CMAC​ ចាប់​ផ្ដើម​​ប្រតិបតិ្ត​ការ​​ផ្គត់ផ្គង់​​សុនខ​​ហិត​មីន​​ទៅ​​អន្តរ​ជាតិ​​ បន្ទាប់​​ពី​ទិញ​​ឬ​​សុំ​​​​ពី​​បរទេស​​រហូត​​មក​​

ទំនាក់ទំនងអន្តរជាតិ | ព័ត៌មានជាតិ | ពាណិជ្ជកម្ម
កញ្ញា បៀន សីនៈ | ២៩ កក្កដា ២០២១ |ម៉ោង ១៧:៤៣
VOD

សុនខដែលបានបណ្ដុះបណ្ដាលនិងហ្វឹកហាត់នូវជំនាញស្វែងរកមីនពីសំណាក់អង្គភាពស៊ីម៉ាក។ (CMAC)

សុនខដែលបានបណ្ដុះបណ្ដាលនិងហ្វឹកហាត់នូវជំនាញស្វែងរកមីនពីសំណាក់អង្គភាពស៊ីម៉ាក។ (CMAC)


មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ហៅកាត់ថា ស៊ីម៉ាក (CMAC) ចាប់​ផ្ដើម​ប្រតិបត្តិ​ការ​ផ្គត់​ផ្គង់​សុនខ​ទៅ​អន្តរជាតិ​ បន្ទាប់​ពីទិញ​ឬសុំ​សុនខពី​បរទេស​រហូតមក ក្នុងនោះ​ កម្ពុជាបាន​លក់​សុន​ខ​​ចំនួន៦ក្បាល​ទៅឱ្យ​​​ប្រទេស២នៅ​​ប៉ែកខាង​អាហ្រ្វិ​ក​​​។ 

ទំព័រហ្វេសប៊ុក​របស់​ប្រតិភូរដ្ឋាភិបាលទទួលបន្ទុក​អគ្គនាយក​មជ្ឈមណ្ឌលសកម្ម​ភាព​កំចាត់​មីន​កម្ពុជា ​(CMAC) លោក​ ហេង រតនា កាលពី​ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០២១​នេះ​ បាន​បង្ហោះ​​អំពី​ការ​ចេញដំណើរ​របស់​ សុនខ​ទាំង​៦ក្បាលដែល​ត្រូវបាន​ប្រទេស​កេនយ៉ា និង​ប្រទេស​ស៊ូដង់​ខាងត្បូង​​ ទិញពី​កម្ពុជា​យក​ទៅ​បន្ត​កិច្ច​ប្រតិបត្តិ​ការ​ស្វែងរក​មីននៅ​ប្រទេស​ទាំង​នេះ។ 

លោក​ ហេង រតនា មាន​ប្រសាសន៍ប្រាប់​ វីអូឌី បន្ថែមនៅ​ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ​២០២១នេះ​ថា​ ការ​ផ្គត់ផ្គង់​សុនខ​ទៅ​បរទេស​នេះ​ គឺ​ជា​ការ​ផ្លាស់​ប្តូរបទពិសោធន៍​នៃ​ការ​ស្វែង​រក​មីន​របស់​សុនខ ​រវាងប្រទេស​​កម្ពុជា​និង​ប្រទេសដដៃ​ទៀត។ ជាមួយគ្នានេះ លោកថា ក៏ដើម្បី​លើក​កម្ពស់​កិត្យានុភាព​ជាតិផងដែរ។ 

លោកបញ្ជាក់ថា ​​ថវិកា​​ដែល​ទទួល​បាន​ពី​ការ​លក់​សុនខ​ទាំងនោះ​ នឹង​ត្រូវ​បាន​យក​ទៅប្រើ​ប្រាស់​ក្នុង​កិច្ច​ការ​របស់​គម្រោង​សុនខ​​ដើម្បី​​ស្វែង​រក​មីន​បន្ថែម​ទៀត ប៉ុន្តែ​​លោកមិនបានបញ្ជាក់លម្អិតអំពីចំនួនថវិកាលក់សុនខទាំងនោះទេ។ ​

លោក​មាន​ប្រសាសន៍​ដូច្នេះថា៖ «យើងមាន​សមត្ថភាព​អាច​បង្ហាត់​ហ្វឹកហ្វឺន​​សុនខបាន ហើយ​មូលហេតុសំខាន់​ ទីមួយ ​គឺ​យើងចង់​ផ្លាស់ប្ដូរ​បទពិសោធន៍​របស់​យើង​​ទៅ​ឱ្យ​ប្រទេសដទៃ​បាន​ទទួល​នូវ​បទពិសោធន៍​ និង​​សមត្ថភាព​នៃ​ការ​ហ្វឹកហ្វឺន​​​សុនខ​របស់​យើង​នៅក្នុង​ការ​រុក​រក​គ្រាប់​មីន។​ កិច្ច​ការ​មនុស្ស​ធម៌​នេះមាន​សារៈសំខាន់ក្នុង​ការ​ផ្លាស់​ប្ដូរបទ​ពិសោធន៍​គ្នា​ទៅវិញទៅ​មក​។ ចំណុចទី​២ ​ជា​ចំណុច​សំខាន់​ដែរ ​គឺ​ដើម្បី​លើក​កម្ពស់​កិត្យា​នុ​ភាព​ជាតិ​ ជាពិសេស​ប្រជា​ជន​កម្ពុជា​ ខ្មែរ​អាចធ្វើបាន»។ 

​ក្នុង​​​សារដែល​បាន​បង្ហោះ​នៅ​ក្នុង​ទំព័​រហេ្វសបុក​របស់​ខ្លួនកាលពីថ្ងៃ​ម្សិលមិញ លោក ហេង រតនា អះ​អាង​​ថា ក្រុម​ជំនាញ​សុនខ​របស់​​​ស៊ីម៉ាកពិត​​មាន​មោទកភាពបន្ទាប់​ពី​បាន​កែប្រែ​ស្ថានភាព​​ពី​​ទិញ​ឬ​សុំ​សុនខ​ពី​បរទេស​មក​ប្រតិបត្តិ​ការ​នៅប្រទេស​កម្ពុជា​ រហូត​ក្លាយជា​អ្នក​ផ្គត់​ផ្គង់​សុនខ​ទៅ​អន្តរជាតិ​វិញ​។ លោក​បាន​បញ្ជាក់​ថា ក្រៅពី​ផ្គត់​ផ្គង់​សុនខ​ទៅ​អន្តរជាតិ ​ស៊ីម៉ាក​នៅ​តែ​បន្ត​គាំទ្រ​កិច្ច​ប្រតិបត្តិ​ការ​ក្នុង​ប្រទេស​កម្ពុជា​ដដែល​។ 

យោង​តាម​របាយការណ៍លទ្ធផល​ប្រតិបត្តិការពី​ឆ្នាំ​១៩៩២ ដល់ឆ្នាំ​២០២០​ របស់​​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​​កម្ពុជា​ ​បង្ហាញថា តំបន់​ចម្ការមីន​និង​ចម្ការគ្រាប់មិន​ទាន់​ផ្ទុះដែល​បាន​រំដោះ​រួច​ មានទំហំ១ ០៨២ ២៨៧ ៥៨២គីឡូម៉ែត្រការ៉េ។ ដោយឡែក ចំនួន​​មីន​ដែល​បាន​រក​ឃើញ​និង​បាន​បំផ្លាញចោល មាន​ចំនួន​៥៤២ ៤៦៣គ្រាប់ រី​ឯ​ចំនួន​គ្រាប់​​មិន​ទាន់​ផ្ទុះដែល​ត្រូវបាន​រក​ឃើញ​និង​បំផ្លាញចោល​ មាន​​ចំនួន២ ២៣២ ៤៦២គ្រាប់​​។ ដោយឡែក ​ចំនួន​ទីតាំង​ដែល​​បាន​រក​ឃើញ​ភស្តុតាង​នៃ​ធុង​សារធាតុ​គីមី​ មាន​ចំនួន៧១​ទីតាំង​៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles