រដ្ឋាភិបាល​ប្រកាស​បិទ​រមណីយ​ដ្ឋាន​ទេស​ចរណ៍​ជា​ថ្មី​ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​ជំងឺ​កូវីដ-១៩

កូវីដ-១៩ | ព័ត៌មានជាតិ | សន្តិសុខ
កញ្ញា បៀន សីនៈ | ២៩ កក្កដា ២០២១ |ម៉ោង ១៨:២៨
VOD

អាជ្ញាធរមូលដ្ឋានដាក់របាំងហាមឃាត់ការធ្វើដំណើរទៅតំបន់ទេសចរណ៍មួយកន្លែងនៅក្នុងខេត្តពោធិ៍សាត់ ក្រោយការដាក់បម្រាមដើម្បីទប់ស្កាត់ការរាតត្បាតកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ មន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់)

អាជ្ញាធរមូលដ្ឋានដាក់របាំងហាមឃាត់ការធ្វើដំណើរទៅតំបន់ទេសចរណ៍មួយកន្លែងនៅក្នុងខេត្តពោធិ៍សាត់ ក្រោយការដាក់បម្រាមដើម្បីទប់ស្កាត់ការរាតត្បាតកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ មន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់)


ក្រសួងទេសចរណ៍ណែនាំឱ្យ​ផ្អាក​សកម្មភាពរមណីយដ្ឋាន​ទេសចរណ៍​នៅទូទាំង​ប្រទេស​ជា​បណ្តោះ​​អាសន្ន​រយៈ​ពេល១៤ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃនេះទៅ ដើម្បីចូលរួម​​យុទ្ធនាការពង្រឹង​វិធានការ​ប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩។

ក្នុង លិខិតផ្ញើជូន​​ប្រធានមន្ទីរទេស​ចរណ៍​រាជធានី-ខេត្ត នៅថ្ងៃនេះ​​ ​រដ្ឋ​មន្ត្រី​ក្រសួង​ទេស​ចរណ៍​ លោក ថោង ខុន បានណែនាំទៅមន្ត្រីរបស់ខ្លួន​ឱ្យ​សហ​ការ​ជាមួយ​រដ្ឋបាលរាជធានី-ខេត្តនិង​អាជ្ញាធរ​មូល​ដ្ឋាន ក្នុងការផ្អាកសកម្មភាពរមណីយដ្ឋាន​ទេស​ចរណ៍ គោលដៅទេសចរណ៍ សហគមន៍​​ទេស​ចរណ៍ និងកន្លែងដែលមានសក្តានុពល​ទេស​ចរណ៍​ទូទាំង​​ប្រទេសជា​បណ្តោះ​អាសន្ន​ ចាប់​ពីថ្ងៃទី២៩ ខែកក្កដា ដល់​ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ជាកំហិត។

រដ្ឋមន្ត្រីរូបនេះក៏បានណែនាំទៅ​មន្ទីរទេសចរណ៍រាជធានី-ខេត្ត ត្រូវចាត់តាំងក្រុមការងារ​ដើម្បី​ត្រួត​ពិនិត្យ​​កិច្ច​ការនេះឱ្យ​បាន​​ម៉ត់ចត់ ដោយ​មិន​ត្រូវអនុញ្ញាតឱ្យ​មាន​សកម្មភាព​ទេសចរណ៍​ណាមួយនៅទីតាំង​ទេសចរណ៍ទាំងអស់ដែលមាននៅក្នុងមូលដ្ឋានរបស់ខ្លួន ក្នុងអំឡុង​ពេល​ផ្អាកនេះឡើយ។

នៅថ្ងៃនេះដែរ អាជ្ញាធរជាតិអប្សរា និងគ្រឹះស្ថានអង្គរ ក៏ចេញសេចក្តីជូនដំណឹង រួមមួយ​ស្តីពី​ការ​បិទ​ការ​​ទស្សនា​​ប្រាសាទ​នានា និងផ្អាកការលក់សំបុត្រ​ចូលទស្សនា​ក្នុងរមណីយដ្ឋានអង្គរក្នុងខេត្ត​សៀមរាប​​​ ចាប់ពីថ្ងៃទី៣០ ខែកក្កដា ដល់​ថ្ងៃទី​១២ ខែសីហា ឆ្នាំ២០២១ ផងដែរ។

​​សេចក្តីជូនដំណឹងនោះបន្តថា ការសម្រេចនេះគឺ​ធ្វើឡើង​​អនុលោម​តាម ​សេចក្តី​សម្រេច​របស់​រដ្ឋាភិបាល ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ​២០២១​ ស្តីពីការបិទ​ខ្ទប់ភូមិសាស្ត្រ​ ខេត្តកោះកុង ពោធិ៍​សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្ដរ​មានជ័យ ព្រះវិហារ និងសៀមរាប ដើម្បី​ទប់​ស្កាត់​​កា​រ​​ឆ្លង​រាល​ដាល​​វីរុសកូវីដ-១៩បំប្លែងថ្មីប្រភេទ Delta នៅក្នុងសហគមន៍។

តាមរបាយការណ៍ពីក្រសួងសុខាភិបាល នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ កម្ពុជាបានរកឃើញវីរុស “ដែលតា” នៅសប្តាហ៍នេះ ចំនួន៣៩ករណី ដោយក្នុងនោះ ឆ្លងក្នុងសហគមន៍មាន៨ករណី ដោយ៥ករណីរកឃើញក្នុងខេត្តឧត្ដរមានជ័យ ២ករណីក្នុង​ខេត្តសៀ​ម​រា​ប និង១ករណីក្នុងខេត្តកំពង់ធំ។

ការរកឃើញថ្មីនេះ ធ្វើឱ្យតួលេខឆ្លងវីរុសកូវីដ-១៩ ប្រភេទ “ដែល​តា” បានកើនដល់១៥៣ករណី ដោយគិ​តចាប់ពីការរកឃើញ​ដំបូងចំនួន៣ករណី នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០​២​១។

កាលពីខែមេសា ឆ្នាំ២០២១ ក្រសួងទេសចរណ៍ ធ្លាប់​បាន​ប្រកាស​ផ្អាក​ដំណើរ​ការ​រមណីយ​ដ្ឋាន​​ទេស​​ចរណ៍ទូទាំងប្រទេស​ជាបណ្តោះអាសន្ន​ម្តងរួចមកហើយ ដើម្បីទប់ស្កាត់ការ​ឆ្លង​រាល​ដាល​ជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ និងបានអនុញ្ញាត​ឱ្យ​ដំណើរ​ការ​ឡើង​វិញ​ជា​បណ្តើរៗនៅ​ចុងខែឧសភា ដោយតម្រូវឱ្យ​អនុវត្ត​យ៉ាងម៉ត់ចត់នូវវិធានការ​ការពារ​​ “៣កុំ ៣ការពារ” រួមជាមួយ​វិធាន​សុវត្ថិភាព​ទេសចរណ៍​ក្នុង​ការ​ទប់​ស្កាត់​ជំងឺផ្លូវ​ដង្ហើម​មួយ​​នេះ៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles