គណៈកម្មការ​សភា​អាមេរិក​អនុម័ត​ជា​ឯកច្ឆន្ទ​សេចក្តី​ព្រាង​ច្បាប់​ដាក់​ទណ្ឌកម្ម​ក្រុម​មេដឹកនាំ​​កម្ពុជា

ដោយ មាន ឫទ្ធិ
2021-07-29
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

គណៈកម្មការ​សភា​អាមេរិក​អនុម័ត​ជា​ឯកច្ឆន្ទ​សេចក្តី​ព្រាង​ច្បាប់​ដាក់​ទណ្ឌកម្ម​ក្រុម​មេដឹកនាំ​​កម្ពុជា

តំណាង​រាស្ត្រ​សហរដ្ឋ​អាមេរិក ពី​ខាង​គណបក្ស​ប្រជាធិបតេយ្យ លោក អាឡាន់ ឡូវ៉ិនថល (Alan Lowenthal) (រូប​កណ្ដាល) ថ្លែង​ពី​បញ្ហា​សិទ្ធិ​មនុស្ស​កាល​ពី​ឆ្នាំ​២០១៣។ Photo courtesy of lowenthal.house.gov


គណៈកម្មាធិការ​កិច្ចការបរទេស​នៃ​រដ្ឋសភា​អាមេរិក កាល​ពី​ថ្ងៃទី​២៨ កក្កដា បាន​អនុម័ត​ជា​ឯកច្ឆន្ទ​សេចក្តី​ព្រាង​ច្បាប់​ដាក់​ទណ្ឌកម្ម​ក្រុម​មេដឹកនាំ​នៅ​កម្ពុជា ដែល​បាន​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​បំផ្លាញ​ប្រជាធិបតេយ្យ និង​រំលោភ​សិទ្ធិមនុស្ស​។ សេចក្តី​ព្រាង​ច្បាប់​ក្រោម​ឈ្មោះថា «​ច្បាប់​ស្ដីពី​ប្រជាធិបតេយ្យ​កម្ពុជា ឆ្នាំ​២០២១» ឬ H.R.4686 ត្រូវ​បាន​ផ្តួចផ្តើម​ឡើង​ដោយ​តំណាងរាស្ត្រ​អាមេរិកាំង​នៃ​គណបក្ស​សាធារណរដ្ឋ​មកពី​រដ្ឋ​អូហាអូ (Ohio) លោក ស្ទីវ ឆាបុត (Steve Chabot) និង​តំណាងរាស្ត្រ​អាមេរិកាំង​នៃ​គណបក្ស​ប្រជាធិបតេយ្យ​មកពី​រដ្ឋ​កាលីហ្វ័រញ៉ា (California) លោក អាឡាន់ ឡូវែនថល (Alan Lowenthal)។ ពួក​លោក​ទាំងពីរ​គឺជា​សមាជិក​ក្រុម​សភា​តំណាងរាស្ត្រ​អាមេរិក​ស្ដីពី​បញ្ហា​កម្ពុជា (Congressional Cambodia Caucus-CCC)។

នេះ​គឺជា​លើក​ទីមួយ​ហើយ​ក្រោម​អាណត្តិ​ថ្មី​នៃ​រដ្ឋបាល​របស់​លោក​ប្រធានាធិបតី ចូ បៃឌិន (Joe Biden) ដែល​សេចក្តី​ព្រាងច្បាប់​នេះ ត្រូវ​បាន​លើកយក​មក​ពិចារណា​ឡើងវិញ ក្រោយ​អាណត្តិ​រដ្ឋបាល​ប្រធានាធិបតី និង​រដ្ឋសភា​ចាស់​បាន​ផុតរលត់​ទៅ​។ ទោះ​យ៉ាងណា សេចក្តី​ព្រាង​ច្បាប់​នេះ នឹង​ត្រូវ​ឆ្លងកាត់​ដំណាក់កាល​ជាច្រើន​ទៀត មុននឹង​ដាក់​ឱ្យ​រដ្ឋសភា​អាមេរិក​អនុម័ត​ជា​ផ្លូវការ​។ បន្ទាប់​មក សេចក្តី​ព្រាងច្បាប់​នេះ​នឹង​ត្រូវ​បញ្ជូន​បន្ត​ទៅ​ឱ្យ​ព្រឹទ្ធសភា​អនុម័ត ទើប​ប្រធានាធិបតី​អាមេរិក​អាច​ចុះ​ហត្ថលេខា​ក្លាយជា​ច្បាប់​សម្រាប់​អនុវត្ត​ជា​ផ្លូវការ​តែម្តង។

តំណាងរាស្ត្រ​អាមេរិកាំង លោក ស្ទីវ ឆាបុត (Steve Chabot) ថ្លែង​ក្នុង​សេចក្តី​ថ្លែងការណ៍​ថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ដឹកនាំ​ប្រទេស​កម្ពុជា​ដោយ​គ្មាន​លក្ខណៈ​ប្រជាធិបតេយ្យ​ចាប់​តាំងពី​ឆ្នាំ​១៩៨៥​មក​។ លោក​ថា ច្បាប់​ដាក់ទណ្ឌកម្ម​នេះ នឹង​ធ្វើ​ឱ្យ​លោក ហ៊ុន សែន ទទួល​ខុសត្រូវ​ចំពោះ​ទង្វើ​ទាំងនេះ​។ លោក​បន្ត​ថា ច្បាប់​នេះ គាំទ្រ​សេចក្តី​ប៉ង​ប្រាថ្នា​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ដែល​ចង់បាន​លទ្ធិប្រជាធិបតេយ្យ​ស្រប​ច្បាប់។

រី​ឯ​តំណាងរាស្ត្រ​អាមេរិកាំង​ម្នាក់ទៀត លោក អាឡាន់ ឡូវែនថល ថ្លែង​ថា របប​ដឹកនាំ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ធ្វើ​អ្វីៗ​គ្រប់យ៉ាង​ក្នុង​អំណាច​របស់​​​​ខ្លួន​ដើម្បី​បំផ្លាញ​ក្តី​សង្ឃឹម​របស់​ពលរដ្ឋ​កម្ពុជា​ដែល​ប្រាថ្នា​ចង់បាន​លទ្ធិប្រជាធិបតេយ្យ​។ លោក​ថា ការ​ដាក់​ទណ្ឌកម្ម​នេះ គឺជា​តម្លៃ​ដែល​លោក ហ៊ុន សែន និង​របប​របស់​លោក ត្រូវតែ​បង់​សង​ចំពោះ​អ្វី​ដែល​ពួកគេ​បាន​បង្ក្រាប​ឥត​ឈប់ឈរ​មក​លើ​សេរីភាព​របស់​ប្រជាពលរដ្ឋ​កម្ពុជា។

ប្រសិនបើ​ច្បាប់​នេះ​ត្រូវ​អនុម័ត ប្រធានាធិបតី​អាមេរិក​មាន​សិទ្ធិ​កំណត់​ដាក់ទណ្ឌកម្ម​លើ​ឈ្មោះ​មន្ត្រី​ជាន់ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល យោធា និង​កងកម្លាំងប្រដាប់អាវុធ​កម្ពុជា​ដែល​បាន​ជាប់​ពាក់ព័ន្ធ​នឹង​ការបំផ្លាញ​ប្រជាធិបតេយ្យ​និង​រំលោភសិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​។ ទណ្ឌកម្ម​ទាំងនេះ មាន​ដូចជា ការ​បង្កក​ទ្រព្យសម្បត្តិ​ដែល​ពួកគេ​មាននៅ​ក្នុង​សហរដ្ឋអាមេរិក និង​ការ​រឹតត្បិត​ទិដ្ឋាការ​មិន​ឱ្យ​ពួកគេ​ជាន់​ទឹកដី​អាមេរិក លើកលែងតែ​ចូលរួម​កិច្ចប្រជុំ​របស់​អង្គការសហប្រជាជាតិ ដែល​មាន​ទីស្នាក់ការ​កណ្តាល​នៅ​បូរី​ញ៉ូវយ៉ក (New York)​។ ច្បាប់​នេះ នឹង​ត្រូវ​បញ្ចប់​ក្នុង​រយៈពេល ៥​ឆ្នាំ ក្រោយ​ថ្ងៃ​ចូល​ជា​ធរមាន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

One Response to "គណៈកម្មការ​សភា​អាមេរិក​អនុម័ត​ជា​ឯកច្ឆន្ទ​សេចក្តី​ព្រាង​ច្បាប់​ដាក់​ទណ្ឌកម្ម​ក្រុម​មេដឹកនាំ​​កម្ពុជា"

  1. Anonymous says:

    wow that is another big problem to HUN SEN but I do not think HUN SEN will care about it . the reason HUN SEN is an evil monster dictator he can betray his nation he will not hesitate to be all out war with AMERIKANG . we Cambodian knew HUN SEN is our nation’s KBOTH CHEATH he gave land and island to Vietcong million mail of land concession to Vietcong for 99years that mean free land to take over in the future and the Vietnamese people stay in that land till this day the worse thing of all is Vietnamese not even allow even HUN SEN’s law enforcement inside that land . we Cambodian now know HUN SEN seem to waking up after Cambodian finding out about his action of KBOTH CHEATH he now change to be whit CHINA in order to save his powers but so sad CHINA used to be the state sponsor the dictator that always better to take those country treasury like gold and all kind of mineral that right china get rich they want to become supper powers . after all HUN SEN is running to the end road