សហជីព​ណាហ្គាវើលដ៍​រក្សា​ជំហរ​ទាមទារ​រហូត​ដល់​ក្រុមហ៊ុន​ព្រម​ទទួល​បុគ្គលិក​ចូល​ធ្វើ​ការ​វិញ

ការងារ | កូវីដ-១៩ | ព័ត៌មានជាតិ
លោក ត្រាន់ តិចសេង |២១ កក្កដា ២០២១ |ម៉ោង ១៤:១០
VOD

តំណាងសហជីពណាហ្គាវើលដ៍ បានយកញត្តិជាមួយស្នាម​មេដៃអ្នកគាំទ្រ​ជាង២ ០០០នាក់​ (២ ០៤៩នាក់​) ទៅដាក់នៅក្រសួងការងារ ដើម្បីប្តឹងទាមទារឱ្យក្រុមហ៊ុនកាស៊ីណូមួយនេះបញ្ឈប់ការកាត់បុគ្គលិកជាង១ ០០០នាក់ ព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១។ (ត្រាន់ តិចសេង)

តំណាងសហជីពណាហ្គាវើលដ៍ បានយកញត្តិជាមួយស្នាម​មេដៃអ្នកគាំទ្រ​ជាង២ ០០០នាក់​ (២ ០៤៩នាក់​) ទៅដាក់នៅក្រសួងការងារ ដើម្បីប្តឹងទាមទារឱ្យក្រុមហ៊ុនកាស៊ីណូមួយនេះបញ្ឈប់ការកាត់បុគ្គលិកជាង១ ០០០នាក់ ព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១។ (ត្រាន់ តិចសេង)


ប្រធានសហជីពក្រុមហ៊ុនណាហ្គាវើលដ៍ថា ពួកគេនឹងបន្តការទាមទាររហូតដល់បុគ្គ​លិ​កដែលមិនព្រមទទួលយ​កការបញ្ឈប់ចំនួនជាង៣៧០នាក់ឱ្យបានចូលធ្វើការវិញ បើទោះជាក្រុមហ៊ុនរក្សាជំហរមិនកែប្រែនិងស្នើដល់ក្រុមអធិការកិច្ចការងារឱ្យបញ្ឈ​ប់សមាជិកសហជី​​​ពទាំងអស់ក្តី។

ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ កញ្ញា ឈឹម ស៊ីថរ ប្រាប់ ​វីអូឌី នៅថ្ងៃ​ទី២០ ខែកក្កដា ឆ្នាំ២០២១នេះ​ថា បញ្ហាវិវាទការងារនៅក្រុមហ៊ុន ណាហ្គាវើលដ៍ បានឈាន​ដល់ដំណាក់កាលដោះស្រាយនៅក្រុមប្រឹ​ក្សា​អាជ្ញាកណ្តាលហើយកាលពីសប្តាហ៍មុន ប៉ុន្តែត្រូវបានពន្យារពេលដោយសារបញ្ហារីករាលដាលនៃជំងឺកូវីដ-១៩ បន្ទាប់ពីឆ្លងកាត់ការសវនាការបានមួយលើក។ 

កញ្ញាបន្ថែមថា មកដល់ដំណាក់កាលនេះ ​ក្រុមហ៊ុននៅតែរក្សាជំហរបន្តកាត់បុគ្គលិកតាមការគ្រោងទុក ដោយមិនខ្វល់ពីទុក្ខលំ​បាករបស់បុគ្គលិក​អំឡុងមានវិបត្តិជំងឺកូវីដ-១៩ ហើយ​ថែមទាំងបានស្នើទៅក្រុមអធិការកិ​ច្ចឱ្យបញ្ឈប់ស​មាជិក​សហជី​ពទាំងអស់ ក្នុងចំ​ណោ​មបុគ្គ​លិកចំនួន៣៧៧នាក់ដែលមិនព្រមទទួលយកក​ញ្ចប់ប្រាក់សំណងបញ្ចប់កិច្ចសន្យាកា​រ​ងារតាមការរៀបចំរបស់ក្រុមហ៊ុនថែមទៀតផង។

កញ្ញា ឈឹម ស៊ីថរ និយាយថា៖ «វាបង្ហាញពីជំហរកាន់តែអាក្រក់របស់ក្រុមហ៊ុន ពេលដែលយើងឃើញថា [ពួកគេ] ដាក់ពាក្យស្នើសុំ​ទៅអធិការកិច្ចការងារបញ្ឈប់ថ្នាក់ដឹកនាំសហជីព សកម្មជន និងប្រតិភូបុគ្គលិក​​ទាំងអស់ដែលមាន២៦នាក់ដែលមានច្បាប់ពិ​សេ​ស​ការពារហ្នឹង។ អ៊ីចឹងនេះ​យើងមើលឃើញចេតនា​របស់ក្រុមហ៊ុន ត្រូវធ្វើម៉េច អស់ប៉ុន្មានក៏ដោយ ក៏ត្រូវកម្ទេចសហជីពឱ្យ​បាន»

តំណាងបុគ្គលិកកម្មករខ្មែរនៅក្រុមហ៊ុនកាស៊ីណូរូបនេះបន្ថែមថា ក្នុងដំណើរការដោះស្រាយវិវាទជាហូរហែមក ខាងក្រសួងកា​រ​ងារនិងមន្រ្តីពាក់ព័ន្ធមិនបានលើកយកច្បាប់ស្តី​​​​ពីការងារមាត្រា២៧៩ និងច្បាប់​ស្តីពី​សហជីពមាត្រា២៩ ដែលធានាការពារសិ​ទ្ធិសមាជិក​សហជីព​ក្នុងការចូលរួម​សកម្មភាពតវ៉ាទាមទារផលប្រយោជន៍រួមរបស់កម្មករនៅកន្លែងការងារ​នោះ​ទេ។ 

ប្រភពដដែលនិយាយថា ក្រសួងហាក់បីដូចជាកំពុងបើកដៃឱ្យ​និយោជករំលោភសិទ្ធិបុគ្គលិកកម្មករ​តាមអំពើ​ចិត្ត។ តែយ៉ាងណា កញ្ញាថា ក្រុមសហជីពនឹងនៅតែបន្តប្រើសិទ្ធិរបស់ខ្លួនទាមទាររហូតដល់ក្រុមហ៊ុនយ​ល់ព្រមទទួលយកបុ​គ្គលិកទាំងនោះ​ឱ្យចូលធ្វើការវិញ។

កញ្ញានិយាយថា៖ «យើងក៏មានសិទ្ធិក្នុងការទាមទារយុត្តិធម៌ ហើយនិងការការពារសេរីភាពរបស់ខ្លួនឯងនៅក្នុងក​ន្លែងធ្វើការ​ដែរ។ អ៊ីចឹងតំណាងសហជីពគឺសំខាន់ណាស់សម្រាប់ពួកគាត់ ទោះបីជាភាគីខាងក្រុមហ៊ុនមានជំហរយ៉ាងណាក៏ដោយ»

មន្ត្រី​គ្រប់​គ្រង​កម្ម​វិធី​ការ​ងារនៃ​មជ្ឈ​មណ្ឌល​សម្ព័ន្ធ​ភាព​ការងារ និង​សិទ្ធិ​មនុស្ស (សង់ត្រាល់) លោក ឃុន ថារ៉ូ ថ្លែងថា ការស្នើ​​បញ្ឈប់ថ្នាក់ដឹកនាំ សកម្មជន និងប្រតិភូសហជីពពីការងារ គឺអាចធ្វើទៅបានដរាបណាពួកគេបានប្រព្រឹត្តកំហុសធ្ងន់តាមលក្ខណៈវិនិច្ឆយណាមួយ​។ 

ចំពោះករណីវិវាទការងារនៅក្រុមហ៊ុនណាហ្គាវើលដ៍នេះ លោកមើលឃើញថា ក្រុមសហជីព​មិន​បានប្រព្រឹត្ត​កំ​ហុសធ្ងន់ដល់ថ្នាក់ត្រូវបញ្ឈប់ពីការងារនោះទេ ខណៈដែល​ពួកគេគ្រាន់តែ​ឈរជាតំណាងឱ្យកម្មករ ដើម្បីការពារកម្មករពីការបញ្ឈប់ពីការងារដោយបង្ខំ។

មន្រ្តីសង្គមស៊ីវិលធ្វើការផ្នែកច្បាប់រូបនេះ បន្តថា នេះជាលើកទីមួយហើយដែលលោកឃើញមានក្រុមហ៊ុន​ស្នើទៅក្រុមអធិការកិច្ចកាងារ ដើម្បីបញ្ឈប់ក្រុមសហជីពក្នុងទ្រង់ទ្រាយធំ ហើយថា បើរឿងនេះអាចធ្វើសម្រេចមែន នោះវាគឺជាគំរូអាក្រក់មួយស​ម្រាប់ថៅកែនិយោជកក្រុមហ៊ុនដទៃយកទៅអនុវត្តតាម។

លោក ឃុន ថារ៉ូ និយាយថា៖ «ប្រសិនបើរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងការងារ អនុញ្ញាតឱ្យក្រុមហ៊ុនហ្នឹងធ្វើទៅតាមចិត្តក្នុងការបញ្ឈប់ថ្នាក់ដឹកនាំសហជីពដោយយកមូលហេតុកូវីដនេះជាហេតុផល វាជាហេតុមួយដែលមិនត្រឹមត្រូវ ហើយក៏អត់មានច្បាប់ណាមួយចែងដែរ អត់មានបទប្បញ្ញត្តិណាចែង ហើយវាជាគំរូអាក្រក់ការដែលក្រុមហ៊ុនមួយមានឥទ្ធិពល មានអំណាច អា​ចបញ្ឈប់ថ្នាក់ដឹកនាំសហជីពបានដោយគាត់មិនមានកំហុសធ្ងន់»។

វីអូឌី មិនអាចទាក់ទងសុំការឆ្លើយតបពីប្រធានប្រតិបត្តិបុគ្គលិកនៃក្រុមហ៊ុន ណាហ្គាវើលដ៍ លោក Mike Ngai បានទេ នៅថ្ងៃ​ពុធនេះ។

អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ បដិសេធមិនឆ្លើយតបចំពោះការលើកឡើងរបស់តំណាងសហជីពនេះ។

យ៉ាងណា​ លោកថា៖ «ករណី ណាហ្គា[វើលដ៍] តាមនីតិវិធីនៃការដោះស្រាយវិវាទ គឺបច្ចុប្បន្ននេះ គឺស្ថិតនៅក្នុង​ដំណាក់កា​លរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល។ ក្នុងស្ថានភាពសេដ្ឋកិច្ចសកល និងការសើរើប្រតិបត្តិការអាជីវកម្ម ច្បាប់មិនបានដាក់ប​ម្រាមមិនឱ្យក្រុមហ៊ុនសហគ្រាសបញ្ឈប់បុគ្គលិកនោះទេ។ សំខាន់ការបញ្ឈប់នោះមានហេតុផល ការជូនដំណឹងមុន និងបានទូរទាត់សំណងត្រឹមត្រូវ»

កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ សហជីពបុគ្គលិកកម្មករប្រចាំក្រុមហ៊ុន ណាហ្គាវើលដ៍ បាន ដាក់ញត្តិសុំអន្តរាគមន៍ពីក្រសួងការ​ងារជាមួយស្នាមមេដៃគាំទ្រជាង២ពាន់ ដើម្បីតវ៉ាទាមទារឱ្យក្រុមហ៊ុនបញ្ឈប់គម្រោងកាត់បុគ្គលិកចំនួន១ ៣២៩នាក់ ដែលក្រុ​មហ៊ុនបានប្រកាសកាលពីខែមីនា ក្រោមហេតុផលនៃការធ្លាក់ចុះប្រាក់ចំណេញក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ-១៩ ចេ​ញពី «ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ» ឆ្នាំ២០២១៕ 


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

Leave a Reply

Submit Comment