អាជ្ញាធរស្រុកកៀនស្វាយឃាត់គ្រឿងចក្រ៣គ្រឿងក្រោយឈូសឆាយដីបឹងមួយកន្លែងដោយខុសច្បាប់

បរិស្ថាន | ព័ត៌មានជាតិ | អភិបាលកិច្ច
លោក ឃុត សុគន្ធ |២១ កក្កដា ២០២១ |ម៉ោង ២១:៣៩
VOD

ស្នាក់ការសាលាស្រុកកៀនស្វាយ។ (ហ្វេសប៊ុក៖ រដ្ឋបាលស្រុកកៀនស្វាយ)

ស្នាក់ការសាលាស្រុកកៀនស្វាយ។ (ហ្វេសប៊ុក៖ រដ្ឋបាលស្រុកកៀនស្វាយ)


អាជ្ញាធរស្រុកកៀនស្វាយ ខេត្តកណ្តាល បានឃាត់គ្រឿងចក្រចំនួន៣គ្រឿងក្រោយធ្វើសកម្មភាពឈូសឆាយដីបឹងរបស់រដ្ឋមួយកន្លែងដោយគ្មានលិខិតអនុញ្ញាតនិងខុសច្បាប់។

កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ មានការផ្សព្វផ្សាយតាមបណ្តាញសង្គមអំពីសកម្មភាពគ្រឿងចក្រចំនួន៣គ្រឿងបានឈូសឆាយដីក្នុងអាងបឹងធំ ដើម្បី​ធ្វើជ្លូវនិងកាយក្រវាត់កំណត់ព្រំដីធ្វើជាកម្មសិទ្ធិ ស្ថិតក្នុងភូមិឈើទាល២ ឃុំឈើទាល ស្រុកកៀនស្វាយ។

អភិបាលស្រុកកៀនស្វាយ លោក អ៊ូ ឈាង ប្រាប់ វីអូឌី នៅថ្ងៃពុធនេះថា គ្រឿងចក្រទាំង៣គ្រឿងនោះត្រូវបានអាជ្ញាធរឃាត់យកមករក្សាទុកនៅសាលាស្រុកកាលពីយប់ម្សិលមិញ និងបានហៅម្ចាស់មកធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពឈូសឆាយបន្តទៀត រួមទាំងការ​​ផាកពិន័យផងដែរ។

តែយ៉ាងណា លោក​​មិនទាន់អាចប្រាប់ឈ្មោះអ្នកដែលប្រើប្រាស់គ្រឿងចក្រឈូសឆាយដីបឹងនោះ​បានទេ ដោយ​ថា ក្រុមការងារកំពុងធ្វើកិច្ចការងារនេះ ហើយលោកមិនទាន់ទទួលបានរបាយការណ៍ពេញលេញនៅឡើយ។

អភិបាលស្រុករូបនេះ​បន្តថា អាងបឹងធំនេះ​ត្រូវបានរដ្ឋាភិបាលចេញសេចក្តីជូនដំណឹង​ ឬ ស.ជ.ណ កាលពីឆ្នាំ២០០៩ ដើម្បីរក្សាការពារទុកជាអាងស្តុកទឹកសម្រាប់​​ឱ្យប្រជាពលរដ្ឋរស់នៅជុំវិញបឹងអាស្រ័យផល ដូចជា នេសាទ និងប្រើប្រាស់ទឹកសម្រាប់ស្រោចស្រពដំណាំកសិកម្មផ្សេងៗ ជាដើម។ លោកថា មួយរយៈចុងក្រោយនេះ មានប្រជាពលរដ្ឋមួយចំនួនបានចូលទៅទន្ទ្រានយកដីអាងបឹងធំធ្វើកម្មសិទ្ធិទាំងខុសច្បាប់ជាបន្តបន្ទាប់។

លោកបន្ថែមថា៖ «បងប្អូនប្រជាពលរដ្ឋបានចូលទៅរំលោភយកដោយកាយព្រំពេញទឹកពេញដី ហើយយើង​ក៏ចាត់វិធានការ ចំណាត់ការ ចាប់យកគ្រឿងចក្រគាត់មករក្សាទុក ដើម្បីណែនាំគាត់និងឱ្យគាត់ធ្វើកិច្ចសន្យាឈប់ទៅធ្វើឬកែច្នៃលើដីហ្នឹងទៀត ពីព្រោះដីនេះ រដ្ឋមិនទាន់បានកំណត់ថា យកទៅវិនិយោគធ្វើអីឬអភិវឌ្ឍធ្វើអីដែរ។ វាជាអាងសម្រាប់ទប់ទឹកសម្រាប់ឱ្យកសិករស្រោចស្រពស្រែប្រាំង»

អភិបាលស្រុកកៀនស្វាយ លោក អ៊ូ ឈាង បានព្រមានចាត់វិធានការច្បាប់តឹងរ៉ឹងចំពោះពលរដ្ឋណាដែលរឹងទទឹងក្នុងការចូលទន្ទ្រានកាន់កាប់ដីបឹងនោះទាំងខុសច្បាប់បន្តទៀត​។

វីអូឌី មិនអាចរកការឆ្លើយតបពីម្ចាស់គ្រឿងចក្រឬអ្នកដែលប្រើប្រាស់គ្រឿងចក្រឈូសឆាយដីបឹងបានទេនៅថ្ងៃពុធនេះ។

ប៉ុន្តែតាមវីដេអូ​មួយ​ដែលផ្សាយផ្ទាល់​លើបណ្តាញសង្គម​ហ្វេស​ប៊ុកកាលពីថ្ងៃ​ម្សិលមិញ អំពីសកម្មភាពឈូស​ឆាយដីបឹងនេះ គឺ​មានស្ត្រីម្នាក់ដែលបានផ្តល់បទសម្ភាសជាមួយអ្នកសារព័ត៌មាន បានលើកឡើងថា ដីដែលគ្រឿងចក្រកំពុង​ឈូសឆាយនោះជាដីរបស់បងស្រីគាត់ ឈ្មោះ ហ៊ុន ណារី ដែលទិញពីប្រជាពលរដ្ឋជាច្រើនឆ្នាំមកហើយ និងបានបង់ពន្ធជូនរដ្ឋផងដែរ ប៉ុន្តែមិនទាន់មានប្លង់រឹងនៅឡើយ។

ស្ត្រីរូបនេះអះអាងទៀតថា ការ​ដាក់គ្រឿងចក្រមកឈូសឆាយធ្វើផ្លូវនិងក្រវាត់ព្រំដីនេះ គឺបានជូនដំណឹងទៅអាជ្ញាធរមូលដ្ឋានត្រឹមត្រូវទៀតផង។

អ្នកស្រីនិយាយថា៖ «និយាយទៅ តំបន់នេះមានប្លង់រឹងអស់ហើយ ប៉ុន្តែពេលដែលបងស្រីខ្ញុំគាត់ទិញក្រោយហ្នឹង គាត់មកអត់ទាន់ពេលអាជ្ញាធរគេវាស់ចូលក្នុងប្រព័ន្ធ ហើយខ្ញុំទិញគេមានបង់ពន្ធប្រថាប់ត្រា»

មន្ត្រីសម្របសម្រួលគម្រោងធុរកិច្ច និងសិទ្ធិមនុស្ស នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក វណ្ណ សូផាត មានប្រសាសន៍ថា ប្រសិនបើអាជ្ញាធរគ្រាន់តែឃាត់គ្រឿងចក្រនិងហៅម្ចាស់ទៅព្រមានឱ្យធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព ដោយមិនចាត់វិធានការច្បាប់តឹងរ៉ឹងនោះទេ គឺមិនអាចទប់ស្កាត់ការរំលោភយកដីរដ្ឋធ្វើកម្មសិទ្ធិមានប្រសិទ្ធភាពឡើយ។

មន្ត្រីសិទ្ធិមនុស្ស​រូបនេះសង្កេតឃើញ​ថា ការអនុវត្តច្បាប់របស់អាជ្ញាធរនេះហាក់មានស្តង់​ដារពី​រ ព្រោះ​​កន្លងមក បើ​សិន​ប្រជាពលរដ្ឋធម្មតា​​ធ្វើសកម្មភាពរំលោភយកដីបឹងឬដីរដ្ឋផ្សេងៗ គឺអាជ្ញាធរបានចាត់វិធានការច្បាប់យ៉ាងតឹងរ៉ឹង រហូតមានការបញ្ជូនទៅតុលាការថែមទៀត។ ប៉ុន្តែសម្រាប់ក្រុមហ៊ុន ឬអ្នកមានលុយនិង​មានអំណាចវិញ លោកថា មិនត្រូវបានចាត់វិធានការច្បាប់តឹងរ៉ឹងបែបនេះឡើយ ដែល​ការធ្វើបែបនេះនឹងជំរុញឱ្យមាននិទណ្ឌភាពនៅក្នុងសង្គម។

លោកបន្ថែមថា៖ «ការដែលមិនអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ ឱ្យបានត្រឹមត្រូវ វានឹងធ្វើឱ្យមាននិទណ្ឌភាព ហើយក្រុមហ៊ុនហ្នឹងគ្មានការរាងចាលទេ។​ ថ្ងៃក្រោយ គាត់អាចធ្វើសកម្មភាពលើសហ្នឹងទៀត។ អ៊ីចឹង​​បញ្ហាត្រង់ហ្នឹង​ អាជ្ញាធរត្រូវតែអនុវត្តច្បាប់ឱ្យបានតឹងរ៉ឹងបំផុតចំពោះឈ្មួញឬក្រុមហ៊ុនដែលរំលោភយកដីសាធារណៈរបស់រដ្ឋ ក៏ដូចជារំលោភយកដីរបស់ប្រជាពលរដ្ឋហ្នឹង»

បើតាមអភិបាលស្រុកកៀនស្វាយ លោក អ៊ូ ឈាង បញ្ជាក់ថា អាងបឹងធំមានទំហំប្រហែល៨០០ហិកតា ដែលមានប្រជាពលរដ្ឋប្រហែលជា៣ឃុំ រស់នៅជុំវិញនិងអាស្រ័យផលពីបឹងមួយនេះ។

កាលពីខែឧសភា ឆ្នាំ២០២០ ក្រសួងធនធានទឹក និងឧតុនិយម បានប្រាប់ទៅឣភិបាលរាជធានី-ខេត្តឱ្យពង្រឹងកា​រទប់ស្កាត់ការចាក់ដីរំលោភចូលចំណីមាត់ច្រាំងទន្លេ ស្ទឹង ព្រែក អូរ ប្រឡាយ អាងទឹក និងបឹង។ សេចក្តីណែនាំនេះធ្វើឡើង​ក្រោយពី​ក្រសួងមើលឃើញថា បញ្ហាការចាក់ដីរំលោភចូលចំណីមាត់ច្រាំងទន្លេ ស្ទឹងព្រែក អូរ ប្រឡាយ អាងទឹក និងបឹង មានការកើនឡើងគួរឱ្យបារម្ភ។

ក្រសួងធនធានទឹក លើកឡើងទៀត​​ថា ការចាក់ដីរំលោភចូលតំបន់ទាំងនោះបានបង្កបញ្ហាដល់លទ្ធភាព នៃការរំដោះទឹក និងបង្កជាគ្រោះមហន្តរាយធ្ងន់ធ្ងរ ដូចជាគ្រោះទឹកជំនន់ជាដើម៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

Leave a Reply

Submit Comment