កែលម្អ និង​ស្តារ​ប្រជាធិបតេយ្យ​នោះទេ។ អ្នកនាំពាក្យ​គណៈកម្មការ​អឺរ៉ុបអ្នកស្រី អាន-សូហ្វី ហ្វ៊ែរណង់ដេស៍ (Anne-Sophie Fernandes) ពន្យល់​ប្រាប់​វិទ្យុអាស៊ីសេរី​តាម​សារអេឡិចត្រូនិក​កាលពី​ថ្ងៃទី១៩ ខែកក្កដា ថា ការសម្រេចចិត្ត​អនុញ្ញាត​ឱ្យ​ប្រទេស​ណាមួយ​ធ្វើជាម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​កំពូល ASEM ធ្វើឡើង​ដោយ​ដៃគូ​របស់ ASEM ចំនួន ៥៣ ប្រទេស និង​ស្ថាប័ន។ អ្នកស្រី​​ថា ព្រឹត្តិការណ៍​នេះ​ម្តងត្រូវ​ប្រទេស​នៅ​អឺរ៉ុប​ធ្វើ​ជា​ម្ចាស់ផ្ទះ និង​ម្តងទៀត​ត្រូវ​ប្រទេស​នៅ​អាស៊ី​ធ្វើជា​ម្ចាស់ផ្ទះ​ដោយផ្អែកលើ​គោលការណ៍​នៃ​ការប្តូរវេនគ្នា​ប្រចាំតំបន់។ អ្នកស្រី​ពន្យល់​បន្តថា កិច្ចប្រជុំ​កំពូល ASEM នេះ គឺ​ជា​កិច្ចប្រជុំ​ពហុភាគី ដែល​​​បញ្ហា​ទ្វេភាគី ឬ​ទាក់ទង​នឹង​ប្រទេស​ជាក់លាក់​ណាមួយ​មិន​ត្រូវ​បាន​លើក​យក​មក​​ពិភាក្សា​នោះទេ។

វិទ្យុអាស៊ីសេរី មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួងការបរទេសលោក កុយ គួង ដើម្បី​សុំ​ប្រតិកម្ម​ជុំវិញ​រឿងនេះ​បាន​ទេ ​កាលពី​យប់ថ្ងៃទី២០ ខែកក្កដា ដោយសារ​លោក​មិនលើក​ទូរស័ព្ទ។

អ្នកជំនាញ​វិទ្យាសាស្ត្រ​នយោបាយ និង​ទំនាក់ទំនង​អន្តរជាតិលោក ឯម សុវណ្ណារ៉ា មើលឃើញថា បើទោះ​ជា​ការជម្នះ​រៀបចំ​កិច្ចប្រជុំ​កំពូល​នេះ​តាម​ប្រព័ន្ធអ៊ីនធឺណិត ​អាចឱ្យ​កម្ពុជា​លុបបំបាត់​នូវការ​លើកឡើង​អវិជ្ជមាន​មួយ​ចំនួន តែ​ការណ៍​នេះ​មិនមែន​ឆ្លុះបញ្ចាំង​ថា ​កម្ពុជា​បាន​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ប្រជាធិបតេយ្យ និង​​សិទ្ធិមនុស្ស​នោះទេ៖ «តាមពិត​ទៅ​នៅមាន​សភាអឺរ៉ុប​ដូចជា​មាន​ការលើកឡើង​ពាក់ព័ន្ធ​ទៅនឹង​ភាពស្របច្បាប់​របស់​រដ្ឋាភិបាល​ហ្នុង ហើយ​ក៏​ច់ង​ជំរុញ​ឱ្យ​គណៈកម្មការ​​អឺរ៉ុប​​លើកឡើង​ពី​បញ្ហានេះ។ អ៊ីចឹង បើសិនជា​កម្ពុជា​ជម្នះ​ប្រជុំ​បាន វាអាច​លុបបំបាត់​ការលើកឡើង មតិ​មួយ​ចំនួន​ពី​សហគមន៍​អឺរ៉ុប​នោះដែរ។ ចំណុច​​មួយទៀត វា​មិន​បង្ហាញ​អំពីភាពប្រសើរ​ឡើង​នៃ​លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស លំហ​សេរីភាព​នយោបាយ​នៅ​កម្ពុជា​នោះទេ។ បើ​យើង​និយាយ​ទៅ វា​មិនទាន់​បញ្ជាក់​បាន​ទេ។ វាត្រូវ​តែ​រៀបចំ​ហើយ​ដើម្បី​ជា​យន្តការ​មុខមាត់​កម្ពុជា ហើយ​នឹង​ភាពស្មើមុខ​ស្មើមាត់​របស់​កម្ពុជា​នៅ​លើ​ឆាក​អន្តរជាតិ»

លោក ឯម សុវណ្ណារ៉ា មាន​ប្រសាសន៍​បន្តថា ការណ៍​ដែល​កម្ពុជា​មិន​អាច​រៀបចំ​កិច្ចប្រជុំ​កំពូល​នេះ​បាន​ដោយ​មាន​ការចូលរួម​ផ្ទាល់​ពីសំណាក់​ក្រុមមេដឹកនាំ​បរទេសនោះ បាន​ធ្វើឱ្យ​កម្ពុជា​បាត់បង់​នូវឱកាស​ក្នុងការ​កេងចំណេញ​ពី​គោលនយោបាយ​ការទូត និង​ទេសចរណ៍ ព្រមទាំង​ជំរុញ​ភាពស្របច្បាប់​របស់​រដ្ឋាភិបាល។

រីឯអ្នកជំនាញ​កិច្ចការ​អន្តរជាតិ​និងជា​នាយក​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី (AVI) បណ្ឌិត ឈាង វណ្ណារិទ្ធ ដែល​ជា​សមាជិក​មួយរូប​នៃ​ក្រុមការងារ​សរសេរ​សុន្ទរកថា​ឱ្យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រាប់​កិច្ចប្រជុំ​កំពូល​អាស៊ី-អឺរ៉ុប​នេះ មើលឃើញ​ថា កម្ពុជា​ពុំ​មាន​ជម្រើស​អ្វី​ក្រៅតែ​ពី​ជម្នះ​រៀបចំ​កិច្ចប្រជុំ​កំពូល​នេះ​តាម​ប្រព័ន្ធ​​អ៊ីនធឺណិតនោះទេ។ លោក​ពន្យល់​ថា ការណ៍​ដែល​មិន​បាន​រៀបចំ​កិច្ចប្រជុំ​កំពូល​នេះ​ដោយផ្ទាល់​បាន​ធ្វើ​ឱ្យ​កម្ពុជា​បាត់បង់​ឱកាស​និយាយ​ក្រៅផ្លូវការ​ពី​ទំនាក់ទំនង​ទ្វេភាគី បាត់បង់​ឱកាស​ឱ្យ​ក្រុមមេដឹកនាំ​បរទេស​មក​ស្គាល់​កម្ពុជា ដោយសារ​តែ​មាន​ហានិភ័យ​ខ្ពស់​ផ្នែក​សុខាភិបាល។ អ្វីដែល​សំខាន់​ជាងនេះទៀត នៅក្នុង​គោលនយោបាយ​ការបរទេស​នោះ គឺ​ការបាត់បង់​ឱកាស​នៃ​ការកសាង​កេរ្តិ៍ឈ្មោះ​នៅ​លើ​ឆាកអន្តរជាតិ​ដែល​ជាផ្នែក​មួយ​នៃ​ផលប្រយោជន៍​របស់​កម្ពុជា។ បណ្ឌិត ឈាង វណ្ណារិទ្ធ ពន្យល់​បន្ថែម​ថា កិច្ចប្រជុំ​កំពូល ASEM ផ្តោតច្រើន​ទៅលើ​ពហុភាគី និង​បញ្ហា​សេដ្ឋកិច្ច​រវាង​តំបន់​ទាំងពីរ រីឯ​បញ្ហា​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ គឺ​ជា​អាទិភាព​នា​ពេល​ក្រោយ៖ «រឿង​កិច្ចប្រជុំ យើង​មិន​អាច​យក​បញ្ហា ឧទាហរណ៍​ថា​ បញ្ហា​សិទ្ធិ​មនុស្ស​របស់​កម្ពុជា​ហ្នុង ទៅជា boycott អីទេ។ បើធ្វើ​អញ្ចឹង​ គឺ​វា​ខុសទៅនឹង​គោលការណ៍​គោលនយោបាយ​ការបរទេស​របស់ EU ឬក៏​របស់​ប្រទេស​ណាមួយ។ អ៊ីចឹង ក្នុង​បរិបទ​នេះ ឃើញ​មាន​ព័ត៌មាន​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​រឿងនេះដែរ ក៏ប៉ុន្តែ វា​គ្រាន់តែ​ជា​ការយល់ឃើញ វា​អត់ជា realistic ទេ។ ពីព្រោះ​ថា​ យើងត្រូវ​ទៅប្រជុំ សូម្បីតែ​ពួកហ្នុង​ឈ្លោះ​ជាមួយ​ចិន​យ៉ាងណា​ក៏នៅតែ​ត្រូវទៅ​ប្រជុំ​នៅ​ប្រទេស​ចិន​អី​ធម្មតា។ នេះ​គឺជា​គោលការណ៍​ការទូត​ពហុភាគី ឬក៏​មាន​យន្តការ​អីផ្សេងៗ​ដូចនៅ UN អី ក៏​ត្រូវ​តែ​ទៅប្រជុំ​ដែរ សូម្បី​តែ​ប្រទេសហ្នុង​មាន​បញ្ហា​អី​ក៏ដោយ»។

ក្រោយ​ផ្តាច់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ២០%​របស់ខ្លួន​ពី​កម្ពុជា កាលពី​ខែមីនា តំណាងរាស្ត្រ​អឺរ៉ុប​ជាង ៦០០នាក់ ក្នុង​ចំណោម​តំណាងរាស្ត្រ​អឺរ៉ុប​សរុបជាង​៧០០​នាក់ បាន​បោះឆ្នោត​​អនុម័ត​ជា​ផ្លូវការនូវ​សេចក្តីសម្រេច ២៥​ចំណុច របស់​សភាអឺរ៉ុប​ដោយ​បាន​​ជំរុញ​​ឲ្យ​ក្រុម​ប្រឹក្សា​​អឺរ៉ុប ​អនុម័ត​​វិធានការ​​រឹតត្បិត​​នានា​​ប្រឆាំង​​នឹង​​ក្រុម​មេដឹកនាំ​​នយោបាយ ​និង​​មន្ត្រីយោធា​​នៅ​​កម្ពុជា​​ដែល​​ទទួល​​ខុសត្រូវ​​ចំពោះ​​អំពើ​រំលោភ​សិទ្ធិ​​មនុស្ស​ «ធ្ងន់ធ្ងរ​»​ ចំពោះ​​ការ​រម្លាយ​​គណបក្ស​​សង្គ្រោះជាតិ ​និង​​​ឲ្យ​​ចាត់វិធានការ​​ប្រឆាំង​នឹង​​ផល​ប្រយោជន៍​​ផ្នែក​​សេដ្ឋកិច្ច​​របស់​​មន្ត្រី​​កម្ពុជា​​ទាំងនោះ ​ដោយ​ប្រើច្បាប់​​ដាក់ទណ្ឌកម្ម​​ជាសាកល​​របស់​​សហភាព​​អឺរ៉ុប​​ប្រឆាំង​នឹង​​អំពើ​រំលោភ​សិទ្ធិមនុស្ស។ ចំណុច​ទី១៥ នៃ​សេចក្តីសម្រេច​នោះ​បាន​កត់សម្គាល់​ថា សហភាព​អឺរ៉ុប​មិនគួរ​អនុញ្ញាត​ឱ្យ​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​នេះទេ លុះត្រាតែ​កម្ពុជា​ស្តា​ប្រជាធិបតេយ្យ​ឡើងវិញ។

កិច្ចប្រជុំ​កំពូល​អាស៊ី-អឺរ៉ុប​នេះ នឹង​មាន​មេដឹកនាំ​កំពូលៗ​មក​ពី​អាស៊ី និង​អឺរ៉ុប សរុប​ចំនួន៥៣ ប្រទេស​ចូលរួម ក្នុងនោះ ២១ប្រទេស​មក​ពី​អាស៊ី និង​៣០ប្រទេស​មកពី​អឺរ៉ុប ព្រមទាំង​អគ្គលេខាធិការដ្ឋាន​អាស៊ាន និង​សហភាព​អឺរ៉ុប។ ប្រទេស​ជាដៃគូ​អាស៊ី-អឺរ៉ុប ឬ ASEM តំណាង​ឲ្យ ៦៥ភាគរយ នៃ​សេដ្ឋកិច្ច​ពិភពលោក ៦០​ភាគរយនៃ​ប្រជាជន​ពិភពលោក ៥៥ភាគរយនៃ​ពាណិជ្ជកម្ម​ពិភពលោក និង​៧៥%នៃ​ទេសចរណ៍​ពិភពលោក។ កិច្ចប្រជុំ​កំពូលនេះ ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​លើក​កម្ពស់​ភាពជា​ដៃគូ និង​កិច្ចសហប្រតិបត្តិការ​អាស៊ី-អឺរ៉ុប ដើម្បី​លើកកម្ពស់​សន្តិភាព វិបុលភាព​សេដ្ឋកិច្ច និង​វឌ្ឍនភាព​សង្គម។ កិច្ចប្រជុំ​កំពូល​នេះ ប្រព្រឹត្តិ​ទៅ​រៀងរាល់​ពីរឆ្នាំ​ម្តង ដោយ​ប្ដូរ​វេន​គ្នា​ធ្វើជា​ម្ចាស់ផ្ទះ ម្ដង​ប្រព្រឹត្តិ​ទៅ​នៅ​ក្នុង​ប្រទេស​ណាមួយ​ជា​រដ្ឋ​សមាជិក​នៅ​អឺរ៉ុប ហើយ​ម្តងទៀត​នៅ​អាស៊ី៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment