កម្ពុជា​សម្រេច​បិទ​ខ្ទប់​អ្នក​ដំណើរ​ពី​ថៃ​និង​ខេត្ត​៨​ ក្រោយ​រក​ឃើញ​វីរុស​បំប្លែង​ថ្មី​ឆ្លង​ចូល​សហគមន៍

កូវីដ-១៩ | ទំនាក់ទំនងអន្តរជាតិ | ព័ត៌មានជាតិ
លោក ត្រាន់ តិចសេង | ២៩ កក្កដា ២០២១ |ម៉ោង ២២:២៨
VOD

រនាំងដាក់ត្រូវបាកដំឡើងនៅទីតាំងផ្លូវរថភ្លើងនៅតំបន់ព្រំដែនប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ (Ananth Baliga)

រនាំងដាក់ត្រូវបាកដំឡើងនៅទីតាំងផ្លូវរថភ្លើងនៅតំបន់ព្រំដែនប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ (Ananth Baliga)


រដ្ឋាភិបាលកម្ពុជាសម្រេចបិទខ្ទប់អ្នកដំណើរឆ្លងកាត់មកពីប្រទេសថៃតាមច្រកព្រំដែនផ្លូវគោកជាបណ្តោះអាសន្ន និងការធ្វើដំណើរឆ្លងកាត់ខេត្តចំ​នួ​ន​៨ បន្ទាប់ពីរកឃើញវីរុសបំប្លែងខ្លួនថ្មីប្រភេទ “ដែលតា” ឆ្លងក្នុងសហគមន៍៨ករណី និង ករណីពាក់ព័ន្ធពលករត្រឡប់ពីប្រទេសថៃជាង៣០ករណី រាប់ទាំងបុគ្គលិកពេទ្យ៣នាក់នៅសប្តាហ៍នេះ។

សេចក្តីសម្រេចនេះធ្វើឡើងផងដែរបន្ទាប់ពីពលករខ្មែររាប់រយនាក់បន្តសម្រុកត្រឡប់ពីប្រទេសថៃ​ក្នុងមួយថ្ងៃៗតាមច្រកព្រំដែនគោក ចាប់ពីប្រទេសក្បែរខាងមួយនេះរងការវាយលុកពីវីរុស “ដែលតា” ហើយក្នុងចំណោមអ្នកដែលទើបត្រឡប់មកក្នុងរយៈពេលនៅ២ទៅ៣សប្តាហ៍ចុងក្រោ​​យ មានដល់២៥ភាគរយ ត្រូវបានរកឃើញមានវិជ្ជមានជំងឺកូវីដ-១៩។

ក្នុងសេចក្តី សម្រេចចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ រដ្ឋាភិបាល ​បានប្រកាសបិទខ្ទប់ការធ្វើដំណើរឆ្លងកាត់ព្រំដែនគោកជាមួយប្រទេសថៃ និងការឆ្លងកាត់ខេត្តចំនួន៨ ហើយបង្កើនការរឹតបន្តឹងការធ្វើដំណើរនិងជួបជុំមនុស្សលើសពី១០នាក់នៅទូទាំងប្រទេសជាបណ្តោះអាសន្ន រយៈពេល២សប្តាហ៍ រហូតដល់ថ្ងៃទី១២ ខែសីហា ដើម្បីទប់ស្កាត់ការរីកសាយភាយនៃកូវីដ-១៩ប្រភេទ”ដែលតា”។

ខេត្តទាំង៨នោះ រួមមាន ខេត្តបាត់ដំបង បន្ទាយមានជ័យ ឧ​ត្តរមានជ័យ កោះកុង ប៉ៃលិន សៀមរាប ព្រះវិហារ និងពោធិ៍សាត់។

អ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ លើកឡើងថា អាជ្ញាធរកម្ពុជាកំពុងសហការជាមួយអា​​ជ្ញា​ធរថៃស្នើទៅភាគីថៅកែនិយោជកកុំឱ្យមានការបញ្ឈប់ឬផ្អាកការងារពលករខ្មែរ ហើយជួយផ្តល់ការការពារនិងផលប្រយោជន៍ផ្សេងៗដល់ពួកគេអំ​ឡុ​ង​ពេលបិទខ្ទប់។

លោកថា រដ្ឋាភិបាលថៃកំពុងរឹតបន្តឹងការធ្វើដំណើរឆ្លងកាត់ភូមិសាស្រ្តតាមបណ្តាខេត្តរបស់ខ្លួនផងដែរ ដែលក្នុងកាលៈទេសៈ​នេះ លោកស្នើឱ្យពលករខ្មែរគួរកុំទាន់វិលត្រឡប់មកកម្ពុជា ហើយទាក់ទងស្វែងរកជំនួយពីស្ថានទូតកម្ពុជានៅទីនោះជាការប្រសើរជាង។

លោកមានប្រសាសន៍បន្ថែមថា៖ «សម្រាប់បងប្អូនដែលធ្វើដំណើរតាមមធ្យោបាយណាក៏ដោយ គឺភាគីថៃគាត់នឹងតម្រូវឱ្យម្ចាស់រថយន្តឬម្ចាស់អ្នកដឹកបងប្អូនមកនេះ នឹងបញ្ជូនបងប្អូនទៅកន្លែងស្នាក់នៅដើមរបស់បងប្អូននៅទីក្រុងបាងកក ឬនៅតាមបណ្តាខេត្តនានាវិញ។ អ៊ីចឹងហើយបានជាសូមឱ្យបងប្អូនយើងទាំងអស់សូមរក្សានៅនឹងកន្លែង ពីព្រោះបើសិនជាមក ក៏នៅតាមផ្លូវ គឺអាចអាជ្ញាធរថៃគាត់នឹងតម្រូវឱ្យរថយន្តនោះ គឺបង្វែរទិសទៅកន្លែងដើមវិញដែរ»

ពាក់ព័ន្ធនឹងបញ្ហានេះ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក កុយ គួង លើកឡើងថា ស្ថានទូតកម្ពុជាកំពុងធ្វើការជាមួយអា​ជ្ញាធរថៃ ផ្សព្វផ្សាយនិងជូនដំណឹងដល់ពលករខ្មែរដែលកំពុងរស់នៅនិងធ្វើការនៅក្នុងប្រទេសថៃពីវិធានការបិទខ្ទប់របស់រដ្ឋាភិបាលកម្ពុជា។

​​យ៉ាងណា នាយក​ប្រតិបត្តិ​នៃមជ្ឈមណ្ឌល​សម្ព័ន្ធ​ភាព​ការ​ងារ​ និងសិទ្ធិ​មនុស្ស លោក​ មឿន ​តុលា លើកឡើងថា រដ្ឋាភិបាលកម្ពុជាគួរតែសហកា​រជាមួយភាគីថៃ ធ្វើយ៉ាងណាធានាឱ្យបាននូវកិច្ចគាំពារសង្គមនិងសុខភាពដល់ពលករខ្មែរដែលកំពុងរស់នៅនិងធ្វើការក្នុងប្រ​ទេសថៃ ទោះពួកគេគ្មានឯកសារស្របច្បាប់ក្តី។

លោកបន្ថែមថា បើមិនដូច្នេះទេ រដ្ឋាភិបាលគួរតែបន្តអនុញ្ញាតឱ្យពួកគេត្រឡប់មកស្រុកកំណើតវិញ ដោយរៀបចំមណ្ឌលធ្វើចត្តាឡីស័ក ថែទាំសុខភាព និងព្យាបាលបន្ថែមទៀតឱ្យបានត្រឹមត្រូវ ប្រសើរជាងការបិទខ្ទប់។ លោកបន្តថា កន្លងមកនៅពេលអនុវត្តវិធានការបិទខ្ទប់នៅរាជធានីភ្នំពេញ អាជ្ញាធរដោះស្រាយផលប៉ះពាល់ដល់ពលរដ្ឋដែលជា​ប់នៅក្នុងតំបន់ទាំងនោះ ដូចជា ការខ្វះខាតស្បៀងអាហារ មិនបានល្អនោះទេ។

លោក មឿន តុលា មានប្រសាសន៍ថា៖ «រដ្ឋ​ហ្នឹង បើសិនជាបិទ ទាល់តែមានការជជែកជាមួយភាគីថៃ ឱ្យមានសេវាព្យបាលនិងសេវាសង្គមផ្សេងៗទៅដល់ពលករដែលកំពុងជាប់គាំងហ្នឹង ហ្នឹងទី១! ទី២ នៅពេលដែលគាត់មក បើសិនជាយើងពង្រឹងវិធានការពិនិត្យសុខភាពគាត់ ហើយធ្វើចត្តាឡីស័ក ហើយពិនិត្យតាមដានសុខភាពគាត់ឱ្យបានដិតដល់ មុនអនុញ្ញាតឱ្យពួកគាត់ចូលក្នុងសហគមន៍វិញ ខ្ញុំគិតថា វាមានប្រសិទ្ធភាពជាង។ ប្រសិនបើយើងបិទខ្ទប់តែម្តង យើងអត់ខ្វល់ពីប្រជាពលរដ្ឋយើងដែលកំពុងជួបបញ្ហានៅក្នុងប្រទេសថៃទេ»

បើតាមប្រភពពីក្រសួងការបរទេសកម្ពុជា ពលករខ្មែរប្រមាណ១លាននាក់កំពុងស្នាក់នៅនិងធ្វើការនៅក្នុងប្រទេសថៃ ខណៈតួលេខនេះ គឺទាបជាងរបាយកា​រណ៍ពីអង្គការ«សង់ត្រាល់» ដែល​ថា ពលករខ្មែរចំណាកស្រុកទៅធ្វើការនៅក្នុងប្រ​ទេស​នេះទាំង​ស្របច្បា​ប់និងមិនស្របច្បាប់ គឺមានប្រមាណ១លាន៦សែននាក់៕

គួរបញ្ជាក់ដែរថា រដ្ឋាភិបាលកម្ពុជា ក៏បានដាក់ចេញសារាចរដាច់ដោយឡែកមួយ ស្តីពីយុទ្ធនាការប្រយុទ្ធនិងទប់ស្កា​ត់​ការឆ្លងរាលដាលនៃវីរុសកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ក្នុងរយៈពេល២សប្តាហ៍ដូចគ្នា។ ក្នុងនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តម្រូវឱ្យអាជ្ញាធររាជធានី-ខេត្តទាំងអស់ ត្រូវហាមឃាត់សកម្មភាពជួបជុំឬប្រមូលផ្តុំគ្នាច្រើនលើសពី១០នាក់ និងផ្អាកអាជីវកម្មដែលមានហានិភ័យនៃការឆ្លងផ្សេងៗ ដូចជា ខារ៉ាអូខេ រង្គសាល អាជីវកម្មម៉ាស្សា និងហាងលក់គ្រឿងស្រវឹង ជាដើម។

តាមរបាយការណ៍ពីក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី២៩ ខែកក្កដានេះ កម្ពុជារកឃើញករណីឆ្លងជំងឺកូវីដ-១៩ចំនួនជាង៧ម៉ឺន៥ពាន់ករណី ក្នុងនោះ ករណីនាំចូលមានជាង១ម៉ឺនករណី ករណីជាសះស្បើយមានជិត៧ម៉ឺនករណី និងស្លាប់មានជាង១ពាន់៣រយករណី៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles