តុលាការ​​ផ្ដន្ទា​ទោស​​សមាជិក​​បក្ស​ប្រឆាំង​​ម្នាក់​​ទៀត​​ឱ្យ​​ជាប់​​ពន្ធនាគារ ១៨​ខែ​​ពី​​បទ​​ញុះញង់​

ដោយ យន់ សាមៀន
2021-07-28
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

តុលាការ​​ផ្ដន្ទា​ទោស​​សមាជិក​​បក្ស​ប្រឆាំង​​ម្នាក់​​ទៀត​​ឱ្យ​​ជាប់​​ពន្ធនាគារ ១៨​ខែ​​ពី​​បទ​​ញុះញង់​

លោក ប៉ែន ច័ន្ទសង្គ្រាម គឺ​ជា​សមាជិក​ក្រុមប្រឹក្សា​ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ​នៃ​គណបក្ស​សង្គ្រោះ​ជាតិត្រូវបានតុលាការកាត់ទោសជាប់ពន្ធនាគាររយៈពេល១៨ខែ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១។ រូប៖ RFA


មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ផ្នែក​សិទ្ធិមនុស្ស​សោកស្តាយ​​ដែល​តុលាការ​ក្រុង​ភ្នំពេញ​​សម្រេច​ផ្ដន្ទា​ទោស​​លោក ប៉ែន ច័ន្ទសង្គ្រាម សមាជិក​ក្រុមប្រឹក្សា​ខណ្ឌ​ដូនពេញ​ រាជធានី​ភ្នំពេញ​របស់​គណបក្ស​សង្គ្រោះ​ជាតិ។

នាយករង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត មាន​ប្រសាសន៍​ថា សកម្មភាព​របស់​លោក ប៉ែន ច័ន្ទសង្គ្រាម នា​ពេល​​កន្លងទៅ​នោះ ជា​ការ​អនុវត្ត​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ។ លោក​យល់​ថា ការ​ផ្ដន្ទាទោស​សមាជិក​បក្ស​ប្រឆាំង​រូប​នេះ គឺ​ជា​ការ​ធ្វើ​ទុក្ខបុកម្នេញ​ខាង​នយោបាយ៖ «ការ​​ជំនុំ​ជម្រះ និង​ការ​ផ្ដន្ទាទោស​នេះ វា​នាំ​ឱ្យ​បង្កើន​នៃ​ការ​រិះគន់​បន្ថែម​ទៀត​ទាក់ទង​នឹង​ការ​គំរាម​កំហែង ការ​បំភិត​បំភ័យ និង​ការ​ធ្វើ​ទុក្ខបុកម្នេញ​ដល់​អតីត​សកម្មជន​​​គណបក្ស​ប្រឆាំង»។

ការ​លើក​ឡើង​នេះ គឺ​បន្ទាប់​ពី​តុលាការ​ក្រុង​ភ្នំពេញ​បាន​ប្រកាស​សាលក្រម​​ផ្ដន្ទាទោស​លោក ប៉ែន ច័ន្ទសង្គ្រាម ឱ្យ​ជាប់​ពន្ធនាគារ​ ១ឆ្នាំកន្លះ និង​ពិន័យ​ជា​ប្រាក់ ៣លាន​រៀល (៣.០០០.០០០) ក្រោម​បទ​ចោទ «ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍»។

ទោះជាយ៉ាងណាលោក ប៉ែន ច័ន្ទសង្គ្រាម បាន​ប្រកាស​មិន​ទទួល​យក​សាលក្រម​ផ្ដន្ទាទោស​នេះ​ទេ និង​ប្រាប់​ឱ្យ​មេធាវី​របស់​លោក​ប្តឹង​ទាស់​សេចក្តី​សម្រេច​នេះ​ទៅ​សាលាឧទ្ធរណ៍ ព្រោះ​លោក​គ្មាន​កំហុស​អ្វី​ឡើយ។ លោក​បញ្ជាក់​ជា​ថ្មី​ទៀត​ថា ការ​ថ្លែង​របស់​លោក​នា​ពេល​កន្លងទៅ​នោះ មាន​អំណះអំណាង​ត្រឹម​ត្រូវ និង​ដើម្បី​ផល​ប្រយោជន៍​ជាតិ។

លោក ប៉ែន ច័ន្ទសង្គ្រាម បាន​ចូលរួម​តវ៉ា​ទាមទារ​ឱ្យ​អាជ្ញាធរ​ដោះលែង​អ្នក​ការពារ​សិទ្ធិ​មនុស្សលោក រ៉ុង ឈុន កាល​ពី​អំឡុង​ខែសីហា ឆ្នាំ២០២០។ អំឡុង​ការ​តវ៉ា​នោះ ​លោក​ហ៊ាន​និយាយ​ដោយ​ក្លាហាន​ទៅ​កាន់​ក្រុម​អាជ្ញាធរ និង​កង​សន្តិសុខ​សាលា​រាជធានី​ភ្នំពេញឱ្យ​ពួកគេ​បញ្ឈប់​ការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​ពលរដ្ឋ​ខ្មែរ​ដែល​ចង់​បាន​យុត្តិធម៌។ លោក​បាន​រិះគន់​ក្រុម​អាជ្ញាធរ​ថា ពួកគេ​មិន​ហ៊ាន​តតាំង​ជាមួយ​ជន​អន្តោ​ប្រវេសន៍​វៀតណាម និង​កង​ទ័ព​វៀតណាម​ដែល​កំពុង​បោះ​តង់​នៅ​តាម​​តំបន់​​ព្រំដែនទេ។

អាស៊ី​សេរី​មិន​អាច​ទាក់ទង​អ្នក​នាំពាក្យ​តុលាការ​ក្រុង​ភ្នំពេញលោក អ៊ី រិន្ទ និង​មេធាវី​ការពារ​ក្តី​ឱ្យ​លោក ប៉ែន ច័ន្ទសង្គ្រាម គឺ​លោក សំ សុគង់ ដើម្បី​សាក​សួរ​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី២៨ ខែកក្កដា។

​គិត​ត្រឹម​ចុង​ខែ​កក្កដា​នេះលោក ប៉ែន ច័ន្ទសង្គ្រាម បាន​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ព្រៃស​អស់​រយៈពេល​ជាង៧ខែ​មក​ហើយ ហើយ​លោក​នឹង​ត្រូវ​ជាប់​ឃុំ​បន្ត​ទៀត​តាម​អំណាច​សាលក្រម​ផ្ដន្ទាទោស​នេះ។

ស្រប​ពេល​តុលាការ​ក្រុង​ភ្នំពេញ​ប្រកាស​សាលក្រម​ផ្ដន្ទាទោសលោក ប៉ែន ច័ន្ទសង្រ្គាម នេះ នៅ​ឯ​ខេត្ត​ត្បូងឃ្មុំ​ឯណោះ​វិញ សាលា​ឧទ្ធរណ៍​ត្បូង​ឃ្មុំ​​បាន​លើក​ពេល​ប្រកាស​​សាលដីកា​សំណុំ​រឿង​សមាជិក​បក្ស​ប្រឆាំង​លោក គង់ សំអាន ទៅ​ថ្ងៃ​ទី៤ ខែសីហា សប្តាហ៍​ក្រោយ​វិញ។

ប្រពន្ធ​របស់​លោក គង់ សំអាន លោកស្រី អៀប សួគ៌ ប្រាប់​អាស៊ី​សេរី​ថា លោក​ស្រី​ខក​ចិត្ត​ដែល​សាលា​ឧទ្ធរណ៍​ត្បូង​ឃ្មុំ​មិន​ព្រម​ប្រកាស​សាលដីកា តាម​ពេល​កំណត់​នៅ​ថ្ងៃ​ទី២៨ ខែកក្កដា ខណៈ​គ្រួសារ​លោកស្រី​បាន​ទៅ​​រង់​ចាំ​ស្តាប់​លទ្ធផល​​នេះ​រយៈពេល​ពេញ​មួយ​ព្រឹក។ ទោះ​ជា​យ៉ាង​នេះ​ក្តី លោកស្រី​ស្នើសុំ​យ៉ាង​ទទូច​ដល់​តុលាការ​ជាន់ខ្ពស់​មួយ​នេះ ​ឱ្យ​ដោះលែង​ប្តី​លោកស្រី​វិញ​នៅ​សប្តាហ៍​ក្រោយ​នេះ ព្រោះ​គាត់​មិន​បាន​ប្រព្រឹត្ត​បទល្មើស​អ្វី​ឡើយ៖ «ថ្ងៃទី៤ ខែសីហា សូម​អស់​លោក​ដោះលែង​គាត់​ទៅ។ គាត់​គ្មាន​កំហុស​ទេ ឱ្យ​គាត់​មក​រស់​នៅ​ដោយ​សុខ​ស្រួល ព្រោះ​គាត់​វេទនា​ជិត​មួយ​ឆ្នាំ​ហើយ»។

លោក គង់ សំអាន អាយុ ៦៩ឆ្នាំ គឺ​ជា​សមាជិក​ក្រុមប្រឹក្សា​ស្រុក​មេមត់​នៃ​គណបក្ស​សង្គ្រោះ​ជាតិ។ លោក​ត្រូវ​បាន​អាជ្ញាធរ​របប​លោក ហ៊ុន សែន ចាប់​ខ្លួន​ជា​លើក​ទី​ពីរ កាល​ពីដើម​ខែ​កញ្ញា ឆ្នាំ២០២០។ តុលាការ​ខេត្ត​ត្បូងឃ្មុំ​បាន​ផ្ដន្ទាទោស​លោក​ឱ្យ​ជាប់​ពន្ធនាគារ​ចំនួន ៧ឆ្នាំ ពី​បទ​រួម​គំនិត​ក្បត់ ហើយ​មក​ដល់​ពេល​នេះ លោក​​បាន​​ជាប់ឃុំ​រយៈពេល​ជិត​មួយ​ឆ្នាំ​មក​ហើយ។

លោក អំ សំអាត មាន​ប្រសាសន៍​ថា ក្តី​ក្ដាំ​លើ​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ទាំងនេះ ត្រូវ​បាន​ចាត់​ទុក​ថា ជា​សំណុំ​រឿង​នយោបាយ។ លោក​បញ្ជាក់​ថា សំណុំ​រឿង​នយោបាយ​មិន​អាច​យក​ប្រព័ន្ធ​តុលាការ​មក​ដោះស្រាយ​បាន​ទេ គឺ​មាន​តែ​ការ​ដោះស្រាយ​តាម​ការ​ចរចា​ផ្នែក​នយោបាយ​ប៉ុណ្ណោះ៖ «ទម្រង់​មក​អ៊ីចឹង​ដែល​យើង​មើល​ឃើញ​តាំង​ពី​ដើម។ រឿង​ពាក់ព័ន្ធ​យោបាយ​ហ្នឹង វា​ទាល់តែ​អ្នក​នយោបាយ​ទាំងអស់​ហ្នឹង​មាន​ការ​ចរចា ឬ​បន្ត​នូវ​វប្បធម៌​សន្ទនា​គ្នា​ហ្នឹង​បន្ត​ទៀត បាន​អាច​មាន​​សង្ឃឹម​ថា អ្នក​ទាំងអស់​ហ្នឹង​ត្រូវ​បាន​ដោះលែង​ដូច​ករណី​មុនៗ»។

រយៈពេល​ជាង​មួយ​ឆ្នាំ​មក​នេះរបប​លោក ហ៊ុន សែន បាន​ចាប់​សកម្មជន​នយោបាយ សកម្មជន​សង្គម អ្នក​ការពារ​បរិស្ថាន អ្នក​ការពារ​សិទ្ធិមនុស្ស និង​អ្នក​ហ៊ាន​រិះ​គន់​​រដ្ឋាភិបាល ដាក់​ពន្ធនាគារ​ជាង ៨០នាក់​មក​ហើយ។ បទ​ចោទ​ដ៏​ពេញ​និយម​របស់​អាជ្ញាធរ​​ប្រឆាំង​នឹង​អ្នក​ធ្វើ​សកម្មភាព​ដោយ​សន្តិវិធី​ទាំងនោះគឺ «បទ​ញុះញង់» និង​ «បទ​រួម​គំនិត​ក្បត់»។

សហគមន៍​ជាតិ និង​អន្តរជាតិ​ រួម​ទាំង​ទីភ្នាក់ងារ​របស់​អង្គការ​សហប្រជាជាតិ​ផង បាន​ថ្កោល​ទោស​ករណី​ទាំងនេះ​ជា​បន្តបន្ទាប់ ព្រម​ទាំង​​បាន​ទាម​ទារ​ឱ្យ​របប​ក្រុង​​ភ្នំពេញ​​ទម្លាក់​ចោល​បទ​ចោទ និង​ដោះលែង​អ្នក​ទាំងនោះ​ឱ្យ​មាន​សេរីភាព​វិញ។ សហគមន៍​ជាតិ និង​អន្តរជាតិ​គូស​បញ្ជាក់​ថា ភាព​សកម្មនិយម​ក្នុង​ការ​ការ​ពារ​​សិទ្ធិមនុស្ស និង​បរិស្ថាន ព្រម​ទាំង​ការ​បញ្ចេញ​មតិ មិនមែន​ជា​បទល្មើស​នោះ​ទេ តែ​ជា​សិទ្ធិ​សេរីភាព​ដែល​ធានា​ការពារ​ដោយ​ច្បាប់​ជាតិ និង​អន្តរជាតិ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

One Response to "តុលាការ​​ផ្ដន្ទា​ទោស​​សមាជិក​​បក្ស​ប្រឆាំង​​ម្នាក់​​ទៀត​​ឱ្យ​​ជាប់​​ពន្ធនាគារ ១៨​ខែ​​ពី​​បទ​​ញុះញង់​"

  1. Anonymous says:

    I love the word NHOUS NHOUNG it is so popular in KAMPOUCHEA in this century