ក្រុម​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ ទាមទារ​ឱ្យ​ទម្លាក់​បទ​ចោទ​លើ​អ្នក​ការពារ​បរិស្ថាន

ដោយ មាន ឫទ្ធិ
2021-07-29
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ក្រុម​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ ទាមទារ​ឱ្យ​ទម្លាក់​បទ​ចោទ​លើ​អ្នក​ការពារ​បរិស្ថាន

យុវជន ជា​សកម្មជនបរិស្ថាន នៃ​អង្គការ​ចលនា​មាតា​ធម្មជាតិ ដែល​រដ្ឋាភិបាល​ចាប់​ដាក់​ពន្ធនាគារ ហើយ​តុលាការ​ភ្នំពេញ​ចោទពី​បទ “រួម​គំនិត​ក្បត់”។ រូប៖ RFA និងហ្វេសប៊ុកសកម្មជន​មាតា​ធម្មជាតិ


ក្រុម​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន ទម្លាក់​បទ​ចោទ​ប្រកាន់​ដែល​មាន​ចរិត​នយោបាយ និង​ដោះ​លែង​អ្នក​ការពារ​បរិស្ថាន​វ័យ​ក្មេង​ទាំង​អស់​ឲ្យ​មាន​សេរីភាព​ឡើង​វិញ។ ប៉ុន្តែ​តំណាង​ស្ថាប័ន​សិទ្ធិមនុស្ស​របស់​រដ្ឋាភិបាល ​ឆ្លើយ​តប​វិញ​ថា ​ការ​ទាមទារ​បែប​នេះ គ្មាន​ប្រយោជន៍​ឡើយ ព្រោះ​នេះ​ជា​ការ​អនុវត្ត​ច្បាប់។

បណ្ដាញ​ឃ្លាំមើល​សាកល ដើម្បី​ការពារ​ក្រុម​អ្នក​ការពារ​សិទ្ធិមនុស្ស ដែល​បង្កើត​ឡើង​ដោយ​អង្គការ​ពិភព​លោក​ប្រឆាំង​ទារុណកម្ម (OMCT) និង​អង្គការ​សហព័ន្ធ​សិទ្ធិ មនុស្ស​អន្តរជាតិ (FIDH) ព្រួយ​បារម្ភ​ជា​ខ្លាំង​អំពី​ករណី​អាជ្ញាធរ​កម្ពុជា ​បន្ត​យាយី​តាម​ផ្លូវ​ច្បាប់ និង​ប្រព័ន្ធ​តុលាការ​លើ​អ្នក​ការពារ​បរិស្ថាន និង​ដីធ្លី។

ពួក​គេ​ថ្កោលទោស​របប​ក្រុង​ភ្នំពេញ​ចំពោះ​ការ​ចាប់​ឃុំ​ខ្លួន​តាម​អំពើ​ចិត្ត​លើ​អ្នក​ការពារ​បរិស្ថាន​វ័យ​ក្មេង​ទាំង ៦រូប​នៃ​ចលនា​មាតា​ធម្មជាតិ។ បណ្ដាញ​អន្តរជាតិ​ដដែល​នេះ ចាត់​ទុក​ចំណាត់​ការ​របស់​អាជ្ញាធរ​កម្ពុជា​នេះ​ថា ជា​ចេតនា​ដើម្បី​ដាក់​ទណ្ឌកម្ម​ចំពោះ​ភាព​សកម្ម​និយម​ស្រប​ច្បាប់​របស់​សកម្មជន​ទាំង​នោះ ក្នុង​ការ​ការពារ​សិទ្ធិមនុស្ស និង​បរិស្ថាន។ ពួក​គេ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ​ធានា​នូវ​សុខុមាលភាព​ផ្លូវ​កាយ និង​ផ្លូវចិត្ត​សម្រាប់​អ្នក​ការពារ​បរិ​ស្ថាន​ដែល​កំពុង​ជាប់​ឃុំ និង​អ្នក​ការពារ​សិទ្ធិមនុស្ស​ដទៃ​ទៀត​នៅ​កម្ពុជា។ ក្រៅ​ពី​នេះ ស្ថាប័ន​អន្តរជាតិ​ដដែល​ទាមទារ​ឲ្យ​អាជ្ញាធរ​កម្ពុជា​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់ ដែល​គ្មាន​មូលដ្ឋាន​ច្បាប់ និង​ដោះ​លែង​អ្នក​ការពារ​បរិស្ថាន​ឲ្យ​មាន​សេរី​ភាព​ឡើង​វិញ ព្រមទាំង​បញ្ឈប់​ការ​យាយី​គ្រប់​ទម្រង់។ ជាមួយ​គ្នា​នេះ អាជ្ញាធរ​ត្រូវ​ធានា​ថា ពួក​គេ​អាច​អនុវត្ត​សកម្មភាព​ស្របច្បាប់​របស់​ខ្លួន​បាន​គ្រប់​ពេល​វេលា​​ដោយ​គ្មាន​ឧបសគ្គ ​និង​ការ​ភ័យ​ខ្លាច​ចំពោះ​ការ​សងសឹក។

ការ​អំពាវនាវ​នេះ​ ធ្វើ​ឡើង​តាម​រយៈ​សេចក្ដី​ថ្លែង​ការណ៍​ចុះ​ថ្ងៃ​ទី២៨ កក្កដា។បណ្ដាញ​ឃ្លាំមើល​សាកល ដើម្បី​ការពារ​ក្រុម​អ្នក​ការពារ​សិទ្ធិមនុស្ស បាន​បញ្ជូន​សេចក្ដី​ថ្លែង​ការណ៍​របស់​ខ្លួន​នេះ​ទៅ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ ​កើត រិទ្ធ និង​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស លោក ប្រាក់ សុខុន ផង​ដែរ។

ការ​ទាមទារ​របស់​ក្រុម​អ្នក​សង្កេត​ការណ៍​ទាំង​នេះ គឺ​បន្ទាប់​ពី​សាលា​ដំបូង​រាជធានី​ភ្នំពេញ បន្ថែម​បទ​ចោទ «រួម​គំនិត​ក្បត់» លើ​សកម្មជន​មាតា​ធម្មជាតិ​ទាំង​បី​នាក់ លោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា និង​កញ្ញា ភួន កែវរស្មី ខណៈ​ពួកគេ ​កំពុង​ជាប់​ទោស​នៅ​ក្នុង​ពន្ធនាគារ​ជិត ១ឆ្នាំ​មក​ហើយ ក្រោម​បទ​ចោទ «ញុះញង់»។ ការ​បន្ថែម​បទ​ចោទ​ថ្មី​នេះ​គឺ ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​ជាមួយ​សកម្មជន​មាតា​ធម្មជាតិ ៤នាក់​ផ្សេង​ទៀត ដែល​ទើប​ត្រូវ​បាន​ចាប់​ខ្លួន និង​ចោទ​ប្រកាន់​កាល​ពី​ខែ​មិថុនា ឆ្នាំ២០២១ ពី​បទ «រួម​គំនិត​ក្បត់» និង​បទ «ប្រមាថ​ព្រះ​មហា​ក្សត្រ»។ អ្នក ៤នាក់ រួម​មាន លោក យីម លាងហ៊ី កញ្ញា ស៊ុន រដ្ឋា យុវជន លី ចាន់ដារ៉ាវុធ ដែល​កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ព្រៃ​ស និង​លោក ​អាឡិចហាន់ដ្រូ ហ្គន់សា ឡេស ដេវិតសុន (Alejandro Gonzalez Davidson) ដែល​កំពុង​ស្ថិត​នៅ​ក្រៅ​ប្រទេស។

ទាក់ទង​ករណី​នេះ សមាជិក​ និង​ជា​អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​របស់​រដ្ឋាភិបាល លោក កត្តា អ៊ន​ ឆ្លើយ​តប​ថា ​ការ​ទាមទារ​នេះ រដ្ឋាភិបាល​មិន​អាច​ជួយ​ផ្តល់​ដំណោះស្រាយ​បាន​ទេ ព្រោះ​សំណុំ​រឿង​ស្ថិត​ក្នុង​ដៃ​តុលាការ៖ «យើង​គួរ​ប្រើប្រាស់​យន្តការ​តុលាការ​នេះ​តាម​រយៈ​នីតិវិធី​ក្នុង ការ​ទាមទារ ​តាម​រយៈ​មេធាវី ការ​បង្ហាញ​ភស្តុតាង​ ការ​បង្ហាញ​សាក្សី ​និង​ការ​ដោះ​បន្ទុក ប្រសិនបើ​យើង​មិន​ពេញចិត្ត​នឹង​ចំណាត់​ការ​តុលាការ ​យើង​មាន​សិទ្ធិ​ប្ដឹង​ជំទាស់​ទៅ​ឧទ្ធរណ៍។ នេះ​ហើយ​ជា​បែបបទ​ក្នុង​វិស័យ​តុលាការ។និយាយរួម​យើង​មិន​អាច​សន្មត ជាមុន ​ជំនួស​តុលាការ​បាន​ទេ​ ថា​អ្នកនេះ​គ្មាន​ទោស ឬ​អ្នក​នោះ​មានទោស»

ទោះជា​យ៉ាងណា​ មេធាវី​ការពារ​ក្ដី​ឲ្យ​អ្នកការពារ​បរិស្ថាន​ទាំងនេះ គឺ​លោក សំ សុគង់ ថ្លែង​ថា ការ​បន្ថែម​បទ​ចោទ​ថ្មី​លើ​កូន​ក្ដី​របស់​លោក​នេះ គឺជា​រឿង​អយុត្តិធម៌ និង​មិន​មាន​លក្ខណៈ​ត្រឹមត្រូវ​តាម​ផ្លូវ​ច្បាប់​នោះ​ទេ ​ព្រោះ​កូន​ក្ដី​របស់​លោក​ទាំង​៣នាក់​ ត្រូវ​បាន​តុលាការ​ឃុំ​ខ្លួន និង​កាត់​ទោស​ពី​បទ “ញុះញង់” រួច​ហើយ ​អំឡុង​ពេល​មាន​បទ​ចោទ​ថ្មី​កើត​ឡើង។ លោក​បន្ត​ថា តាម​គោល​ការណ៍​ច្បាប់​ជាតិ និង​អន្តរជាតិ ស្ដីពី​អាជ្ញា​អស់​ជំនុំ​ចែង​ថា ជន​ណា​ក៏​ដោយ​ដែល​ត្រូវ​បាន​តុលាការ​កាត់​ទោស​រួច​ហើយ គេ​មិន​អាច​យក​ជន​នោះ​មក​កាត់​ទោស​ចំពោះ​អំពើ​ដដែល​នោះ​ទៀត​បាន​ទេ បើ​ទោះ​ជា​ការ​កាត់​ទោស​នោះ​ធ្វើ​ឡើង​ក្រោម​ការ​កំណត់​ឈ្មោះ​បទល្មើស​ថ្មី​ផ្សេង​ក៏ដោយ ឬ​កាត់​ទោស​​ដោយ​តុលាការ​ណា​មួយ​ផ្សេងទៀត​ក៏​ដោយ។ ម្យ៉ាង​វិញ​ទៀត លោក​អះអាង​ថា សកម្មភាព​ការពារ​បរិស្ថាន ​និង​ធនធាន​ធម្មជាតិ​របស់​កូន​ក្ដី​លោក​ទាំង​អស់ ​មិនមែន​ជា​អំពើ​ល្មើស​ច្បាប់​នោះ​ទេ ប៉ុន្តែ​គឺ​ជា​រឿង​គួរឲ្យ​កោត​សរសើរ​ថែម​ទៀត៖ «ការ​ចោទ​ប្រកាន់​នេះ​មិនទាន់​មាន​លក្ខណៈ​អាច​ទទួល​យក​បាន​ទេ ហើយ​ក្រុម​មេធាវី​កំពុង​ត្រៀម​រៀបចំ ឬ​រក​ភស្តុតាង​ដើម្បី​ដោះ​បន្ទុក​ចំពោះ​បទ​ចោទ​ប្រកាន់​ថ្មី​ក្រោយ​នេះ»។

ជុំវិញ​រឿង​នេះ​នាយក​រង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (LICADHO) លោក​ អំ សំអាត ​មាន​ប្រសាសន៍​ថា លោក​មិន​ចាប់​អារម្មណ៍​ចំពោះ​ការ​លើក​ឡើង​របស់​តំណាង​រដ្ឋាភិបាល​នោះ​ទេ ព្រោះ​មន្ត្រី​ទាំង​នោះ​តែងតែ​ច្រាន​ចោល​របាយ​ការណ៍ ​និង​សេចក្ដី​ថ្លែង​ការណ៍​របស់​ក្រុម​អង្គការជាតិ​និង​អន្តរជាតិ។ លោក​បន្ត​ថា តាម​ទិដ្ឋភាព​ជាក់​ស្ដែង ការ​ចាប់ខ្លួន​អ្នកការពារ​បរិស្ថាន​កន្លង​មក ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​ការ​រំលោភ​បំពាន​ទៅ​លើ​សេរីភាព​ជា​មូលដ្ឋាន និង​ជា​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ច្រើន​ជាង​ការ​អនុវត្ត​ច្បាប់​ ដូច្នេះ​ហើយ​ទើប​ក្រុម​អង្គការ​ជាតិ និង​អន្តរជាតិ តស៊ូ​មតិ​ទាមទារ​រដ្ឋាភិបាល​ឱ្យ​ដោះ​លែង​ពួក​គាត់​​​ឲ្យ​មាន​សេរីភាព​ឡើងវិញ៖ «សកម្មភាព​ដែល​ពួក​គេ​បាន​ធ្វើ​កន្លង​មក​នេះ វា​ជា​រឿង​មួយ​សម្រាប់​ចូលរួម​កិច្ចការ​ពារ​បរិស្ថាន ក៏​ដូច​ជា សេរីភាព​នៅ​ក្នុង​ការ​បញ្ចេញ​មតិ របស់​ពួក​គេ​តែ​ប៉ុណ្ណោះ ដែល​មិន​គួរ​ណា​មាន​ការ​ចោទ​ប្រកាន់​ទៅ​ជា​បទ​ល្មើស​ហើយ ធ្វើ​ការ​ចាប់ និង​ឃុំ​ខ្លួន​ពួក​គេ​ទេ»

ចាប់តាំង​ពី​អាជ្ញាធរ​របប​លោក ហ៊ុន សែន ចាប់​ខ្លួន​អ្នក​ការពារ​បរិស្ថាន​វ័យ​ក្មេង​ទាំង ៦រូប​នោះ​មក​ ក្រុម​អង្គការ​ជាតិ និង​អន្តរជាតិ រួម​ទាំង​ក្រុម​ប្រទេស​ប្រជាធិបតេយ្យ​ធំៗ បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​​ថ្កោលទោស​ជា​បន្ត​បន្ទាប់ ព្រមទាំង​ទាមទារ​ទម្លាក់​ចោល​បទ​ចោទ និង​ដោះ​លែង​អ្នក​ទាំង​នោះ​ឱ្យ​មាន​សេរីភាព​វិញ ព្រោះ​សកម្មភាព​ការពារ​បរិស្ថាន​មិនមែន​ជា​បទល្មើស​នោះ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles