ភ្លៀងធ្លាក់​ខ្លាំង និង​​ការ​​បើក​​ទំនប់​​វារីអគ្គិសនី គណៈកម្មការ​​ទន្លេ​មេគង្គ​ព្រមាន​អំពី​កម្ពស់​​ទឹក​​ទន្លេ​មេគង្គ​​ហក់​ឡើង​​​

ដោយ សុជីវី
2021-07-28
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ភ្លៀងធ្លាក់​ខ្លាំង និង​​ការ​​បើក​​ទំនប់​​វារីអគ្គិសនី គណៈកម្មការ​​ទន្លេ​មេគង្គ​ព្រមាន​អំពី​កម្ពស់​​ទឹក​​ទន្លេ​មេគង្គ​​ហក់​ឡើង​​​

គណៈកម្មការ​​ទន្លេ​មេគង្គ​ព្រមាន​ពីការ​ហក់​ឡើង​​កម្ពស់​​ទឹក​​ទន្លេ​មេគង្គ​ដែល​បណ្តាល​​មក​​ពី​​ភ្លៀងធ្លាក់​ខ្លាំង និង​​ការ​​បើក​​ទំនប់​​វារីអគ្គិសនី កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១។ រូប៖ MRC


លេខាធិការដ្ឋាន​គណៈកម្មាធិការ​ទន្លេមេគង្គ​ហៅកាត់​ថា MRC ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុងវៀងច័ន្ទ​ ប្រទេសឡាវ កត់​សម្គាល់​ថា ​កម្រិត​ទឹក​ទន្លេ​មេគង្គ​ក្នុង​តំបន់​ខាងក្រោម មាន​ការកើន​ឡើង​ក្នុង​អំឡុង​ពេល ​៧ ថ្ងៃចុងក្រោយនេះ។ ប្រភព​ដដែល​បញ្ជាក់​ថា​ មូលហេតុ​ចម្បង ២​ នាំឱ្យ​ទឹក​ទន្លេ​ឡើង​ខ្ពស់​នេះ គឺ​ភ្លៀង​ធ្លាក់​ខ្លាំង និង​ការបើកទំនប់ភ្លាមៗនៅខ្សែទឹកខាងលើ​។

តែទោះជាយ៉ាងណា ​កម្រិតទឹក​ក្នុង​ទន្លេ​មេគង្គ​ក្នុង​តំបន់​ខាង​ក្រោម​រួម​មាន ​ប្រទេស​ថៃ ឡាវ កម្ពុជា និង​វៀតណាម​នេះ នៅ​មិន​ទាន់​ទៅ​ដល់​កម្រិត​ប្រកាស​អាសន្ន ឬ​កម្រិត​គ្រោះថ្នាក់​នៅឡើយ​ទេ។

យ៉ាងនេះ​ក្ដី​ប្រធាន​មជ្ឈមណ្ឌល​គ្រប់គ្រង​គ្រោះទឹកជំនន់ និង​គ្រោះរាំង​ស្ងួត​ក្នុង​តំបន់​នៃ MRC លោក ឡាំ ហ៊ុង សុន (Lam Hung Son) អះអាង​ថា​ ភ្លាមៗ​នេះ​នៅ​មិន​ទាន់​ដឹង​ឱ្យ​ប្រាកដ​​ថា តើ​កម្រិត​ទឹក​ឡើង​នេះ​នឹង​បង្ក​ឱ្យ​មាន​ផលប៉ះពាល់​យ៉ាងណា​ខ្លះ​នៅ​ឡើយ​ទេ។

នៅកម្ពុជា​កម្ពស់​ទឹក​ទន្លេមេគង្គ ដែល​យក​បាន​ពីស្ថាននីយ៍​ស្ទង់​កម្ពស់​ទឹក​ចាប់​ពីខេត្ត​ស្ទឹង​ត្រែង បន្ត​ទៅ​ដល់​អ្នកលឿង ខេត្តព្រៃវែង កម្ពស់​ទឹក​បាន​កើនឡើង​ប្រមាណ​ជិត ១ ម៉ែត្រ (០,៨៥ម) ជាមធ្យម ក្នុង​រយៈពេល ​៧​ ថ្ងៃ​មកនេះ។ បើតាម​ការព្យាករណ៍​ក្នុង​រយៈពេល ​៥ ​ថ្ងៃខាងមុខ​ កម្ពស់​ទឹក​ក្នុង​តំបន់​នេះ​អាច​នឹង​ឡើងដល់​ជាង២ម៉ែត្រ (២,៦០) បន្ថែម​ទៀត។

បើតាម​លោក ឡាំ ហ៊ុង សុន ភ្លៀងធ្លាក់​ខ្លាំង​នៅ​ផ្នែក​ជាច្រើន​ក្នុង​តំបន់ទំនាប​ទន្លេមេគង្គ បាន​ធ្វើ​ឱ្យ​កម្រិត​ទឹក​ភ្លៀង​កើនឡើង​ប្រមាណ​ ៤០% ខ្ពស់​ជាង​កម្ពស់ទឹកភ្លៀង​ក្នុង​​រយៈពេល​ដូចគ្នា ក្នុង​​ខែកក្កដា ឆ្នាំ​២០១៥ និង​ឆ្នាំ២០២០។ លោក​បន្តថា ការបើកទំនប់​វារីអគ្គិសនី​នានាភ្លាមៗ នៅខ្សែទឹកខាងលើ និងដៃទន្លេមេគង្គ ក៍បង្ក​​ជា​​បញ្ហាប្រឈម ឬ​ជាការលំបាក​មួយ​សម្រាប់​ការព្យាករណ៍​ពី​ស្ថានភាព​ទឹក​ក្នុង​ទន្លេ​មេគង្គដែរ។

មន្ត្រីជំនាញដដែលបញ្ជាក់​ដែរ​ថា ​ទឹក​ទន្លេ​អាច​ស្រកទៅវិញ​នៅ​ពេលដែល​ប្រទេស​ចិន​អះអាង​ថា ការបង្ហូរ​​ទឹក​ចេញ​ពី​ស្ថាននីយ៍​វារីអគ្គិសនី ជីងហុង (Jinghong) នឹង​ត្រូវ​កាត់បន្ថយ​ប្រមាណ​ ៥០% ក្នុង​​​រយៈពេល​ ២០ ថ្ងៃ ចាប់​ពីថ្ងៃ​ទី៣១ ខែកក្កដា ដល់ថ្ងៃទី២០ ខែសីហា​ ខាងមុខ។ យ៉ាង​នេះ​ក្ដី​លោក​ថា កម្រិត​ទឹក​ប្រែប្រួល​យ៉ាងណាទៀត​អាស្រ័យ​នឹង​កម្រិតទឹកភ្លៀង​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​ទៀត​នោះ​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

One Response to "ភ្លៀងធ្លាក់​ខ្លាំង និង​​ការ​​បើក​​ទំនប់​​វារីអគ្គិសនី គណៈកម្មការ​​ទន្លេ​មេគង្គ​ព្រមាន​អំពី​កម្ពស់​​ទឹក​​ទន្លេ​មេគង្គ​​ហក់​ឡើង​​​"

  1. Anonymous says:

    warning >>all Cambodian who live in capital PHNOM PHEN please be preparing for a giant flooding . under the APIWHATT bloody rebuild of an UNEDUCATED animal HUN SEN this capital better preparing boat to use around the city instate of care or motor bike