ការ​ស្រាវជ្រាវ​បង្ហាញ​ថា របប​អាហារ​ជាប់​ទាក់ទង​នឹង​ជំងឺ​វង្វេង​វង្វាន់​នៅ​វ័យចាស់

ដោយ ម៉ៅ សុធានី
2021-07-29
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ការ​ស្រាវជ្រាវ​បង្ហាញ​ថា របប​អាហារ​ជាប់​ទាក់ទង​នឹង​ជំងឺ​វង្វេង​វង្វាន់​នៅ​វ័យចាស់

មនុស្ស​ចាស់​នៅ​ក្នុង​ភូមិ​មួយ​នា​ខេត្ត​កំពង់ស្ពឺ ជូន​អីវ៉ាន់​ដល់​គ្នា។ RFA


ការ​ស្រាវជ្រាវ​នៅ​សហរដ្ឋអាមេរិក បង្ហាញ​ថា របៀបរបប​រស់​នៅ​ប្រកប​ដោយ​សុខភាព​ល្អ​ប្រចាំថ្ងៃ គឺ​មាន​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​ជំងឺ​វង្វេងវង្វាន់ (Alzheimer) នៅពេល​វ័យ​កាន់តែ​ចាស់។ ​តើ​មនុស្ស​ម្នាក់ៗ គួរ​អនុវត្ត​អ្វីខ្លះ ដើម្បី​ឲ្យ​មាន​សុខ​ភាពល្អ នៅពេល​ចាស់​ឡើង?

ជំងឺ​វង្វេងវង្វាន់ ដែល​ភាសា​អង់គ្លេស​ហៅថា អាល់ហ្សាយម៊ើរ (Alzheimer) គឺ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ការ​ចងចាំ ការ​គិត និង​ការសម្រេចចិត្ត​អ្វីមួយ ក្នុង​សកម្មភាព​រស់នៅ​ប្រចាំថ្ងៃ។

វិទ្យាស្ថាន​ជាតិ​សំរាប់​មនុស្ស​ចាស់ នៅ​សហរដ្ឋអាមេរិក (NIH) ឲ្យ​ដឹង​ថា ជំងឺ​វង្វេងវង្វាន់ មិនមែន​ដោយសារ​ការ​វិវត្តន៍​របស់​មនុស្សកាល ឬ​វ័យ​កាន់តែ​ចាស់​នោះ​ទេ ក៏ប៉ុន្តែ​កត្តា​ហានិភ័យ​ចំបង​មួយ​ចំនួន ដែល​បណ្តាល​ឲ្យ​កើត​ជំងឺ​វង្វេងវង្វាន់ រួមមាន បរិយាកាស​រស់នៅ បញ្ហា​គេង​មិន​គ្រប់គ្រាន់ ទម្លាប់​បរិភោគ​ម្ហូបអាហារ​មិនល្អ មិន​ទ្រទ្រង់​សុខភាព និង​តំណពូជ ជាដើម។

ក្រុម​អ្នក​វេជ្ជសាស្ត្រ​ឲ្យ​ដឹង​ថា ជំងឺ​វង្វេងវង្វាន់ គឺជា​ជំងឺ​រ៉ាំរ៉ៃ​ក្នុង​ខួរក្បាល ដែល​បណ្តាល​ឲ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ទៅលើ​ប្រព័ន្ធ​ប្រសាទ និង​កោសិកា​ប្រព័ន្ធ​ផ្នែក​ចងចាំ នៅក្នុង​ខួរក្បាល​។ ជំងឺ​មួយ​នេះ គឺ​គ្មាន​ថ្នាំ​ព្យាបាល​ឲ្យ​ជាសះស្បើយ​បាន​ឡើយ ហើយ​វិវត្ត​កាន់តែ​ធ្ងន់ធ្ងរ​ទៅៗ ក្នុង​មួយ​ជីវិត​រស់នៅ​របស់​អ្នកជំងឺ ដោយ​ពុំ​អាច​ធ្វើ​កិច្ចការ​អ្វី​បាន​ឡើយ សូម្បីតែ​បរិភោគ​ដោយ​ខ្លួនឯង។

ការសិក្សា​ស្រាវជ្រាវ​ចុងក្រោយ​កាល​ពី​ឆ្នាំ​២០១៧ របស់​វិទ្យាស្ថាន​ជាតិ​សំរាប់​មនុស្ស​ចាស់ បង្ហាញ​ច្បាស់​ថា របៀបរបប​រស់នៅ​ប្រកបដោយ​សុខភាព​ល្អ កាត់បន្ថយ​ជំងឺ​វង្វេងវង្វាន់​បាន​៦០% ។ បន្ថែម​ពី​នេះ នៅ​មាន​ផលប្រយោជន៍​ជាច្រើន​ទៀត រួមមាន​បង្កើន​ភាពរឹងមាំ​នៃ​ប្រព័ន្ធ​ការពារ​ខ្លួន រក្សា​ទំងន់​បាន​ល្អ​មិន​ឲ្យ​ធាត់​ពេក កាត់បន្ថយ​ភាព​តានតឹង​ក្នុង​ចិត្ត មាន​អារម្មណ៍ល្អ ខួរក្បាល​ជ្រះថ្លា និង​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​រ៉ាំរ៉ៃ នានា ដូចជា​ជំងឺ​ទឹកនោមផ្អែម និង​ជំងឺ​បេះដូង ជាដើម។

លទ្ធផល​នៃ​ការសិក្សា​ស្រាវជ្រាវ​នេះ​ធ្វើឡើង ទៅលើ​ក្រុម​មនុស្ស​ចាស់ ចំនួន​ជិត ៣​ពាន់​នាក់ ដែល​មាន​អាយុ​លើស​ពី ៦៥​ឆ្នាំ ឡើង​ទៅ ដោយ​ប្រមូល​ទិន្នន័យ​ពី​ភាព​សកម្ម​របស់​រាងកាយ មិន​ជក់បារី ទទួល​ទាន​សុរា​តិចតួច​ឬ​មធ្យម ទទួល​ទាន​ម្ហូបអាហារ​ល្អ និង​ភាព​សកម្ម​នៃ​ការ​គិត​ជាដើម។

នាយក​វិទ្យាស្ថាន​ជាតិ​សំរាប់​មនុស្ស​ចាស់ លោក វេជ្ជបណ្ឌិត រីចឆឺរដ ហូដស៍ (Richard J. Hodes) ឲ្យ​ដឹង​ថា អ្នក​ដែល​គេង​មិន​គ្រប់គ្រាន់ ដោយ​គេង​បាន​តិច​ជាង​៥​ម៉ោង ក្នុង​មួយ​យប់ អាច​ប្រថុយប្រថាន កើត​ជំងឺ​វង្វេងវង្វាន់ ជាង​អ្នក​ដែល​គេង​បាន​ចន្លោះ​ពី​៧ ទៅ​៨​ម៉ោង​ក្នុង​មួយ​យប់​។ លើស​ពី​នេះ​ទៀត ក្រុម​អ្នកស្រាវជ្រាវ​រក​ឃើញ​ទំនាក់ទំនង​រវាង​បញ្ហា​រំខាន​ដល់​ដំណេក​និង​បញ្ហា​គេង​មិន​ឆ្អែត​គ្រប់គ្រាន់ មាន​ហានិភ័យ​ដល់​ការ​ស្លាប់​ទៀត​ផង។

គ្រូពេទ្យ​ជំនាញ​ផ្នែក​ជំងឺ​ទូទៅ​ខ្មែរ​-​អាមេរិកាំង លោក វេជ្ជបណ្ឌិត សៀង សេង ដែល​បាន​ចូលនិវត្តន៍​និង​កំពុង​ផ្សព្វផ្សាយ​អប់រំ​សុខភាព នៅ​លើ​ទំព័រ​ហ្វេសប៊ុក របស់​លោក មាន​ប្រសាសន៍​ប្រាប់​អាស៊ីសេរី ពី​រដ្ឋកាលី​ហ្វរនីញ៉ា (California) ថា របៀបរបប​រស់នៅ​ល្អ មិន​ត្រឹមតែ​ជួយ​កាត់បន្ថយ​ជំងឺ​វង្វេងវង្វាន់​ទេ ប៉ុន្តែ​ក៏​អាច​កាត់បន្ថយ​ហានិភ័យ​នៃ​ការ​ស្លាប់​ដោយសារ​ជំងឺ​គាំងបេះដូង និង​ជំងឺ​កក​សរសៃ ឈាម​ក្នុង​ខួរក្បាល ជាដើម៖ «ការ​ញ៉ាំ​ម្ហូបអាហារ​ត្រឹមត្រូវ ដូចជា​ពិសារ​ម្ហូប​ផ្អែម​ពេក ឬ​ខ្លាញ់​ច្រើនពេក ឬ​មិន​ហាត់ប្រាណ​ឲ្យ​បាន​ញឹកញាប់ បញ្ហា​ទាំងអស់​នេះ​ហើយ បណ្តាល​ឲ្យ​កើត​ជំងឺ​ជាច្រើន ដូចជា​ជំងឺ​វង្វេង​។ បន្ថែម​ពី​នេះ នាំ​ឲ្យ​កើត​ជំងឺ​ទឹកនោមផ្អែម ជំងឺលើសឈាម ជំងឺ​ខ្លាញ់​ក្នុង​ឈាម​ដែរ​។ ដើម្បី​ឲ្យ​មាន​សុខ​ភាពល្អ ត្រូវ​ញ៉ាំ​ម្ហូបអាហារ​ឲ្យ​បាន​ត្រឹមត្រូវ ហាត់ប្រាណ​ឲ្យ​បាន​ទៀងទាត់ កុំ​ពិសារ​បារី និង​ស្រា​»

លោក​វេជ្ជបណ្ឌិត សៀង សេង មាន​ប្រសាសន៍​បន្ត​ថា នៅពេល​វ័យ​កាន់តែ​ចាស់ ខ្លួនប្រាណ​និង​អារម្មណ៍ មាន​ការ​ប្រែប្រួល​ច្រើន ហើយ​ការ​ឈឺ​ថ្កាត់​វិញ​ក៏​មាន​ច្រើន​ដែរ​។ របប​អាហារ​ដែល​បរិភោគ​រាល់​ថ្ងៃ ត្រូវ​មាន​បន្លែស្រស់ ផ្លែឈើ ឲ្យ​បាន​ច្រើន និង​សាច់​សុទ្ធ កាត់បន្ថយ​ជាតិ​ខ្លាញ់ ជាតិ​ស្ករ​។ សំខាន់​ជាង​នេះ គឺ​គ្រប់គ្រង​ទម្ងន់ កុំ​ឲ្យ​ធាត់​ខ្លាំងពេក បញ្ឈប់​ការ​ទទួល​ទាន​បារី និង​ទទួលទាន​ស្រា​ច្រើន​ហួសហេតុ​ពេក​៖ «ខ្ញុំ​ជឿ​ថា បងប្អូន​យើង​ទាំងអស់​ដឹង​ហើយ កាលណា​យើង​ញ៉ាំ​ឆា ឬ​ញ៉ាំ​ចៀន​ច្រើន ញ៉ាំ​ខ្លាញ់​ច្រើនពេក ហ្នឹង​ធ្វើ​ឲ្យ​ខ្លាញ់​ច្រើន​ក្នុង​ឈាម ឬ ញ៉ាំ​ផ្អែម​ឬ​បង្អែម​ច្រើនពេក នាំ​ឲ្យ​មាន​ជាតិ​ស្ករ​ច្រើន​។ ដូចនេះ​កត្តា​ទាំងពីរ​ហ្នឹង​នាំ​ឲ្យ​មាន​សុខភាព​មិនល្អ​។ បញ្ហា​មួយទៀត យើង​កុំ​នៅ​ស្ងៀម ត្រូវ​ហាត់ប្រាណ​កុំ​ឲ្យ​ខ្លួន​ធាត់ តែ​ធាត់​ហើយ​សុខភាព​មិនល្អ​ដែរ​»។

បន្ថែម​ពី​ការ​លើកឡើង​របស់​លោក​វេជ្ជបណ្ឌិត​ជំនាញ​រូប​នេះ ការ​ស្រាវជ្រាវ​ដដែល​ក៏​បាន​កត់សម្គាល់​នូវ​ចំណុច​សំខាន់ៗ​៥​យ៉ាង ដែល​ជួយ​ឲ្យ​មាន​សុខ​ភាពល្អ​ផ្នែក​រាងកាយ​និង​ខួរក្បាល​។ ចំណុច​សំខាន់​ទាំងនោះ រួម​មាន យ៉ាងហោចណាស់​ត្រូវ​ដើរ​ឲ្យ​បាន​៣០​នាទី ក្នុង​មួយថ្ងៃ ឬ​១៥០​ម៉ោង​ក្នុង​មួយ​សប្តាហ៍ ពីព្រោះ​ការ​ហាត់​ប្រាណ ក៏​ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ការ​វិវត្ត​របស់​មនុស្ស​ចាស់​។ ការ​ទទួល​ទាន ស្រាក្រហម ឬ Red wine បន្តិចបន្តួច​ឬ​មធ្យម អាច​ជួយ​ដល់​សុខភាព​ខួរក្បាល ឬ​ការ​គិត​។ បញ្ឈប់​ការ​ជក់បារី ដើម្បី​កាត់បន្ថយ​ជំងឺមហារីក​សួត ជំងឺ​គាំងបេះដូង និង​ជំងឺ​ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល​។ ការ​ទទួលទាន​អាហារូបត្ថម្ភ​សំរាប់​ទ្រទ្រង់​សុខភាព ឬ​ហៅថា របប​អាហារ​មេឌីទែរ៉ាណេ (Mediterranean Diets) រួមមាន​បន្លែ ផ្លែឈើ គ្រប់មុខ គ្រាប់​ធញ្ញជាតិ សណ្តែក ប្រេង​អូ​លីវ សាច់​ត្រី និង​សាច់​មាន់ គឺ​អាច​ជួយ​កាត់បន្ថយ​ជំងឺលើសឈាម និង​ជំនួយ​ដល់​ខួរក្បាល​ថែម​ទៀត​ផង​។ បន្ថែម​ពី​នេះ ត្រូវ​គ្រប់គ្រង​ជំងឺ​លើសឈាម ជំងឺ​ខ្លាញ់​ក្នុង​សរសៃឈាម (Cholesterol) និង​ជំងឺ​ទឹកនោមផ្អែម ដោយ​ត្រូវ​ជួប​ពិគ្រោះ​យោបល់​ជាមួយ​គ្រូពេទ្យ​ប្រចាំ​គ្រួសារ​ឲ្យ​បាន​ទៀង​ទាត់។

សំខាន់​មួយ​ទៀត គឺ​ត្រូវ​កុំ​នៅ​ដេក​ស្ងៀម ព្យាយាម​បង្កើន​ទំនាក់ទំនង​ជាមួយ​អ្នក​ដទៃ ដោយ​ចូលរួម​សកម្មភាព​នានា ដូច​ជា​ដំណើរ​កំសាន្ត ដើម្បី​ធ្វើ​ឲ្យ​អារម្មណ៍ល្អ និង​សប្បាយចិត្ត​។ ការស្រាវជ្រាវ​បង្ហាញ​ថា ការងារ​ស្ម័គ្រចិត្ត ឬ​ចូលចិត្ត​រាំ​លេង ការ​អាន​សៀវភៅ​និង​ការ​សរសេរ​ជាដើម គឺ​ជួយ​ច្រើន​ដល់​ខួរក្បាល ដើម្បី​ធ្វើ​ឲ្យ​ជីវិត​មនុស្ស​ចាស់​រស់នៅ​បាន​ល្អ​ប្រសើរ​ឡើង ដូច​ជា​មាន​ទំនុកចិត្ត​លើ​ខ្លួនឯង ឬក៏​កាត់បន្ថយ​ភាព​តានតឹង​ក្នុង​ចិត្ត​ជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles