មនុស្ស​៤​នាក់​ស្លាប់​ដោយ​សារ​​បាតុ​ភូត​ធម្មជាតិ​ក្នុង​​រយៈពេល​២០​ថ្ងៃ​ដើម​​ខែ​កក្កដា​នេះ

បរិស្ថាន | ព័ត៌មានជាតិ
កញ្ញា ហ៊ន ថូវ៉ាន | ២១ កក្កដា ២០២១ |ម៉ោង ១៣:៤៤
VOD

ផ្ទះប្រជាពលរដ្ឋរងការខូចខាតដោយសារខ្យល់កន្ត្រាក់ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី នាដើមខែកក្កដា ឆ្នាំ២០២១។ (អគ្គស្នងការដ្ឋាននគរបាលជាតិ)

ផ្ទះប្រជាពលរដ្ឋរងការខូចខាតដោយសារខ្យល់កន្ត្រាក់ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី នាដើមខែកក្កដា ឆ្នាំ២០២១។ (អគ្គស្នងការដ្ឋាននគរបាលជាតិ)


មនុស្សយ៉ាងហោចណាស់៤នាក់​បាន​ស្លាប់និង​៤នាក់ទៀត​រងរបួស ព្រម​ទាំង​​​​​ទ្រព្យ​​សម្បត្តិ​​​ជា​ច្រើន​​ទៀតបាន​រងការខូចខាត ដោយសារ​ហេតុ​ការណ៍​គ្រោះ​​ធម្មជាតិរន្ទះបាញ់និងខ្យល់កន្ត្រាក់ ត្រឹមរយៈពេល២០ថ្ងៃនៃខែកក្កដានេះ។

យោងតាមការផ្សព្វផ្សាយ​របស់​គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម) នៅរសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ ឱ្យ​​ដឹងថា ក្នុងរយៈពេលត្រឹម២០ថ្ងៃ​កន្លង​ទៅ​​នេះ ​បាតុភូតខ្យល់កន្ត្រាក់បាន​​កើតឡើងចំ​នួន២២​លើក ក្នុង​១៤​រាជធានី-ខេត្ត បណ្តាលឱ្យ​រលំ​និងខូចខាតផ្ទះធ្ងន់ធ្ងរចំនួន១៤៣ខ្នង និង​ខូចខាតមធ្យម១ ១៩៨ខ្នង ព្រមទាំងរបួសមនុស្ស៣នាក់ ខណៈបាតុភូតរន្ទះបាញ់បានស្លាប់​មនុស្ស​៤នាក់និង​របួសម្នាក់។

របាយការណ៍បន្តថា នៅក្នុងខែកក្កដានេះ កម្ពុជារងនូវឥទ្ធិពល​​ព្យុះក្នុងតំបន់ និងប្រព័ន្ធសម្ពាធទាប ដែល​បានកើតឡើងជាបន្តបន្ទាប់ បង្កឱ្យមាន​​ភ្លៀងធ្លាក់ពីកម្រិតមធ្យមទៅច្រើន រាយប៉ាយក្នុងក្របខណ្ឌទូទាំងប្រទេស លាយឡំនឹងផ្គរ រន្ទះ និងខ្យល់កន្ត្រាក់បក់ខ្លាំងដោយ​កន្លែង។

ប្រភពដដែលបានស្រង់ប្រសាសន៍​ប្រធានទី១នៃ​គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក គន់ គីម ដោយ​លោក​​បាន​អំពាវនាវ​​ដល់សាធារណជន ជាពិសេស​ប្រជា​នេសាទ ឱ្យ​​មានការ​ប្រុងប្រយ័ត្នខ្ពស់ចំពោះ​​​គ្រោះថ្នាក់ដែលអាចកើតឡើងជាយថា​ហេតុ​បង្កឡើងដោយបាតុភូតធម្មជាតិនេះ។

លោកបន្តអំពាវនាវដល់សាធារណជន​ថា៖ «សូម​​​ចូលរួម​ចុះឈ្មោះប្រើប្រាស់​ប្រព័ន្ធ ១២៩៤ ដែល​ជាប្រព័ន្ធ​ផ្តល់ដំណឹងជាមុន តាមរយៈសារជា​សំឡេងតាម​ទូរសព្ទ ដើម្បីទទួលបាននូវដំណឹង​ទាន់ហេតុការណ៍​អំពីគ្រោះមហន្តរាយ ព្រមទាំងតាមដានជាប្រចាំនូវសេចក្តី​ជូនដំណឹង​របស់​ក្រសួងជំនាញ និងប្រព័ន្ធផ្សព្វផ្សាយរបស់​គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីត្រៀមលក្ខណៈជាមុន ក្នុងករណីមានគ្រោះមហន្តរាយ​ណាមួយ​កើត​ឡើងជាយថាហេតុ»។

ចំណែក​ក្រសួង​ធនធាន​ទឹក​ ​និង​ឧតុនិយម​ កាលពីថ្ងៃម្សិលមិញ បាន​ព្យាករ​ថា ចាប់​ពី​ថ្ងៃទី​២១ដល់២២ ខែ​កក្កដា កម្ពុជានឹងទទួលនូវឥទ្ធិពល​ពីមូសុងនិរតីខ្លាំង និង​ប្រព័ន្ធ​សម្ពាធ​ទាប​ ភ្ជាប់​​នឹង​ព្យុះ​​លើក​​ទី​៧ សេម​ប៉ាកា (CEMPAKA) ហើយ​​ពី​ថ្ងៃទី២៣ដល់២៧ ខែកក្កដា ទទួល​ឥទ្ធិពល​ពីមូសុងនិរតីកម្រិតខ្លាំង ជ្រលងសម្ពាធទាប​ពីប្រទេសចិន និងប្រព័ន្ធសម្ពាធទាប។

ក្រសួងដដែលបន្តថា ស្ថានភាពអាកាសធាតុនេះនឹងធ្វើ​ឱ្យ​បណ្តាខេត្ត​នៅតំបន់​វាល​ទំនាប​កណ្តាល និង​បណ្តាខេត្ត​ជាប់​ជួរភ្នំដងរែក​និងខ្ពង់រាប​ឦសាន អាច​​នឹង​មានភ្លៀង​​ធ្លាក់ពីមធ្យម​ទៅច្រើន​ លាយឡំនឹង​ផ្គរ រន្ទះ​ និងខ្យល់កន្ត្រាក់ក្នុងល្បឿន​ខ្លាំង ពិសេស​នៅតាម​តំបន់​ជួរ​ភ្នំក្រវាញ ជួរ​​​ភ្នំ​​ដង​រែក និង​បណ្តា​ខេត្តស្ថិតនៅតាមដងទន្លេមេគង្គ។​ ដោយឡែក នៅតំបន់​​មាត់​សមុទ្រវិញ ក្រសួងថា អាចនឹងមាន​ជំនន់ទឹកភ្លៀងដែលបណ្តាល​មក​​ពីភ្លៀង​ធ្លាក់ពី​កម្រិតបង្គួរទៅច្រើន ផ្គររន្ទះបង្គួរ លាយឡំនឹង​​​ខ្យល់កន្ត្រាក់ក្នុងល្បឿន​ខ្លាំង និង​រលកសមុទ្រខ្ពស់៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles