សហព័ន្ធ​ខ្មែរ​ក្រោម​ថ្កោលទោស​រដ្ឋាភិបាល​វៀតណាម ដែល​បន្ត​ឃាត់​ខ្លួន​ខ្មែរ​ក្រោម រឿង​សំដែង​មតិ

ដោយ យន់ សាមៀន
2021-07-21
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

សហព័ន្ធ​ខ្មែរ​ក្រោម​ថ្កោលទោស​រដ្ឋាភិបាល​វៀតណាម ដែល​បន្ត​ឃាត់​ខ្លួន​ខ្មែរ​ក្រោម រឿង​សំដែង​មតិ

​លោក ថាច់ ថា ​អាយុ ៦១ ​រស់​នៅ​ខេត្ត​ព្រះត្រពាំង ដែល​អាជ្ញាធរ​វៀតណាម​ខេត្ត​ព្រះត្រពាំង កម្ពុជា​ក្រោម ​ឃាត់​ខ្លួន​កាល​ពី​ចុង​ខែមិថុនា ក្រោយ​​ពីលោក​អាន​សៀវភៅ​អំពី​សេចក្ដី​ប្រកាស​អង្គការ​សហប្រជាជាតិ​ស្ដីពី​សិទ្ធិ​ជនជាតិ​ដើម ផ្សាយ​​ផ្ទាល់​តាម​បណ្ដាញ​សង្គម ​(Facebook)។ រូប៖ ហ្វេសប៊ុក


សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក​ថ្កោល​ទោស​អាជ្ញាធរ​វៀតណាម ​ដែល​បាន​ឃាត់​ខ្លួន​ពលរដ្ឋ​ខ្មែរ​ក្រោម ដែល​ហ៊ាន​សំដែង​មតិ​ទាមទារ​សិទ្ធិ​ជា​ជនជាតិ​ដើម។ ការ​ថ្កោល​ទោស​ជា​ថ្មី​នេះ ​ក្រោយពេល​អាជ្ញាធរ​វៀតណាម​នៅ​ខេត្ត ព្រះត្រពាំង​បាន​ឃាត់​ខ្លួន ពលរដ្ឋ​ខ្មែរ​ក្រោម​ម្នាក់ ដែល​ហ៊ាន​អាន​សៀវភៅ​សិទ្ធិ​ស្វ័យ​សម្រេច​ដោយ​ខ្លួន​ឯង នៅ​តាម​បណ្ដាញ​សង្គម និង​ករណី​រឹប​អូស​យក​សៀវភៅ​ស្ដីពី​សិទ្ធិ​ជន​ជាតិ​ដើម និង​សិទ្ធិមនុស្ស​ជា​ច្រើន​ក្បាល។

អាជ្ញាធរ​វៀតណាម កាល​ពី​ចុង​ខែមិថុនា​មុន​នេះ បាន​ចាប់​ផ្ដើម​បើក​យុទ្ធនាការ​ចាប់ខ្លួន និង​រឹបអូស​សៀវភៅ ឯកសារ អាវ​យឺត​ពាក់ព័ន្ធ​នឹង​ការ​អប់រំ​ពី​សិទ្ធិ​ជនជាតិ​ដើម និង​សិទ្ធិ​មនុស្ស។ អាជ្ញាធរ​វៀតណាម​ខេត្ត​ព្រះត្រពាំង កាល​ពី​ចុង​ខែមិថុនា បាន​ឃាត់​ខ្លួន ​លោក ថាច់ ថា ​អាយុ ៦១ ​រស់​នៅ​ខេត្ត​ព្រះត្រពាំង ក្រោយ​លោក​អាន​សៀវភៅ​អំពី​សេចក្ដី​ប្រកាស អង្គការ​សហប្រជាជាតិ​ស្ដីពី​សិទ្ធិ​ជនជាតិ​ដើម បន្ត​ផ្ទាល់​តាម​បណ្ដាញ​សង្គម ​(Facebook) ​និង​ពាក់​អាវយឺត ដែល​មាន​រូបភាព​ទាក់ទង​នឹង​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព (SDG) របស់​អង្គការ​សហប្រជាជាតិ។ អាជ្ញាធរ​វៀតណាម ក្នុង​ករណី​មួយ​ផ្សេង​ទៀត ក៏​បាន​ស្ទាក់​ឃាត់ និង​ចាប់​យក​សៀវភៅ​ស្តីពី​សិទ្ធិ​ជនជាតិ​ដើម​ចំនួន​ជាង​មួយ​រយ​ក្បាល​ផង​ដែរ​។​ លោក ថាច់ ថា​ត្រូវ​បាន​អាជ្ញាធរ វៀតណាម​បាន​ដោះ​លែង ក្រោយ​មាន​ការ​តវ៉ា​លក្ខណៈ​អន្តរជាតិ របស់​សហព័ន្ធ​ខ្មែរ​ក្រោម និង​ក្រោយ​វៀតណាម​បាន​គំរាមកំហែង​លោក​កុំ​ឲ្យ​អាន​សៀវភៅ​បន្ត​ផ្ទាល់​តាម​បណ្ដាញ​សង្គម​ទៀត។

មន្ត្រី​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ចាត់​ទុក​ទង្វើ​របស់​វៀតណាម​នេះ​ថា ជា​ការ​រំលោភ​សិទ្ធិមនុស្ស ជន​ជាតិ​ដើម​ធ្ងន់ធ្ងរ ហើយ​វៀតណាម​មិន​បាន​គោរព​កាតព្វកិច្ច ចំពោះ​មុខ​អង្គការ​សហ​ប្រជាជាតិ ​ដែល​ប្រទេស​នេះ បាន​ចុះ​ហត្ថលេខា​ទទួល​ស្គាល់​សិទ្ធិ​ជនជាតិ​ដើម កាល​ពី​ឆ្នាំ២០០៧។ ប្រធាន​នាយកដ្ឋាន​ព័ត៌មាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ព្រះភិក្ខុ សឺង យ៉ឹង​រតនា មាន​ថេរ​ដីកា​ប្រាប់​អាស៊ី​សេរី​ថា ការ​ឃាត់​ខ្លួន និង​រឹបអូស​ឯកសារ​អប់រំ​ជនជាតិ​ដើម​នេះ​ គឺ​អាជ្ញាធរ​វៀតណាម​ចង់​គំរាមកំហែង​ខ្មែរ​ក្រោម កុំ​ឲ្យ​ហ៊ាន​ងើប​ឡើង​តវ៉ា​ទាមទារ​សិទ្ធិ​ស្វ័យ​សម្រេច​ដោយ​ខ្លួនឯង​ទៅ​ថ្ងៃ​អនាគត៖ «ក្រុម​យុវជន ឬ​ក៏​ពលរដ្ឋ​ដែល​បាន​ផ្សព្វផ្សាយ​សៀវភៅ​ជន​ជាតិ​ដើម​ហើយ និង​ច្បាប់​ផ្សេងៗ របស់​អង្គការ​សហប្រជាជាតិ ស្ដីពី​សិទ្ធិ​នយោបាយ និង​កិច្ចការ​សង្គម​នៅ​កម្ពុជា​ក្រោម ប៉ុន្មាន​ថ្ងៃ​នេះ ត្រូវ​អាជ្ញាធរ​វៀតណាម​ចាប់​ខ្លួន និង​សម្លុត​បំភ័យ គឺ​រដ្ឋាភិបាល​វៀតណាម​ប្រព្រឹត្ត​ផ្ទុយ​ពី​ច្បាប់​អង្គការ​សហប្រជាជាតិ និង​រំលោភ​សិទ្ធិ​ចំពោះ​ពលរដ្ឋ​ខ្មែរ​ក្រោម»

យុទ្ធនាការ​បង្ក្រាប​ខ្មែរ​ក្រោម​ឡើង​វិញ​របស់​វៀតណាម កាល​ពី​ពេល​ថ្មីៗ នេះ ធ្វើ​ឡើង បន្ទាប់ពី​ពលរដ្ឋ​ខ្មែរ​ក្រោម​នៅ​ប្រទេស​មួយ​ចំនួន​នៅ​លើ​ជុំវិញ​ពិភពលោក បាន​ប្រារព្ធ​ទិវា​បាត់បង់​ទឹក​ដីខ្មែរ​ក្រោម​អស់​រយៈ​ពេល ៧២ឆ្នាំ កាល​ពី​ដើម​ខែមិថុនា។

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​បាន​ជ្រើសរើស​យក​សារ​ឲ្យ​ខ្មែរ​ក្រោម​ទាំង​អស់​ងើប​ឡើង ដើម្បី​ទាមទារ​សិទ្ធិ​ជា​ជនជាតិ​ដើម​ក្នុង​ទិវា​បាត់បង់​ទឹកដី។ សហព័ន្ធ​ក៏​ចង់​ផ្ញើ​សារ​រំលឹក​រដ្ឋាភិបាល​វៀតណាម​ឲ្យ​គោរព​សិទ្ធិមនុស្ស​ជនជាតិ​ដើម​ផង​ដែរ។

ភ្លាម​ក្រោយ​ខួប ៧២ឆ្នាំ​នេះ​ភ្លាម អាជ្ញាធរ​វៀតណាម​ខេត្ត​ក្រមួនស កាល​ពី​ថ្ងៃ​ទី៨ ខែមិថុនា ក៏​បាន​ចាប់​ខ្លួន​លោក ហ្វិន វ៉ាំងឌែប ជា​កសិករ​ខ្មែរ​ក្រោម​ពី​បទ «ប្រើ​អំពើ​ហិង្សា​មក​លើ​កងកម្លាំង​សមត្ថកិច្ច​និង​បទ​ប្រឆាំង​នឹង​អាជ្ញាធរ​សាធារណៈ» ក្នុង​ពេល​ប៉ះទង្គិច​នឹង​សមត្ថកិច្ច​វៀតណាម ដែល​ចុះ​ទៅ​រឹបអូស​ដី​ស្រែ​ខ្មែរ​ក្រោម។ កសិករ​ខ្មែរ​ក្រោម និង​តំណាង​ខ្មែរ​ក្រោម​អះអាង​ថា លោក ហ្វិន វ៉ាំងឌែប មិន​បាន​ប្រព្រឹត្ត​កំហុស​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ ហើយ​ការ​ចាប់​ខ្លួន​នេះ ជា​លេស​ដោយសារ​តែ លោក​បាន​ចូលរួម​សំដែង​មតិ​រឿង​ថ្ងៃ​បាត់បង់​ទឹក​ដី តាម​បណ្ដាញ​សង្គម (Facebook)។ បច្ចុប្បន្ន លោក ហ្វិន វ៉ាំងឌែប កំពុង​ជាប់​ពន្ធនាគារ ហើយ​លោក​ត្រូវ​ជាប់​ពន្ធនាគារ​រហូត រយៈ​ពេល​ពីរ​ឆ្នាំ​ទើប​ត្រូវ​តុលាការ​ដោះ​លែង។

របាយ​ការណ៍​សហព័ន្ធ​ខ្មែរ​ក្រោម​ប្រចាំ​ឆ្នាំ​ឲ្យ​​ដឹង​ថា កាល​ពី​ឆ្នាំ២០២០ ​និង​ដើម​ឆ្នាំ២០២១ អាជ្ញាធរ​វៀតណាម បាន​បន្ត​រឹតត្បិត​សិទ្ធិ​សេរីភាព​ពលរដ្ឋ និង​យុវជន​ខ្មែរ​ក្រោម មិន​ឲ្យ​ផ្សព្វ​ផ្សាយ​ប្រវត្តិសាស្ត្រ​ពិត​នៃ​ការ​បាត់បង់​ទឹក​ដី និង​សិទ្ធិ​ចែកចាយ​ព័ត៌មាន​តាម​បណ្ដាញ​សង្គម។ យុវជន​ខ្មែរ​ក្រោម​មួយ​ចំនួន ត្រូវ​បាន​អាជ្ញាធរ​វៀតណាម​ចាប់​ផាក​ពិន័យ​រាប់​រយ​ដុល្លារ និង​បាន​រឹបអូស​សៀវភៅ​ ស្ដីពី​សិទ្ធិ​ជន​ជាតិ​ដើម​ជា​ដើម។ ចំណែក​កសិករ​ខ្មែរ​ក្រោម​ដែល​ត្រូវ​អាជ្ញាធរ​រឹបអូស​យក​ដី​ស្រែ​កេរ្តិ៍​ដូនតា ក៏​ត្រូវ​តុលាការ​វៀតណាម​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​រាប់​ឆ្នាំ​ទាំង​អយុត្តិធម៌​ផង​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment