រដ្ឋាភិបាល​នឹងបិទ​ខេត្ត​៨ ជាប់​ព្រំដែន​ថៃ ក្រោយ​រក​ឃើញ​មេរោគ​កូវីដ១៩ បំប្លែង​ថ្មី​កាន់​តែ​ច្រើន

ដោយ សន ចាន់រដ្ឋា
2021-07-28
RFA

រដ្ឋាភិបាល​នឹងបិទ​ខេត្ត​៨ ជាប់​ព្រំដែន​ថៃ ក្រោយ​រក​ឃើញ​មេរោគ​កូវីដ១៩ បំប្លែង​ថ្មី​កាន់​តែ​ច្រើន

រូបតំណាង៖ ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ កាល​ពី​ថ្ងៃ​ទី២១ ខែមេសា ឆ្នាំ២០១៩។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ


រដ្ឋាភិបាល​សម្រេច​បិទ​ខ្ទប់​ខេត្ត​ចំនួន ៨ ជាប់​ព្រំដែន​ថៃ បណ្ដោះ​អាសន្ន​រយៈ​ពេល ១៤ថ្ងៃ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាល​ដាល​កូវីដ១៩ បំប្លែង​ថ្មី ប្រភេទ ដែលតា (Delta)។ ខេត្ត​ដែល​ត្រូវ​បិទ​ខ្ទប់​បណ្ដោះអាសន្ន​ទាំង​នោះ​រួមមាន ខេត្ត​កោះកុង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ ព្រះវិហារ និង​ខេត្ត​សៀមរាប។ ការ​បិទ​ខ្ទប់​នេះ មាន​រយៈ​ពេល ១៤ថ្ងៃ គិត​ចាប់​ពី​ពាក់​កណ្ដាល​អាធ្រាត្រ ថ្ងៃ​ទី២៩ ខែ​កក្កដា រហូត​ដល់​ថ្ងៃ​ទី១២ ខែសីហា។ ទន្ទឹម​នឹង​នេះ រដ្ឋាភិបាល​ក៏​តម្រូវ​ឱ្យ​ក្រសួង​ការ​បរទេស និង​ក្រសួង​ការងារ ទាក់ទង​ភាគី​ថៃ​ជា​បន្ទាន់ ដើម្បី​បិទ​ព្រំដែន​បណ្ដោះអាសន្ន​សម្រាប់​អ្នក​ធ្វើ​ដំណើរ​ចេញ​ចូល លើកលែង​តែង​ការ​ដឹក​ជញ្ជូន​ទំនិញ និង​ករណី​ពិសេស​មាន​អ្នក​ជំងឺ​សង្គ្រោះ​បន្ទាន់។ រដ្ឋាភិបាល​បញ្ជា​ឱ្យ​ក្រសួង​ទាំង​ពីរ និង​អាជ្ញាធរ​ខេត្ត​ទាំង​នេះ បង្កើន​ការ​សម្រប​សម្រួល​ជាមួយ​ភាគី​ថៃ ដើម្បី​ពន្យារ​ពេល​ការ​វិល​ត្រឡប់​មក​ស្រុក​វិញ​នៃ​ពលករ​ខ្មែរ​នៅ​ថៃ។

ការ​សម្រេច​បិទ​ខេត្ត​មួយ​ចំនួន​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​កម្ពុជា​រក​ឃើញ​ចំនួន​អ្នក​ឆ្លង​មេរោគ កូវីដ១៩ បំប្លែង​ថ្មី​ប្រភេទ​ដែលតា កាន់​តែ​ច្រើន​ជាពិសេស​ ក្នុង​ចំណោម​ពលករ​ចំណាក​ស្រុក​ខ្មែរ ដែល​វិល​ត្រឡប់​មក​ពី​ប្រទេស​ថៃ​វិញ។

ទន្ទឹម​នឹង​ការ​បិទ​ខ្ទប់​ខេត្ត​ទាំង ៨នេះ រដ្ឋាភិបាល​ក៏​បាន​ចេញ​នូវ​ផែន​ការ ១១ចំណុច ផ្សេង​ទៀត​ ចំពោះ​អាជ្ញាធរ​ពាក់ព័ន្ធ​ទូទាំង​ប្រទេស ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​កូវីដ១៩។ ក្នុង​វិធាន​ការ​ទាំង​នោះ ក៏​មាន​តម្រូវ​ឱ្យ​អភិបាលខេត្ត​ក្រុង​ទាំង​អស់ អាច​មាន​លទ្ធភាព​ចាត់​វិធាន​ការ​បិទ​ខ្ទប់​អាជីវកម្ម​ សកម្មភាព​ការងារ មុខ​របរ​នានា ហាម​ការ​ជួបជុំ​ ដែល​មាន​មនុស្ស​លើស​ពី ១០នាក់ និង​ការ​ហាម​ឃាត់​ការ​ដើរហើរ ចាប់​ពី​ម៉ោង ៩យប់ រហូត​ដល់​ម៉ោង ៣ទៀប​ភ្លឺ​ជា​ដើម។

កាល​ពី​ថ្ងៃ​ទី២៨ កក្កដា កម្ពុជា​រក​ឃើញ អ្នក​កើត​ជំងឺ​កូវីដ១៩ ចំនួន ៧៦៦នាក់ និង​អ្នក​ស្លាប់​ចំនួន ១៥នាក់ ដែល​ចំនួន​នេះ​បាន​ធ្វើ​ឱ្យ​កម្ពុជា មាន​អ្នក​ស្លាប់​កើន​ឡើង​ដល់ ១.៣៣៨នាក់ និង​អ្នក​ឆ្លង​សរុប ៧៥.១៥២នាក់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles