ក្រុម​អ្នក​ឃ្លាំមើល​ជំរុញរដ្ឋាភិបាល​ឱ្យ​ពន្លឿន​នាំ​យក​ប្រេងឆៅ​មក​កម្ពុជា​វិញ

ដោយ ខែ សុណង
2021-09-18
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ក្រុម​អ្នក​ឃ្លាំមើល​ជំរុញរដ្ឋាភិបាល​ឱ្យ​ពន្លឿន​នាំ​យក​ប្រេងឆៅ​មក​កម្ពុជា​វិញ

(ឆ្វេង) លោក ប៉ិច ពិសី នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា (កណ្ដាល) ​កប៉ាល់​ដឹក​ប្រេង​ ក្រុមហ៊ុន អឹម.ធី. ស្ត្រូវ៉ូឡូស ( M.T. Strovolos) និង​សមាជិក​នាវិក ១៨នាក់ ដែលរដ្ឋាភិបាល​កម្ពុជា​ថា ​លួច​យក​ប្រេង​ឆៅ​ជិត ៣០ម៉ឺន​ធុង​គិត​ជា​លុយ​ជិត ២០លាន​ដុល្លារ​ចេញ​ពី​ប្រទេស​កម្ពុជា ហើយ​ត្រូវ​អាជ្ញាធរ​ឥណ្ឌូនេស៊ី​ចាប់ ​កាល​ពី​ចុង​ខែ​កក្កដា​កន្លង (ស្ដាំ) លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជនកម្ពុជា។ រូប៖ AFP


ក្រុម​អ្នក​ឃ្លាំ​មើល​ចង់​ឃើញ​រដ្ឋាភិបាល​ពន្លឿន​ការ​នាំ​យក​ប្រេងឆៅ​ដែល​ជា​ទ្រព្យ​របស់​ជាតិ​មក​កម្ពុជា​វិញ​ឲ្យ​លឿន។ ការ​លើកឡើង​នេះ ខណៈ​ប្រេង​ឆៅ​របស់​កម្ពុជា​តម្លៃ​ជិត ២០លាន​ដុល្លារ ដែល​ត្រូវ​បានគេ​លួច​ចេញ​ពី​កម្ពុជា​ កំពុង​ស្ថិត​ក្នុង​​ប្រទេស​ឥណ្ឌូនេស៊ី។

ក្រុម​អ្នក​ឃ្លាំ​មើល​​ជំរុញ​ទៅ​រដ្ឋាភិបាល​បង្ហាញ​ការ​វិវឌ្ឍ​ថ្មី​នៃ​ការ​ចរចា​យក​ប្រេងឆៅ​មក​កម្ពុជា​វិញ​។​ ពួកគេ​លើក​ឡើង​ថា​ រឿង​នេះ ប៉ះពាល់​ដល់​មុខ​មាត់​ប្រទេស​កម្ពុជា​ ដែល​បណ្ដែតបណ្ដោយ​ឲ្យ​មាន​ការ​លួច​ប្រេង​ចេញ​ពី​ដែន​ទឹក​កម្ពុជា រហូត​ដល់​ប្រទេស​ឥណ្ឌូនេស៊ី​បែប​នេះ។

នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា លោក ប៉ិច ពិសី ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា តាម​ព័ត៌មាន​ដែល​លោក​ទទួល​បាន​ពេល​នេះ ភាគី​កម្ពុជា​កំពុង​ធ្វើ​នីតិវិធី​ជាមួយ​ភាគី​ឥណ្ឌូនេស៊ី ដើម្បី​យក​ប្រេង​ឆៅ​មក​កម្ពុជា​វិញ។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​ នៅ​តែ​បន្ត​ជំរុញ​ទៅ​រដ្ឋាភិបាល​​ពន្លឿន​ការ​នាំ​យក​ប្រេង​មក​កម្ពុជា​ឲ្យ​ឆាប់​រហ័ស។ លោក​យល់​ថា បើ​ករណី​នៅ​អូស​បន្លាយ​ពេល​កាន់​តែ​យូរ​ថែមទៀត នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​កិត្តិនាម និង​អធិបតេយ្យ​របស់​កម្ពុជា។ លោក​បន្ត​ទៀត​ បើ​ភាគី​កម្ពុជា​​ប្រឹងប្រែង ​ទាមទារ​ប្រេង​មក​វិញ ក៏​ជា​សញ្ញា​ប្រាប់​ទៅ​ក្រុមហ៊ុន​បរទេស​ផ្សេង​ទៀត​ ពេល​មក​រកស៊ី​នៅ​កម្ពុជា​ត្រូវ​គោរព​ច្បាប់៖«អញ្ចឹង​យើង​ត្រូវតែ​យក​ប្រេង​ហ្នឹង​មក​វិញ​កាន់តែ​ឆាប់​កាន់​តែ​​ធ្វើ​ទៅ​បាន​​​ព្រោះ​យើង​ដឹង​ហើយ​ត្រូវ​ឆ្លង​នីតិ​ច្បាប់​ជាមួយ​ប្រទេស​ដែល​ពាក់ព័ន្ធ​និង​ជាមួយ​ភាគី​ពាក់ព័ន្ធ​ផ្សេង​ទៀត​។​ អញ្ចឹង​នីតិ​ច្បាប់​មិន​ជា​ស្រួល​មិន​ជា​ឆាប់​ប៉ុន្មាន​ទេ​​​ ក៏​ប៉ុន្តែ​សំខាន់​យើង​បាន​ប្រើប្រាស់​យន្តការ​​ហើយ​មាន​កិច្ច​សហការ​ផ្សេង​ទៀត​ក្នុង​ការ​ជំរុញ​​លើក​ទឹកចិត្ត​ឲ្យ​ឥណ្ឌូនេស៊ី​ហ្នឹង​​ធ្វើ​ការ​ពង្រួម​​នីតិវិធី​របស់​ខ្លួន​ដើម្បី​ធ្វើ​យ៉ាង​មិច​យក​របស់​ខ្លួន​មក​វិញ​សិន​»

ជុំវិញ​បញ្ហា​នេះ វិទ្យុ​អាស៊ី​សេរី​មិន​អាច​សុំ​ការ​បំភ្លឺ​ពី​អ្នកនាំពាក្យ​ក្រសួង​រ៉ែ​ និង​ថាមពល ​លោក យស មុនីរ៉ាត់ និង​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​ លោក ផៃ ស៊ីផាន បាន​ទេ​នៅ​ថ្ងៃ​ទី១៨ ខែ​កញ្ញា​ដោយ​ទូរស័ព្ទ​ចូល​ជា​ច្រើន​ដង តែ​គ្មាន​អ្នក​ទទួល។

ចំណែក​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ប្រាប់​ថា លោក​មិន​បាន​ដឹង​រឿង​នេះ​ ទេ ព្រោះ​ជា​សមត្ថកិច្ច​របស់​ក្រសួង​រ៉ែ​ និង​ថាមពល។ ទោះ​យ៉ាង​ណា​ក្ដី លោក សុខ ឥសាន ប្រាប់​ថា ប្រេងឆៅ​ជា​ទ្រព្យ​សម្បត្តិ​កម្ពុជា ដូច្នេះ​អាជ្ញាធរ​ពាក់ព័ន្ធ​របស់​កម្ពុជា កំពុង​ប្រឹង​ប្រែង​ធ្វើ​តាម​ច្បាប់​អន្តរជាតិ​ ដើម្បី​បញ្ជូន​ប្រេង​នោះ​មក​កម្ពុជា​វិញ៖ «ខ្ញុំ​យល់​ថា​ ដំណើរ​ការ​នេះ​កំពុង​ប្រព្រឹត្តិ​ទៅ​ហើយ​វា​អត់​មាន​ស្មុគស្មាញ​ទេ យើង​ធ្វើ​តែ​តាម​បែបបទ​ច្បាប់​អន្តរជាតិ​បាទ ព្រោះ​អ្នក​ណា​ក៏​ដឹង​ប្រេង​នោះ​របស់​ខ្មែរ​របស់​កម្ពុជា»

កាល​ពី​ចុង​ខែ​កក្កដា​កន្លង ទៅ​អាជ្ញាធរ​ឥណ្ឌូនេស៊ី បាន​ឃាត់​ចាប់​កប៉ាល់​ដឹក​ប្រេង​ ក្រុមហ៊ុន អឹម ធី ស្ត្រូវ៉ូឡូស ( M.T. Strovolos) មួយ​គ្រឿង និង​ឃាត់​ខ្លួន​សមាជិក​នាវិក ១៨នាក់ ករណី​លួច​យក​ប្រេង​ឆៅ​ជិត ៣០ម៉ឺន​ធុង​គិត​ជា​លុយ​ជិត ២០លាន​ដុល្លារ​ចេញ​ពី​ប្រទេស​កម្ពុជា។

ដំបូង​ឡើយ​អាជ្ញាធរ​កម្ពុជា​ អះអាង​ថា គឺ​ភាគី​កម្ពុជា បាន​ស្នើ​ទៅ​ប៉ូលិស​អាំងទែប៉ូល​ឲ្យ​ចាប់​កប៉ាល់​ដឹក​ប្រេង​នោះ ប៉ុន្តែ ផ្ទុយ​ពី​ការ​អះអាង​នេះ មន្រ្តី​នាំ​ពាក្យ​យោធា​ជើង​ទឹក​ឥណ្ឌូនេស៊ី លោក (Julius Widjojono) ប្រាប់​វិទ្យុ​អាស៊ី​សេរី កាល​ពី​ថ្ងៃ​ទី២៧ ខែ​សីហា​ថា ការ​ឃាត់​កប៉ាល់​ដឹក​ប្រេងឆៅ​ពី​កម្ពុជា មិនមែន​តាម​សំណើ​របស់​កម្ពុជា​នោះ​ទេ ប៉ុន្តែ​ដោយសារ​តែ​កប៉ាល់​នោះ​ បាន​រំលោភ​ដែនសមុទ្រ​ ឥណ្ឌូនេស៊ី។ មន្ត្រី​ដដែល​បាន​បញ្ជាក់​ថា ការ​សង​ភស្តុតាង​ទៅ​ឲ្យ​កម្ពុជា​នឹង​ត្រូវ​សម្រេច​ដោយ​ក្រុម​ចៅក្រម​ឥណ្ឌូនេស៊ី។ អ្នក​ជំនាញ​ថា ករណី​សង​ប្រេង​នេះ នឹង​ប្រើប្រាស់​រយៈ​ពេល​យូរ​ទើប​មាន​លទ្ធផល។ ពួក​គេ​ក៏​ស្នើ​ឲ្យ​កម្ពុជា ស៊ើប​អង្កេត​មន្រ្តី​កម្ពុជា ដែល​ពាក់ព័ន្ធ​រឿង​នេះ​ដែរ ក្រោយ​ពី​មន្ត្រី​ខ្មែរ​សារភាព​ថា មន្ត្រី​ពិត​ជា​មាន​ចំណែក​ទើប​គេ​អាច​លួច​ប្រេង​ពី​កម្ពុជា​បាន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

One Response to "ក្រុម​អ្នក​ឃ្លាំមើល​ជំរុញរដ្ឋាភិបាល​ឱ្យ​ពន្លឿន​នាំ​យក​ប្រេងឆៅ​មក​កម្ពុជា​វិញ"

  1. Anonymous says:

    the question is how can HUN SEN brink that cru oil back ??? this is another big corruption in HUN SEN leadership . please continuous to follow this news to find out the true about this story.

Leave a Reply

Submit Comment