អាជ្ញាធរ​កម្ពុជា​ដុត​បំផ្លាញ​គ្រឿង​ញៀន​ប្រមាណ ៦៣គីឡូក្រាម

2021-07-29
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

អាជ្ញាធរ​កម្ពុជា​ដុត​បំផ្លាញ​គ្រឿង​ញៀន​ប្រមាណ ៦៣គីឡូក្រាម

អាជ្ញាធរខេត្តបាត់ដំបង ដុតបំផ្លាញចោលគ្រឿងញៀនជិត ៦៣គីឡូក្រាម នៅ​ថ្ងៃ​ទី២៩ ខែកក្កដា ឆ្នាំ២០២១។ រូប៖ នគរបាល​ជាតិ


អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​កម្ពុជា ដុត​បំផ្លាញ​ចោល​គ្រឿងញៀន​ប្រមាណ ៦៣គីឡូ​ក្រាម នៅ​ខេត្ត​បាត់ដំបង ដែល​សមត្ថកិច្ច​បង្ក្រាប​បាន​ចាប់​ពី​ឆ្នាំ២០២០ ក្នុង​ខេត្ត​ចំនួន៦ មាន​ ខេត្ត​បាត់ដំបង បន្ទាយមានជ័យ សៀមរាប ឧត្តរមានជ័យ ពោធិ៍សាត់ និង​ខេត្ត​ប៉ៃលិន។

អគ្គលេខាធិការ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន លោក មាស វិរិទ្ធ ប្រាប់​វិទ្យ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី​២៩ កក្កដា​ថា ការ​ដុត​បំផ្លាញ​គ្រឿង​នេះ គឺ​ចង់​បង្ហាញ​ប្រជាពលរដ្ឋ​ទូទៅ ឲ្យ​ជ្រាប​ថា រាល់​គ្រឿង​ញៀន​ដែល​សមត្ថកិច្ច​ចាប់​បាន​ទាំង​អស់ គឺ​ត្រូវ​បំផ្លាញ​ចោល​ជា​សាធារណៈ​ ក្នុង​ទិវា​អន្តរជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន។ លោក​បញ្ជាក់​ថា ការ​ដុត​បំផ្លាញ​ចោល​នេះ ដោយ​សា​តែ​អាជ្ញាធរ ​គ្មាន​កន្លែង​ទុក​ដាក់​គ្រឿងញៀន ដូច​អ្វី​ដែល​មតិ​ពលរដ្ឋ​មួយ​ចំនួន​បាន​លើក​ឡើង​នោះ​ទេ។

លោក​ឲ្យ​ដឹង​ថា ក្នុង​ខែ​កក្កដា​នេះ អាជ្ញាធរ​បាន​បំផ្លាញ​គ្រឿងញៀន​ជិត ៨តោន នៅ​រាជធានី​ភ្នំពេញ និង ១៣៣គីឡូ​ក្រាម នៅ​ខេត្ត​ត្បូង​ឃ្មុំ តាម​សាល​ក្រម​ស្ថាពរ​របស់​តុលាការ ដែល​ចាប់​យក​ពី​ក្រុម​ជន​ល្មើស។

ទោះបី​ជា​យ៉ាង​ណា អ្នក​ឃ្លាំ​មើល​បញ្ហា​សង្គម សង្កេត​ឃើញ​ថា បញ្ហា​គ្រឿង​ញៀន​ ដែល​មិន​ចេះ​ថមថយ​ទាំង​នៅ​ទី​ក្រុង និង​ទី​ជន​បទ​ដាច់​ស្រយាល គឺ​ដោយ​សារ​តែ​ការ​អនុវត្ត​ច្បាប់​ទន់​ខ្សោយ ដែល​ធ្វើ​ឲ្យ​មេ​ឈ្មួញ​ជួញ​ដូរ​គ្រឿង​ញៀន នៅ​តែ​មាន​សេរីភាព​អាច​ធ្វើ​អាជីវកម្ម​នេះ​បាន​ដដែល។

ប្រធាន​មជ្ឈមណ្ឌល​ដើម្បី​ប្រជាពលរដ្ឋ និង​ការអភិវឌ្ឍន៍ លោក យង់ គឹមអេង យល់​ថា អាជ្ញាធរ​មាន​សមត្ថកិច្ច បន្ត​ស្វែង​ចាប់ខ្លួន​មេ​ជួញ​ដូរ​គ្រឿង​ញៀន​ធំៗ ដែល​សម្ងំ​លាក់​ខ្លួន​ក្នុង​ប្រទេស មក​ដាក់​ទោស​តាម​ច្បាប់ ឲ្យ​ខាង​តែ​បាន​ ដើម្បី​បញ្ឈប់​ការ​ចែកចាយ​គ្រឿងញៀន​នៅ​ទូ​ទាំង​ប្រទេស។

អគ្គស្នងការ​នគរបាល​ជាតិ ឲ្យ​ដឹង​ថា រយៈ​ពេល ៦ខែ ក្នុង​ឆ្នាំ២០២១ សមត្ថកិច្ច​បង្ក្រាប​បទ​ល្មើស​គ្រឿង​ញៀន​បាន​ចំនួន​ជាង ៣ពាន់​ករណី ដោយ​ឃាត់​ខ្លួន​ជន​សង្ស័យ​ជាង ៧ពាន់​នាក់ និង​ចាប់​យក​គ្រឿង​ញៀន​បាន​សរុប​ជាង ៨៥០គីឡូក្រាម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles