រដ្ឋបាល​ខេត្ត​កែប​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​ថា​បាន​អនុញ្ញាត​ឱ្យ​​​ចាក់​ដី​លុប​សមុទ្ទ

ព័ត៌មានជាតិ | អភិបាលកិច្ច
លោក សុត បាន |២៩ កក្កដា ២០២១ |ម៉ោង ១០:២៣
VOD

សកម្មភាពចាក់ដីបំពេញពង្រីកឆ្នេរខេត្តកែប។ (ហ្វេសប៊ុក៖ រដ្ឋបាលខេត្តកែប)

សកម្មភាពចាក់ដីបំពេញពង្រីកឆ្នេរខេត្តកែប។ (ហ្វេសប៊ុក៖ រដ្ឋបាលខេត្តកែប)


​រដ្ឋបាលខេត្តកែប បានប្រកាសច្រានចោលការផ្សព្វផ្សាយព័ត៌មាន​ដែល​ថា អាជ្ញាធរខេត្តនេះ​អនុញ្ញាតឱ្យ​​មាន​ការ​ចាក់​ដី​លុប​សមុទ្ទនៅ​ខាង​មុខ​សាលាខេត្តកែប កាលពីពេលកន្លងទៅ។

លិខិតបំភ្លឺព័ត៌មានរបស់រដ្ឋ​បាលខេត្តកែប កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ ​បាន​ចាត់​ទុកព័ត៌​មាន​នេះ ថា​ជាការផ្សព្វផ្សាយព័ត៌មានមិន​ពិត និងមានចរិតបង្កការរាំងស្ទះដល់ការអភិវឌ្ឍរបស់​ខេត្ត​តែ​ម្តង។

សេចក្តីបំភ្លឺព័ត៌មានរបស់រដ្ឋបាលខេត្ត​ថា៖ «កន្លងមក រដ្ឋបាលខេត្តបានពិនិត្យឃើញថា ទីតាំងនេះមិនអាចឱ្យ​អ្នក​ទេសចរ​ហែល​ទឹកកម្សាន្តលេងបានឡើយ ព្រោះមានថ្មដុះរដិបរដុបតាមបណ្តោយឆ្នេរ អាចបង្កឱ្យ​​មានរបួស មិនមានខ្សាច់​សម្រាប់​លេង​កម្សាន្ត និងមានការបង្ហូរទឹកកង្វក់ចូលសមុទ្រ​ពីសំណាក់អាជីវករដែលកំពុងអាស្រ័យផល​នៅលើដីចំណីឆ្នេរសមុទ្ទ។ ដូច្នេះ រដ្ឋបាលខេត្តបានរៀបចំសិក្សាគម្រោងរៀបខឿនច្រាំងសមុទ្ទ ចាក់ដី និងចាក់ខ្សាច់ពង្រីកឆ្នេរ​ ដើម្បីរៀបចំតំបន់គោលដៅទេសចរណ៍ថ្មី សម្រាប់ទាក់ទាញភ្ញៀវជាតិនិងអន្តរជាតិ»។

លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប ប្រាប់ វីអូឌី ថាការចាក់ដីនិង​ខ្សាច់បំពេញដើម្បីពង្រីកឆ្នេរនៅចំណុចភូមិថ្មី​ មានប្រវែង២ ៧០០ម៉ែត្រ ហើយ​​គម្រោងនេះសល់ពីការអភិវឌ្ឍ​គម្រោងចាស់មកទេ ដែល​ត្រូវបន្តអនុវត្តតទៅ​ទៀត ពុំ​មែនរបស់ក្រុមហ៊ុនឯកជន​ឬ​បុគ្គលណាម្នាក់ទេ។ លោកថា គម្រោងនេះជា​របស់រដ្ឋធ្វើ​ ដើម្បីប្រយោជន៍ជាតិសុទ្ធសាធ។

​លោកបន្ថែមថា នៅ​ខេត្តកែប​​ក្នុង​មួយឆ្នាំៗ មានភ្ញៀវទេសចរជាតិនិងអន្តរជាតិមកទស្សនាមិនតិចជាង១ ២០០ ០០០នាក់ ទៅ១ ៥០០ ០០០នាក់នោះទេ​ ហើយទីតាំងនោះមិនមានខ្សាច់ទេ ភាគច្រើន​មានតែថ្មនិងកាកសំណល់ដែល​អាជីវករ​បង្ហូរ​ចូល​សមុទ្ទ។  ​

លោកបន្តថា៖ «ខ្ញុំមិនមានវិធានការអីទេ សម័យនេះជាសម័យបច្ចេកវិទ្យា សម័យសិទ្ធិសេរីភាពក្នុងការនិយាយស្តីបានតាមចិត្ត ដែលរាជរដ្ឋាភិបាលមានសម្តេចតេជោលោកជាប្រមុខហ្នឹង លោកបានផ្តល់នូវសិទ្ធិសេរីភាពពេញទីក្នុងការដើរ​ហើរ ក្នុង​ការរស់រានមានជីវិត ក្នុងការបញ្ចេញមតិអ្វីទាំងអស់ហ្នឹង។ ខ្ញុំមិនមានវិធានការអ្វីទេ គ្រាន់តែចង់ឱ្យ​​បងប្អូនសារព័ត៌មានយើងចេះថ្លឹងថ្លែង ចេះវិភាគពិចារណា មួយប៉ះពាល់ដល់ប្រយោជន៍មនុស្សមួយក្រុម បុគ្គលមួយក្រុម ហើយមួយទៀតគឺប្រយោជន៍សាធារណៈ ប្រយោជន៍ប្រជាពលរដ្ឋ ដោយសារការចាក់ដីនេះ មិនមែនចាក់យកឱ្យ​​បុគ្គលណាទេ គឺចាក់​សម្រាប់​ពង្រីកតំបន់ឆ្នេរ ហើយទីតាំងនេះគឺក្លាយទៅជាអចលនទ្រព្យរបស់រដ្ឋបាលខេត្ត»។

ពាក់ព័ន្ធនឹងរឿងនេះដែរ មន្ត្រីសម្របសម្រួលសមាគម​អាដហុកប្រចាំខេត្តកំពត និងខេត្តកែប លោក យន់ ផល្លី មានប្រសាសន៍ថា បើសិនជាការលុបសមុទ្ទនិងការពង្រីកតំបន់ឆ្នេរនេះ ​ធ្វើដើម្បី​ទុកបម្រើផលប្រយោជន៍ជាតិនិងបម្រើប្រយោជន៍សាធារណៈ ​ជារឿងត្រឹមត្រូវ ​ព្រោះតំបន់នេះអាចទាក់ទាញភ្ញៀវទេសចរចូលមកទស្សនា ហើយក៏អាចនាំចំណូលចូលសម្រាប់ជាតិបានទៀតផង។ ប៉ុន្តែលោកថា ​ប្រសិនបើ​ការលុបសមុទ្ទនេះ ធ្វើឡើងដើម្បីជាផលប្រយោជ​ន៍បុគ្គល នោះមិនអាចទទួលយកបានទេ ព្រោះវាជារឿងខុសនឹងច្បាប់ទាំងស្រុង។

លោកបន្តថា៖ «នៅក្នុងករណីនេះ ខ្ញុំក៏មានការសំណូមពរទៅដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ ប្រសិនបើលោកមានការអភិវឌ្ឍហើយ លោកគួរតែធ្វើការពង្រីកវិសាលភាពណាមួយ ដើម្បីឱ្យ​ប្រជាពលរដ្ឋឬក៏ភ្ញៀវទេសចរទូទៅលោកបានដឹង ជ្រួតជ្រាបពីបញ្ហានេះ កុំឱ្យ​ប្រជាពលរដ្ឋឃើញថាពីការលុបហើយ ប្រជាពលរដ្ឋនៅតែមានការងឿងឆ្ងល់។ អ៊ីចឹង​យើងត្រូវតែមានការផ្សព្វផ្សាយជាទូទៅ ដើម្បីឱ្យ​​ប្រជាពលរដ្ឋមានការឈ្វេងយល់អំពីបញ្ហាហ្នឹង»។

បើតាមអភិបាលខេត្តកែប គម្រោងអភិវឌ្ឍន៍ចាក់ខ្សាច់បំពេញពង្រីកឆ្នេរនេះ គឺធ្វើឡើងស្របតាម​ចក្ខុវិស័យ​ផែនការអភិវឌ្ឍន៍​រយៈពេល៥ឆ្នាំ កម្មវិធីវិនិយោគ៣ឆ្នាំ របស់រដ្ឋបាលខេត្ត និងស្របតាមសេចក្តីសម្រេចស្តីពីការដាក់ឱ្យ​​ប្រើប្រាស់ ប្លង់គោលប្រើប្រាស់ដីក្រុងកែប ខេត្តកែប រួមនឹង​ចក្ខុវិស័យឆ្នាំ២០៣០ របស់​ក្រសួងរៀបចំ ដែនដីនគរូបនីយកម្ម និងសំណង់ ផងដែរ៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles