ពលករ​ខ្លះ​​​​បន្ត​​ទ្រាំ​​​ព្យាបាល​​​​កូវីដ​១៩​​ក្នុង​​បន្ទប់​​​ខ្លួន​​ឯង​​​​​​​តាម​យថាកម្ម​​ នៅក្នុង​​ប្រទេស​ថៃ

ដោយ សុជីវី
2021-07-28
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ពលករ​ខ្លះ​​​​បន្ត​​ទ្រាំ​​​ព្យាបាល​​​​កូវីដ​១៩​​ក្នុង​​បន្ទប់​​​ខ្លួន​​ឯង​​​​​​​តាម​យថាកម្ម​​ នៅក្នុង​​ប្រទេស​ថៃ

ពលករខ្មែរនៅទីក្រុងបាងកកប្រទេសថៃជា​ច្រើន​នាក់​​​នៅតែបន្តខ្វះខាត​​​ស្បៀង​អាហារ​ និង​​ថ្នាំសម្រាប់​ព្យាបាល​​​ជំងឺកូវីដ១៩។ រូប៖ ពលរដ្ឋ​ផ្ដល់​ឱ្យ


ពលករ​ខ្មែរមួយ​ចំនួនដែលឆ្លង​​ជំងឺ​កូវីដ​១៩ ​(Covid-19) ​​នៅ​ប្រទេស​ថៃ នៅ​តែ​​​​បន្តអត់​ទ្រាំ​​ព្យាបាលជំងឺ​​​​​​ខ្លួន​ឯង​​​​​​តាម​យថាកម្ម នៅ​ក្នុង​បន្ទប់​ជួល ​ឬ ​​ការដ្ឋាន​សំណង់​​ដោយ​​គ្មាន​ជម្រើស​អ្វី​ផ្សេង​។ ​សង្គម​ស៊ីវិល និង​អ្នក​វេជ្ជសាស្ត្រ​ជំរុញ​ឲ្យ​​ស្ថានទូត​​ និង​រដ្ឋាភិបាល​​ជួយ​ផ្ដល់​​ស្បៀង​អាហារ​ ឧបករណ៍​ធ្វើតេស្ត​រក​មេរោគ ​​សេវា​ប្រឹក្សា​​ជំងឺ និង​​​ថ្នាំ​ព្យាបាល​ជំងឺ​កូវីត​​១៩​​ដល់ពលករ​​នៅ​ប្រទេស​ថៃ​ឲ្យ​បាន​លឿន​។

ពលករ​​​ឆ្លង​ជំងឺ​កូវីដ​១៩​​ខ្លះអះអាង​ថា ​ពួកគាត់​លែង​មាន​លទ្ធភាព​ទិញ​ថ្នាំលេប​​ទៀត​ហើយ​ ស្រប​ពេល​នៅ​​​ក្នុង​បន្ទប់​ជួល​នៅ​សល់​ថ្នាំ​​​បន្តិច​បន្តួច​ទុក​ឲ្យ​កូន​តូច​លេប​។ ពលករ​ម្នាក់ ធ្វើការ​​ផ្នែក​កសិកម្ម​នៅ​ខេត្ត​ជលបូរី (​Chonburi) លោក ឃួន សំអាត ឲ្យ​ដឹង​ថា ​​សមាជិក​គ្រួសារ​លោក​​ទាំង​អស់ ​៦ ​នាក់ បាន​ឆ្លង​ជំងឺ​កូវីដ​១៩​ ​​អស់ ​៤ ​នាក់​ហើយ គឺ​​ខ្លួន​លោក ប្រពន្ធ​​ និង​កូន​ភ្លោះ​​ ២ ​នាក់ អាយុ​ ១២ ​ឆ្នាំ​។ ចំណែក​កូន​​វ័យ​ជំទង់​ ២ នាក់​ទៀត ត្រូវ​បាន​ដាក់​ឲ្យ​នៅ​​បន្ទប់​ផ្សេង​ដាច់​ដោយ​ឡែក។

លោក​ឲ្យ​ដឹង​ថា​ គ្រួសារ​លោក​ឈឺ​ធ្ងន់​​ជាង​មួយ​សប្ដាហ៍​ហើយ ទើប​ដាច់​ចិត្ត​ខ្ចី​លុយពី​គេ​ ទៅ​ធ្វើតេស្ត​រក​មេរោគ​កាល​ពី​ថ្ងៃ​ទី​២៧ ខែ​កក្កដា ហើយ​លទ្ធផល​បង្ហាញ​ថា​មាន​ជំងឺ​កូវីដ​១៩។ លោក​ថា​ ការ​ធ្វើតេស្ត​ម្ដងៗ​ត្រូវ​ចំណាយ​​លុយ​ជាង​មួយ​ពាន់​ (១.២៥០)​ បាត ស្មើ​៤០​ដុល្លារ​ក្នុង​ម្នាក់​ ​ស្របពេលដែលលោក​​និង​​ប្រពន្ធរបស់​គាត់បាន​​បាត់បង់​ការងារ​ធ្វើ​​ជិត​មួយ​ខែ​ហើយ​ ដោយ​សារ​​វិបត្តិ​ជំងឺ​កូវីដ​១៩។

លោក​បន្ត​ថា ​​ក្រោយ​​ធ្វើតេស្ត​រួច​ អាជ្ញាធរ​មូលដ្ឋាន​នៅ​ខេត្ត​ជលបូរី (Chunbori) បាន​ហាម​គ្រួសារ​លោក​​ទាំង​អស់​គ្នា​មិន​ឲ្យ​​ចេញ​ពី​ផ្ទះ​នោះទេ។ រីឯ​ខាង​គ្រូពេទ្យ​វិញក៏​មិន​អាច​យក​​ពួក​លោក​ទៅ​ព្យាបាល​​ដែរ​ ដោយសារ​គ្មាន​គ្រែ​​សម្រាប់​អ្នក​ជំងឺ​។ លោក ឃួន សំអាត ត្រូវ​​​រក​ខ្ចី​ប្រាក់ពីគេនៅខ្មែរ ដើម្បី​ទិញ​ថ្នាំ​ព្យាបាល​ដោយ​ខ្លួន​ឯង។ លោក​​ក៏​​មិន​ទទួល​បាន​​ការ​ប្រឹក្សា​​​ផ្នែក​​សុខាភិបាល​ពី​អ្នក​ជំនាញ​ដែរ គឺ​លោក​ទិញ​ថ្នាំ​តាម​​ការ​លឺ​​​តៗ​គ្នា និង​តាម​ការ​បង្ហោះ​​តាម​​ហ្វេសប៊ុក​(facebook)។ បន្ថែម​ពី​នេះ លោក​អះអាង​ថា​​ លោក​នៅ​សល់​ថ្នាំ​ អាចលេបបានរយៈពេលខ្លីប៉ុណ្ណោះ ហើយ​លោក និង​ប្រពន្ធ​​សម្រេច​ចិត្ត​ឈប់លេប​ថ្នាំ​នោះទៀត​ហើយ ​ដើម្បីទុក​ថ្នាំ​នោះ​​​សម្រាប់​ព្យាបាលកូន​តូច​ទាំង​ ២ ​នាក់៖ «ទិញ​ថ្នាំ​ប៉ារ៉ាសេតាម៉ុល​ វីតាមីន​ ថ្នាំ​ក្អក​ ថ្នាំ​បំបាត់​ស្លេះ​អ្វី​ខ្លួន​ឯង។ លេប​ទៅ​ធូរ​ដែរ​។ គ្រាន់​ថា​ ឥឡូវ​វា​ជិត​អស់​ហើយ​​ ព្រោះ​ថា ​ខ្ញុំ​ទិញ​មក​ចំនួន​តិច ហើយ​គ្រួសារ​យើង​កើត​ជំងឺ​ច្រើន​គ្នា​។ អ៊ីចឹង​ខ្ញុំ​លេប​ល្មមៗ​​ទុក​​សា​គួរ​​ឲ្យ​កូន​ខ្ញុំ​ខ្លះ ព្រោះ​ខ្លាច​ក្មេង​វា​កម្លាំង​មិន​ដល់​អ៊ីចឹង​»។

​ពលករ​ខ្មែរ​​​​ធ្វើការ​នៅ​ប្រទេស​ថៃ​​កំពុង​តែ​ប្រឈម​ស្ថានភាព​ធ្ងន់ធ្ងរ​ ពិសេស ​គឺ​មេរោគ​បំប្លែង​ថ្មី​ប្រភេទ​ដែលតា (Dalta) ​ដែល​កំពុង​ឆ្លង​ខ្លាំង​​ក្នុង​ប្រទេស​ថៃ​។ របាយការណ៍​របស់​ក្រសួង​សុខាភិបាល​ថៃបង្ហាញ​ថា ចាប់​តាំង​ពី​ដើម​ឆ្នាំ​ មក​ដល់​ចុង​ខែ​​កក្កដា​​នេះ​ មាន​ពលករ​ខ្មែរ​ជាង​មួយ​ម៉ឺន (១ម៉ឺន) នាក់ បាន​ឆ្លង​ជំងឺ​កូវីដ១៩។ ​ពលករ​​ជាច្រើន​បាន​ធ្លាក់​​ខ្លួន​ឈឺ​ធ្ងន់ និង​ភាគ​ច្រើន​ទៀត ស្នាក់​នៅ​ការដ្ឋាន​សំណង់​តាម​យថាកម្ម​ដោយ​គ្មាន​​គ្រូពេទ្យ​ព្យាបាល​​។​ ពួកគេ​ក៏​គ្មាន​លទ្ធភាព​ទៅ​ធ្វើតេស្ត​រក​មេរោគ​ដែរ។

ពលករ​​​​ម្នាក់​ធ្វើការ​នៅ​ខេត្ត​ស្រះបូរី (srakburi) លោកស្រី លឹប លាប និយាយ​ថា​ កុំ​ថា​ឡើយ​ធ្វើតេស្ត ឬ​ទិញ​ថ្នាំ​លេប សូម្បី​តែ​​ថ្លៃ​អាហារ​ហូប​ចុក​ប្រចាំ​ថ្ងៃ​ក៏​ពិបាក​ដែរ​ ព្រោះ​ពលករ​ជាច្រើន​សុទ្ធ​តែ​គ្មាន​ការងារ​ធ្វើ។ ស្ត្រី​ឆ្លង​ជំងឺ​កូវីដ​១៩​រូប​នេះ ក៏​កំពុង​ដេក​ឈឺ​នៅ​ក្នុង​បន្ទប់​ជួល​ ព្យាបាល​ដោយ​ខ្លួន​ឯង​តាម​យថាកម្ម​ដែរ។ លោកស្រី​​​ឲ្យ​ដឹង​ថា ​​មន្ទីរ​ពេទ្យ​នៅ​ប្រទេស​ថៃ​ គ្រប់​ខេត្ត​ក្រុង​​សុទ្ធ​តែ​ពេញ​ និង​គ្មាន​កន្លែង​ឲ្យ​អ្នក​ជំងឺ​កូវីដ​សម្រាក​ទេ ពិសេស​គឺ​ពលករ​បរទេសតែ​ម្ដង៖ «គេ​ឃុំ​យើង​ទុក​១៤​ថ្ងៃ​សិន ដល់​​ពេល​អាការៈ​​យើង​ម្ដេចៗ​ បើ​ថា​យើង​ស្បើយ​អត់​អ្វី​ទេ។ តែ​បើ​ថា ​យ៉ាង​ម្ដេច​ ខ្ញុំ​អត់​ដឹង​ដែរ។ នេះ​គេ​​ដាក់​ឃុំ​យើង​១៤​ថ្ងៃ​សិន។ នេះ​យើង​អត់​ទាន់​ច្បាស់​ណាស់»។

​​​​ប្រទេស​ថៃ បាន​ផ្ទុះ​​ការ​ឆ្លង​ជំងឺ​កូវីដ​១៩ខ្លាំង​ចាប់​ពី​ខែ​មេសា​មក។ រហូត​មក​ដល់​ពេល​នេះ ក្រសួងសុខាភិបាលថៃ​រក​ឃើញ​អ្នក​កើត​កូវីដ​១៩​ជា​មធ្យម​ក្នុង​មួយ​ថ្ងៃ​ ចន្លោះ​​ពី​មួយ​ម៉ឺន​​បួន​ពាន់​ (១៤.០០០)​ នាក់ ទៅ​មួយ​ម៉ឺន​ប្រាំ​មួយ​ពាន់​ (១៦.០០០) ​នាក់​។ ពលករ​​ខ្មែរ​ដែល​កំពុង​ធ្វើការ​នៅ​ប្រទេស​ថៃ សុទ្ធ​តែ​ប្រឈម​ឆ្លង​ជំងឺ​កាចសាហាវនេះ ដោយសារ​ពួកគាត់ធ្វើការ​ងារ​ជា​ក្រុម ក្នុង​ការដ្ឋាន​សំណង់ ឬ​រោងចក្រ។ បន្ថែមពី​នេះនៅ​តាម​តំបន់​ខ្លះ ដែល​មាន​ពលករ​ខ្មែរ​ធ្វើការ​ច្រើន មាន​​អ្នក​ឆ្លងថ្មី​មួយ​ថ្ងៃ​ជាង​មួយ​រយ (១០០) ​នាក់​ក៏​មាន​ដែរ។

ទោះ​យ៉ាង​ណា​ក្នុង​ការដ្ឋាន​ខ្លះ មិន​ទាន់​មាន​ករណី​ឆ្លង​កូវីដ​១៩​ទេ ដោយសារ​ប៉ូលិស​ថៃ​បិទ​ខ្ទប់​ជិត​ មិន​ឲ្យ​នរណា​ម្នាក់​អាច​ចេញ​ក្រៅ​បាន​ឡើយ​។ ពលករ​សំណង់​​ម្នាក់​ ធ្វើការ​នៅ​​​ខេត្ត​សមុទ្រ​ប្រាកាន (Samutprakan) លោក ឌឹប ឌី ឲ្យ​ដឹង​ថា​​​ ប៉ូលិស​បាន​បិទ​​​​ខ្ទប់​ពួក​លោក​ជាង​មួយ​រយ ​(១០០)​ នាក់​ មិន​ឲ្យ​ចេញ​ពី​ក្នុង​ការដ្ឋាន​ជិត​មួយ​ខែ​ហើយ​ ​ដោយ​​រយៈ​ពេល​៣​ថ្ងៃ​ម្ដង ​ថៅកែ​​ដឹក​​អាហារ​ខ្លះ​ ​យក​មក​ឲ្យ​ពួក​លោក។ លោក​​បន្ត​ថា​​ ​​បច្ចុប្បន្ន​ពួកគាត់​​​អាច​ស៊ូ​​ទ្រាំ​​​​រស់​ក្នុង​ស្ថានភាព​អត់​ឃ្លាន​ក្នុង​ការដ្ឋានសំណង់​បាន​ តែ​ពួកគាត់​បារម្ភ​ខ្លាច​ធនាគារ​នឹង​​​រឹបអូស​ផ្ទះ​របស់​ពួកគាត់​នៅ​ឯ​ស្រុក​កំណើត ដោយសារ​តែ​គ្មាន​លុយ​ផ្ញើ​ឱ្យ​ឪពុកម្ដាយទៅ​បង់​ធនាគារ៖ «នៅ​នេះ​វា​មិន​សូវ​អ្វី​ទេ។ វា​យ៉ាប់​តែ​យើង​អត់​បាន​ធ្វើការ​លុយ​អង្គការ​(ធនាគារយើង​ចងការ​គេ​យក​មក​ធ្វើ​ផ្ទះ​ ធ្វើ​សម្បែង​នៅ​។ ដល់​ពេល​យើង​អត់​បាន​ធ្វើការ​អ៊ីចឹង យើង​សុំ​អង្គការ​គេ​ពន្យារ​វា​មិន​ដឹង​បាន​ឬ​មិន​បាន​។ គេ​ឲ្យ​យើង​លេប​ថ្នាំ​ទប់​ស្កាត់​ដែរ​។ ថ្នាំ​គេ​បើក​ឲ្យ​ដូច​ឫស​ឈើ​អ៊ីចឹង​ ខ្ញុំ​មិន​ដឹង​ថ្នាំ​អ្វី​ផង​។ ខាង​ទាហាន​​គេ​ឲ្យ​មក ចេះ​តែ​លេប​១​គ្រាប់ ២​គ្រាប់​ ការពារ​ទៅ​»។​​

ជុំវិញ​រឿង​នេះ​ អាស៊ី​សេរី​មិន​អាច​សុំ​ការ​បញ្ជាក់​ពី​អគ្គ​រាជទូត​កម្ពុជា​​ប្រចាំ​ប្រទេស​ថៃលោក អ៊ូក សោភ័ណ្ឌ ​និង​អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរ​ជាតិ​កម្ពុជា​លោក​ កុយ គួង បាន​ទេ​នៅ​ថ្ងៃ​ទី​២៨ ខែ​កក្កដា​ ដោយ​ទូរស័ព្ទ​ចូល​ច្រើន​ដង​ គ្មាន​អ្នក​ទទួល​។

តំណាង​​មូលនិធិ​ពលករ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ខ្មែរ​ធ្វើការ​នៅ​ប្រទេស​ថៃ​​អ្នក​ស្រី សេង ស្រីទូច​ ឲ្យ​ដឹង​ថា ​ស្ថាន​ភាព​ពលករ​ខ្មែរ​​ពេល​នេះ កំពុង​ប្រឈម​ហានិភ័យ​ខ្លាំង​ជាង​ពេល​ណា​ទាំង​អស់។ អ្នក​ស្រី​​ឲ្យ​ដឹង​ថា ​ពលករ​​ឆ្លង​កូវីដ​១៩​ខ្លះ ​​បាន​សុំ​ឲ្យ​សាច់​ញាតិ​ខ្ចី​លុយ​គេ​​​ពី​​ស្រុក​កំណើត​​​​​ផ្ញើ​មក​​ឲ្យ​ទិញ​ថ្នាំ​លេប​​ក៏​មាន​ ដោយសារ​ពួកគាត់​មិន​ចង់​ធ្វើ​ដំណើរ​ទាំង​ប្រថុយ​ទៅ​កម្ពុជា​វិញ។ ចំណែក​អ្នក​ខ្លះ​ទៀត​សុខចិត្ត​ប្រើ​វិធី​បុរាណ​សម្ងំ​ស្ពង់​ក្នុង​បន្ទប់​ជួល ដោយ​សារ​គ្មាន​លទ្ធភាព​​ទៅ​ធ្វើតេស្ត​ ឬ​​​ទិញ​ថ្នាំ​លេប។ អ្នកស្រី​ បន្ត​ថា​ថៅកែ​ថៃ​ភាគច្រើន មិន​អើ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ពើ​ជួយ​ផ្គត់ផ្គង់​​ពលករ​​​ឆ្លង​កូវីដ​​ទេ​ ហើយ​​ខាង​​មន្ទីរ​ពេទ្យ និង​អាជ្ញាធរ​ថៃ ក៏​មិន​​បាន​ជួយ​​ឧបត្ថម្ភ​ស្បៀង​អាហារ​ ឬ​ថ្នាំ​ពេទ្យ​​​អ្វី​ដែរ។ ទន្ទឹម​​នឹង​នេះ ​រដ្ឋាភិបាល​ថៃ និង​រដ្ឋសភា​ថៃ ក៏​មិន​បាន​ឆ្លើយ​តប​ញត្តិ ដែល​តំណាង​ពលករ​បាន​ដាក់​សំណើ​ឲ្យ​ជួយ​​ផ្ដល់​សេវា​សុខាភិបាល​​​ឲ្យ​​ពលករ​ឲ្យ​បាន​សមរម្យ​​ដែរ។

អ្នក​ស្រី សេង ស្រីទូច យល់​ថា ​ស្ថានភាព​ពេល​នេះ​ មាន​តែ​រដ្ឋាភិបាល​​កម្ពុជា​ជំរុញឱ្យ​ស្ថានទូត​​ខ្មែរ​នៅ​ប្រទេស​ថៃ​តែ​មួយ​គត់ ដែល​អាច​ជួយ​ពលករ​បាន​ ដូចជា​ការ​​ផ្ដល់​សេវា​​ធ្វើតេស្ត​ឥត​គិត​ថ្លៃ ការ​ផ្ដល់​សេវា​​​ប្រឹក្សា​​​​​​ផ្នែក​សុខាភិបាល​តាម​ទូរស័ព្ទ​​សម្រាប់​​ពលករ​ឆ្លង​កូវីដ​១៩ ការ​ដឹក​​​ស្បៀង​​អាហារ​ និង​ថ្នាំ​ពេទ្យ​ឲ្យ​ពួកគាត់​ដល់​ទី​កន្លែង។ តំណាង​ពលករ​រូប​នេះ ជឿ​ថា​មន្ត្រី​​ស្ថានទូត​​​អាច​ដោះស្រាយបញ្ហាទាំង​នេះ​​ឲ្យ​ពលករ​បាន​ ដោយសារ​សេវា​ដឹក​ជញ្ជូន​នៅ​ប្រទេស​ថៃ មាន​ភាព​ទូលំទូលាយ និង​អាច​ដឹក​​​ឲ្យ​អ្នក​ជំងឺ​ដល់​កន្លែង​ស្នាក់នៅ៖ «រក​ថ្នាំ​ រក​អ្វី​ខ្លួន​ឯង ស្ពង់​ខ្លួន​ឯង។​ ទិញ​ថ្នាំ​ខ្លួន​ឯង​ ដែល​គេ​លក់​តាម​អនឡាញ។ ទិញ​ទៅ យក​មក​លេប​ទៅ​ដើម្បី​ឲ្យ​វា​​​ប្រសើរ​ទៅ​។ អ្នក​ខ្លះ​ក៏​បាន​ធូរ​ទៅ។ ភាគច្រើន​ដែល​ខ្ញុំ​នៅ​កន្លែង​ការងារ​ខ្ញុំ​នេះ ភាគ​ច្រើន​គឺ​ផ្ញើ​លុយ​ពី​ផ្ទះ​មក​ទិញ​ថ្នាំ​លេប​ខ្លួន​ឯង​ ចំពោះ​អ្នក​កើត​(កូវីដ​១៩)»។​​

ចំណែក​អ្នក​ជំនាញ​វេជ្ជសាស្ត្រ​ក៏​លើក​ទឹក​ចិត្ត​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ជួយ​ពលករ​ខ្មែរ​តាម​រយៈ​ស្ថានទូត​ដែរ​។ ​​​​​​ប្រធាន​សមាគម​គ្រូពេទ្យ​គុណធម៌​កម្ពុជា វេជ្ជ​បណ្ឌិត​​ អ៊ូច វុឌ្ឍី យល់​ឃើញ​​​ថា​ អាជ្ញាធរ​ថៃ​ពិត​ជា​ជាប់​ដៃ​មើល​ថែ​ពលរដ្ឋ​គេ​មែន ដូច្នេះ​​ថៃ​អាច​នឹង​ទុក​ពលករ​បរទេស​ចោល​សិន។ លោក​ជំរុញ​ឲ្យ​​​ស្ថានទូត​ខ្មែរ​​នៅ​ប្រទេស​ថៃ​​រាយការណ៍​ពី​ស្ថានភាព​ជាក់ស្ដែង​​ទៅ​រដ្ឋាភិបាល​ និង​​ត្រូវ​ស្នើសុំ​ឧបករណ៍​ធ្វើតេស្ត​រហ័ស​ ថ្នាំ​ពេទ្យ​​​​ ស្បៀង​អាហារ​ និង​តម្រូវ​ការ​ចាំបាច់​ជួយ​ផ្គត់ផ្គង់​ឲ្យ​​ពលករ​​ភ្លាមៗ​។ បន្ថែមពីនេះលោក​ក៏​​អំពាវនាវ​​ឲ្យ​​ស្ថានទូត​ខ្មែរ ​រៀបចំ​ទីតាំង​​​​សមរម្យ​ ដើម្បី​ទទួល​​យក​ពលករ​​ឈឺ​ធ្ងន់​យក​ទៅ​ព្យាបាល​ដែរ៖ «(ពលករប្រាប់)​សារ​ទាំង​អស់​ហ្នឹង​ទៅ​ស្ថានទូត​ដើម្បី​​សុំ​ឲ្យ​ជួយ​គាត់​(ពលករ)។ គាត់​កំពុង​កើតកូវីដ​១៩​នៅ​ថៃ តើ​ឲ្យ​គាត់​ធ្វើ​យ៉ាង​ម្ដេចនៅ​ខាង​ថៃ​ គេ​មើល​ប្រជាជន​គេ​មិន​​ចង់​ទាន់​ផង។ អ៊ីចឹង​គួរ​ណា​តែ​ខ្មែរ​យើង​ជួយ​មើល​ខ្មែរ​គ្នា​យើង ហើយ​​ធ្វើ​ Rapid test​ហ្នឹង អា​តេស្ត​រហ័ស​ហ្នឹង​។ ទី​២ អាច​នឹង​ព្យាបាល ឲ្យ​ថ្នាំ​អ្វី​យ៉ាង​ម្ដេចៗ ស្ថានទូត​នឹង​អាច​ដោះស្រាយ​ ហើយ​​សុំ​ថ្នាំ​ក្រសួង​សុខាភិបាល​ខ្មែរ​យើង ដែល​ជា​អំណោយ​អង្គការ​សុខភាព​ពិភព​លោក​ផង ចិន​ផង ហើយ​អាច​យក​ទៅ​ជួយ​ពួកគាត់​បាន​»។

អ្នក​ជំនាញ​វេជ្ជសាស្ត្រ​​ដដែល​​​ពន្យល់​ថា​ ពលករ​​​ឆ្លង​ជំងឺ​​កូវីដ​១៩​កម្រិត​ដំបូង​ ពិត​ជា​អាច​ព្យាបាល​ដោយ​ខ្លួន​ឯង​​បាន​ពិត​មែន ដោយ​ការ​​លេប​ថ្នាំ​​ ការ​​អនុវត្ត​វិធីសាស្ត្រ​ស្ពង់​ ការ​ហាត់ប្រាណ​ បរិភោគ​អាហារ​មាន​ជីវជាតិ ពិសា​ទឹក​​ក្ដៅ​ឲ្យ​បាន​ច្រើន​​​ និង​ការ​​សម្រាក​ជាដើម​។ ប៉ុន្តែ​ក្នុង​ករណី​​ការ​ឆ្លង​ដល់​​កម្រិត​២ ឬ​​កម្រិត​៣លោក​ថា អ្នក​ជំងឺ​ចាំបាច់​ត្រូវ​តែ​ទទួល​បាន​សេវា​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​។

ជាមួយ​គ្នា​នេះ មានពលករ​​មួយ​ចំនួន​ដែល​មិន​អាច​​ទ្រាំ​នៅ​ប្រទេស​ថៃ​បាន​ត​ទៅ​ទៀត ​បាន​​​សម្រុក​​នាំ​គ្នា​ធ្វើ​ដំណើរ​ទាំង​ឈឺ​ ទៅ​​រក​ការ​ព្យាបាល​ជំងឺ​កូវីដ១៩​នៅ​កម្ពុជា​វិញ​ក៏​មាន​​។ ពលករ​ខ្លះ​អះអាង​ថា​ ពួកគាត់​មិន​ចង់​ធ្វើ​បែប​នេះ​ទេ ព្រោះ​ជា​ការ​នាំ​ជំងឺ​ចូល​ប្រទេស ប៉ុន្តែ​ពួកគាត់​គ្មាន​លទ្ធភាព​​ ​​​ដើម្បី​ជួយ​ខ្លួន​ឯងនៅ​ប្រទេស​ថៃ​​បាន​បន្តទៅទៀត​៕​​

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

One Response to "ពលករ​ខ្លះ​​​​បន្ត​​ទ្រាំ​​​ព្យាបាល​​​​កូវីដ​១៩​​ក្នុង​​បន្ទប់​​​ខ្លួន​​ឯង​​​​​​​តាម​យថាកម្ម​​ នៅក្នុង​​ប្រទេស​ថៃ"

  1. Anonymous says:

    the Cambodian people are so unfortunate from 1975 up to this day this poor people meet all kink of sadness none stop, the reason all their leaders was evil killer the worse one is HUN SEN the monster evil murder and selling his own nation . we knew this KBOTHCHEATH evil will end this nation in the near future if Cambodian not stop him on time