ពលករ​ខ្មែរ​នៅ​​ថៃ​ប្រតិកម្ម​នឹង​រដ្ឋាភិបាល​ខ្មែរ​បិទ​ខ្ទប់​ព្រំដែន​មិន​ឱ្យ​ពួកគេ​ត្រឡប់​ទៅ​កម្ពុជា​វិញ

ដោយ ម៉ៅ សុធានី
2021-07-29
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ពលករ​ខ្មែរ​នៅ​​ថៃ​ប្រតិកម្ម​នឹង​រដ្ឋាភិបាល​ខ្មែរ​បិទ​ខ្ទប់​ព្រំដែន​មិន​ឱ្យ​ពួកគេ​ត្រឡប់​ទៅ​កម្ពុជា​វិញ

ពលករខ្មែរដែលឆ្លងជំងឺកូវីដ១៩ ត្រូវបានថៅកែថៃដាក់ឱ្យដេក​នៅ​ក្នុង​តង់​​សំពត់​កៅស៊ូ ​តាម​យថាកម្ម​ ដោយ​គ្មាន​ថ្នាំ​ព្យាបាល​ឡើយ។រូប៖ គេ​ផ្ដល់​ឱ្យ


ពលករ​ខ្មែរ​ធ្វើការ​នៅ​ប្រទេស​ថៃ​មួយចំនួន​ខកចិត្ត​នឹង​រដ្ឋាភិបាល​ដែល​សម្រេច​បិទ​ខ្ទប់​ព្រំដែន​មិន​ឱ្យ​ពួកគេ​វិញ​ត្រឡប់​ទៅ​កម្ពុជា​វិញ​អំឡុង​ពេល​នេះ​។ ពលករ​ទាំងនោះ ចាត់ទុក​វិធានការ​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន នេះ​ថា ជា​ការ​មិន​គិតគូរ​ដល់​ពលរដ្ឋ​ខ្លួនឯង ដែល​កំពុង​រស់នៅ​លំបាក​នៅ​ក្រៅ​ប្រទេស​។ មន្ត្រី​សង្គម​ស៊ីវិល​យល់ថា ការ​បិទ​ខ្ទប់​នេះ​មិនមែន​ជា​ដំណោះស្រាយ​ល្អ​នោះ​ទេ ហើយ​វា​នឹង​ធ្វើ​ឱ្យ​ពលករ​រស់នៅ​កាន់តែ​លំបាក។

ពលករ​ខ្មែរ​មួយចំនួន​ធ្វើការ​នៅ​ប្រទេស​ថៃ ថ្លែង​ថា ពួកគេ​រស់នៅ​ប្រទេស​ថៃ​យ៉ាង​លំបាក​វេទនា ដូច្នេះ​ពួកគេ​ចង់​វិលត្រឡប់​ទៅ​កម្ពុជា​វិញ ដើម្បី​បាន​ជួប​ក្រុម​គ្រួសារ​ក្នុង​គ្រាអាសន្ន​នេះ។

ពលករ​ធ្វើការ​សំណង់​នៅ​ទីក្រុង​បាងកក លោក ឈឹន ឈុន រៀបរាប់​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ពលករ​ខ្មែរ​ធ្វើការ​ជាមួយ​លោក​ជាច្រើន​នាក់​ចង់​ត្រឡប់​ទៅ​កម្ពុជា​វិញ​អំឡុង​ពេលនេះ ពីព្រោះ​មិន​អាច​អត់ទ្រាំ​នៅ​ប្រទេស​ថៃ​បន្ត​ទៀត​បានទេ ដោយសារ​គ្មាន​ប្រាក់​ទិញ​អាហារ​ហូបចុក​ប្រចាំថ្ងៃ​ផង និង​ខ្លាច​ឆ្លង​ជំងឺ​កូវីដ​១៩​ផង។ ពលករ​វ័យ​៣៦​ឆ្នាំ​រូប​នេះ បន្ត​ថា ពលករ​ខ្មែរ​ធ្វើការ​ជាមួយ​លោក​ចំនួន​២៦​នាក់​ត្រូវ​បាន​ថៅកែ​ថៃ​បង្ខាំង​នៅក្នុង​បន្ទប់​ជាង​១​ខែ​មក​ហើយ ដោយ​ពុំ​មាន​អាជ្ញាធរ​ណា​ផ្ដល់​ស្បៀង​អាហារ​ដល់​ពួកគាត់​នោះ​ទេ៖ «ប្រទេស​គេ​យើង​ទៅ​ពឹង​អ្នកណា​ហើយ​ទៅ​ជឿ​ម្ហូបអាហារ​ទៅ​ណា​ក៏​អត់​កើត​ដែរ។ អីចឹង​អាច​លំបាក​វេទនា​អ្នក​ឆ្លង​កូវីដ គឺ​លំបាក​បណ្ដោយ​អ្នកណា​អត់​បាន​គឺ​អត់​លុយ​ឱ្យ​ថ្លៃ​បន្ទប់​ជួល គឺ​អត់​បណ្ដោយ ដល់​អីចឹង​គឺ​វេទនា​បណ្ដោយ។ រដ្ឋាភិបាល​បិទ​ខ្ទប់​៨​ខេត្ត​ហ្នឹង​គឺ​ខ្ញុំ​ទទួល​យក​អត់​បានទេ ដូច​គាត់​សម្លាប់​ពលករ​ខ្មែរ​ដែល​រស់នៅ​ប្រទេស​ថៃ​បណ្ដោយ ស្លាប់​ដូចជា​អ្នកខ្លះ កើត​ជំងឺ​កូវីដ​ដល់​អីចឹង​នៅ​ប្រទេស​ថៃ​គេ​អត់​ទទួល​មើល ហើយ​យើង​ព្យាបាល​ខ្លួនឯង ខ្លះ​អត់​ការងារ​អត់​លុយ​កាក់»។

ដូចគ្នា​នេះ​ដែរ ពលករ​ធ្វើការ​នៅ​ផ្សារ​ទំនើប​នៅ​ទីក្រុង​បាងកក លោក ឡុង សុភាន់ ថ្លែង​ថា ពលករ​ខ្មែរ​ធ្វើការ​នៅ​តំបន់​លោក​រាប់​រយ​នាក់​អត់​ការងារ​ធ្វើ​ជិត​២​ខែ​ហើយ ដោយ​គ្មាន​អាជ្ញាធរ​ណា​ឧបត្ថម្ភ​ស្បៀងអាហារ​ដល់​ពួកគាត់​ឡើយ​។ ពលករ​រូប​នេះ​បន្ត​ថា មួយ​រយៈ​នេះ​មាន​ពលករ​ខ្លះ​បាន​នាំ​គ្នា​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ ដោយសារ​គ្មាន​លទ្ធភាព​រស់នៅ​ប្រទេស​ថៃ​។ បន្ថែម​ពី​នេះ​លោក​ថា មាន​ពលករ​ខ្លះ​បាន​ឆ្លង​ជំងឺ​កូវីដ​១៩ ហើយ​ពួកគាត់​នាំគ្នា​ដេក​ឈឺ​នៅក្នុង​បន្ទប់​រៀងខ្លួន​តាម​យថាកម្ម ដោយ​គ្មាន​ថ្នាំលេប​ព្យាបាល​ជំងឺ​ឡើយ​៖ «ធ្វើ​អីចឹង​អត់​ល្អ​វា​លំបាក​យើង​អត់​បាន​ត្រឡប់​ទៅ​ផ្ទះ​អីចឹង ហើយ​ណាមួយ​គេ​អត់​ទទួលខុសត្រូវ​យើង​ផង វា​លំបាក​ណាស់។ នៅ​នេះ​វា​អត់​ការងារ​អីចឹង​ជំងឺ​វា​រាតត្បាត​ខ្លាំង​ផង អត់​ហ៊ាន​នៅទេ។ ខ្ញុំ​ផ្ដាំផ្ញើ​ទៅ​លោកនាយក​រដ្ឋមន្ត្រី​សុំ​ឱ្យ​ជួយ​ពលករ​ខ្មែរ​នៅ​នេះ​ផង ឱ្យ​ម៉េច​បាន​ទៅដល់​ផ្ទះ​ដោយ​សុវត្ថិភាព​ផង»។

ស្រដៀង​គ្នា​នេះ ពលករ​មួយ​ក្រុម​ទៀត​ធ្វើការ​សំណង់​ទីក្រុង​បាងកក​ថ្លែង​ថា ពួកគេ​រស់នៅ​ប្រទេស​ថៃ​សព្វថ្ងៃ​វេទនា​ខ្លាំង​មិន​ធ្លាប់​ជួបប្រទះ​ពី​មុន​មក​នោះ​ទេ ។ ពលករ​ទាំងនេះ​បន្ត​ថា ចាប់តាំងពី​ផ្ទុះ​ការ​រាតត្បាត​ជំងឺ​កូវីដ១៩ ខ្លាំង​នៅ​ទីក្រុង​បាងកក​មក ថៅកែ​ថៃ​បាន​បង្ខាំង​ពួកគេ​នៅក្នុង​បន្ទប់​រហូត ដោយ​មិន​អនុញ្ញាត​ឱ្យ​ពួកគេ​ចេញទៅ​ខាងក្រៅ​បាន​ឡើយ ។ ពួកគាត់​និយាយ​ថា រស់នៅ​ប្រទេស​ថៃ​ធុញ​ថប់ ហើយ​ខ្លះ​មាន​សុខភាព​ទ្រុឌទ្រោម ដូច្នេះ​ហើយ​បានជា​ពួកគេ​ចង់​ត្រឡប់​ទៅ​កម្ពុជា​វិញ៖ «ព្រោះ​នៅ​នេះ​វា​អត់​មាន​ការងារ​ធ្វើ ណាមួយ​អត់​មានអី​ហូប​អីចឹង​យើង​ប្រថុយប្រថាន ទៅផ្ទះ​ទៅ​ដើម្បី​ជួបជុំ​គ្រួសារ​ដើម្បី​បាន​នៅផ្ទះ​គ្រាន់​រកអី​បាន​ខ្លះៗ​បើ​យើង​នៅ​នេះ​ទៀត​មានតែ​នៅ​ស្លាប់​ទឹកដី​គេ។ ធ្ងន់ធ្ងរ​មែនទែន ត្រង់​ថា​ពួក​ខ្ញុំ​រស់​ពឹង​ការងារ​មួយថ្ងៃ​ហ្នឹងហើយ​អត់​មាន​ការងារ​ហ្នឹង​ទៀត​ពួក​ខ្ញុំ​អត់​មាន​ប្រាក់​កម្រៃ​ទេ ហើយ​អ្នកផ្ទះ​ខ្ញុំ​ត្រូវការ​លុយ គឺ​លំបាក​មែនទែន​។ បើ​យើង​នៅ​នេះ​លំបាក​ទាំង​ការ​ហូបចុក យើង​ទៅផ្ទះ​មិន​បាន​ហើយ​លំបាក​កន្លែង​ឃុំឃាំង​ហ្នឹង​ធ្វើ​ឱ្យ​ជីវិត​កាន់តែ​លំបាក»។

ក្រុម​ពលករ​ទាំងនេះ ចាត់ទុក​វិធានការ​របស់​រដ្ឋាភិបាល​បិទ​ខ្ទប់​ព្រំដែន​ជាប់​ប្រទេស​ថៃ​ថា ប្រៀប​ដូច​ការ​សម្លាប់​ពួកគេ​ទាំង​រស់។

ប្រតិកម្ម​របស់​ក្រុម​ពលករ​ទាំងនេះ​ធ្វើឡើង បន្ទាប់ពី​រដ្ឋាភិបាល​បាន​បិទ​ខ្ទប់​ខេត្ត​ចំនួន ៨ ជាប់​ព្រំដែន​ថៃ រយៈពេល ១៤​ថ្ងៃ ដោយ​គិត​ចាប់​ពាក់​កណ្តាល​អាធ្រាត្រ ថ្ងៃទី​២៩ ខែកក្កដា រហូតដល់​ថ្ងៃទី ១២ ខែសីហា ក្រោម​ហេតុផល​ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​កូវីដ​១៩ បំប្លែង​ថ្មី ប្រភេទ ដែលតា (Delta)​។ ខេត្ត​ដែល​ត្រូវ​បិទ​ខ្ទប់​បណ្ដោះអាសន្ន​ទាំងនោះ​រួមមាន ខេត្តកោះកុង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ ព្រះវិហារ និង​ខេត្ត​សៀមរាប។ បន្ថែម​ពី​នេះ​របប​ក្រុង​ភ្នំពេញ​ក៏​បញ្ជា​ឱ្យ​ក្រសួង​ការបរទេស និង​ក្រសួង​ការងារ ទាក់ទង​ភាគី​ថៃ​ជាបន្ទាន់ ដើម្បី​បិទ​ព្រំដែន​មិន​ឱ្យ​ពលករ​ចេញចូល​បណ្ដោះអាសន្ន លើកលែង​តែងការ​ដឹក​ជញ្ជូន​ទំនិញ និង​ករណី​ពិសេស​មាន​អ្នកជំងឺ​សង្គ្រោះ​បន្ទាន់​។ បន្ថែម​ពី​នេះ​របប​ឯក​បក្ស​បញ្ជា​ឱ្យ​ក្រសួង​ទាំងពីរ និង​អាជ្ញាធរ​ខេត្ត​ជាប់​ព្រំដែន​ទាំងនោះ ឱ្យ​សម្របសម្រួល​ជាមួយ​អាជ្ញាធរ​ថៃ ដើម្បី​ពន្យារពេល​ពលករ​ខ្មែរ​វិល​ត្រឡប់​មក​កម្ពុជា​វិញ​ទៀត​ផង។

ជាមួយ​គ្នា​នេះ រដ្ឋាភិបាល​ក៏​តម្រូវ​ឱ្យ​អភិបាលខេត្ត​ក្រុង​ទាំងអស់ បិទ​ខ្ទប់​អាជីវកម្ម សកម្មភាព​ការងារ មុខរបរ​នានា ហាម​ការ​ជួបជុំ ដែល​មាន​មនុស្ស​លើស​ពី ១០​នាក់ និង​ការ​ហាមឃាត់​ការ​ដើរ​ហើរ ចាប់ពី​ម៉ោង​៩​យប់ រហូតដល់​ម៉ោង ៣​ទៀបភ្លឺ​ជាដើម។

វិធានការ​នេះ ធ្វើឡើង​បន្ទាប់ពី​កម្ពុជា​រក​ឃើញ​អ្នក​ឆ្លង​មេរោគ កូវីដ​១៩ បំប្លែង​ថ្មី​ប្រភេទ​ដែលតា (Delta) កាន់តែ​ច្រើន​កើត​ចេញ​ពី​ពលករ​ខ្មែរ ដែល​វិលត្រឡប់​មក​ពី​ប្រទេស​ថៃ។

អាស៊ីសេរី​មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា លោក ផៃ ស៊ីផាន និង​មន្ត្រី​ស្ថានទូត​ខ្មែរ​ប្រចាំ​នៅ​ប្រទេស​ថៃ ដើម្បី​ឆ្លើយតប​នឹង​ទុក្ខ​កង្វល់​របស់​ក្រុម​ពលករ​នេះ​បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃទី ២៩ កក្កដា។

ទោះជា​យ៉ាងណា មន្ត្រី​អង្គការ​សង់ត្រាល់​ទទួល​បន្ទុក​ផ្នែក​ពលករ​លោក ឌី ថេហូយ៉ា យល់​ថា វិធានការ​របស់​រដ្ឋាភិបាល​នេះ​មិនមែន​ជា​ដំណោះស្រាយ​ល្អ​នោះ​ទេ ពីព្រោះ​នឹង​ធ្វើ​ឱ្យ​ពលករ​ខ្មែរ​រង​ទុក្ខ​លំបាក​កាន់តែ​ខ្លាំង ដោយសារ​មិន​អាច​ត្រឡប់​ទៅ​កម្ពុជា​វិញ​បាន​នៅ​ក្នុង​គ្រាអាសន្ន​នេះ៖ «ជា​ការ​សំណូមពរ​របស់ខ្ញុំ​គឺថា​ធ្វើ​យ៉ាងម៉េច​ស្ដាប់​សំឡេង ពី​អ្នករងគ្រោះ​ហើយ ធ្វើ​គោលនយោបាយ​ឱ្យ​ឆ្លើយតប​ចំពោះ​បញ្ហា​ហ្នឹង​ទៅ យើង​ក៏​រស់​គេ​រស់។ អីចឹង​ជីវិត​ក្រុម​គ្រួសារ​របស់​យើង ហ្នឹង​គឺថា​រស់​ស្រួល​ដេក​ពូក មាន​លុយ​មាន​ឡាន​មាន​ម៉ាស៊ីនត្រជាក់ ចំណែកឯ​មនុស្ស​រាប់​លាន​នាក់ ពួកគាត់​រងគ្រោះ​យើង​អត់​ដឹង​ពី​សុខទុក្ខ​ពួកគាត់ ហើយ​យើង​ជា​អ្នក​ក្ដោប​ក្ដាប់​គោលនយោបាយ យើង​មិន​យល់​ពី​បញ្ហា​ថា តើ​យើង​ធ្វើ​គោលនយោបាយ​ឱ្យ​ឆ្លើយតប​ឬមួយ​យើង​ចេះតែ​ធ្មេចភ្នែក​សុខ​តែ​ខ្លួនឯង​ទៅ អ្នកណា​លំបាក​យ៉ាងម៉េច​ក៏​យើង​អត់​ខ្វល់​ដែរ​យ៉ាងម៉េច​កើត»។

រដ្ឋាភិបាល​ថៃ​បាន​បិទ​ខ្ទប់​ទីក្រុង​បាងកក និង​ខេត្ត​ចំនួន​៨​នៅ​ជុំវិញ​នោះ ចាប់តាំងពី​ថ្ងៃទី​១២ ខែ​កក្កដា​ដល់​ថ្ងៃទី​២ សីហា​ដើម្បី​ទប់ស្កាត់​ជំងឺ​កូវីដ១៩​។ ការ​បិទ​ខ្ទប់​នេះ​បាន​ធ្វើ​ឱ្យ​ពលករ​ខ្មែរ​នៅ​តំបន់​នោះ​អត់​ការងារ​ធ្វើ​ឱ្យ ហើយ​ត្រូវ​បាន​ថៅកែ​បង្ខាំង​ឱ្យ​នៅ​ក្នុង​បន្ទប់ ដោយ​ផ្ដល់​ស្បៀងអាហារ​បន្តិចបន្តួច​ប៉ុណ្ណោះ។

របាយការណ៍​អង្គការ​សង់ត្រាល់​ឱ្យ​ដឹង​ថា បច្ចុប្បន្ន​មាន​ពលករ​ខ្មែរ​ជិត ២​លាន​នាក់​កំពុង​ធ្វើការ​នៅ​ប្រទេស​ថៃ។ ក្រសួង​សុខាភិបាល​ថៃ​ឱ្យ​ដឹង​ថា ចាប់ពី​ថ្ងៃទី​១ មករា ដល់​ថ្ងៃទី​២២ កក្កដា​មាន​ពលករ​ខ្មែរ​ជាង​១ ម៉ឺន​នាក់​ហើយ​បាន​ឆ្លង​ជំងឺ​កូវីដ​១៩​។ ក្នុង​នោះ​ពលករ​ខ្លះ​បាន​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ ហើយ​អ្នក​ខ្លះទៀត​រស់នៅ​ក្នុង​បន្ទប់​ក្នុង​ការដ្ឋាន​សំណង់​តាម​យថាកម្ម​ដោយ​គ្មាន​គ្រូពេទ្យ​ណា​ព្យាបាល​ជំងឺ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles