ជន​ជាតិ​ចិន​៤​នាក់​ក្នុង​ចំណោម​៣៦​​នាក់​​ដែល​​លួច​ឆ្លង​​ដែន​​ចូល​កម្ពុជា​​តាម​សមុទ្រ​មាន​​វិជ្ជមាន​​កូវីដ-១៩​

កូវីដ-១៩ | ព័ត៌មានជាតិ | សន្តិសុខ | សុខភាព
លោក ណាត សុភាព | ២៩ កក្កដា ២០២១ |ម៉ោង ១៦:៣០
VOD

ជនជាតិចិនជាង៣០នាក់លួចឆ្លងដែនដោយខុសច្បាប់ចូលមកប្រទេសកម្ពុជា ត្រូវកម្លាំងល្បាតរបស់អង្គភាពបង្ក្រាបបទល្មើសលើផ្ទៃសមុទ្រ នៃនាយកដ្ឋាននគរបាលការពារព្រំដែនទឹក សហការជាមួយសមត្ថកិច្ចេពាក់ព័ន្ធបង្ក្រាបបាននៅវេលាម៉ោង២១និង៣០យប់ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ ក្នុងភូមិសាស្រ្តកោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។ (អគ្គស្នងការដ្ឋាននគរបាលជាតិ)

ជនជាតិចិនជាង៣០នាក់លួចឆ្លងដែនដោយខុសច្បាប់ចូលមកប្រទេសកម្ពុជា ត្រូវកម្លាំងល្បាតរបស់អង្គភាពបង្ក្រាបបទល្មើសលើផ្ទៃសមុទ្រ នៃនាយកដ្ឋាននគរបាលការពារព្រំដែនទឹក សហការជាមួយសមត្ថកិច្ចេពាក់ព័ន្ធបង្ក្រាបបាននៅវេលាម៉ោង២១និង៣០យប់ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ ក្នុងភូមិសាស្រ្តកោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។ (អគ្គស្នងការដ្ឋាននគរបាលជាតិ)


អាជ្ញាធរកម្ពុជានៅ​ទាន់មានវិធានការច្បាប់ទៅ​លើ ជ​នជាតិចិន​ជាង៣០នាក់ដែលលួចឆ្លងចូលដែន​​​សមុទ្រ​កម្ពុជា​ក្នុងខេត្តព្រះសីហនុ នៅ​ឡើយទេ​ ដោយសារមន្ត្រីជំនាញ​បានរកឃើញ​​ជនជាតិចិន​៤នាក់ក្នុងចំណោមពួកគេទាំងនោះ មានផ្ទុកវីរុស​កូវីដ-១៩ និងមួយចំនួនទៀត​ត្រូវ​ដាក់ឱ្យធ្វើចត្តាឡីស័ក។

​អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ លោក កែវ វណ្ណថន ប្រាប់ វីអូឌី នៅថ្ងៃទី២៩ ខែកក្កដានេះថា កម្លាំង​ល្បាត​របស់​អង្គភាព​បង្ក្រាប​បទ​​​ល្មើស​លើ​ផ្ទៃ​សមុទ្រ​ បានឃាត់​​កប៉ាល់​​មួ​យ​គ្រឿងឈ្មោះ តុងហាយ (Tong Hay) ដែល​មាន​​ជនជាតិ​ចិន​៣៦នាក់និង​ខ្មែរ២នាក់​ ធ្វើ​ដំណើរ​មក​​ពី​កំពង់ផែ​ហ៊្វូអាន (Fou An) ខេត្តហ៊្វូចៀន (Fou Chean) ប្រទេសចិន ហើយចូល​ក្នុង​ភូមិសាស្ត្រ​កោះរ៉ុង​​សន្លឹម​ ក្រុងកោះរ៉ុង ខេត្ត​ព្រះសីហនុ កាល​ពី​ថ្ងៃ​ទី​២៤ ខែកក្កដា។

អ្នកនាំពាក្យរូបនោះបញ្ជាក់ថា ក្រោយពីឃាត់ខ្លួន អគ្គស្នងការដ្ឋាន​ន​គរបាលជាតិ សហការជាមួយក្រុមការងារជំនាញ ចាត់ឱ្យក្រុមគ្រូពេទ្យយកសំណាកជនជាតិចិនទាំង៣៦នាក់ ដោយក្នុងនោះរកឃើញ៤នាក់វិជ្ជមាន​កូវីដ-១៩ ត្រូវបានដាក់ឱ្យ​ព្យាបាល និងជាង៣០នាក់ទៀតដែលអវិជ្ជមាន ត្រូវដាក់​ឱ្យ​​ធ្វើចត្តាឡីស័កនៅលើកប៉ាល់នោះតែម្តង។

បើតាមអ្នកនាំពាក្យរូបនេះ ​សមត្ថកិច្ចកម្ពុជានៅ​មិនទាន់អនុវត្តច្បាប់លើពួកគេនៅឡើយដែរ។

លោកមានប្រសាសន៍ថា៖ «គេអត់ទាន់ប្រគល់ដល់ដៃអន្តោប្រវេសន៍ទេ នៅលើកប៉ាល់នៅឡើយ! ដោយសារមើលឃើញកូវីដ-១៩ ដែលក្នុងចំណោមហ្នឹងមាន៤នាក់មានវិជ្ជមានកូវីដ-១៩ យើងធ្វើចត្តាឡីស័កនៅលើកប៉ាល់ហ្នឹងសិន។ ឥលូវរឿងមិនទាន់នៅក្នុងដៃ ខ្ញុំនិយាយអត់ទាន់កើតទេ»។

វីអូឌី មិនអាចសុំការបំភ្លឺបន្ថែមពីអ្នក​នាំ​ពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ​ លោក ឆាយ គឹម​ខឿន បានទេ នៅថ្ងៃព្រហស្បតិ៍នេះ។

មន្ត្រី​សម្របសម្រួល​សមាគមអាដហុកប្រចាំខេត្ត​ព្រះសីហនុ អ្នកស្រី​ ជៀប​ សុធារី ជំរុញទៅរដ្ឋាភិបាលពង្រឹងការអនុវត្តច្បាប់លើជនជាតិចិនទាំងនោះ និងមន្ត្រី​នៅតាមព្រំដែនដែលបណ្តែតបណ្តោយឱ្យមានអំពើល្មើសបែបនេះកើតឡើងលើដែនសមុទ្រកម្ពុជា ដើម្បីកុំឱ្យមានការរិះគន់ពីប្រទេសជិតខាង។

លោកស្រីជំរុញដូច្នេះថា៖ «ត្រូវតែអនុវត្ត [ច្បាប់] មិនត្រឹមត្រែអនុវត្តឱ្យបានម៉ត់ចត់ ឱ្យមានប្រសិទ្ធភាពទេ ហើយវាជាការលើកទឹកចិត្តដល់សមត្ថកិច្ចដែលគាត់ខិតខំប្រឹងប្រែង [ចាប់ខ្លួនជនជាតិចិន]។ ហើយគួរតែមានដាក់ទោសពិន័យ [សមត្ថកិច្ចយាមនៅសមុទ្រ] ដែរ ដើម្បីពង្រឹងការអនុវត្តច្បាប់ និងជាការព្រមានអ្នកផ្សេងទៀតដែលរំលោភទៅលើច្បាប់ដែលប្រទេសកម្ពុជាកំពុងតែអនុវត្តប្រើប្រាស់ ដើម្បីធ្វើឱ្យប្រទេសជិតខាងឬប្រទេសផ្សេងទៀតលើពិភពលោក កុំឱ្យគេប្រមាថមើលងាយកម្ពុជាដែរ»។

ក្នុងលិខិតរបស់អ្នកនាំពាក្យ​អគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ កាលពីថ្ងៃ១៥ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងថា ចាប់ពីឆ្នាំ២០១៤ រហូតដល់ត្រឹម៥ខែ ក្នុងឆ្នាំ២០២១នេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានបណ្តេញជនបរទេសខុសច្បាប់ចេញពីប្រទេសកម្ពុជា សរុបចំនួន១៨ ៤៧០នាក់ ស្មើនឹង១០៤សញ្ជាតិ៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles