មន្ត្រី​សង្គម​ស៊ីវិល​នៅ​ខេត្តព្រះសីហនុ​ជំរុញ​ឱ្យ​អាជ្ញាធរ​ពង្រឹង​ការ​ធ្វើ​ដំណើរ​តាមផ្លូវទឹក ​ក្រោយ​មាន​ករណី​ឆេះ​ទូក​បណ្ដាល​ឱ្យស្ត្រីម្នាក់​ស្លាប់

ដោយ ម៉ៅ សុធានី
2021-07-21
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

មន្ត្រី​សង្គម​ស៊ីវិល​នៅ​ខេត្តព្រះសីហនុ​ជំរុញ​ឱ្យ​អាជ្ញាធរ​ពង្រឹង​ការ​ធ្វើ​ដំណើរ​តាមផ្លូវទឹក ​ក្រោយ​មាន​ករណី​ឆេះ​ទូក​បណ្ដាល​ឱ្យស្ត្រីម្នាក់​ស្លាប់

ទូកដឹកអ្នកដំណើរ ១១ នាក់ក្នុងនោះមានក្មេងពីរនាក់បានឆេះកណ្តាលសមុទ្រនៅក្នុងខេត្តព្រះសីហនុ កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ បណ្តាលឱ្យស្ត្រីម្នាក់អាយុ ៥០ ឆ្នាំបានស្លាប់។ រូប៖ ពលរដ្ឋផ្ដល់​ឱ្យ


មន្ត្រី​សង្គមស៊ីវិល​ប្រចាំ​ខេត្តព្រះសីហនុសង្កេត​ឃើញ​ថា​ ខេត្តដែន​សមុទ្រ​មួយ​នេះ​តែង​ជួប​គ្រោះ​ថ្នាក់​តាម​ជើង​ទឹក​ញឹកញាប់​ជាពិសេស​នារដូវ​វស្សា​ដែល​មាន​ខ្យល់​ព្យុះ ​និង​រលក​ធំៗ។

អ្នក​សម្របសម្រួល​សមាគម​អាដហុក (Adhoc) ប្រចាំ​ខេត្ត​ព្រះសីហនុអ្នកស្រី ជាប សុធារី យល់​ថា ​ដើម្បី​ទប់ស្កាត់ ​ឬបង្កាករណីនេះ​ អាជ្ញាធរ​ពាក់ព័ន្ធ​គួរណែនាំ ​និង​ត្រួត​ពិនិត្យ​លើ​ក្រុម​អ្នក​ដឹក​ជញ្ជូន​តាម​ផ្លូវ​ទឹក​ឱ្យ​បាន​ត្រឹមត្រូវ។​ អ្នកស្រី​បន្ត​ថា ចំពោះ​ពលរដ្ឋ​ដែល​ប្រកប​របរ​ដឹក​ជញ្ជូន​តាម​ផ្លូវ​ទឹក​ក៏​ត្រូវ​មាន​ការ​ទទួល​ខុសត្រូវ និង​មានការ​ប្រយ័ត្នលើ​មធ្យោបាយ​របស់​ខ្លួន​ និង​ត្រូវ​មាន​អាវពោង​ការពារ​សុវត្ថិភាព​ទុក​ឱ្យអ្នក​ធ្វើដំណើរពាក់ និងត្រួត​ពិនិត្យ​លក្ខណៈបច្ចេកទេស ទូក​និង​កាណូត​របស់​ខ្លួន​ពាក់​មុន​ចេញ​ដំណើរ៖ «ទោះបីថា​ការប្រកប​របរ​រក​ស៊ី​ហ្នឹង​ជាថវិកា​ផ្ទាល់​ខ្លួន​របស់​បុគ្គល​ជាឯកជន​មែន​ប៉ុន្តែពេល​នេះពួកគាត់​ធ្វេសប្រហែស​ដែរ​អញ្ចឹង​មន្ត្រីជំនាញ​គួរចុះ​ត្រួតពិនិត្យ​មើលថា​ តើអ្នក​ប្រកបមុខ​របរទាំងអស់​គាត់មាន​ឧបករណ៍​សម្ភារៈការពារ​សម្រាប់​ទប់ស្កាត់​ពេលនេះ​មាន​ហានិភ័យ​អីកើត​ឡើង»

ប្រតិកម្មរបស់​មន្រ្តីសិទ្ធិមនុស្ស​បែបនេះ ក្រោយ​ពេល​ មាន​ករណី​ភ្លើង​ឆេះទូក​ដែល​មាន​មនុស្ស​ជិះ​លើ​ទូក​ចំនួន ១១ នាក់ ក្នុងនោះ​ក្មេង​ពីរ​នាក់ នៅព្រឹកថ្ងៃទី២១ ខែកក្កដា។ ករណីនេះ​បណ្ដាល​ឱ្យស្ត្រីម្នាក់​ឈ្មោះ ហ៊ីង ស្រស់ ​អាយុ ៥០ ឆ្នាំ​បានស្លាប់ ចំណែក​អ្នកផ្សេង​ទៀត​ ត្រូវបាន​ក្រុមជួយ​សង្គ្រោះ​ជួយទាន់​ពេលវេលា។

ទាក់ទងបញ្ហា​នេះ អាស៊ីសេរីមិន​ទាន់អាច​សុំការ​បញ្ជាក់​បន្ថែម​ពីអភិបាល​ខេត្តព្រះសីហនុលោក គួច ចំរើន អ្នកនាំពាក្យ​សាលា​ខេត្តព្រះសីហនុ​លោក ឃាង ភារម្យ និង​ស្នងការ​នគរបាល​ខេត្តព្រះសីហនុ លោក ជួន ណារិន្ទ បានទេ​ដោយ​ទូរស័ព្ទហៅ​ចូល​គ្មាន​អ្នក​ទទួល​ និង​លេខទូរស័ព្ទខ្លះ​ទៀត​មិន​ទទួល​ការ​ហៅចូល។

ទំព័រហ្វេសប៊ុក​អគ្គស្នងការដ្ឋាននគរបាល​ឱ្យដឹង​ថា ករណី​ឆេះ​ទូក​នេះ គឺដោយសារ​ម៉ាស៊ីន​បាន​ធ្លាយ​ទុយោ​ប្រេង​ប៉ះ​នឹង​បំពង់​ស៊ី​ម៉ាំង​ម៉ាស៊ីន​ទូក​ បណ្តាល​ឲ្យ​ភ្លើង​ឆាបឆេះ​ រួច​លិច​ទូក​តែ​ម្តង។ ប្រភព​ដដែល​ឱ្យដឹង​ទៀតថា ទូកដែល​ឆេះនោះ​ជាទូកដឹក​បន្លែដែល​ធ្វើដំណើរ​ចេញ​ពី​ផែ​សហគមន៍​ភូមិ​ដើម​ថ្កូវ​ សង្កាត់​កោះ​រ៉ុ​ង​ ឆ្ពោះទៅ​ផែ​៥២​ សង្កាត់​១​ ក្រុងព្រះសីហនុ​ ខេត្ត​ព្រះ​សីហ​នុ​។​

រីឯអភិបាល​ក្រុង​កោះរ៉ុង​លោក នួន ប៊ុនថុល ឱ្យ​សារព័ត៌មាន​ក្នុងស្រុក​ដឹង​ថា លោកស្នើទៅ​ប្រជាពលរដ្ឋ អ្នក​ធ្វើដំណើរ​តាម​សមុទ្រ ត្រូវ​ត្រួត​ពិនិត្យ​លក្ខណៈបច្ចេក​ទេស​​ជលយាន (ទូក) ឱ្យបាន​ត្រឹម​ត្រូវ និង​ត្រូវ​មាន​អាវពោង​សុវត្ថិភាព ព្រមទាំង​វិទ្យុទាក់ទង​ ដើម្បី​សុំការ​អន្តរាគមន៍​ពី​អាជ្ញាធរ​មាន​ពេល​ជួប​គ្រោះ​ថ្នាក់។

អ្នកស្រី ជាប សុធារី ឱ្យដឹង​ថា​ អ្នកស្រី​ស្គាល់​ជនរងគ្រោះ​ដែលបាត់បង់ជីវិត​នោះ​គឺជា​អ្នកលក់​បន្លែ​នៅ​សង្កាត់​កោះ​រ៉ុ​ង​ និងមានកូន ១១ នាក់ ក្នុងបន្ទុក។ រីឯអភិបាល​ក្រុង​កោះរ៉ុង​លោក នួន ប៊ុនថុល ​ឱ្យដឹងថា ស្ត្រីដែល​បាត់បង់ជីវិត​នោះមាន​ជំងឺបេះដូង។​ ចំណែក​អ្នករបួស ៦ នាក់ ក្នុង​ហេតុការណ៍​នោះ​ត្រូវ​បាន​អាជ្ញាធរ បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តព្រះសីហនុ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment